លោក សុ នី អាយុ ៣៧ឆ្នាំ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋជិត ១០០នាក់ក្នុងចំណោមអ្នកភូមិ ៤១៥គ្រួសារ នៅភូមិអណ្ដូងកន្ទួត ឃុំដូនបា ស្រុកគាស់ក្រឡ បានជិះម៉ាស៊ីនគោយន្តច្នៃចំនួន ៤គ្រឿង ទៅសាលាស្រុកគាស់ក្រឡ ដាក់ពាក្យបណ្ដឹងសុំឲ្យអាជ្ញាធរជួយដោះស្រាយទំនាស់ដីធ្លីជូនពួកគាត់។
លោក សុ នី បានបញ្ជាក់ថា ៖ «ភូមិខ្ញុំមាន ៤១៥គ្រួសារ ប៉ុន្តែឡើងមកថ្ងៃនេះ ១០០គ្រួសារ។ ទំនាស់ដីជាមួយ ឡុង ស៊ីណារ៉េ ប៉េអឹមលើផ្ទៃប្រទេស មិនដែលឃើញមុខផង ទើបទៅយកអាគ្រឿងឈូសឆាយ ចាប់តាំងពីថ្ងៃទី៥ ខែ៣។ មានឈូសផ្ទះខ្លះ ផ្ទះឈូសអស់ ១ខ្នង ហើយដុតផ្ទះអស់ ២ខ្នង ឈូសផ្លូវ ដើមដូងប្រជាពលរដ្ឋអី ឈូសដាច់ដើមដូងអស់!»។
លោកស្រី ឃុន ណាក់ អាយុ ៣០ឆ្នាំ បានថ្លែងថា លោកស្រីមានដីចម្ការទំហំ ២ហិកតា ដីលំនៅឋានទំហំ ២០ម៉ែត្រ គុណនឹង ១០០ម៉ែត្រ រស់នៅទីនោះតាំងពីឆ្នាំ១៩៩៩ ប៉ុន្តែថ្មីៗនេះត្រូវបានគេហាមឃាត់មិនឲ្យបង្កបង្កើនផល។
លោកស្រី ឃុន ណាក់ បានឲ្យដឹងថា ៖ «ដាំអត់បានផង ព្រោះកាលណាខ្ញុំដាំទៅ គេចេញក្រដាសដីកាឃាត់ អត់ឲ្យខ្ញុំដាំអីទេ ហើយឥឡូវហ្នឹងភ្លឺស្រែខ្ញុំអីហ្នឹង លោក ឡុង ស៊ីណារ៉េ យកប្រដាប់ឈូសទៅឈូសភ្លឺអីចេញអស់ហើយ របងអីហ្នឹងឈូសអស់ហើយ!»។
ក្រុមអ្នកភូមិបានអះអាងថា ពួកគាត់បានដាក់ពាក្យបណ្ដឹងដាច់ដោយឡែកពីគ្នាទៅតាមទំហំដីដែលបានកាន់កាប់បង្កបង្កើនផល បន្ទាប់ពីលោក ចិន សំអន មេឃុំដូនបាកន្លងទៅថ្មីៗនេះ បានចេញលិខិតមួយបញ្ជាក់ថា ដីដែលអ្នកភូមិរស់នៅបង្កបង្កើនផលនោះ មានម្ចាស់កម្មសិទ្ធិ ៖ «ឲ្យយើងរុះរើផ្ទះសម្បែង ថាដីហ្នឹងជាដីកម្មសិទ្ធិរបស់គេហើយ ប៉ុន្តែមិនដឹងគេណាទេ ដាក់ក្នុងហ្នឹងអត់មានឈ្មោះពិតប្រាកដទេ។ អ្នកខ្លះ ២ហិកតា អ្នកខ្លះ ៤ អ្នកខ្លះ ៥ហិកតាទៅ មានដំណាំមានអីអស់ហើយ ដើមស្វាយលិចក្បាលអស់ហើយ!»។
ទាក់ទិននឹងការតវ៉ារបស់ក្រុមអ្នកភូមិខាងលើនេះ លោក ស៊ិន ញ៉ា អភិបាលស្រុកគាស់ក្រឡ មិនអាចទាក់ទងសុំការបញ្ជាក់បានទេ ដោយលោកមានប្រសាសន៍ថា លោកកំពុងជាប់ប្រជុំ។
លោក ឡុង ស៊ីណារ៉េ ដែលមានជម្លោះដីធ្លីជាមួយអ្នកភូមិខាងលើ ក៏មិនអាចទាក់ទងសុំការបញ្ជាក់បានដែរ។ ប៉ុន្តែលោក ចិន សំអន មេឃុំដូនបា បានមានប្រសាសន៍ថា លោក ស៊ីណារ៉េ មានដីនៅទីនោះ ប៉ុន្តែលោកមិនដឹងថា ទំហំប៉ុន្មានទេ។
លោក ចិន សំអន បានអះអាងថា ៖ «ឡុង ស៊ីណារ៉េ គាត់មានមែន។ គ្នាគាត់ច្រើន គាត់ហ្នឹងជាតំណាងមួយ។ ខ្ញុំអត់ច្បាស់ទំហំដីគាត់សរុបទាំងអស់ដែរ»។
មន្ត្រីសិទ្ធិមនុស្សនៃសមាគម អាដហុក លោក យិន ម៉េងលី បានមានប្រសាសន៍ថា ទំនាស់ដីនៅភូមិខាងលើកើតមានទំនាស់រ៉ាំរ៉ៃជាច្រើនក្រុម ហើយអស់លោកមន្ត្រីខ្លះនៅពីក្រោយខ្នងប្រជាពលរដ្ឋរហូតមានការចោទប្រកាន់មកលើមន្ត្រីសិទ្ធិមនុស្ស។
លោក យិន ម៉េងលី បានមានប្រសាសន៍ថា ៖ «រហូតមានការលើកបដាមកតវ៉ាចោទប្រកាន់ខាងសិទ្ធិមនុស្សនេះ ថា ការពារជនខិលខូច ចោទប្រកាន់រូបខ្ញុំថា សុទ្ធតែដើរធ្វើអាជីវកម្ម។ តែទាក់ទិននឹងបញ្ហាថា មានលេចមេប៉េអឹមណាម្នាក់មកពាក់ព័ន្ធបញ្ហានេះ។ នេះជាបញ្ហាថ្មីដែលលេចឡើងមកទៀតហើយ»។
លោកបានស្នើឲ្យអាជ្ញាធរខេត្តពន្លឿនការដោះស្រាយ ទី១ ត្រូវក្ដាប់ឲ្យបានថា នៅទីនោះមានប៉ុន្មានក្រុម ទី២ រកឲ្យឃើញផ្ទៃដីដែលមានទំនាស់មានប៉ុន្មាន ដើម្បីធ្វើការដោះស្រាយ ព្រោះកន្លងមកគណៈកម្មការមួយត្រូវបានបង្កើតឡើងដើម្បីដោះស្រាយទំនាស់ដីខាងលើនេះដែរ តែដោះស្រាយពុំមានលទ្ធផល៕