រន្ទះបាញ់​សម្លាប់​មនុស្ស​៩៨​នាក់​ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០១១

មន្ត្រី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ថ្លែង​នៅ​ថ្ងៃ​សុក្រ ទី​១ កក្កដា ឆ្នាំ​២០១១​ថា គ្រោះ​ធម្មជាតិ​បាន​នាំ​ឲ្យ​កើត​ជា​បាតុភូត​រន្ទះបាញ់ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៩៨​នាក់ និង​របួស ៧៣​នាក់ រួម​ទាំង​សត្វ​ពាហនៈ និង​ទ្រព្យ​សម្បត្តិ​មួយ​ចំនួន​ទៀត ក្នុង​ចន្លោះ​ពី​ខែ​មករា មក​ដល់​ចុង​ខែ​មិថុនា ឆ្នាំ​២០១១។

នាយ​ខុទ្ទកាល័យ និង​ជា​អនុ​ប្រធាន​ព័ត៌មាន និង​ទំនាក់ទំនង​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក កែវ វី មាន​ប្រសាសន៍​ថា រន្ទះបាញ់​ក្រៅ​ពី​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស ក៏​បាន​ធ្វើ​ឲ្យ​សត្វ គោ ក្របី ងាប់​ចំនួន ៤៨​ក្បាល និង​ខូចខាត​ផ្ទះ​ប្រមាណ ៣​ខ្នង​ផង​ដែរ នៅ​ក្នុង​រយៈពេល ៦​ខែ​ដើម​ឆ្នាំ​២០១១​នេះ។

លោក​បន្ត​ដូច្នេះ ៖ «នៅ​ស្វាយរៀង​មាន​ម្នាក់ នៅ​ព្រៃវែង​មាន ៤​នាក់ ហើយ​នៅ​ខេត្ត​ឧត្តរមានជ័យ មាន​ម្នាក់។ កាល​ពី​ថ្ងៃ​២៨ នៅ​ស្វាយរៀង ​ហើយ​នៅ​ព្រៃវែង កាល​ពី​ថ្ងៃ​២៨ មាន ២​កន្លែង មាន​នៅ​ក្នុង​ស្រុក​កំពង់ត្របែក និង​ស្រុក​ព្រះស្ដេច ១​កន្លែង និង​នៅ​ខេត្ត​ឧត្តរមានជ័យ​ថ្ងៃ​២៩»

ប្រធាន​គម្រោង​បញ្ជ្រាប​ការ​កាត់​បន្ថយ​គ្រោះ​ភ័យ​នៃ​គ្រោះ​មហន្តរាយ និង​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នៅ​ក្នុង​កម្មវិធី​អភិវឌ្ឍន៍​តំបន់ និង​សហគមន៍​របស់​អង្គការ​ទស្សនៈ​ពិភពលោក លោក សន ពុទ្ធី បាន​ថ្លែង​ថា ខិត្តប័ណ្ណ​បោះ​ចែកចាយ​ពី​វិធី​ការពារ​បាតុភូត​រន្ទះបាញ់​ដោយ​សាខា​កាកបាទ​ក្រហម បាន​ពន្យល់​ថា ឥទ្ធិពល​នៃ​រន្ទះ គឺ​វា​តែងតែ​បាញ់ ហើយ​និង​បង្ក​គ្រោះថ្នាក់​មក​លើ​មនុស្ស សត្វ នៅ​ពេល​ដែល​នៅ​ទី​វាល​ពុំ​មាន​ការ​ការពារ​សមស្រប។

លោក​បន្ត​ថា រន្ទះ​បាញ់​ច្រើន​កើត​ឡើង​ក្នុង​រដូវ​វស្សា​នៅ​ពេល​រសៀល​មេឃ​ក្ដៅ​ខ្លាំង ហើយ​មាន​ភ្លៀង​ធ្លាក់។ រន្ទះ​បាញ់​នៅ​កន្លែង​ដដែលៗ​ញឹកញាប់។ រន្ទះបាញ់​លើ​វត្ថុ​ដែល​នៅ​ខ្ពស់​ជាង​គេ មាន​ជាតិ​ដែក និង​នៅ​កន្លែង​មាន​ទឹក។ រន្ទះបាញ់​មក​លើ​ខ្លួន​មនុស្ស ឬ​សត្វ ដែល​ខ្លួន​ទទឹក ឬ​មនុស្ស​សត្វ​ឈរ​នៅ​ទី​វាល​លំហ ធ្វើ​ឲ្យ​ស្រូប​យក​ពពក​ដែល​វា​ខិត​ជិត​មក​លើ​ផែនដី ព្រោះ​មនុស្ស សត្វ ជា​ភ្នាក់ងារ​ចម្លង​ចរន្ត។ មនុស្ស​អាច​ដឹង​ថា រន្ទះ​នឹង​បាញ់​មក​លើ​ខ្លួន​នៅ​ពេល​ដែល​ក្នុង​ខ្លួន​មាន​អារម្មណ៍​ព្រឺៗ​ចុង​សក់ ព្រឺ​រោម គឺ​នៅ​ពេល​នោះ​ហើយ​ចរន្ត​រន្ទះ​កំពុង​ឆ្លង​កាត់​ខ្លួន​យើង។

