ជន​រង​គ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​៥៥០​នាក់​មក​ទស្សនា​សាលាក្ដី

សាលាក្ដី​ខ្មែរ​ក្រហម​បាន​ទទួល​ក្រុម​ប្រជាពលរដ្ឋ​ជា​ក្រុម​ចុង​ក្រោយ នៅ​ឆ្នាំ​២០១០​នេះ ក្នុង​ការ​ចូល​រួម​ស្វែង​យល់​អំពី​អំពើ​ប្រល័យ​ពូជ​សាសន៍​របស់​ក្រុម​ខ្មែរ​ក្រហម និង​ការ​ស្វែង​យល់​អំពី​ការ​ស្វែង​រក​យុត្តិធម៌​ដល់​ជន​រង​គ្រោះ។
ដោយ សុខ សេរី
2010-12-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រជាពលរដ្ឋ​រង​គ្រោះ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​មក​ពី​ខេត្ត​កំពត និង​ខេត្ត​កំពង់ចាម ថត​រូប​អនុស្សាវរីយ៍​ជាមួយ​មន្ត្រី​សាលាក្ដី​ខ្មែរ​ក្រហម នៅ​សាល​សវនាការ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១០។
ប្រជាពលរដ្ឋ​រង​គ្រោះ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​មក​ពី​ខេត្ត​កំពត និង​ខេត្ត​កំពង់ចាម ថត​រូប​អនុស្សាវរីយ៍​ជាមួយ​មន្ត្រី​សាលាក្ដី​ខ្មែរ​ក្រហម នៅ​សាល​សវនាការ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១០។
RFA

ក្រុម​ប្រជាពលរដ្ឋ​រង​គ្រោះ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ជា​ក្រុម​ចុង​ក្រោយ​ចំនួន ៥៥០​នាក់ មក​ពី​ខេត្ត​កំពត និង​ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១០​នេះ បាន​មក​ទស្សនា​សាលាក្ដី​ខ្មែរ​ក្រហម សារមន្ទីរ​ប្រល័យ​ពូជ​សាសន៍​គុក​ទួលស្លែង និង​វាល​ពិឃាដ​បឹងជើងឯក ដើម្បី​ស្វែង​យល់ និង​ឃើញ​ដោយ​ផ្ទាល់​ភ្នែក អំពី​ភស្តុតាង និង​ដំណើរការ​កាត់​ទោស​មេ​គុក​ទួលស្លែង ឈ្មោះ ឌុច ក្នុង​សំណុំ​រឿង​០០១ ក្នុង​ឆ្នាំ​២០១០ កន្លង​មក និង​ការ​ត្រៀម​កាត់​ទោស​សំណុំ​រឿង​០០២ ឆ្នាំ​២០១១ ខាង​មុខ។

ការ​មក​ទស្សនា​ក្រុម​ប្រជាពលរដ្ឋ​រង​គ្រោះ​ចុង​ក្រោយ​នេះ បាន​នាំ​ឲ្យ​ចំនួន​ប្រជាពលរដ្ឋ​មក​ទស្សនា​កើន​ឡើង​ចំនួន ៦៧.០០០​នាក់ នៅ​ឆ្នាំ​២០១០​នេះ ដែល​ជា​ចំនួន​គាំទ្រ​លើស​សាលាក្ដី​ឧក្រិដ្ឋកម្ម​នានា​នៅ​លើ​ពិភពលោក ដូចជា​សាលាក្ដី​នៅ​ក្នុង​ប្រទេស​សារ៉ាលីអូន ជាដើម។

ប្រធាន​ស្ដីទី​នៃ​រដ្ឋបាល​សាលាក្ដី​ខ្មែរ​ក្រហម លោក ក្រាញ់ តូនី បាន​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាពលរដ្ឋ​ដែល​មក​ទស្សនា​នៅ​ក្នុង​សាល​សវនាការ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ​នេះ​ថា សាលាក្ដី​នេះ​គឺ​ជា​ការ​ស្វែង​រក​យុត្តិធម៌​ជូន​គ្រួសារ​រង​គ្រោះ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។

