អតិថិជនទូរស័ព្ទបណ្ដាញ០១១ បានតវ៉ាថា ក្នុងឱកាសបុណ្យអុំទូកកន្លងទៅនេះ ក្រុមហ៊ុនអិមហ្វូន (Mfone) បានប្រកាសជំរុញផលិតផលលក់កាតទូរស័ព្ទរបស់ខ្លួន ឬហៅជាភាសាបរទេសថា ប្រ៉ូម៉ូស្ឆិន (Promontion) ដើម្បីទាក់ទាញអតិថិជនឲ្យចាប់អារម្មណ៍សេវារបស់ខ្លួន។ ប្រកាសជំរុញផលិតផលលក់កាតទូរស័ព្ទរបស់ក្រុមហ៊ុនអិមហ្វូន បានលើកទឹកចិត្តដល់អតិថិជន ដល់ទៅ ៣០០ភាគរយ ពោលគឺ បើគេទិញកាតទូរស័ព្ទក្រុមហ៊ុនតម្លៃ ៥ដុល្លារ ដើម្បីកោសកាតបញ្ចូលលុយ អតិថិជននឹងទទួលបានប្រាក់រង្វាន់ ឬបូនើសចំនួន១៥ដុល្លារ គឺលើសដល់ទៅបីដងចំពោះការប្រើសេវា០១១ ដូចគ្នា ហើយនឹងបានប្រាក់រង្វាន់ទ្វេដងចំពោះការប្រើប្រាស់សេវាខុសប្រព័ន្ធគ្នា។ ក៏ប៉ុន្តែ ទឹកប្រាក់ដែលអតិថិជនបានដាក់នោះត្រូវបានក្រុមហ៊ុននេះបានកាត់យកវិញក្រោយពេលពិធីបុណ្យអុំទូកចប់ទៅ។
អតិថិជនអិមហ្វូន គឺអ្នកស្រី គីម ណៃ និង ចន្ទ ធីតា នៅខេត្តសៀមរាបរំលឹកថា ៖ «កាលថ្ងៃអុំដាក់ប្រ៉ូម៉ូស្ឆិន៣០០ភាគរយថែម ហើយពួកអេសអឹមអេស (SMS) មកប្រាប់ថា បូនើស Bonus ៣០០។ ២០០ភាគរយក្នុងប្រព័ន្ធ ១០០ក្រៅប្រព័ន្ធ។ ពេលបញ្ចូលលុយហើយ ស្រាប់ហើយប៉ុន្មានថ្ងៃមុន SMS មកគ្រប់គ្នាប្រាប់ថា ចប់អស់ (Expired) ចុងឆ្នាំនេះតែម្ដង កាត់អស់»។
ចន្ទ ធីតា ៖ «ឥឡូវក្មួយថា ខំបញ្ចូលបានច្រើនទៅ ដើម្បីតេឲ្យបានយូរ អ៊ីចឹងក្រុមហ៊ុនហ្នឹងមានចេតនាបោកប្រាស់ប្រជាជនដែលប្រើសេវា០១១ ឥឡូវក្មួយខំបញ្ចូលបានច្រើនដើម្បីប្រើ បែរជាថា ក្រុមហ៊ុនកាត់យកវិញអ៊ីចឹង ឥឡូវក្មួយអត់សុខចិត្តទេ»។
អ្នកប្រើប្រាស់សេវាទូរស័ព្ទ០១១ ដទៃទៀតបានអះអាងថា ការប្រកាសជំរុញផលិតផលលក់កាតទូរស័ព្ទរបស់ក្រុមហ៊ុនអិមហ្វូននៅក្នុងថ្ងៃបុណ្យអុំទូកកន្លងមក បានធ្វើឲ្យអតិថិជនយ៉ាងច្រើននៅតាមខេត្តក្រុងនានាចាប់អារម្មណ៍យ៉ាងខ្លាំង ហើយក៏នាំគ្នាទិញកាតទូរស័ព្ទនេះស្ទើរគ្រប់គ្នា ដោយពួកគាត់ម្នាក់គិតថា នេះជាឱកាសដ៏ល្អដែលពួកគាត់អាចចំណេញប្រាក់ច្រើន។ ក៏ប៉ុន្តែ ពួកគាត់ត្រូវខកចិត្តនៅពេលក្រោយមក។
លោក ហុក លី នៅទីក្រុងភ្នំពេញបញ្ជាក់ ៖ «ថាលុយខ្ញុំមិនច្រើនទេ តែអ្នកឯងត្រូវប្រឈមមុខច្បាប់ជាមួយខ្ញុំហើយ ព្រោះអ្នកឯងបោកប្រាស់ខ្ញុំពេញទីតែម្ដង នេះជាការបោកប្រាស់រាស្ត្រពេញមួយនគរ មិនមែនតែខ្ញុំម្នាក់ទេ។ ខ្ញុំបានជម្រាបគាត់ហើយថា បើខ្ញុំបោកប្រាស់លោកឯងតែ៥សេន ក៏លោកឯងឈឺចាប់ដែរ ហើយខ្ញុំកាលណាលោកឯងបោកប្រាស់ខ្ញុំ ពិតមានការឈឺចាប់ដូចគ្នា សារជាតិមនុស្សកាលណាមានការបោកប្រាស់គឺមានការឈឺចាប់ហើយ»។
