សហគមន៍​ខែ្មរ​អ៊ិស្លាម​នៅ​តាកែវ​បន្ត​ការតវ៉ា​ទាមទារ​ជ្រើសរើស​មេ​ដឹកនាំ​ថ្មី

តំណាង​ពលរដ្ឋ​សហគមន៍​ខែ្មរ​អ៊ិស្លាម​នៅ​ភូមិ​កំពង់យោល ស្រុក​បូរីជលសា ខេត្ត​តាកែវ បាន​នាំ​គ្នា​ទាមទារ​សុំ​ឲ្យ​មាន​ការដូរ​មេ​ដឹកនាំ​សហគមន៍​ខ្លួន​ឯង​នោះ​ចេញ។

0:00 / 0:00

តំណាង​ប្រជាពលរដ្ឋ​នៃ​សហគមន៍​ខែ្មរ​អ៊ិស្លាម​ចំនួន​ជាង​៣០០​គ្រួសារ​រស់​នៅ​ ក្នុង​ភូមិ​កំពង់យោល ឃុំ​គោកពោធិ៍ ស្រុក​បូរីជលសា ខេត្ត​តាកែវ បាន​បន្ត​ការតវ៉ា​ជា​ថ្មី​ទៀត​ទាមទារ​ឲ្យ​មាន​ការបោះឆ្នោត​ជ្រើសរើស​នូវ​មេ​ ដឹកនាំ​ថ្មី​នៃ​សាសនា​អ៊ិស្លាម​សម្រាប់​សហគមន៍​របស់​ខ្លួន​នៅ​គ្រា​ដែល​មាន​ ការចោទ​ប្រកាន់​ថា មេ​ដឹកនាំ​សាសនា​នា​ពេល​បច្ចុប្បន្ន​នេះ​មាន​ការពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ មិន​ស្មោះ​ត្រង់​នឹង​សាសនា​អ៊ិស្លាម។

តំណាង​ប្រជាពលរដ្ឋ​នៃ​សហគមន៍​ខែ្មរ​អ៊ិស្លាម​ចំនួន​ជាង​៣០០​គ្រួសារ​នោះ​រស់នៅ​ក្នុង​ភូមិ​កំពង់យោល ឃុំ​គោកពោធិ៍ ស្រុក​បូរីជលសា ខេត្ត​តាកែវ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា សហគមន៍​របស់​លោកស្រី​មិន​អាច​ទទួល​យក​លោក រី ម៉ាត់ នោះ​បាន​ទេ គឺ​សហគមន៍​ត្រូវការ​បោះ​ឆ្នោត​ជ្រើសរើស​មេ​ដឹកនាំ​ថ្មី​នៃ​សាសនា​អ៊ិស្លាម​សម្រាប់​សហគមន៍​នៅ​ទី​នោះ ៖ «សុំ​ឲ្យ​មាន​ការបោះ​ឆ្នោត​នៅ​ក្នុង​ភូមិ​ខ្ញុំ​រើស​ហាកឹម​ថ្មី។ មិន​អាច​ទទួល​យក​បាន​ទេ លោក រី ម៉ាត់​ហ្នឹង ព្រោះ​គាត់​មាន​កំហុស​ច្រើន​ពេក​ហើយ​រយៈពេល​៤​ឆ្នាំ គាត់​អត់​មាន​ដោះស្រាយ​អី​ជួយ​ប្រជាជន​កន្លែង​ណា​បន្តិច​សោះ កសាង​អី​ក៏​គ្មាន អត់​មាន​ការរីក​ចម្រើន​អី​នៅ​ក្នុង​ភូមិ​ហ្នឹង។ អ៊ីចឹង​ខ្ញុំ​អត់​ចង់​បាន​គាត់​ទេ ឲ្យ​មាន​អ្នក​ថ្មី​ឡើង​ដឹកនាំ»

តំណាង​សហគមន៍​ខែ្មរ​អ៊ិស្លាម​ម្នាក់​ទៀត​បាន​តវ៉ា​ថា ៖ «ចង់​សំណូមពរ​បោះ​ឆ្នោត​រើស​ហាកឹម​ថ្មី»

