ពលរដ្ឋ​នៅ​ក្រចេះ​តវ៉ា​ពី​រឿង​ដី​ធ្លី​នៅ​មុខ​សាលា​ខែត្រ

"ចាប់​ខ្ញុំ​ដាក់​គុក​ឬ​មួយ​អារ​ក​ខ្ញុំ ចាប់​ទៅ ខ្ញុំ​អត់​ខ្លាច​ទេ ស្រូវ​ចម្ការ​ខ្ញុំ​ខ្ទេចខ្ទី ស្រែ ចម្ការ​ដំឡូង ដំណាំ ឈូស​ខ្ទេច វា​ថា​ពួក​ខ្ញុំ​នេះ​បោះ​ឆ្នោត​ខុស" ៖ នេះ​ជា​សម្រែក​តវ៉ា​របស់​ក្រុម​បាតុករ​ប្រមាណ​ជិត​១០០​នាក់​ដែល​បាន​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​ក្រចេះ​ឲ្យ​ដោះស្រាយ​រឿង​ដី​ធ្លី​កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ធ្នូ ដែល​គ្រិស្ដ​សានិកជន​កំពុង​តែ​ប្រារព្ធ​ពិធីបុណ្យ​ណូអែល។

ប្រជាពលរដ្ឋ​ដែល​មក​ច្រើន​សន្ធឹក​សន្ធាប់​បែប​នេះ គឺ​បន្ទាប់​ពី​សាលា​ខេត្ត​ក្រចេះ​បាន​ចេញ​លិខិត​អញ្ជើញ​តំណាង​ប្រជាពលរដ្ឋ​៥​នាក់​ដើម្បី​ឲ្យ​ចូល​បំភ្លឺ​លើ​ករណី​ពាក្យ​បណ្ដឹង​ចោទ​ប្រកាន់​ស្ដីពី​ការរំលោភ​បំពាន​យក​ដី​ធ្លី​របស់​ក្រុមហ៊ុន​ហាក់មុនី Plantation ប៉ុន្តែ​ប្រជាពលរដ្ឋ​បាន​រារាំង​ជន​ទាំង​៥​នាក់​នោះ​មិន​ឲ្យ​ចូល ដោយ​សំអាង​ថា​ខ្លាច​មាន​ការចាប់​ខ្លួន​និង​ថា​មិន​មែន​ជា​ដី​របស់​បុគ្គល​តែ​៥​នាក់​នោះ​ទេ។

ស្រ្ដី​ជនជាតិ​ព្នង​បាន​ស្រែក​ទាំង​កំហឹង​ប្រាប់​ឲ្យ​គេ​ដឹង​ថា ក្រុមហ៊ុន​នោះ​បាន​ឈូសឆាយ​ប៉ះពាល់​លើ​ដី​ចម្ការ​និង​ដី​តំណម ៖ «កាច់​ពួក​ក្រុមហ៊ុន​វា​ឈូសឆាយ​ផ្នូរ​ខ្មោច​ជីដូន​ជីតា រំលោភ​ស្រែ​ចម្ការ​អស់​រលីង...។ អា​ពួក​ក្រុមហ៊ុន​ហ្នឹង​វា​បោះ​ឆ្នោត​ឲ្យ ពួក​ប្រជាពលរដ្ឋ​ម៉េច​បោះ​ឲ្យ»

ប្រជាពលរដ្ឋ​បាន​ស្រែក​សន្ធាប់​យ៉ាង​ខ្លាំងៗ​ថា មេ​ឃុំ​បាន​យក​ដី​ប្រជាពលរដ្ឋ​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន ៖ «ចុង​ក្រោយ​ល្បិច​មេ​ឃុំ​យក​ដី​ប្រជាពលរដ្ឋ​លក់​ឲ្យ​គេ​អស់​រលីង ទៅ​វិញ​បាតុកម្ម​មេ​ឃុំ​ដុត​ចោល​ទៀត ទៅ​ពី​នេះ​ដុត​ផ្ទះ​មេ​ឃុំ​ឲ្យ​អស់។ មេ​ឃុំ​លក់​ទឹក​ដី មេ​ឃុំ​ពុករលួយ»

