ប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង លោក កាក់ សិលា បានថ្លែងកាលពីថ្ងៃទី១ ខែវិច្ឆិកា ថា ស្ថានភាពលើកកម្ពស់ការផ្ដល់សេវាផ្នែកសម្ភពរោគស្ត្រី កំពុងជួបប្រទះការលំបាករាល់ថ្ងៃ។ បច្ចុប្បន្ន ក្រសួង និងមន្ទីរសុខាភិបាល បានធ្វើកិច្ចព្រមព្រៀងជាមួយអង្គការកូហ្វី មកពីប្រទេសកូរ៉េ ដោយបានធ្វើផែនការឯកភាពគ្នាក្នុងការផ្គត់ផ្គង់សម្ភារៈបរិក្ខារផ្នែកសម្ភពដល់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង មានតម្លៃជាង ៧ម៉ឺនដុល្លារ។
លោក កាក់ សិលា៖ «យើងមានតាបវះកាត់ មានម៉ាស៊ីនអុកស៊ីហ្សែន យើងមានវ៉ង់ទសសម្រាប់បឺតទារក បូមទារក មានភ្លើងសម្រាប់បញ្ចាំងបំភ្លឺ មានគ្រែសម្រាល មានប្រដាប់វះកាត់ស្បូន វះកាត់យកកូន ប្រដាប់សម្រាប់កម្ដៅទារកនៅក្រោយសម្រាលដែលខ្សោយ មានម៉ាស៊ីន។ នេះយើងធ្វើការជាមួយគាត់តែម្ដង ហើយគាត់បំពេញឲ្យយើង ហើយថែមឲ្យយើងខ្លះ និងមានម៉ាស៊ីនអេកូថ្មីមួយទៀតដែលមានតម្លៃជិត ៣ម៉ឺនដុល្លារ។ អ៊ីចឹង យើងសរុបការចំណាយលើសម្ភពហ្នឹង មានជាង ៦ម៉ឺន ៥ពាន់ ហើយមានម៉ាស៊ីនអិលស៊ីឌី (LCD Projector) ម៉ាស៊ីនកុំព្យូទ័រ ដើម្បីជំនួយក្នុងការបង្រៀន»។
នៅក្នុងនោះមានតាំងពីឧបករណ៍ និងប្រព័ន្ធតាមដានជំងឺ និងការវាស់វែងស្ថានភាពជំងឺដែលក្នុងរយៈកាលកន្លងមកមានការពិបាកធ្វើការសន្និដ្ឋាន និងពិការក្នុងការជួយសង្គ្រោះអ្នកជំងឺ។ អង្គការកូហ្វី នឹងបន្តកិច្ចសហការជាមួយមន្ទីរពេទ្យថែមទៀត នៅឆ្នាំ២០១៣ ដើម្បីជួយសង្គ្រោះដល់មាតា និងទារក។
លោកប្រធានមន្ទីរពេទ្យបានបញ្ជាក់ថា សម្ភារៈបរិក្ខារជាជំនួយរបស់អង្គការកូហ្វី មកពីប្រទេសកូរ៉េ នឹងចាប់បំពាក់ដល់មន្ទីរពេទ្យនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១២។ ផ្នែកទៅលើឧបករណ៍សម្ភារៈបរិក្ខារថ្មីនេះ គឺជាការជួយកាត់បន្ថយដល់ការងារលំបាករបស់មន្ទីរពេទ្យ ប៉ុន្តែការខ្វះខាតនៅតែមាន។ ដូច្នេះហើយ នៅថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា កម្ពុជានឹងធ្វើការស្នើសុំបន្ថែមទៀត លើការខ្វះខាត។ មន្ត្រីសុខាភិបាលសង្ឃឹមថា ជំនួយនេះ កិច្ចសង្គ្រោះការងារលើផ្នែកសម្ភពនឹងមានលក្ខណៈល្អប្រសើរ៖ «ទន្ទឹមគ្នានេះដែរ សមាគមឡាហ្វែត (L@fett) នៅប្រទេសបារាំង មានគ្រោងផ្ដល់សម្ភារៈបរិក្ខារមួយចំនួន។ ទាំងនេះកើតមានឡើងដោយសារកិច្ចសហការរវាងមន្ទីរពេទ្យជាមួយនឹងអង្គការ និងសមាគមដទៃទៀត ដែលបានមកទស្សនកិច្ច ហើយមើលឃើញពីការខ្វះខាតរបស់កម្ពុជា»។
នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បច្ចុប្បន្នកំពុងមានការខ្វះខាតនូវសេវាសង្គ្រោះដំបូង ហៅថាសង្គ្រោះបន្ទាន់។ កាលពីថ្ងៃទី២ ខែតុលា មន្ទីរពេទ្យបានធ្វើបុណ្យផ្កាប្រាក់ ប្រមូលថវិកាបានជាង ២ម៉ឺន ៣ពាន់ដុល្លារ ដើម្បីបំពេញបន្ថែមនូវអគារសង្គ្រោះថ្មីមួយខ្នង ដែលកំពុងសាងសង់នៅក្នុងមន្ទីរពេទ្យ ប៉ុន្តែតម្រូវការថវិកានៅមានការខ្វះខាតនៅឡើយ។
សេវាសាធារណៈលើវិស័យសុខាភិបាលរបស់រដ្ឋ ត្រូវគេសង្កេតឃើញថានៅមានការខ្វះខាតច្រើន។ ទាក់ទិនបញ្ហានេះ មន្ទីរពេទ្យបានសំណូមពរទៅដល់អង្គការដៃគូ សំណូមពរទៅដល់សប្បុរសជន និងរាជរដ្ឋាភិបាលឲ្យជួយ។
មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ជាគូរបង្គោលសម្រាប់តំបន់ ដែលនៅក្នុងកម្មវិធីជាតិបានផ្ដោតការយកចិត្តទុកដាក់។ ក្នុងនោះ មានខេត្តបាត់ដំបង កំពង់ចាម និងខេត្តតាកែវ។ ខេត្តទាំងបីនេះនឹងក្លាយទៅជាមជ្ឈមណ្ឌលមួយសម្រាប់បណ្ដុះបណ្ដាលខេត្តដែលនៅជុំវិញ មានខេត្តបន្ទាយមានជ័យ ប៉ៃលិន សៀមរាប ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។ កន្លងមក មន្ទីរពេទ្យបានបណ្ដុះបណ្ដាលបានជាច្រើនវគ្គទៅលើការថែទាំស្ត្រីធ្លាក់ឈាមក្រោយសម្រាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