លោក សន ពុទ្ធី ប្រាប់​ពី​វិធី​ការពារ​ខ្លួន​ពី​រន្ទះ​បាញ់​ថា នៅ​ពេល​មេឃ​ជិត​ភ្លៀង អំឡុង​ពេល​ភ្លៀង និង​ក្រោយ​ពេល​ភ្លៀង ពលរដ្ឋ​ទូទៅ​ត្រូវ​ការពារ​ខ្លួន​ដោយ​មិន​ត្រូវ​ជ្រក​ក្រោម​ដើម​ឈើ​ខ្ពស់​ដុះ​ដាច់​តែ​ឯង មិន​គួរ​ឈរ​នៅ​កណ្ដាល​វាល ឈរ​នៅ​ដាច់​តែ​ឯង ឈរ​នៅ​លើ​ដំបូក ឈរ​លើ​ដំបូល​ផ្ទះ​ដែល​គ្មាន​ប្រក់​អ្វី​ពី​លើ មិន​ឈរ​នៅ​ក្បែរ​បង្អួច​ដែល​សង់​ពី​ដែក បើ​នៅ​ក្នុង​រថយន្ត ត្រូវ​បិទ​ទ្វារ និង​កញ្ចក់​ឲ្យ​ជិត មិន​ត្រូវ​កាន់​វត្ថុ​មាន​ជាតិ​ដែក ដូច​ជា​កាំបិត ចប ពូថៅ ត្រូវ​បិទ​ទូរស័ព្ទ បិទ​ទូរទស្សន៍ បិទ​វិទ្យុ បិទ​កុំព្យូទ័រ ដែល​ប្រើ​អ៊ិនធឺណិត(Internet) ត្រូវ​ដក​ឌុយ​ភ្លើង​ចេញ​ពី​ចរន្ត​អគ្គិសនី​ឲ្យ​បាន ៣​ម៉ែត្រ​ជា​ដើម។

លោក សន ពុទ្ធី បន្ត​ថា ៖ «យើង​គួរ​ឈរ​នៅ​ក្បែរ​ដើម​ឈើ​ដែល​ដុះ​ទាបៗ ដុះ​ផ្ដុំ​គ្នា​ច្រើន​ដើម​បាន​វា​ប្រសើរ​ជាង បើ​យើង​ឈរ​នៅ​ក្រោម​ដើម​ឈើ​១​ដើម​ដាច់​តែ​ឯង ​យើង​មិន​ត្រូវ​ជ្រក​នៅ​ក្រោម​រាន​ហាល មាន​ន័យ​ថា ជម្រក​ដែល​ចំហ ដូច​ជា​រោង​កីឡា ឬ​ក៏​រោង​ចាំ​វាល​ផ្សេងៗ ដោយ​អត់​មាន​ទ្វារ អត់​មាន​ជញ្ជាំង​អី​បាំង​ជិត បើ​យើង​ស្ថិត​នៅ​ក្នុង ឬ​ក្រៅ​អគារ គឺ​យើង​មិន​ត្រូវ​ឈរ​នៅ​ក្បែរ​របស់​ដែល​ធ្វើ​ពី​ដែក ដូច​ជា​បំពង់​អង់តែន ឬ​បង្គោល​ភ្លើង ឬ​ក្ដោង​ទ្វារ របង​ដែក ប៉ម​ទូរស័ព្ទ​អី​ហ្នឹង ដែល​យើង​មិន​អាច​ឈរ​នៅ​ក្បែរ​ហ្នឹង​បាន​ទេ ព្រោះ​វា​អាច​ឆក់ ឬ​ក៏​ស្រូប​បង្គោល​ដែក​ហ្នឹង​ទៅ ហើយ​វា​ឆ្លង​មក​ដល់​ខ្លួន​យើង»

នាយ​ខុទ្ទកាល័យ និង​ជា​អនុ​ប្រធាន​ព័ត៌មាន និង​ទំនាក់ទំនង​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក កែវ វី មាន​ប្រសាសន៍​បញ្ជាក់​ដែរ​ថា នៅ​តាម​ទី​ជនបទ​ពុំ​មាន​បង្គោល​សម្រាប់​ ការពារ​រន្ទះបាញ់​នោះ​ទេ នៅ​ក្រុង​ភ្នំពេញ មាន​បង្គោល​ការពារ​រន្ទះ​បាញ់​នោះ​ប្រមាណ ២០% នៃ​ចំនួន​សំណង់​ទូទៅ មាន​ដូច​ជា​ផ្ទះ និង​អគារ​រដ្ឋ។ បង្គោល​ការពារ​រន្ទះ​មាន​តម្លៃ​ថ្លៃ ទើប​មិន​សូវ​មាន​ដាក់​ការពារ​រន្ទះ៕