អ្នកស្រី ញ៉ឹក ចាន់ថុល អាយុ២៨ឆ្នាំ សុខចិត្តលួចមើលទ្រាំយំនៅពេលឃើញមន្ត្រីអាជ្ញាធរកាន់កាំភ្លើង វាយតប់ ទាត់ធាក់ ធ្វើបាបម្តាយនិងប្អូនប្រុសរបស់នាង២នាក់ ក្នុងករណីតវ៉ាជម្លោះដីឯភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត ។
អ្នកស្រី ញ៉ឹក ចាន់ថុល បានថ្លែងថានៅថ្ងៃនោះអ្នកស្រីបានធ្វើដំណើរពីភ្នំពេញទៅរកម្តាយដោយសារតែឮដំណឹងថា នឹងអាចមានរឿងបង្ក្រាបដល់ប្រជាជននៅទីនោះ ហើយពេលទៅដល់ភូមិភ្លាមហេតុការណ៍ក៏កំពុងកើតឡើង ។
អ្នកភូមិម្នាក់បានប្រាប់អ្នកស្រីកុំឲ្យបង្ហាញខ្លួនដោយសារតែបារម្ភនឹងរឿងសន្តិសុខ ព្រោះម្តាយអ្នកស្រីនិងប្អូនប្រុស២នាក់ កំពុងតែរងការវាយធ្វើបាបពីសំណាក់ក្រុមទាហានប្រដាប់អាវុធ ។
ពីក្នុងគុម្ពោតព្រៃដែលកំពុងលាក់ខ្លួន អ្នកស្រី ញ៉ឹក ចាន់ថុល បានថ្លែងថាអ្នកស្រីសឹងតែចេញមុខទៅឱបម្តាយ និងប្អូនប្រុសដើម្បីរងជំនួសដំបងនិងស្វ័យកាំភ្លើង ដែលគេកំពុងតែសំពងធ្វើបាប ប៉ុន្តែអ្នកស្រីក៏ត្រូវតែគិតពីជីវិតទារិកាម្នាក់ទៀតដែលត្រូវការរូបអ្នកស្រីជាចាំបាច់ដែរ ពីព្រោះអ្នកស្រី ញ៉ឹក ចាន់ថុល ទើបបានប្រសូតកូនស្រីអាយុជាងមួយខែតែប៉ុណ្ណោះ ។
អ្នកស្រីបានថ្លែងថាអ្នកស្រីគ្មានជម្រើសអ្វីក្រៅពីការលួចយំទាំងឈឺចិត្តនោះឡើយ ៖ «ម៉ាក់ខ្ញុំគាត់វ៉ៃរហូតដល់សន្លប់លេចនោមអ៊ីចឹងទៅ ។ ប្អូនខ្ញុំចូលទៅឱបជួយវាវ៉ៃបន្ថែមបំបាក់ជើងនឹងស្វ័យកាំភ្លើង ហើយក៏អូសឡើងឡានយកទៅ ឡានតូចឡានរបស់គេផ្ទាល់ ។ អារម្មណ៍ខ្ញុំឈឺចាប់ណាស់» ។
រហូតមកទល់ពេលនេះ អ្នកស្រី ញ៉ឹក ចាន់ថុល បានប្រាប់វិទ្យុអាស៊ីសេរីថា អ្នកស្រីនៅចាំមុខច្បាស់ណាស់មនុស្សដែលបានវាយម្តាយដោយដំបងផងនិងស្វ័យកាំភ្លើងផងនោះ ។ អ្នកស្រីបានចោទថាអ្នកដែលបានវាយនោះមានឈ្មោះហៅថា ស៊ឹម ពុទ្ធា ។
ឈ្មោះ ស៊ឹម ពុទ្ធា គឺជាមន្ត្រីរបស់សាលាខេត្តកំពត ទទួលបន្ទុកជាអនុគណៈកម្មការបែងចែកនិងផ្ដល់ជូនដីសម្បទានដល់ប្រជាពលរដ្ឋរស់នៅជុំវិញមជ្ឈមណ្ឌលអភិវឌ្ឍន៍ ។ លោក ស៊ឹម ពុទ្ធា បានបដិសេធរាល់ជុំវិញការចោទប្រកាន់ ។ លោកមានប្រសាសន៍ថាលោកមិនបានធ្វើបាបប្រជាជនដូចតាមការចោទនោះទេ ។
នៅក្នុងព្រឹត្តិការណ៍ដែលបានកើតកាលពីថ្ងៃទី២៣ មិថុនា ក្រុមទាហានបន្ទាប់ពីប្រើអំពើហិង្សាហើយក៏បានចាប់ម្តាយ ប្អូនប្រុសទាំង២ និងបុរសចំណាស់ម្នាក់ទៀតយកទៅឃុំ ។ ជនដែលរងការវាយតប់ទាំង៤នាក់ បែរជាត្រូវគេចោទកាលពីថ្ងៃទី២៥ មិថុនា ថាបានប្រព្រឹត្តអំពើប្លន់ទូរស័ព្ទដៃ និងបំផ្លាញទ្រព្យសម្បត្តិដោយចេតនាក្នុងពេលដែលបញ្ជូនទៅតុលាការដើម្បីចោទប្រកាន់ ។