មេ​ឃុំ​ចង្រ្កង់ គឺ​លោក សុខ រ៉ន ធ្លាប់​បាន​បំភ្លឺ​ជា​ច្រើន​សា​ហើយ​ថា លោក​បាន​ចុះ​ហត្ថលេខា​ក្រោយ​ការចុះ​ហត្ថលេខា​សម្រេច​ជា​មុន​ពី​ថ្នាក់​លើ ប៉ុន្តែ​លោក​ធ្លាប់​បាន​ចោទ​ប្រកាន់​ថា ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​ទៅ​ចាប់​ដី​ដោយ​ខុស​ច្បាប់​លើ​ដី​រដ្ឋ។

ការតវ៉ា​ដែល​មាន​កាន់​រូបថត​មេ​ដឹកនាំ​គណបក្ស​ប្រជាជន​ទាំង​៣​រូប ព្រមទាំង​បដា​ដែល​សរសេរ​ទាមទារ​សិទ្ធិ​អំពី​ការតវ៉ា​និង​បដា​ផ្ដន្ទា​អ្នក​ប្រព្រឹត្ត​អំពើ​ពុករលួយ​ឲ្យ​ទេព្ដា​បរាមុខ​និង​ស្លាប់​ដោយ​តៃហោង​ផង​នោះ ធ្វើ​ឲ្យ​មាន​ការអន្តរាគមន៍​ពី​នាយ​រង​ខុទ្ទកាល័យ​ខេត្ត​ក្រចេះ គឺ​លោក ជិន ហុងស្រ៊ី ប៉ុន្តែ​ការដោះស្រាយ​នោះ​មិន​អាច​ធ្វើ​ទៅ​បាន​ដែរ។

លោក ជិន ហុងស្រ៊ី បាន​មាន​ប្រសាសន៍​ថា ៖ «មក​សុំ​ដោះស្រាយ​ឬ​មក​ធ្វើ​អី? បើ​មក​សុំ​ដោះស្រាយ​គឺ​ស្ដាប់​អត់​បាន​ទេ ហៅ​តំណាង​មក​តែ​៥​នាក់​ទេ?»

ប្រជាពលរដ្ឋ ៖ អត់​ទេ អត់​មាន​នរណា​តំណាង​ទេ។

ស្ថិត​នៅ​ក្នុង​ស្ថានភាព​ស្ដាប់​គ្នា​លែង​បាន​បែប​នេះ នាយ​រង​ខុទ្ទកាល័យ​ខេត្ត គឺ​លោក ជិន ហុងស្រ៊ី បាន​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ត្រឡប់​ទៅ​វិញ ដោយ​រង់ចាំ​អាជ្ញាធរ​ចុះ​ទៅ​ដោះស្រាយ​ផ្ទាល់ ប៉ុន្តែ​ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​អះអាង​ថា បើ​ពុំ​មាន​ការដោះស្រាយ​ទេ​នោះ​ពួក​គេ​នឹង​ដុត​បំផ្លាញ​គ្រឿងច្រក​របស់​ក្រុមហ៊ុន​ដែល​ចូល​ទៅ​កាន់​ដី​ទំនាស់​នោះ។

សូម​ជម្រាប​ថា ក្រុមហ៊ុន​ហាក់មុនី Plantation បាន​ទទួល​សិទ្ធិ​អភិវឌ្ឍ​ដាំ​ដុះ​កៅស៊ូ​លើ​ផ្ទៃ​ដី​ចំនួន​៦២៣​ហិកតារ​នៅ​ឃុំ​ចង្រ្កង់ ស្រុក​ក្រចេះ ហើយ​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​រារាំង​ប្រមាណ​២​ខែ​កន្លង​មក ហើយ​ដោយ​ចោទ​ថា​ឈូស​ឆាយ​ប៉ះពាល់​លើ​ដី​ផលិត​និង​ដី​ព្រៃ​តំណម​របស់​ជនជាតិ​ភាគ​តិច៕