អ្នក​ភូមិ​នៅ​កំពង់ឆ្នាំង​មាន​សង្ឃឹម​ក្នុង​បញ្ហា​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន

ប្រជាពលរដ្ឋ​ភូមិ​ឡពាង ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ដែល​បាត់បង់​ដី​ធ្លី​មាន​សង្ឃឹម​បន្តិច​វិញ​ហើយ បន្ទាប់​ពី​បាន​ជួប​ផ្ទាល់​ជាមួយ​ប្រធាន​ក្រុមហ៊ុន ខេឌីស៊ី កាល​ពី​ថ្ងៃ​២៩ មករា។

0:00 / 0:00

តំណាង​ប្រជាពលរដ្ឋ​គឺ​លោក ផេង រុំ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​៣ កុម្ភៈ ថា កាល​ពី​ថ្ងៃ​ទី​២៩ មករា ប្រធាន​ក្រុមហ៊ុន ខេឌីស៊ី លោក​ស្រី ជា ខេង បាន​ចុះ​មក​ជួប​ជាមួយ​ប្រជាពលរដ្ឋ ហើយ​បាន​សន្យា​ថា នឹង​ធ្វើ​ការ​ស្រាវជ្រាវ​ឲ្យ​ច្បាស់លាស់​ឡើង​វិញ​ចំពោះ​ការ​អះអាង​របស់​ប្រជាពលរដ្ឋ​ដែល​ថា មាន​អ្នក​ខ្លះ​មិន​បាន​លក់​ដី​ជូន​អ្នក​ស្រី​នោះ។

លោក ផេង រុំ បាន​បញ្ជាក់​ថា ៖ «ខ្ញុំ​គ្រាន់​តែ​ថា មាន​សង្ឃឹម ៥០% ដែរ ព្រោះ សយ សុភាព គាត់​បាន​ចុះ​មក​ដោះស្រាយ​ដើម្បី​រក​ភាព​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ»

ប្រជាពលរដ្ឋ​ឈ្មោះ ផេង ទុំ បន្ថែម​ថា ៖ «ខ្ញុំ​យល់​ថា យើង​មាន​សង្ឃឹម​ប្រហែល ៥០% ដែរ តាម​ចិត្ត​ខ្ញុំ​ណា៎ ព្រោះ​គេ​មក​សម្រប​សម្រួល​ហ្នឹង គេ​សម្រប​សម្រួល​ហើយ ប៉ុន្តែ​គេ​ឈូស​នៅតែ​ឈូស ហើយ សយ សុភាព គាត់​ចុះ​មក​គាត់​ថា គ្មាន​ឲ្យ​អ្នក​ណា​ធ្វើ​លើ​ដី​ទំនាស់​ហ្នឹង​ទេ ប៉ុន្តែ​បើ​ក្រុមហ៊ុន​ចេះ​តែ​ឈូស​មក​រហូត​អ៊ីចឹង»

មណ្ឌលកែវ ៖ អ៊ីចឹង​ឥឡូវ​គេ​នៅតែ​ធ្វើ​ដដែល? ផេង ទុំ ៖ បាទ​គេ​នៅតែ​ធ្វើ ដើម​ត្នោត​រលំ​អស់​រលីង​ហើយ។

កាល​ពី​ថ្ងៃ​ទី​២៩ មករា​កន្លង​ទៅ​នេះ ដោយ​មាន​ការ​សម្រប​សម្រួល​ពី​តំណាង​សមាគម អាដហុក ការពារ​សិទ្ធិ​មនុស្ស គឺ​លោក ចាន់ សុវ៉េត និង​ប្រធាន​មជ្ឈមណ្ឌល​ព័ត៌មាន​ដើមអម្ពិល គឺ​លោក សយ សុភាព នាយិកា​ក្រុមហ៊ុន ខេឌីស៊ី គឺ​លោក​ស្រី ជា ខេង បាន​ចុះ​មក​ជួប​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​ជា​លើក​ទី​១ ដើម្បី​ស្វែង​យល់​អំពី​ការ​ទាមទារ​របស់​ប្រជាពលរដ្ឋ ដែល​កន្លង​ទៅ​បាន​ចោទ​ប្រកាន់​ថា ក្រុមហ៊ុន​បាន​រំលោភ​យក​ដី​របស់​ពួក​គាត់។ ចំណែក​ក្រុមហ៊ុន​បាន​អះអាង​ថា ដី​នេះ​បាន​ទិញ​ដោយ​ស្រប​ច្បាប់​ពី​ប្រជាពលរដ្ឋ។

មាន​ប្រសាសន៍​ក្នុង​ការ​ជួប​គ្នា​កាល​ពី​ថ្ងៃ​ទី​២៩ មករា​កន្លង​ទៅ លោក​ស្រី ជា ខេង នៅតែ​អះអាង​ថា លោក​ស្រី​មាន​ឯកសារ​គ្រប់គ្រាន់​បញ្ជាក់​ថា បាន​ទិញ​ដី​ពី​ប្រជាពលរដ្ឋ។

លោក​ស្រី ជា ខេង បាន​ឲ្យ​ដឹង​ថា ៖ «មេ​ដៃ​មិន​មែន​ធម្មតា​ឯ​ណា​អ៊ំ​អើយ! អ្នក​ណា​ខ្វាក់​ភ្នែក​ក៏​មើល​ឃើញ មើល​ឃើញ​ថា មេ​ដៃ​ផ្ដិត​ប៉ុន្មាន​ដង។ អ៊ីចឹង​ហើយ​ខ្ញុំ​ចង់​តែ​ជម្រាប​បងៗ​ថា អ្វី​ដែល​ខ្ញុំ​ធ្វើ​នេះ គឺ​ខ្ញុំ​អត់​អី​ទេ អ៊ំ​ផ្ដិត​ចុះ... ធ្វើ​ចុះ ប៉ុន្តែ​ខ្ញុំ​មាន​ឯកសារ»

មន្ត្រី​ផ្នែក​អង្កេត​ជាន់ខ្ពស់​សមាគម អាដហុក គឺ​លោក ចាន់ សុវ៉េត សម្ដែង​ពី​សុទិដ្ឋិនិយម​ចំពោះ​ជំនួប​នេះ​ថា នឹង​ទទួល​បាន​ផល​ជា​ផ្លែ​ផ្កា ៖ «យើង​គិត​ថា វា​នឹង​អាច​ដោះស្រាយ​ចេញ ក្រោយ​ពី​យើង​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ទៅ យើង​ឃើញ​ថា ទំហំ​ដី​ដែល​មាន​ទំនាស់ វា​មិន​ដល់ ១០០​ហិកតា​ផង និយាយ​រួម ហើយ​ក៏​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​បាន​ប្ដឹង ៦៤​គ្រួសារ​នោះ ក៏​មិន​កំណត់​ថា ប្រជាពលរដ្ឋ​ទាំង​អស់​នោះ​ជាប់​ពាក់ព័ន្ធ​ជាមួយ​តែ​ក្រុមហ៊ុន ខេឌីស៊ី ដែរ វា​អាច​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​ផ្សេង​ទៀត​ដែល​នៅ​ក្បែរ​នោះ»

លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កំពុង​ធ្វើ​ការ​ជំរឿន​អំពី​ប្រវត្តិ, ទំហំ និង​ព្រំ​ប្រទល់​ដី​ដែល​ពួក​គាត់​អះអាង​ថា​បាន​កាន់កាប់​នោះ ដើម្បី​ជា​ឯកសារ​សំអាង​នៅ​ពេល​មាន​ដំណោះស្រាយ​ជាមួយ​ក្រុមហ៊ុន៕