មិន​អាច​ទាក់ទង លោក រី ម៉ាត់ ដែល​រង​ការចោទ​ប្រកាន់​ខាង​លើ​នេះ​បាន​ភ្លាមៗ​ទេ​ដោយសារ​ទូរស័ព្ទ​របស់​លោក​បាន​បិទ។

ផ្អែក​តាម​ប្រភព​ពី​អ្នក​តវ៉ា​នៃ​សហគមន៍​ខែ្មរ​អ៊ិស្លាម​នៅ​ទី​នោះ​បាន​ចោទ​ប្រកាន់​ថា លោក រី ម៉ាត់ ដែល​កំពុង​ក្លាយ​ជា​មេ​ដឹកនាំ​សាសនា​អ៊ិស្លាម​នា​ពេល​បច្ចុប្បន្ន​នេះ​សម្រាប់​សហគមន៍​នៅ​ទី​នោះ​ត្រូវ​បាន​គេ​តែងតាំង​ដោយ​អត្តនោម័តិ​ដោយ​គ្មាន​ការពិគ្រោះ​យោបល់​ពី​ប្រជាពលរដ្ឋ​សហគមន៍​ខ្មែរ​អ៊ិស្លាម​នោះ​ទេ ហើយ​លោក រី ម៉ាត់ នោះ មិន​ស្មោះ​ត្រង់​ជាមួយ​នឹង​សាសនា​អ៊ិស្លាម​មាន​ការកិបកេង​ប្រវ័ញ្ច​ថវិកា​រួម​របស់​សហគមន៍។

លោក សុះ កឹមរី មេ​ដឹកនាំ​សហគមន៍​ខែ្មរ​អ៊ិស្លាម​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​តែងតាំង លោក រី ម៉ាត់ នោះ បាន​មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​អាច​ដោះស្រាយ​អ្វី​បាន​នៅ​ទ្បើយ​ទេ​ជុំវិញ​បញ្ហា​ខាង​លើ​នេះ ៖ «ខ្ញុំ​កំពុង​រវល់ ខ្ញុំ​នៅ​ប្រជុំ អា​ហ្នឹង​មិន​ទាន់​ថា​កើត​ទេ...»

ទាក់ទង​នឹង​បញ្ហា​ខាង​លើ​នេះ លោក ចៀប ជាវ ភ្នាក់ងារ​អង្កេត​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​បាន​តាមដាន​រឿង​វិវាទ​ខាង​លើ​នេះ បាន​សម្ដែង​ការព្រួយ​បារម្ភ​ថា ៖ «ក្នុង​នេះ​ខ្ញុំ​ចង់​សំណូមពរ​អ៊ីចេះ ព្រោះ​រញ៉េរញ៉ៃ​ពេក សូម​សំណូមពរ​ឲ្យ​ឯកឧត្ដម រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​និង​សាសនា... និង​តំណាង​រាស្ត្រ សុំ​ឲ្យ​គាត់​ចុះ​មក​ត្រួត​ពិនិត្យ​ភាព​រញ៉េរញ៉ៃ​នៅ​ក្នុង​ភូមិ​កំពង់យោល​នេះ​ផង ថ្ងៃ​ក្រោយ​ទៅ​មើល​ទៅ​កើត​រឿង​កាន់តែ​ធំ​ឡើងៗ។ ខាង​សាសនា​ហ្នឹង​មួយចំនួន​គាត់​មាន​ប្រសាសន៍​ថា បើ​ធ្វើ​តែ​ភាព​អ៊ីចឹង​គាត់​សុំ​លាលែង​ពី​សាសនា​របស់​ខ្លួន​សុំ​ចូល​សាសនា​ព្រះពុទ្ធ​វិញ អ៊ីចេះ»

គេ​នៅ​មិន​ឃើញ​មាន​កិច្ច​អន្តរាគមន៍​ណា​មួយ​ភ្លាមៗ​នៅ​ទ្បើយ​ទេ​ពី​ក្រសួង​ធម្មការ​និង​សាសនា​ដើម្បី​បញ្ចប់​រឿង​វិវាទ​ក្នុង​សហគមន៍​ខែ្មរ​អ៊ិស្លាម​ខាង​លើ​នេះ​ដែល​បាន​កើត​ឡើង​នូវ​រឿង​វិវាទ​អូស​បន្លាយ​ជា​ច្រើន​ខែ​មក​ហើយ៕