អ្នក​កាសែត​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​និង​ប្រើប្រាស់​ព័ត៌មាន

ក្រុម​មន្ត្រី​អង្គការ​និង​សមាគម​អ្នក​សារព័ត៌មាន​ជិត​១០០​នាក់ បាន​ជួបជុំ​គ្នា​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ធ្នូ​នេះ ដោយ​សុំ​ឲ្យ​រដ្ឋាភិបាល​ជំរុញ​ដល់​ការ​បង្កើត​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​និង​ប្រើប្រាស់​ព័ត៌មាន​ឲ្យ​បាន​ឆាប់។

0:00 / 0:00

ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​សមាជ​លើក​ទី​១ របស់​ក្រុមប្រឹក្សា​អ្នក​សារព័ត៌មាន​កម្ពុជា ដោយ​បាន​លើក​យក​បញ្ហា​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​ក្នុង​នោះ​បាន​សម្គាល់​ឃើញ​ថា មាន​កត្តា​បី​យ៉ាង គឺ​ខ្វះ​សេរីភាព​សារព័ត៌មាន ខ្វះ​សិទ្ធិ​ទទួល​ព័ត៌មាន​និង​ប្រើប្រាស់​ព័ត៌មាន រួម​ជាមួយ​ការ​ខ្វះ​ក្រម​សីលធម៌​និង​វិជ្ជាជីវៈ ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​មាន​ការ​ធ្លាក់​ចុះ។

លោក ឱម ច័ន្ទតារា អនុប្រធាន​ក្រុមប្រឹក្សា​អ្នក​សារព័ត៌មាន​កម្ពុជា បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ដោយ​មាន​ការ​ខ្វះ​ចន្លោះ​នោះ សុំ​ឲ្យ​ក្រុម​សមាគម​និង​អង្គការ​សារព័ត៌មាន​ទាំង​អស់​ជំរុញ​ឲ្យ​មាន​ច្បាប់​សារព័ត៌មាន រួម​ជាមួយ​នឹង​ការ​ពង្រឹង​ក្រម​សីលធម៌​និង​វិជ្ជាជីវៈ​ឡើង​វិញ។

លោក ឱម ច័ន្ទតារា មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ប៉ុន្តែ​អ្វី​ដែល​យើង​កំពុង​ដោះស្រាយ​បញ្ហា​សំខាន់ គឺ​ទាក់ទង​នឹង​ការ​ប្រឈម​មុខ​ចំពោះ​បញ្ហា​ច្បាប់ បញ្ហា​វិជ្ជាជីវៈ និង​សីលធម៌​ហ្នឹង​ហើយ ដែល​យើង​កំពុង​ប្រឈម​មុខ​នោះ ហើយ​យើង​ទាមទារ ទី​មួយ យើង​មាន​ច្បាប់​សារព័ត៌មាន ប៉ុន្តែ​ច្បាប់​សារព័ត៌មាន​យើង​ក៏​នៅ​មាន​បញ្ហា​ខ្វះ​ខាត​ខ្លះ ហើយ​សិទ្ធិ​ក្នុង​ការ​ទទួល​ព័ត៌មាន​ក៏​នៅ​មិន​ទាន់​គ្រប់​គ្រាន់​ទេ»

នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ ក៏​បាន​លើក​ឡើង​ដែរ​ថា មាន​ក្រុម​អ្នក​សារព័ត៌មាន​មួយ​ចំនួន​តូច​បាន​យក​តួនាទី​ជា​អ្នកសារព័ត៌មាន​ទៅ​ប្រើប្រាស់​បម្រើ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ដោយ​ប្រាស​ចាក​ពី​ក្រម​សីលធម៌​និង​វិជ្ជាជីវៈ​សារព័ត៌មាន​ដែល​ធ្វើ​ឲ្យ​ខូច​តម្លៃ​ដល់​អ្នក​សារព័ត៌មាន​ផ្សេង​ទៀត។

លោក សេក បរិសុទ្ធ នាយក​អង្គការ ផែក កម្ពុជា បាន​មាន​ប្រសាសន៍​ថា អ្នក​សារព័ត៌មាន​កម្ពុជា​មាន​ការ​យល់​ដឹង​ពី​សិទ្ធិ​សេរីភាព​សារព័ត៌មាន​និង​ក្រម​សីលធម៌​វិជ្ជាជីវៈ​នៅ​មាន​កម្រិត​នៅ​ឡើយ។

រីឯ​លោក ហែម ភារៈ ប្រធាន​សមាគម​អ្នក​សារព័ត៌មាន​កម្ពុជា​ដើម្បី​សេរីភាព បាន​មាន​ប្រសាសន៍​ដែរ​ថា អ្នក​កាសែត​មួយ​ចំនួន​ស្ទើរ​តែ​បាត់​បង់​វិជ្ជាជីវៈ​និង​ក្រម​សីលធម៌​អស់ ដោយសារ​តែ​មាន​ភាព​លំអៀង​ទៅ​រក​អ្នក​កាន់​អំណាច ឬ​លំអៀង​ទៅ​រក​ផល​ប្រយោជន៍។

លោក នូវ សុវត្ថិរ៉ូ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​បាន​មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា ច្បាប់​ស្តីពី​សារព័ត៌មាន មាន​ការ​ខ្វះ​ចន្លោះ​ច្រើន ៖ «ខ្ញុំ​ទទួល​ស្គាល់​ថា សេរីភាព​សារព័ត៌មាន​របស់​យើង​មាន​ចំណុច​ខ្សោយ​នៅ​ត្រង់​ថា ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​របស់​យើង​មាន​ចន្លោះ​ប្រហោង ហើយ​ខ្ញុំ​បាន​ស្ដាប់​ដដែល​ៗ វាគ្មិន​ឡើង​មក​មាន​ប្រសាសន៍ គឺ​ចាប់​អារម្មណ៍​តែ​រឿង​ច្បាប់​ហ្នឹង​ឯង ហើយ​ខ្ញុំ​ខ្លួន​ខ្ញុំ​ក៏​បាន​ចាប់​អារម្មណ៍​រឿង​នេះ​ដែរ ហើយ​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​នេះ បើ​សិន​ជា​យើង​បន្ទោស​ក៏​បាន សរសើរ​ក៏​បាន រិះគន់​ក៏​បាន ផ្ដល់​យោបល់​ក៏​បាន។ ច្បាប់​នេះ​អនុម័ត​នៅ​ឆ្នាំ​១៩៩៥ ដែល​ក្រសួង​ព័ត៌មាន​ទើប​តែ​ចាប់​បដិសន្ធិ​បាន​២​ឆ្នាំ។ អ៊ីចឹង យើង​ទាំង​អស់​គ្នា​គួរ​ទទួល​ស្គាល់​ថា នៅ​ក្នុង​ពេល​នោះ ឯកសារ ឬ​ទិន្នន័យ​ផ្សេងៗ ដែល​ប្រមូល​យក​មក​ចងក្រង​ជា​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​នេះ ខ្ញុំ​ជឿ​ថា ខ្សត់»

លោក នូវ សុវត្ថិរ៉ូ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​បាន​មាន​ប្រសាសន៍​ថា សុំ​ឲ្យ​អ្នក​សារព័ត៌មាន​គោរព​ក្រម​សីលធម៌​វិជ្ជាជីវៈ​ជៀសវាង​ការ​ចុះ​ព័ត៌មាន​ខុស​ដែល​អាច​បណ្តាល​ឲ្យ​មាន​ការ​ប្តឹង​ផ្តល់​កើត​ឡើង​នោះ៕