អ្នកស្រី ញ៉ឹក ចាន់ថុល បានថ្លែងថាការចោទប្រកាន់ទៅលើម្តាយអ្នកស្រីគឺជាអំពើអយុត្តិធម៌ ៖ «ភស្តុតាងកន្លែងណាដែលថាគាត់ប្លន់ទូរស័ព្ទទាហាន ដែលគាត់បាតដៃទទេ ហើយគាត់ជាស្រីអាយុចំណាស់៥១ឆ្នាំហើយ គាត់មិនអាចតដៃជាមួយទាហានទៅប្លន់ទូរស័ព្ទទាហានជាង១០០នាក់បានទេ ខ្ញុំអត់ជឿទេកន្លែងហ្នឹង» ។
ស្ត្រីអ្នកភូមិម្នាក់ទៀតដែលបានដឹងអំពីហេតុការណ៍បានថ្លែងថា ការចោទប្រកាន់ដល់អ្នកទាំង៤ គឺជារឿងមួយដែលហួសហេតុពេក ៖ «តើប្រជាជនអាចប្លន់បានដែរឬអត់ពេលថ្ងៃត្រង់ ៣០នាក់ ហើយខាងទាហានហើយប៉េអឹមហ្នឹងមានដល់១០០នាក់ជាង ហើយមានអំណាចមានកាំភ្លើង ហើយមានទាំងឡានមានទាំងអី ប្រដាប់អាវុធ... ។ ខ្ញុំសួរថាបើសិនជាគេអ្នកចេះច្បាប់ ខ្ញុំអត់ចេះច្បាប់ទេ តើអាចធ្វើទៅកើតឬអត់ ? ខ្ញុំអត់ជឿហើយខ្ញុំមានអារម្មណ៍ថាឈឺចាប់ណាស់បើសិនជាច្បាប់នៅស្រុកខ្មែរធ្វើអ៊ីចឹងតទៅទៀត មិនដឹងជាខ្មែរទៅជាយ៉ាងម៉េចទេអ្នកដែលទន់ខ្សោយ» ។
សាក្សីដទៃទៀតនិយាយថា មានការប្រទាញប្រទង់ចង់ឆក់ទូរស័ព្ទពីមន្ត្រីអាជ្ញាធរម្នាក់នោះមែន នៅគ្រាដែលហេតុការណ៍កំពុងកើតឡើង ពីព្រោះអ្នកស្រុកឃើញនាយអាជ្ញាធរម្នាក់នោះ បានព្យាយាមហៅកម្លាំងដាក់មកបន្ថែមទៀត ។
មន្ត្រីសិទ្ធិមនុស្សបានឲ្យដឹងថាគេកំពុងតែតាមដានចំពោះរឿងដែលបានកើតមកនេះដោយប្រយ័ត្នប្រយែង ពីព្រោះមានចំណុចសង្ស័យទាក់ទងនឹងការចោទប្រកាន់ខ្លះ ។
មន្ត្រីសិទ្ធិមនុស្សនៃអង្គការអាដហុក លោក ច័ន្ទ សាវ៉េត បានមានប្រសាសន៍ថាគេកំពុងតែសិក្សាជាមួយក្រុមសិទ្ធិមនុស្សផ្សេងទៀត នៅមុនការសម្រេចថាតើក្រុមសិទ្ធិមនុស្សនឹងត្រូវធ្វើកិច្ចការអ្វីដើម្បីជួយអ្នកទាំងនោះ ។
លោក ច័ន្ទ សាវ៉េត បានមានប្រសាសន៍ថា ៖ «យើងបានជជែកគ្នាជាមួយអង្គការលីកាដូ ។ យើងបានជជែកគ្នាថាតើយើងគួរត្រូវធ្វើយ៉ាងម៉េចចំពោះករណីបែបហ្នឹង ។ ខ្ញុំថាស្នើសុំឲ្យគាត់មកបំភ្លឺអ្វីដែលគាត់ទាមទារ យើងជជែកគ្នាទៅមើល៍ថាតើការទាមទាររបស់គាត់ហ្នឹងត្រឹមត្រូវតាមច្បាប់ដែរឬទេ ហើយការផ្សព្វផ្សាយកន្លងមកហេតុអីបានជាវារាំងស្ទះ ។ ហើយមួយទៀតនោះហេតុអីបានជាពួកគាត់ទាំងអស់គ្នាបែកគ្នាជាក្រុមៗទាក់ទងនឹងបញ្ហាហ្នឹងថាតើអ្នកដែលនៅខាងក្នុងដែលមិនបានចេញមកនោះទទួលរងការលំបាកយ៉ាងដូម្ដេចខ្លះ ? ថាតើគេបិទសិទ្ធិសេរីភាពអីខ្លះ ? ហើយអ្នកទាំងអស់នោះត្រូវទទួលយកផែនការដោះស្រាយរបស់ខាងអាជ្ញាធរដែលនៅតំបន់ហ្នុងយ៉ាងម៉េច ? នេះសុទ្ធតែយើងកំពុងតែព្យាយាមដើម្បីសិក្សាវាឲ្យច្បាស់កុំឲ្យថាសិទ្ធិមនុស្សហ្នឹងនៅពីក្រោយខ្នង» ។
