ស្របពេលគ្នានេះដែរ រដ្ឋាភិបាលបានចាត់វិធានការវាស់វែង និងផ្តល់ដីកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋយ៉ាងប្រញិបប្រញាប់ នៅតាមបណ្ដាខេត្តមួយចំនួន។
តែទោះជាយ៉ាងណា អង្គការសង្គមស៊ីវិល បានអង្កេតឃើញថា ត្បិតមានការប្រកាសបញ្ឈប់ការផ្តល់ដីសម្បទានសេដ្ឋកិច្ចជាផ្លូវការក៏ពិតមែន ប៉ុន្តែរាជរដ្ឋាភិបាលក៏នៅតែបានចេញអនុក្រឹត្យចំនួន៦៦ ដោយបម្រុងដីចំនួនជាង ៣សែនហិកតារ ទុកឲ្យក្រុមហ៊ុនឯកជនវិនិយោគបន្ថែមទៀត ដែលភាគច្រើនដីទាំងនោះប៉ះពាល់លើតំបន់ការពារ។
សមាគមការពារសិទ្ធិមនុស្សអាដហុក បានចេញរបាយការណ៍មួយនៅថ្ងៃទី១៤ ខែកុម្ភៈ ដែលមានចំណងជាងថា "ផ្លូវរបត់"។ របាយការណ៍នោះបានផ្ដោតលើបញ្ហាសិទ្ធិដីធ្លី សិទ្ធិលំនៅឋាន និងសិទ្ធិធនធានធម្មជាតិនៅកម្ពុជា។
ក្នុងរបាយការណ៍កម្រាស់ ៥៦ទំព័រជាភាសាខ្មែរ បានបរិយាយថា ក្នុងឆ្នាំ២០១២ រាជរដ្ឋាភិបាលបានផ្តល់ ឬបម្រុងដីយ៉ាងតិចណាស់ ២.៦៥៧.៤៧០ហិកតារ ឲ្យក្រុមហ៊ុនឯកជនក្រោមគម្រោងសម្បទានដីសេដ្ឋកិច្ច។ ចំនួននេះកើន ១៦,៧% ច្រើនជាងកាលពីឆ្នាំ២០១១ ដែលមាន ២.២៧៦.៣៤៩ហិកតារ។
កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២ នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានប្រកាសដាក់ចេញនូវបទបញ្ជាមួយឲ្យមានការផ្អាកបណ្ដោះអាសន្ននូវការផ្តល់ដីសម្បទានសេដ្ឋកិច្ចថ្មី និងពង្រឹងអ្វីដែលហៅថាគោលនយោបាយស្បែកខ្លា។
ប្រធានសមាគមសិទ្ធិមនុស្សអាដហុក លោក ធន សារាយ ថ្លែងក្នុងសន្និសីទកាសែតនៅថ្ងៃទី១៤ ខែកុម្ភៈ ថា បើទោះបីជាមានសេចក្តីប្រកាសនោះ ក៏គេរកឃើញថារាជរដ្ឋាភិបាលនៅតែបន្តចេញអនុក្រឹត្យក្រោយសេចក្តីប្រកាសនោះចំនួន៣៣ទៀត សម្រេចប្រគល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនឯកជន។
ទោះជាយ៉ាងណា តាមការសិក្សារបស់អាដហុក មានតែ ៣១អនុក្រឹត្យប៉ុណ្ណោះ ដែលបានបង្ហាញចំនួនផ្ទៃដីត្រូវវិនិយោគ គឺមាន ២០៨.៨០៥ហិកតារក្នុងខេត្តចំនួន១០។ ដោយឡែក ២អនុក្រឹត្យផ្សេងទៀត មិនត្រូវបានបង្ហាញតួលេខផ្ទៃដីនោះទេ។
រាជរដ្ឋាភិបាលធ្លាប់បានបង្ហាញទឡ្ហីករណ៍បកស្រាយលើការចេញអនុក្រឹត្យក្រោយសេចក្តីប្រកាសរបស់ខ្លួនថា បញ្ឈប់ផ្តល់ដីសម្បទានសេដ្ឋកិច្ច ដោយបញ្ជាក់ថា ពាក្យស្នើសុំខ្លះបានសម្រេចនៅមុនសេចក្តីប្រកាសជាផ្លូវការ ទើបរាជរដ្ឋាភិបាលនៅតែបន្តផ្តល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនទាំងនោះ។
អង្គការសង្គមស៊ីវិល ចាត់ទុកការដែលរាជរដ្ឋាភិបាលធ្វើដូច្នេះ ជាការឲ្យតម្លៃកិច្ចសន្យាជាមួយក្រុមហ៊ុនឯកជន ជាងផលប្រយោជន៍ប្រជាពលរដ្ឋ។
ស្របពេលគ្នានោះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ក៏បានចេញរបាយការណ៍ស្រដៀងគ្នាពីការស្រាវជ្រាវស្ដីពីការផ្តល់ដីសម្បទានសេដ្ឋកិច្ចក្រោយបទបញ្ជា០០៤ ចូលជាធរមាននៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២។ ក្នុងរបាយការណ៍របស់មជ្ឈមណ្ឌលនេះ រកឃើញថា រដ្ឋាភិបាលបានប្រគល់ដីសម្បទានសេដ្ឋកិច្ចសរុបចំនួន ៣០កន្លែង ដែលស្មើនឹង ១៩២.២១៣,៣៩ហិកតារ។ តួលេខរកឃើញនេះមានភាពខុសគ្នាខ្លះនៃតួលេខដែលអង្គការអាដហុក រកឃើញ។
