អ្នកភូមិវ័យ ៥២ឆ្នាំមួយរូបដែលសុំមិនឱ្យបញ្ចេញឈ្មោះ បាននិយាយនៅថ្ងៃទី១០ ខែតុលាថា នៅក្នុងឃុំផ្ទះកណ្តាល មានដើមរាំងទឹកទំហំក្រោមមួយឱបចំនួន ២៥ដើមហើយ ត្រូវបានអ្នកភូមិផ្សេងទៀតគាស់លក់ឱ្យឈ្មួញវៀតណាម និងខ្មែរ ដែលចុះទៅទិញដល់ឃុំនេះ។
អ្នកភូមិសុំមិនបញ្ចេញឈ្មោះ បន្ថែមថា ៖ «ខ្ញុំព្រួយបារម្ភខ្លាចបាត់ដើមឈើដែលមានសារប្រយោជន៍ ជាជម្រកសត្វត្រី។ ខ្លាចអនាគតវាអស់ៗពីភូមិឃុំរបស់យើង វាអាចបាត់បង់ពូជត្រីវាកើតកូនអីនៅទីហ្នឹង។ ថ្ងៃក៏វាដឹកត្រោះទៅមួយឡានដែរ ដើមត្រោះ។ ត្រោះហ្នឹងក៏ជាជម្រកសត្វត្រីដែរ។ ខ្ញុំសូមសំណូមពរការពារកុំឱ្យវាបាត់បង់ជម្រកសត្វត្រី ព្រោះរាល់ដងកន្លងផុតមក ត្រីមានការថយចុះច្រើនណាស់»។
លោកថ្លែងថា ដើមរាំងទឹកដែលឈ្មួញចុះទិញនោះ គេជ្រើសរើសយកតែដើមណាដែលមានពកកណ្ដាញ់ច្រើន ដោយគាស់ទាំងដើម និងឫស ក្នុងតម្លៃចាប់ពី ១៥ម៉ឺន ទៅ ២០ម៉ឺនរៀលក្នុងមួយដើម។
លោក ផៃ ភឿន មេឃុំផ្ទះកណ្តាល ស្រុកស្រីសន្ធរ មានប្រសាសន៍បញ្ជាក់ថា លោកគ្រាន់តែបានទទួលព័ត៌មានអំពីការគាស់ដើមរាំងនេះ ប៉ុន្តែលោកមិនទាន់អាចកំណត់អំពីទីតាំងកាប់គាស់នោះបាននៅឡើយទេ ៖ «ទើបមានព័ត៌មានមួយថ្ងៃពីរមុនភ្ជុំហ្នឹង អត់ទាន់ថា នៅកន្លែងណាទេ។ អាហ្នឹងវាជាសមត្ថកិច្ច ខ្ញុំជូនទៅនគរបាល ដើម្បីឱ្យគេចាត់ធ្វើការងារហ្នឹង»។
ដើមរាំងទឹកជាប្រភេទឈើព្រៃលិចទឹក ដុះនៅតាមទីទំនាប ត្រពាំង ឬអ្នកស្រុកហៅថា ក្រពេញ ឬបឹង។ ដើមរាំងទឹកត្រូវបានរដ្ឋហាមឃាត់មិនឲ្យកាប់បំផ្លាញ ដើម្បីរក្សាទុកការពារបរិស្ថាន និងទុកជាជម្រកសម្រាប់ត្រីពង និងកូន ហើយកន្លងមកអាជ្ញាធរស្រុកកំពង់សៀម ខេត្តកំពង់ចាម ធ្លាប់ចាប់ដកហូតយកដើមរាំង ដែលបម្រុងដឹកទៅប្រទេសវៀតណាម ម្ដងរួចទៅហើយ ហើយនាំយកមកដាំវិញ៕