អ្នកស្រុកភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត ដែលបានភិតភ័យនិងរត់គេចពីសកម្មភាពហិង្សាបង្ក្រាបក្នុងករណីជម្លោះដី បានរត់មកភ្នំពេញជាបន្តបន្ទាប់ ហើយចំនួនមនុស្សដែលបានភៀសចេញពីភូមិនោះមានចំនួនដល់២៣នាក់ហើយ ។
អ្នកស្រុកដែលបានរត់គេចបាននិយាយថា ពួកគេមិនទាន់ហ៊ានត្រឡប់ចូលទៅក្នុងភូមិវិញទេ បន្ទាប់ពីមានព្រឹត្តិការណ៍ប្រើអំពើហិង្សាដល់មនុស្សជាច្រើនដែលខឹងនឹងក្រុមទាហានបានយកបង្គោលមកដាំនៅលើដីរបស់ពួកគេនោះ ។
មន្ត្រីរបស់សាលាខេត្តកំពត លោក ស៊ឹម ពុទ្ធា ទទួលបន្ទុកជាអនុគណៈកម្មការបែងចែកនិងផ្ដល់ជូនដីសម្បទានដល់ប្រជាពលរដ្ឋរស់នៅជុំវិញមជ្ឈមណ្ឌលបានបដិសេធរាល់ជុំវិញការចោទប្រកាន់ ហើយបានប្រាប់វិទ្យុអាស៊ីសេរីថាសូម្បីតែរឿងព័ត៌មានអំពីការតាមចាប់ខ្លួនអ្នកស្រុកក៏មិនមាននោះដែរ ៖ «គ្មានអ្នកណាតាមចាប់ទេ មានតែនៅម្ដុំអន្លង់ក្រោមហ្នឹងរឿងទិញដីលក់ដីគ្នាគាត់ទេណា៎» ។
អ្នកស្រី ញ៉ឹក ចាន់ថុល បានថ្លែងថាអ្នកស្រីហាក់ដូចគ្មានការទុកចិត្តណាមួយថាអាជ្ញាធរមូលដ្ឋាននឹងអាចដោះស្រាយរឿងជម្លោះដីធ្លីដែលស្មុគស្មាញនេះបានទេ ។
អ្នកស្រីបានថ្លែងអង្វរកររកការជួយធ្វើអន្តរាគមន៍ពីប្រមុខដឹកនាំរាជរដ្ឋាភិបាល ៖ «សូមអំពាវនាវដល់សម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវ សូមឲ្យលោកជួយដល់ប្រជាជនក្រីក្រ អ្នកដែលមានអំណាចខាងក្រោមហ្នឹងធ្វើបាបប្រជាជននេះ ។ ឥឡូវនេះខ្ញុំសូមសំណូមពរ ឥឡូវជិតបោះឆ្នោតហើយដូច្នេះប្រជាជនដែលបានរត់គេចពីទាហាននេះគ្មានអ្នកណាហ៊ានចូលស្រុកភូមិវិញទេ ហើយមិនបានបោះឆ្នោតទៀត ។ ឥឡូវខ្ញុំសូមអំពាវនាវសម្ដេច ហ៊ុន សែន ហើយនិងលោកជំទាវជួយដល់ប្រជាពលរដ្ឋដែលគេធ្វើបាបទាំងអស់ហ្នឹង ហើយនិងសុំឲ្យជួយដោះលែងម្ដាយខ្ញុំនិងប្អូនប្រុសខ្ញុំដែលជាប់មន្ទីរឃុំឃាំង៤នាក់ហ្នឹង សូមឲ្យជួយចេញមកវិញផង» ។
គេនៅមិនទាន់ឃើញថាមានកិច្ចធ្វើអន្តរាគមន៍ចាត់ការយ៉ាងណានៅឡើយពីមន្ត្រីដឹកនាំតាមការស្នើសុំរបស់ប្រជាពលរដ្ឋនោះទេ ៕
