ទាហាន​នៅ​ខែត្រ​ព្រះវិហារ​រង​ការចោទ​ថា​រំលោភ​យក​ដី​និង​បំផ្លាញ​លំនៅ​ពលរដ្ឋ

ទាហាន​កង​វរសេនា​តូច​លេខ​១២២ ចំណុះ​កងពល​លេខ​១២​ការពារ​ព្រំដែន​តំបន់​ខេត្ត​ព្រះវិហារ បាន​រង​ការចោទ​ប្រកាន់​ពី​ប្រជាពលរដ្ឋ​ថា​បាន​រំលោភ​យក​ដី​ធ្លី​និង​បំផ្លាញ​ផ្ទះ​សម្បែង​របស់​ពួក​គាត់។

អ្នកស្រី ស៊ឹម វ៉ាណូ ប្រជាពលរដ្ឋ​ក្នុង​ភូមិ​សាឯម ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ព្រឹក​ថ្ងៃ​២៥ ធ្នូ ថា ដី​ប្រមាណ​៦​ហិកតារ​នេះ​គ្រួសារ​អ្នកស្រី​បាន​កាន់កាប់​និង​បង្កបង្កើន​ផល ព្រមទាំង​សង់​លំនៅឋាន​រស់នៅ​អស់​រយៈពេល​ជាង​៥​ឆ្នាំ​មក​ហើយ ស្រាប់តែ​ឥឡូវ​ទាហាន​ក្នុង​កង​វរសេនា​តូច​លេខ​១២២​មក​បណ្តេញ​គ្រួសារ​គាត់ មិន​តែ​ប៉ុណ្ណោះ​នាយ​សេនាធិការ​កង​វរសេនា​តូច​លេខ​នេះ ឈ្មោះ ស៊ិន សុផាត ហៅ ធា បាន​ប្រើ​ហិង្សា​អារ​រំលំ​ផ្ទះ​គាត់​ចោល​ទៀត​ផង។

អ្នកស្រី ស៊ឹម វ៉ាណូ បាន​បញ្ជាក់​ថា ៖ «គ្រួសារ​ខ្ញុំ ហើយ​បង​មើល​ជន​ពិការ​ទៀត ហើយ​ប្ដី​ខ្ញុំ​ដាច់​ជើង... ដោយសារ​ប្រទេស​ជាតិ ហើយ​ខំ​ធ្វើ​ស្រែ​ប៉ុណ្ណេះ​ហើយ ញើស​ឈាម​ហូរ​ចង់​កើត​ជា​អូរ កើត​ប្រឡាយ​ហើយ ហេតុ​អី​បាន​ជា​ទាហាន​ទៅ​រុះរើ? តែ​ពាក្យ​មួយ​ម៉ាត់​បើ​ប្រាប់​ក៏​អស់​ចិត្ត​ដែរ គ្មាន​ប្រាប់​សោះ បាន​ជា​ខ្ញុំ​នឹក​ឃើញ​ឆ្អែត​ចិត្ត ខ្ញុំ​យំ​ស្រែក​ពេញ​ហ្នឹង​ឯង»

តំណាង​ប្រជាពលរដ្ឋ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​ការពារ​សុវត្ថិភាព​ផ្ទាល់​ខ្លួន​បន្ថែម​ថា ៖ «គាត់​មក​ដេញ​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២០​ហ្នឹង គាត់​ឲ្យ​រង​គាត់​មក​ដេញ​មួយ​សា​ទៀត។ ខ្លះ​ដល់​ពេល​គ្នា​ភ័យ​ពេក​ទៅ​ក៏​រើ​ប្រផាត់​ប្រភីង រយះ​ឫស្សី បាក់​សសរ​បាក់​អី ខ្លះ​ក៏​អត់​ដឹង​ថា​ដួល​ទេ ភ័យ​ពេក​ក៏​រត់​ទៅ​ស្រុក»

មេ​ភូមិ​សាឯម លោក ប្រាក់ សុភី មាន​ប្រសាសន៍​ថា លោក​បាន​ធ្វើ​របាយការណ៍​ពី​បញ្ហា​នេះ​ជូន​ថ្នាក់​លើ​រួចរាល់​អស់​ហើយ។ លោក​បន្ត​ថា លោក​ក៏​ពុំ​បាន​ដឹង​ច្បាស់​ថា​តើ​ក្រុម​ទាហាន​វរសេនា​តូច​លេខ​១២២​នេះ គេ​មាន​គម្រោង​វាត​យក​ដី​ទំហំ​ប៉ុន្មាន​ហើយ​ត្រូវ​ប៉ះពាល់​ដី​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ប៉ុន្មាន​គ្រួសារ​នោះ​ដែរ​ទេ។

លោក ប្រាក់ សុភី បាន​មាន​ប្រសាសន៍​ថា ៖ «ម្ចាស់​ខ្ទម​គាត់​មក​ប្រាប់​ខ្ញុំ​ហ្នឹង ខ្ញុំ​ធ្វើ​កំណត់ហេតុ ដល់​ភូមិ ដល់​ឃុំ ដល់​ស្រុក ដល់​ខេត្ត​អស់​ហើយ។ ឲ្យ​ខាង​ឃុំ​ហ្នឹង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​របស់​ខ្ញុំ មូលហេតុ​អី​បាន​គាត់​ទៅ​កាត់​ផ្ទះ​ប្រជាពលរដ្ឋ​ផន់​ខ្ញុំ​អ៊ីចឹង?»

មេ​ឃុំ​កន្ទួត លោក មូល ម៉ាប់ ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា ប្រជាពលរដ្ឋ​បាន​មក​កាន់កាប់​ដី​ធ្លី​នេះ​ជា​យូរ​ឆ្នាំ​មក​ហើយ​មែន ៖ «កាន់កាប់​យូរ​ហើយ ស្រែ​គេ​ធ្វើ​ប្រមាណ​ពីរ​បី​ឆ្នាំ​មក​ហើយ»

ប្រធាន​កង​វរសេនា​តូច​លេខ​១២២ លោក កាន់ លន់ មាន​ប្រសាសន៍​ថា លោក​ពុំ​បាន​ដឹង​រឿង​នេះ​ទេ ព្រោះ​លោក​ជាប់​ទៅ​បំពេញ​ការងារ​នៅ​ទីតាំង​ផ្សេង​ទើប​តែ​ត្រឡប់​មក​វិញ ៖ «ទេ​អត់​ដឹង​ដែរ​ទេ ខ្ញុំ​អត់​ដឹង​ទេ ព្រោះ​អី​ខ្ញុំ​នៅ​ជាប់​រវល់​ការងារ​នៅ​ឯ​ផ្ទះ​សម្បែង...»

គួរ​បញ្ជាក់​ដែរ​ថា កង​វរសេនា​តូច​លេខ​១២២ ចំណុះ​កងពល​លេខ​១២​ការពារ​ព្រំដែន​នេះ​ទើប​តែ​មក​បោះ​ទីតាំង​នៅ​ក្នុង​ភូមិសាស្ត្រ​ភូមិ​សាឯម ឃុំ​កន្ទួត រយៈពេល​ប្រមាណ​ជាង​២​ខែ​ប៉ុណ្ណោះ៕