ស្នងការនគរបាលខេត្តកោះកុង លោក សំ ភិតវៀន បានឲ្យដឹងថា លោកបានបញ្ជាឲ្យមន្ត្រីនគរបាលធ្វើការពិនិត្យទៅលើកន្លែងកើតហេតុនៃការបាញ់ប្រហារនៅចំណុចព្រែកអារឹត ភូមិតានី ឃុំភ្ញីមាស ស្រុកគិរីសាគរ ប៉ុន្តែថា ភាគីជនរងគ្រោះមិនបានសហការជាមួយនឹងអាជ្ញាធរនោះឡើយ។
លោក សំ ភិតវៀន មានប្រសាសន៍ថា ៖ «គេបានចាត់ចែងហើយ គឺឲ្យខាងការិយាល័យជំនាញនិងលោកអធិការចុះទៅពិនិត្យទីកន្លែងកើតហេតុ ក៏ប៉ុន្តែឥឡូវនេះខ្ញុំហាក់បីដូចជាខ្វះភាពសហការពីជនរងគ្រោះ»។
មន្ត្រីអង្គការឃ្លាំមើលការពារសម្បត្តិធនធានធម្មជាតិនៅកម្ពុជា លោក កែវ យ៉ា ដែលបានដឹកនាំមន្ត្រីចុះល្បាតឃ្លាំមើលពីការកាប់រានព្រៃឈើខុសច្បាប់ ហើយរងការបាញ់ប្រហារនោះ បានឲ្យដឹងថា នគរបាលធ្លាប់បានព្រងើយកន្តើយចំពោះក្រុមលោកដោយសារអង្គការលោកធ្លាប់បានបកអាក្រាតពីសកម្មភាពរបស់នគរបាលស្រុក ដែលបានកាប់រានព្រៃឈើខុសច្បាប់។
លោក កែវ យ៉ា មានប្រសាសន៍ថា ៖ «តាំងពីដើមមក ខ្ញុំបានឈរថតរូបភាពការកាប់បំផ្លាញព្រៃឈើហ្នឹងរាប់រយហិកតារ រួមជាមួយអាជ្ញាធរភូមិ ឃុំ ហ្នឹង ដាក់ពាក្យឡើងទៅតុលាការ ដែលកាប់បំផ្លាញព្រៃឈើរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ហើយលក់ឲ្យឈ្មួញ ដល់ពេលហើយគាត់ក៏ខឹងខ្ញុំ គាត់មិនសហការជាមួយខ្ញុំ មិននិយាយជាមួយខ្ញុំ»។
មន្ត្រីអង្គការឃ្លាំមើលការពារសម្បត្តិធនធានធម្មជាតិនៅកម្ពុជាឈ្មោះ កែវ កយ អាយុ ២៧ឆ្នាំ បានរងរបួសត្រង់ពោះ ដោយសារការបាញ់ប្រហារពីជនមិនស្គាល់មុខចំនួនបីនាក់ ហើយកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យបង្អែកស្មាច់មានជ័យ ខេត្តកោះកុង។
ជនរងគ្រោះឈ្មោះលោក កែវ កយ បានឲ្យដឹងថា លោកនឹងបន្តសកម្មភាពឃ្លាំមើលធនធានធម្មជាតិបន្តទៅទៀត ដោយមិនចុះចាញ់នឹងការបាញ់ប្រហារនោះឡើយ ហើយបានអំពាវនាវឲ្យមានការដាក់ទោសទណ្ឌទៅលើជនដៃដល់ ៖ «ខ្ញុំនឹងសុំបន្តឃ្លាំមើល ការពារសម្បត្តិធនធានធម្មជាតិយើងតទៅទៀត»។
មន្ត្រីឃ្លាំមើលធនធានធម្មជាតិ លោក កែវ យ៉ា បានចោទថា មន្ត្រីនគរបាលឃុំភ្ញីមាស ចំនួនបីរូប បានស្ទាក់បាញ់ចំនួនបីគ្រាប់ មកលើក្រុមល្បាតរបស់លោកនៅចំណុចព្រែកអារឹត ភូមិតានី ឃុំភ្ញីមាស កាលពីវេលាម៉ោង ៩ ព្រឹក ថ្ងៃអាទិត្យ ២១ ធ្នូ។
លោកបានបន្តថា នៅពេលបាញ់ប្រហារនោះ លោកបានឃើញមនុស្សបីនាក់ស្លៀកពាក់ឯកសណ្ឋាននគរបាល ហើយបានរត់គេចខ្លួនបាត់។
ប្រធានប៉ុស្តិ៍នគរបាលឃុំភ្ញីមាស លោក ទូច ភី បានបដិសេធថា មន្ត្រីនគរបាលរបស់លោកមិនបានបាញ់ប្រហារទៅលើក្រុមឃ្លាំមើលធនធានធម្មជាតិនោះទេ ដោយអះអាងថា កម្លាំងនគរបាលទាំងប្រាំនាក់របស់លោកនៅប្រចាំការនៅការិយាល័យទាំងអស់។
មន្រ្តីសិទ្ធិមនុស្សឯករាជ្យនៅមិនទាន់អាចបញ្ជាក់ថា ពិតជាមានករណីបាញ់ប្រហារពីសំណាក់នគរបាលឃុំ ទៅលើក្រុមឃ្លាំមើលធនធានធម្មជាតិនោះបាននៅឡើយទេ។
ប្រធានអង្គការឃ្លាំមើលការពារសម្បត្តិធនធានធម្មជាតិនៅកម្ពុជា លោក ជា ហៀន បានឲ្យដឹងថា លោកបានដាក់ពាក្យបណ្ដឹងទៅតុលាការខេត្តកោះកុង ពីករណីបាញ់ប្រហារមកលើក្រុមមន្ត្រីរបស់លោកនោះហើយ៕
