អ្នក​ស្រាវជ្រាវ​រក​ឃើញ​អំបូរ​ជនជាតិ​ខ្មែរ​១​ក្រុម​កំពុង​រស់នៅ​ប្រទេស​ចិន

អ្នក​ស្រាវជ្រាវ​វប្បធម៌ និង​អរិយធម៌​ខ្មែរ បាន​រក​ឃើញ​ជនជាតិ​អំបូរ​ខ្មែរ​មួយ​ក្រុម​កំពុង​រស់​នៅ​ប្រទេស​ចិន​សព្វ​ថ្ងៃ​នេះ។
ដោយ ឱម ឧត្ដម
2010.04.27

អគ្គលេខាធិការ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា លោក​បណ្ឌិត ស៊ុំ ឈុំប៊ុន អ្នក​ស្រាវជ្រាវ​អំពី​មត៌ក​វប្បធម៌ អរិយធម៌​ខ្មែរ និង​តំបន់​អាស៊ី មាន​ប្រសាសន៍​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី លោក ឱម ឧត្ដម នៅ​ថ្ងៃ​ទី​២៦ មេសា​នេះ ថា ក្រុម​ជនជាតិ​អំបូរ​ខ្មែរ​ដែល​កំពុង​រស់​នៅ​តំបន់​ស៊ីសងផាណា រហូត​មក​ទល់​នឹង​ពេល​នេះ ប្រហែល​ជា​ត្រូវ​ព្រះ​មហាក្សត្រ​ខ្មែរ​សម័យ​ដើម បញ្ជូន​ទៅ​កាន់​ប្រទេស​ចិន​ក្នុង​អំឡុង​ចុង​សតវត្ស​ទី​១៣ នៃ​គ្រិស្ត​សករាជ គឺ​ប្រហែល​ជា​នៅ​ចុង​សម័យ​កាល​អង្គរ។

លោក​បណ្ឌិត ស៊ុំ ឈុំប៊ុន បាន​បញ្ជាក់​ថា ៖ «ស្ដេច​ខ្មែរ​ក៏​ឲ្យ​ហ្ម​ដំរី ២​គ្រួសារ ទៅ​ជួយ​ថែ​ទាំ​ដំរី ក្រោយ​មក​ស្ដេច​ខ្មែរ​ដឹង​ថា ស្ដេច​ជីង​ហុង​ហ្នឹង​ចូល​ចិត្ត​ម្ហូប​ខ្មែរ ក៏​ចាត់​ឲ្យ​គ្រួសារ ២​គ្រួសារ​ទៀត​មក​ជួយ​ម្ហូប​ខ្មែរ​ឲ្យ​ស្ដេច​ជីង​ហុង​ហ្នឹង។ អ៊ីចឹង​ហើយ​បាន​គាត់​ថា ដូនតា​គាត់ ៤​គ្រួសារ​ហ្នឹង​គឺ​មក​ពី​កម្ពុជា មក​នៅ​ហ្នឹង​(ចិន)។ ភូមិ​គាត់​ហ្នឹង​ឥឡូវ​មាន​គ្នា​ប្រហែល​ជិត ១​ពាន់​នាក់ ហើយ​គាត់​និយាយ​ភាសា​ខ្មែរ​សម័យ​មុន​មួយ​ម៉ាត់​ៗ ដែល​គាត់​នៅ​ចាំ»

លោក ស៊ុំ ឈុំប៊ុន មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​ទៀត​ថា ការ​បញ្ជូន​ជនជាតិ​ខ្មែរ​ឲ្យ​ជួយ​ថែ​ទាំ​ដំរី និង​ធ្វើ​ម្ហូប​អាហារ​ខ្មែរ​សម្រាប់​ស្ដេច​នៅ​តំបន់​ស៊ីសងផាណា​នៅ​ពេល​នោះ គឺ​ដោយសារ​តែ​ខ្មែរ និង​ចិន មាន​ចំណង​មិត្តភាព​ជាមួយ​គ្នា​ក្នុង​ការ​ធ្វើ​ចម្បាំង​នឹង​ជនជាតិ​តៃ ដែល​ក្រោយ​មក​ក្លាយ​ជា​ថៃ​បច្ចុប្បន្ន​នេះ។

អគ្គលេខាធិការ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា បណ្ឌិត ស៊ុំ ឈុំប៊ុន ថ្លែង​បន្ត​ថា រាជ​បណ្ឌិត​សភា​កម្ពុជា​ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​ជាន់​ខ្ពស់​មួយ​នៅ​កម្ពុជា នឹង​បញ្ជូន​អ្នក​ស្រាវជ្រាវ​ទៅ​ធ្វើ​ការ​សិក្សា​អំពី​ក្រុម​ជនជាតិ​ខ្មែរ ដែល​កំពុង​រស់​នៅ​ទី​នោះ​នៅ​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Apr 26, 2010 07:58 PM

Great archievment, Cheer!