ទាក់ទិននឹងបញ្ហានេះ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ពន្យល់ថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ចក្រោយសេចក្តីប្រកាសនោះ មិនមែនជាការផ្តល់ដីសម្បទានថ្មីនោះទេ តែជាការផ្តល់អាជ្ញាប័ណ្ណដែលផ្តល់បន្ទាប់ពីអ្វីជាគោលការណ៍ដែលសេចក្តីជូនដំណឹង (ស.ជ.ណ) បានប្រគល់ឲ្យក្រុមហ៊ុនមុនការបិទការប្រកាសឲ្យមានការផ្អាកផ្តល់ដីសម្បទានសេដ្ឋកិច្ច។
រាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជាលេខ០០១ ឲ្យមានការពិនិត្យឡើងវិញនូវរាល់ដីសម្បទានកន្លងមក ដើម្បីផ្ទៀងផ្ទាត់ការអនុវត្តតាមបទប្បញ្ញត្តិ និងច្បាប់ជាធរមាន។ គិតត្រឹមថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១២ អង្គការអាដហុក បានរកឃើញថា ប័ណ្ណកម្មសិទ្ធិដីចំនួន ៧១.២២០សន្លឹក ត្រូវបានរាជរដ្ឋាភិបាលប្រគល់ជូនប្រជាពលរដ្ឋគ្របដណ្ដប់លើផ្ទៃដី ៤៣៣.៩៨៧ហិកតារ។
ថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ច័ន្ទ សារុន ក៏បានប្រកាសពីការលុបចោលដីសម្បទានសេដ្ឋកិច្ចមួយនៅខេត្តរតនគិរី គឺក្រុមហ៊ុនដាយដុងយឿង របស់វៀតណាម។
ប្រធានសមាគមអាដហុក លោក ធន សារាយ បានស្វាគមន៍ចំពោះការលុបចោលកិច្ចសន្យានេះ និងស្នើសុំឲ្យមានការបន្តការលុបកិច្ចសន្យាដីសម្បទានសេដ្ឋកិច្ចពីក្រុមហ៊ុនដទៃទៀតណាដែលបានរំលោភច្បាប់ និងកិច្ចសន្យារបស់កម្ពុជា។ លោកក៏ស្នើសុំឲ្យរាជរដ្ឋាភិបាលចាត់វិធានការកាត់តម្រឹមដីសម្បទានសេដ្ឋកិច្ចណាដែលលើសពី ១ម៉ឺនហិកតារ ដែលគ្មានចែងក្នុងច្បាប់ភូមិបាល។
របាយការណ៍សមាគមអាដហុក រកឃើញដែរថា ក្នុងឆ្នាំ២០១២ រដ្ឋាភិបាលបានផ្តល់ដីសម្បទានសង្គមកិច្ចចំនួន ៣៨កន្លែង គ្របដណ្ដប់លើផ្ទៃដី ១០០.៧៩០ហិកតារ ដល់ប្រជាពលរដ្ឋ គឺមានចំនួនច្រើនជាងពីរដងបើធៀបនឹងឆ្នាំ២០១១។ ប៉ុន្តែចំណោម ៣៨កន្លែងនោះ មាន ១៣កន្លែង បានកើតមានទំនាស់។
ក្នុងឆ្នាំ២០១២ មានការគំរាមកំហែងប្រើអំពើហិង្សាមានការកើនឡើងទៅលើតំណាងសហគមន៍ សកម្មជន និងបុគ្គលិកសិទ្ធិលំនៅឋាន និងសិទ្ធិដីធ្លី។ គេរកឃើញថា មានពលរដ្ឋចំនួន ២៣២នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបញ្ហាលំនៅឋាន និងដីធ្លី គឺមានការកើនឡើងចំនួន ១៤៤% បើធៀបកាលពីឆ្នាំ២០១១។
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ មានពលរដ្ឋចំនួន ៣៨នាក់ កំពុងឃុំក្នុងពន្ធនាគារ និង ៥០នាក់ផ្សេងទៀត កំពុងរត់ភៀសខ្លួន។ ក្នុងរបាយការណ៍ក៏បានរកឃើញថា មានសហគមន៍ចំនួន១៥០ កំពុងត្រូវបានគំរាមកំហែងឲ្យរើចេញពីលំនៅឋានរបស់ពួកគេនៅរាជធានីភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។