អង្គការសិទ្ធិមនុស្សជំរុញឲ្យសមត្ថកិច្ចខេត្តសៀមរាបចាត់វិធានការលើឪពុកវាយដំកូន
2013.02.02
អង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ខេត្តសៀមរាប កំពុងជំរុញឱ្យសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់ទៅលើបុរសម្នាក់ និងស្ត្រីម្នាក់ ដែលបានរួមគ្នាវាយដំក្មេងស្រីម្នាក់ បណ្ដាលឱ្យសន្លប់ជាច្រើនថ្ងៃមកហើយ។
ក្មេងស្រីម្នាក់អាយុ ១៣ឆ្នាំ នៅភូមិកំបោរ ឃុំជន្លាស់ដៃ ស្រុកក្រឡាញ់ ចម្ងាយជាង ៨០គីឡូម៉ែត្រ ភាគខាងលិចពីទីរួមខេត្តសៀមរាប កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយសន្លប់ និងប្រកាច់ញឹកញាប់រយៈពេល ៥ថ្ងៃមកហើយ បន្ទាប់ពីបុរសដែលជាឪពុក និងអ៊ំស្រីរបស់គេ បានព្រួតគ្នាចាប់វាយធ្វើបាប។
អ្នកស្រី លី សាមឿ គឺជាម្តាយរបស់ក្មេងស្រីរងគ្រោះ បានមានប្រសាសន៍កាលពីរសៀលថ្ងៃសៅរ៍ ទី២ ខែកុម្ភៈ ថា កូនស្រីទី២របស់គាត់ឈ្មោះ បឿត សុខ អាយុ ១៣ឆ្នាំ កំពុងសង្គ្រោះនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាជ័យវរ្ម័នទី៧ ជាច្រើនថ្ងៃមកហើយ។ ក្មេងស្រីនេះ ត្រូវបានឪពុកឈ្មោះ ប៊ិញ បឿត រួមជាមួយនឹងអ៊ំស្រីរបស់គេម្នាក់ទៀត ព្រួតគ្នាចាប់វាយបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ កាលពីរាត្រីថ្ងៃទី២៧ ខែមករា។
អ្នកស្រី លី សាមឿ៖ «កូនហ្នឹងវានៅតែប្រកាច់ម្ដងៗដែរហ្នឹង វានៅមិនទាន់សះស្បើយ។ យប់មិញក្អួតម្ដង ហើយព្រឹកមិញក្អួតទៀតដែរ។ ពេទ្យថាវាទាក់ទងដល់សរសៃប្រសាទ ហើយក្រំក្នុង»។
ស្ត្រីជាម្ដាយបានបញ្ជាក់ថា ទោះយ៉ាងណា ក៏គាត់គិតថាមិនចង់ឱ្យសមត្ថកិច្ចចាប់ខ្លួនអតីតប្ដីរបស់គាត់ ដែលបានវាយដំកូនស្រីបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរនោះទេ គឺគាត់គ្រាន់តែដាក់ពាក្យបណ្ដឹងដើម្បីទារប្រាក់ជំងឺចិត្តចំនួន ១០លានរៀលប៉ុណ្ណោះ។ ចំណែកឯស្ត្រីជាអតីតបងថ្លៃ ដែលរួមគ្នាវាយធ្វើបាបកូនរបស់គាត់នោះ គឺគាត់នឹងប្ដឹងទាមទារឱ្យចាប់ខ្លួនយកទៅផ្ដន្ទាទោសតាមផ្លូវច្បាប់។
ក្រុមអង្គការសិទ្ធិមនុស្ស បានរកឃើញថា បុរសឈ្មោះ ប៊ិញ បឿត អាយុ ៤៦ឆ្នាំ បានលែងលះជាមួយអ្នកស្រី លី សាមឿ ដែលជាម្តាយរបស់ក្មេងស្រីនោះចំនួន ១០ខែមកហើយ។ ការលែងលះនោះ គឺឪពុកបានយកកូនចំនួន ៣នាក់ និងកូនច្បងម្នាក់ផ្សេងទៀតទៅនៅជាមួយម្តាយ។
លោក ចៅ ល័ក្ខវណ្ណា ជាអ្នកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូ ខេត្តសៀមរាប បានមានប្រសាសន៍ថា ក្មេងស្រីឈ្មោះ បឿត សុខ នោះ ត្រូវឪពុករបស់គេចាប់វាយធ្វើបាប នៅពេលនាងព្យាយាមទៅជួបម្តាយ។
លោក ចៅ ល័ក្ខវណ្ណា បានបញ្ជាក់ថា ការវាយធ្វើបាបកុមារនេះ ជាបំណងរបស់ឪពុកដែលរារាំងមិនឱ្យកូនស្រីទៅជួបម្ដាយ ហើយក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់ប្រឆាំងអំពើហិង្សាក្នុងគ្រួសារដែរ៖ «ឪពុកហ្នឹងគាត់វាយនឹងបន្ទះឫស្សី ប៉ុនបីធ្នាប់។ វាយពីក្រោយផង ជើងផង ដៃផង ហើយអាចថាត្រូវកញ្ចឹងកផ្នែកខាងក្រោយផង។ អ្នកស្រុកគ្នាភ័យខ្លាច អត់មានអ្នកណាហ៊ានចូលជួយ ទាល់តែមនុស្សគម្នាក់ គាត់ឃើញអីចឹង គាត់បានចូលជួយយកក្មេងចេញ»។
អង្គការសិទ្ធិមនុស្សលីកាដូ បានឱ្យដឹងថា បន្ទាប់ពីកើតរឿងហិង្សាមក ស្ត្រីជាម្តាយបានដាក់ពាក្យបណ្ដឹងទៅមន្ត្រីនគរបាលប៉ុស្តិ៍ជន្លាស់ដៃ នោះ ក៏ប៉ុន្តែប៉ូលិសមិនបានចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកដៃដល់ទេ គឺគ្រាន់តែទៅហៅឱ្យមកសម្រួលគ្នាប៉ុណ្ណោះ។ អង្គការលីកាដូ បានជំរុញឱ្យសមត្ថកិច្ចនគរបាលត្រូវចាត់វិធានការផ្លូវច្បាប់ទៅលើបុរស និងស្ត្រីដែលបានប្រើហិង្សាបណ្ដាលឱ្យក្មេងស្រីកំពុងរងគ្រោះធ្ងន់ធ្ងរនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។