អតិថិជនភាគច្រើនជាពិសេស អតិថិជននៅតាមខេត្តនានា អះអាងថា ពួកគាត់បានដឹងដំណឹងនេះ ពីមាត់មួយទៅមាត់មួយ និងដោយសារក្រុមហ៊ុនបានផ្ញើសារប្រាប់តាមរយៈទូរស័ព្ទដៃ ឬ ហៅថា SMS ជាភាសាអង់គ្លេស ដែលអតិថិជនភាគច្រើនមិនសូវយល់ច្បាស់អំពីខ្លឹមសារនៃសារទាំងនោះបានពេញលេញ តែយ៉ាងណាក្ដីពួកគាត់តវ៉ាថា ក្រុមហ៊ុនគួរតែគោរពពាក្យសន្យា។
លោក សេង គឹមហុង នៅខេត្តកំពង់ចាម ៖ «បើបានជាជ្រុលក្រុមហ៊ុនថា ថែម (លុយ) ហើយចាំកាត់ទៅវិញធ្វើអី ព្រោះបញ្ចូលម្នាក់ៗព្រោះចង់បានលុយថែមនឹងហើយ ដល់ចង់បានលុយថែម ថែមរួចក្រុមហ៊ុនកាត់យកវិញ ដូចថា ក្រុមហ៊ុនកុហកដដែល»។
មន្ត្រីក្រុមហ៊ុនអិមហ្វូនបដិសេធមិនផ្ដល់ព័ត៌មានទាក់ទងការចោទប្រកាន់នេះទេនៅថ្ងៃព្រហស្បតិ៍ទី២៣ ធ្នូ។ គេហទំព័រក្រុមហ៊ុន អិមហ្វូនបង្ហាញថា ក្រុមហ៊ុននេះបានមកវិនិយោគនៅប្រទេសកម្ពុជាតាំងបីឆ្នាំ១៩៩៣ មកម្ល៉េះ ហើយសេវាក្រុមហ៊ុននេះ បានគ្របដណ្ដប់លើខេត្ត និងរាជធានីដ៏សំខាន់ៗ នៃប្រទេសកម្ពុជា ជាពិសេសតំបន់ទេសចរណ៍។ ក្រុមហ៊ុនអិមហ្វូនបម្រើសេវា ០១១, ០៧៦, ០៨៥, ០៩៩។
ជាទូទៅគេសង្កេតឃើញថា អតិថិជនប្រើប្រាស់សេវាទូរស័ព្ទចល័តនៅកម្ពុជា តែងជួបបញ្ហាញឹកញាប់ដូចជាកន្លងមក មានអតិថិជនខ្លះទិញកាតបញ្ចូលលុយទូរស័ព្ទក្រុមហ៊ុនផ្សេងទៀតហើយ តែពេលកោសកាតបញ្ចូលលុយ បែរជាគ្មានលុយប្រើប្រាស់ ហើយមិនដឹងជាទៅប្ដឹងតវ៉ានៅស្ថាប័នណា ដើម្បីប្ដឹងទាមទារសំណង ឬការខូចខាតនេះទេ។
ជា អាទិ អតិថិជនតូបលក់ទូរស័ព្ទមួយនៅរតនគិរី ឈ្មោះ ហេងសម្បត្តិ កន្លងមកបានខាតប្រាក់ប្រហែល ៥០០០ដុល្លារ ដោយសារទិញកាតទូរស័ព្ទមិនមានគណនី ហើយបានតវ៉ាជាច្រើនដង ទើបក្រុមហ៊ុនសងសំណងនោះមកវិញ។
អតិថិជនភាគច្រើនបានស្នើឲ្យរដ្ឋាភិបាលបង្កើតតុលាការពាណិជ្ជកម្មឲ្យបានឆាប់ ដើម្បីដោះស្រាយវិវាទខាងពាណិជ្ជកម្មដូច្នេះ ព្រោះពួកគេអះអាងថា ការប្ដឹងផ្ដល់គ្នាឡើងទៅតុលាការចំណាយពេលយូរ។
ក្រសួងសេដ្ឋកិច្ច និងក្រសួងពាណិជ្ជកម្មកម្ពុជាបានរៀបចំបង្កើតក្រុមមជ្ឈត្ដករមួយក្រុមកន្លងមក ដើម្បីដោះស្រាយទំនាស់ខាងពាណិជ្ជកម្មដូច្នេះ ក៏ប៉ុន្តែក្រុមនេះនៅមិនទាន់បានចេញជារូបរាងនៅឡើយទេមកទល់ពេលនេះ៕
