ទំនាស់​ដីធ្លី​នៅ​ស្រុក​អូររាំង​ខេត្ត​មណ្ឌលគិរី

ជន​ជាតិ​ព្នង​នៅ​ភូមិ​ពូឆប អូរទេ ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី កំពុង​ស្វះស្វែង​រក​ការ​ជួយ​អន្តរាគមន៍​ដើម្បី​ទប់​ស្កាត់​សកម្មភាព​របស់​អាជ្ញាធរ​ខេត្ត ដែល​បាន​ទៅ​គំរាម​កំហែង​ប៉ុនប៉ង​កម្ទេច​លំនៅ​របស់​ពួកគាត់ និង​ប៉ុនប៉ង​ចាប់​ពួកគាត់​ដាក់​គុក​ទៀត បើសិនជា​ពុំ​រុះ​ផ្ទះសម្បែងចេញ​​ពី​ទីនោះ​ទេ ។
ដោយ ឱ ភារិទ្ធ
2008.05.11

ជន​ជាតិ​ព្នង ១០​គ្រួសារ​នៅ​ភូមិ​ពូឆប បាន​នាំ​គ្នា​តវ៉ា​ដល់​សាលា​ឃុំ​ដាក់ដាំ កាល​ពី​ថ្ងៃ​ទី ៩ ឧសភា ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ទប់​ស្កាត់​សកម្មភាព​បណ្ដេញ​ពួកគេ​ចេញ​មិន​ឲ្យ​រស់​នៅ​ទីនោះ បន្ទាប់​ពី​អ្នកស្រុក​ឲ្យ​ដឹង​ថា អភិបាល​រង​ខេត្ត ចាន់ យឿន បាន​នាំ​គ្នា​មួយ​ក្រុម​ប៉ុនប៉ង​ទៅ​កម្ទេច​លំនៅ​របស់​ពួកគាត់ និង​ប៉ុនប៉ង​យក​ពួកគាត់​ទៅ​ដាក់​គុក​ថែម​ទៀត ៖ «រើ​យក​ត្រង់ស៊ីន័រ កាត់​ដុត​តែម្ដង គំរាម​យើង​អត់​ឲ្យ​នៅ​ត្រង់​ហ្នឹង​តែម្ដង ។ ភ័យ​ខ្លាច​រត់​អ៊ីចឹង»

អ្នក​ស្រុក​ឲ្យ​ដឹង​ថា តំបន់​ពូឆប អូរទេ​នេះ ជា​ដី​កេរ​ដូន​តា​តាំង​ពី​យូរយារ​មក​ហើយ​ដែល​ពួកគេ​បាន​ធ្វើ​ចម្ការ​វិលជុំ​រហូត​មក​ទល់​នឹង​សព្វថ្ងៃ​នេះ ។ ប្រធាន​ភូមិ​ក៏​បាន​បញ្ជាក់​ដែរ​ថា នៅ​ឆ្នាំ​២០០៤ ពួកគាត់​១០​គ្រួសារ បាន​នាំគ្នា​មក​តាំង​លំនៅ នៅ​លើ​ដី​ចម្ការ​វិលជុំ​នេះ​តែម្ដង ដើម្បី​ងាយ​ប្រកប​របរ​អាជីវកម្ម ។ នៅ​ពេល​ទទួល​ការ​គំរាម​កំណត់ ៧​ថ្ងៃ​ឲ្យ​ចាកចេញ​ផុត​ពី​ទី​នេះ អ្នក​ស្រុក​មាន​ភាព​ភ័យ​ខ្លាច​ខំ​ស្វែង​រក​ការ​អន្តរាគមន៍​គ្រប់​ជាន់​ថ្នាក់ ។

លោក​ប្រធាន​ភូមិ​បាន​ឲ្យ​ដឹង​ថា ៖ «ប្រជាពលរដ្ឋ​ឥឡូវ​គ្មាន​ផ្ទះ​នៅ​ទៀត​ទេ អស់​ហើយ វា​ដុត​ម្សិលមិញ ដុត​មិន​ឆេះ​យក​សាំង​ចាក់​ទៀត​បាន​ឆេះ​... ។ ថ្ងៃ​ហ្នឹង​តវ៉ា​នៅ​សាលា​ឃុំ បើសិនជា​មិន​សម្រេច​ទេ អាហ្នឹង​បែប​ទៅ​ស្រុក ឬ​ក៏​ទៅ​ខេត្ត​ក៏​មិន​ដឹង»

អភិបាល​រង​ខេត្ត​មណ្ឌលគិរី គឺ​លោក ចាន់ យឿន ដែល​ត្រូវ​បាន​ជន​ជាតិ​ព្នង​ទាំង​នោះ​ចោទ​ប្រកាន់ បាន​ជម្រាប​តាម​ទូរស័ព្ទ​ថា ការ​រស់​នៅ​របស់​ជនជាតិ​ព្នង​នៅ​អូរទេ ពូឆប​នោះ មិន​ជា​រឿង​ធំដុំ​ទេ សំខាន់​គឺ​សុំ​ឲ្យ​ពួកគាត់​គោរព​ច្បាប់ ។

លោក ចាន់ យឿន បាន​មាន​ប្រសាសន៍​ថា ៖ «ត្រូវ​សុំ​ច្បាប់​ពី​ភូមិ ឃុំ ហើយ​ពេល​ណា​ដែល​មាន​ច្បាប់​គ្រប់​អីអ៊ីចឹង​លោក​ដឹង​ហើយ ព្រោះ​យើង​មាន​ច្បាប់​ទម្លាប់​អ៊ីចឹង ឃុំ​ស្រុក​គេ​ក៏​អត់​ទាន់​អនុញ្ញាត អ៊ីចឹង​គ្រាន់តែ​ប្រាប់​គាត់ ឲ្យ​រត់​រក​ច្បាប់​ទម្លាប់​អី​សិនទៅ»

មន្រ្តី​នៃ​អង្គការ​វីជីឡែន គឺ​លោក វាសនា ដែល​ការពារ​ការ​រំលោភ​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា រឿង​នេះ​ប្រហែលជា​ពាក់ព័ន្ធ​ទៅ​នឹង​ក្រុមហ៊ុន​ដាំ​ដើម​ស្រល់​ច្រើនជាង ព្រោះ​នៅ​ថ្ងៃ​កើត​ហេតុ​នោះ អ្នក​ស្រុក​ឲ្យ​ដឹង​ថា មាន​តំណាង​ក្រុមហ៊ុន​ចិន ដាំ​ដើម​ស្រល់​ទៅ​ជាមួយ​ដែរ ។ តែ​បើ​និយាយ​ពី​រឿង​ច្បាប់​លោក​ថា អាជ្ញាធរ​ភូមិ​ឃុំ​ជា​អ្នក​ណែ​នាំ​ឲ្យ​ពួកគាត់​ធ្វើ ។

លោក វាសនា បាន​ឲ្យ​ដឹង​ថា ៖ «អាជ្ញាធរ​លោក​ឲ្យ​ដោះស្រាយ ហាក់​ដូច​ជា​អមនុស្ស​ធម៌​ពេក ។ ដឹង​ហើយ​ថា គាត់​ជា​ជនជាតិ​ដើម​ភាគតិច គាត់​មិន​សូវ​ជា​អ្នក​ចេះ​ដឹង អ៊ីចឹង​សំខាន់​អាជ្ញាធរ​ជា​ម៉ែ ជា​ឪ គាត់​ត្រូវ​តែ​រៀបចំ ឬ​ក៏​ប្រាប់​ដល់​គាត់​វិញ​ថា គាត់​ត្រូវ​តែ​ធ្វើ​យ៉ាងម៉េច អី​យ៉ាង​ម៉េច» ។

ការ​ព្រួយ​បារម្ភ​របស់​ជនជាតិ​ព្នង​នៅ​ឃុំ​ដាក់ដាំ គឺ​ខ្លាច​បាត់​បង់​ដី​ចម្ការ​វិលជុំ​សម្រាប់​ផលិត​ដោយ​ពួកគាត់​គ្មាន​មុខរបរ​ផ្សង​សម្រាប់​រស់ និង​ខ្លាច​គេ​ចាប់​ពួកគាត់​យក​ទៅ​ដាក់​គុក ហើយ​បាត់​បង់​សេរីភាព​ក្នុង​ការ​រស់​នៅ ដែល​បញ្ហា​នេះ​មន្រ្តី​នៃ​អង្គការ​វីជីឡែន បាន​អំពាវនាវ​សុំ​ឲ្យ​មាន​ការ​ដោះស្រាយ​ដោយ​សន្តិវិធី ៕

អត្ថបទពេញនិយម
RFA
ពលរដ្ឋ​រិះគន់​​ថា ភ្លើង​ឆេះ​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ ជា​ការ​ធ្វេស​ប្រហែស​របស់​អាជ្ញាធរ​ក្រុងភ្នំពេញ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។