លោក​បន្ថែម​ថា ៖ «ចំនួន​ដ៏​ធំធេង​នេះ មាន​ន័យ​ថា តុលាការ​នេះ​ធ្វើ​ឡើង​សម្រាប់​ផ្ដល់​ជន​រង​គ្រោះ​ទាំង​មូល មិន​មែន​ជា​តុលាការ​ធ្វើ​ឡើង​សម្រាប់​អ្នក​ឯកទេស​ច្បាប់​ជាតិ និង​អន្តរជាតិ​ទេ»

ក្រុម​ប្រជាពលរដ្ឋ​ចំនួន​ជាង ៥០០​នាក់​នេះ គឺ​ភាគ​ច្រើន​ជា​ជន​ជាតិ​ខ្មែរ​ឥស្លាម នៅ​ក្នុង​ខេត្ត​កំពត និង​ខេត្ត​កំពង់ចាម ក្រោម​ការ​ជួយ​សម្រួល​ដឹក​ជញ្ជូន​ដោយ​សាលាក្ដី​ខ្មែរ​ក្រហម។

ប្រជាពលរដ្ឋ​ឈ្មោះ ហេន ហម អាយុ ៦០​ឆ្នាំ នៅ​ក្នុង​ភូមិ​ពាម ក្នុង​ឃុំ​ព្រែកកាបៅ ស្រុក​កងមាស ខេត្ត​កំពង់ចាម ដែល​មាន​សមាជិក​គ្រួសារ​ចំនួន ២២​នាក់​បាន​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម បាន​ថ្លែង​ថា លោក​ចង់​ឃើញ​សាលាក្ដី​នេះ​ដំណើរការ​ចប់​ចុង​ចប់​ដើម ៖ «ខ្ញុំ​បាទ​បាន​ឃើញ​គុក​ទួលស្លែង សាលាក្ដី​ខ្មែរ​ក្រហម និង​បឹងជើងឯក ដោយ​ឃើញ​កន្លែង​ទាំង​៣​ហ្នឹង បាន​ន័យ​ថា ពេញ​ចិត្ត​ពេញ​ថ្លើម​នូវ​សាលាក្ដី​កាត់​ទោស​ខ្មែរ​ក្រហម»

សាលាក្ដី​ខ្មែរ​ក្រហម​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១០ កន្លង​មក​នេះ បាន​ប្រកាស​សាលក្រម​ផ្តន្ទា​ទោស ឌុច មេ​គុក​ទួលស្លែង ឬ​មន្ទីរ​ស-២១ ឲ្យ​ជាប់​គុក ៣៥​ឆ្នាំ ក្រោម​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​បទ​រំលោភ​បំពាន​លើ​អនុសញ្ញា​ក្រុង​ហ្សឺណែវ (Geneva) ឆ្នាំ​១៩៤៩ ប្រឆាំង​ការ​ធ្វើ​ទារុណកម្ម ដែល​សាលាក្ដី​នេះ​បាន​រក​ឃើញ​ថា ឌុច មាន​ទោស​កំហុស​សម្លាប់​មនុស្ស​ជាង ១២.០០០​នាក់​នៅ​ក្នុង​មន្ទីរ​ស-២១។

ប្រធាន​ស្ដីទី​នៃ​រដ្ឋបាល​សាលាក្ដី​ខ្មែរ​ក្រហម លោក ក្រាញ់ តូនី បាន​មាន​ប្រសាសន៍​ថា ៖ «សាលាក្ដី​ខ្មែរ​ក្រហម​នឹង​បើក​សវនាការ​លើ​បណ្ដឹង​ឧទ្ធរណ៍​លើ​សំណុំ​រឿង​០០១ នៅ​ខែ​មីនា ឆ្នាំ​២០១១ ក្រោយ​ពី ឌុច បាន​បឹ្តង​ទាស់​នឹង​សាលក្រម​ប្រកាស​កាល​ពី​ខែ​កក្កដា កន្លង​មក​នេះ»

លោក​បាន​បញ្ជាក់​ថា សំណុំ​រឿង​០០២ ដ៏​សំខាន់ នឹង​ដំណើរការ​កាត់​ទោស​នៅ​ខែ​មិថុនា ឆ្នាំ​២០១១ ខាង​មុខ ដែល​មាន​ជន​ជាប់​ចោទ​ជា​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​ចំនួន ៤​នាក់ គឺ​លោក អៀង សារី លោក ខៀវ សំផន លោក នួន ជា និង​លោកស្រី អៀង ធីរិទ្ធ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល