អតិថិជនរបស់ក្រុមហ៊ុន អឹមហ្វូន កំពុងព្រួយបារម្ភថា កាតទូរស័ព្ទបញ្ចូលទឹកប្រាក់ដែលគេបានទិញពីក្រុមហ៊ុន អឹមហ្វូន យកទៅលក់ចែកចាយបន្តកន្លងមកនោះ តើក្រុមហ៊ុនថ្មីនឹងទទួលស្គាល់ឲ្យបន្តប្រើប្រាស់ទៅទៀត ឬទុកជាអាសាបង់?
អ្នកកាន់ស៊ីមកាត អឹមហ្វូន អាចប្ដូរទៅប្រើប្រាស់ស៊ីមកាត ស៊ែលកាត (Cellcard) វិញ នៅគ្រប់សាខាស៊ែលកាតទូទាំងប្រទេស។ នេះជាការផ្សព្វផ្សាយរបស់ក្រុមហ៊ុនស៊ែលកាត និង អឹមហ្វូន ក្នុងខែមករា នេះ។ ប៉ុន្តែក្រុមហ៊ុនទាំងពីរមិនបានបញ្ជាក់ថា តើកាតបញ្ចូលទឹកប្រាក់ អឹមហ្វូន ដែលទិញរួចនោះ នឹងយកទៅណានោះទេ។ ចំណែកឯអ្នកដែលកាន់កាតបញ្ចូលទឹកប្រាក់ អឹមហ្វូន ក្នុងដៃប្រឈមនឹងការខាតបង់ដោយមិនទាន់មានអ្នកទទួលខុសត្រូវ។
តំណាងចែកចាយក្រុមហ៊ុន អឹមហ្វូន ប្រចាំសាខាអ្នកលឿង ខេត្តព្រៃវែង លោក ជីវ តុង នៅថ្ងៃទី២៨ មករា មានប្រសាសន៍ថា អាជីវករជាច្រើនមកតវ៉ានៅផ្ទះរបស់លោក ព្រោះជាកន្លែងបោះដុំ ដើម្បីឲ្យជួយរកវិធីដោះស្រាយរឿងកាតបញ្ចូលទឹកប្រាក់ទូរស័ព្ទ អឹមហ្វូន នេះ។ លោកបន្តថា អ្នកខ្លះសល់កាត ២ ទៅ ៣០០ដុល្លារ និងអ្នកទទួលចែកចាយបន្តខ្លះសល់កាតរហូតដល់រាប់ពាន់ដុល្លារ។
លោក ជីវ តុង បញ្ជាក់ថា បើសិនជាគ្មានដំណោះស្រាយទេ ក្រុមអាជីវករលក់កាតទូរស័ព្ទនឹងខាតបង់លុយកាក់យ៉ាងច្រើន ថែមទាំងធ្លាក់ខ្លួនជំពាក់បំណុលគេទៀតផង៖ «ចុះបើស្រុកខ្មែរយើងមានក្រុមហ៊ុនទូរស័ព្ទមកហើយលក់ក្រដាស ប្រមូលលុយរាប់រយលានដុល្លារ ហើយប្រកាសថា ក្ស័យធន ហើយរត់ទៅរស់នៅស្រុកគេបាត់ម៉េចទៅ? ព្រោះខ្ញុំបង់ពន្ធត្រឹមត្រូវ ធ្វើអាជីវកម្មមិនមានការលួចលាក់ឯណា ខ្ញុំជាប់លុយសរុបជាង ២ពាន់ដុល្លារ»។
លោក ជីវ តុង បន្តថា អាជីវករស្នើឲ្យស្ថាប័នជំនាញពិនិត្យ និងចាត់វិធានការណាមួយឲ្យមានប្រសិទ្ធភាព ដើម្បីធានាអត្ថប្រយោជន៍ជូនអ្នកដែលកាន់កាតបញ្ចូលទឹកប្រាក់ទាំងអស់។
អាជីវករម្នាក់ទៀតដែលទទួលលក់កាតទូរស័ព្ទ អឹមហ៊្វូន នៅផ្សារកំពង់ត្របែក ខេត្តព្រៃវែង លោក អ៊ឹម ហួ ថ្លែងថា ខ្លួននៅសល់កាតបញ្ចូលទឹកប្រាក់ជាង ៤០០ដុល្លារ ដែលរកកន្លែងដូរវិញមិនបាន។លោកបន្តថា ការលក់កាតទូរស័ព្ទនេះ ចំណេញប្រាក់មិនច្រើនទេ លក់ ៣ ទៅ ៤ឆ្នាំ ចំណេញសឹងមិនដល់ ៤០០ដុល្លារផង។
លោក អ៊ឹម ហួ បញ្ជាក់ថា ក្រុមអាជីវករជាច្រើនកំពុងជជែកគ្នាពីបញ្ហានេះ៖ «ចេះព្រួយបារម្ភហើយ ដល់បាត់បីបួនរយហ្នឹងពិបាករកវិញ។ សួរគេថាឲ្យដោះស្រាយខ្លួនឯង ឲ្យក្រុមហ៊ុនទុកសុពលភាពឲ្យលក់បានវិញហ្នឹងធ្វើយ៉ាងម៉េច បើលក់ឲ្យ ១២ អ៊ីចឹង គឺឲ្យដូរកាត ១២ បានវិញ អ៊ីចឹងល្អហើយ»។
ការប្រកាសក្ស័យទុនរបស់ក្រុមហ៊ុន អឹមហ្វូន នេះ បណ្ដាលឲ្យប៉ះពាល់ដល់តំណាងចែកចាយជាង ១.៦០០ដេប៉ូ ចែកចាយនៅទូទាំងប្រទេស។ ក្រុមអាជីវករទាំងនោះប្រឈមនឹងការបាត់បង់ប្រាក់រាប់រយពាន់ដុល្លារ ក្នុង ១ដេប៉ូ ដោយមិនរាប់បញ្ចូលអ្នកលក់រាយនៅតាមផ្ទះ តាមផ្សារ តាមដងផ្លូវ និងតាមចំណតរថយន្តនោះឡើយ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងនាយកក្រុមហ៊ុន អឹមហ្វូន ដើម្បីការអត្ថាធិប្បាយបានទេ នៅថ្ងៃទី២៨ មករា ឆ្នាំ២០១២។
ទោះយ៉ាងណាក្តី បុគ្គលិកក្រុមហ៊ុន អឹមហ្វូន ខេត្តព្រៃវែង លោក លីណា បំភ្លឺថា ក្រុមហ៊ុន អឹមហ្វូន សព្វថ្ងៃមិនទាន់បិទទ្វារទាំងស្រុងទេ ហើយកំពុងតែដំណើរការដោះស្រាយបញ្ហាទាំងអស់នោះ។លោកបន្តថា លោកបានឃើញលិខិតមួយចេញកាលពីថ្ងៃទី២៨ ខែមករា ដើម្បីដោះស្រាយ ប៉ុន្តែមិនទាន់ប្រថាប់ឡើយ ហើយក៏មិនទាន់អត្ថាធិប្បាយបានដែរ។
លោក លីណា៖ «ខ្ញុំជាបុគ្គលិកមួយដែរទេ ដោយរង់ចាំការប្រថាប់ត្រាស៊ីញ៉េចេញហ្នឹង លិខិតហ្នឹងអត់ទាន់មានផ្លូវការ យើងមិនអាចផ្សព្វផ្សាយបានទេ»។
ទាក់ទងនឹងបញ្ហានេះ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ម៉ៅ ថូរ៉ា ពន្យល់ថា រឿងរ៉ាវរវាងក្រុមហ៊ុន អឹមហ្វូន និងតំណាងចែកចាយរបស់ខ្លួន ចាំបាច់ត្រូវមានដំណោះស្រាយពីស្ថាប័នតុលាការ។ លោកបញ្ជាក់ថា មានតែតុលាការទេដែលអាចបញ្ជាក់ភាពក្ស័យទុនរបស់អង្គភាពអាជីវកម្មបាន។
ទោះយ៉ាងណាក្តី កម្ពុជាមិនទាន់មានតុលាការពាណិជ្ជកម្មដែលអាចកាត់ក្តីរឿងនេះឲ្យបានឆាប់នោះទេ ហើយនីតិវិធីប្រកាសក្ស័យទុននេះ ក៏មិនទាន់បានប្រកាសទូលំទូលាយឲ្យមហាជនបានដឹងដែរ។
ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោកមេធាវី សុក សំអឿន ពន្យល់ថា ពលរដ្ឋដែលកាន់កាតទូរស័ព្ទ អឹមហ្វូន អាចប្ដឹងទៅតុលាការដើម្បីទាមទារឲ្យមានការដោះស្រាយ បើមិនដូចនេះទេ ពួកគាត់នឹងបាត់បង់ប្រាក់ទាំងនោះជាមិនខាន។
លោកបន្តថា ជាការប្រសើរបើសិនជាក្រុមហ៊ុនដោះស្រាយបញ្ហានេះឲ្យបានចប់សព្វគ្រប់មុននឹងមានបណ្ដឹងពីអ្នកមានកាតទាំងនោះ៖ «ពួកគាត់មាន អឹមហ្វូន ហ្នឹង មានបញ្ហាមួយទៀត តើវាយ៉ាងម៉េច? គាត់អាចអ្នកទាំងអស់គ្នាហ្នឹងប្ដឹងទៅតុលាការទៅ ផុត ១ឆ្នាំ គឺចោលហើយ»។
កិច្ចព្រមព្រៀងចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣ រវាងក្រុមហ៊ុន អឹមហ្វូន និងក្រុមហ៊ុន ម៉ូប៊ីថែល បានចែងថា ក្រុមហ៊ុន ម៉ូប៊ីថែល នឹងផ្ដល់សេវាកម្មទូរស័ព្ទចល័តភ្លាមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជូនដល់អតិថិជន អឹមហ្វូន សម្រាប់រយៈពេល ៦០ ថ្ងៃចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៣។
ក្រុមហ៊ុនទាំងពីរនឹងធ្វើការជាមួយគ្នា ដើម្បីផ្លាស់ប្ដូរអតិថិជនពីបណ្ដាញទូរស័ព្ទក្រុមហ៊ុន អឹមហ្វូន ទៅបណ្ដាញទូរស័ព្ទរបស់ក្រុមហ៊ុន ម៉ូប៊ីថែល។ ការផ្ទេរអតិថិជននេះបង្កឲ្យជួបបញ្ហាដល់អតិថិជនរាប់លាននាក់នៅក្នុងប្រទេសកម្ពុជា។ តាមការជូនដំណឹងរបស់ក្រុមហ៊ុន ម៉ូប៊ីថែល ឲ្យដឹងថា ស៊ីមកាត អឹមហ្វូន ទាំងអស់នឹងលែងដំណើរការចាប់ពីថ្ងៃទី៦ ខែកុម្ភៈ ខាងមុខ។
កាលពីនៅដំណើរការ អ្នកខ្លះទិញលេខពិសេស ឬលេខទូរស័ព្ទហ៊ុងស៊ុយ ពីក្រុមហ៊ុននេះ ក្នុងតម្លៃរាប់រយដុល្លាររហូតរាប់ពាន់ដុល្លារក៏មាន ឥឡូវនេះពួកគេខាតប្រាក់ទាំងនោះដោយមិនមាននរណាសងទេ។
ក្រុមអ្នកតាមដានស្ថានការណ៍សង្គមយល់ឃើញថា បញ្ហានេះមានដំណោះស្រាយចំនួន ២សំខាន់ ទី១ រាជរដ្ឋាភិបាលត្រូវចាត់វិធានការយ៉ាងណាជំរុញឲ្យក្រុមហ៊ុនទូទាត់សងទៅអ្នកកាន់កាត អឹមហ្វូន ទាំងអស់ដែលមានសុពលភាព ដើម្បីបង្ហាញពីការទទួលខុសត្រូវ។ ចំណុចទី២ ក្រុមប្រជាពលរដ្ឋ អាជីវករ គួរតែរកអាជ្ញាធរឲ្យជួយដោះស្រាយ បើចាំបាច់ត្រូវដាក់បណ្ដឹងឡើងទៅតុលាការដើម្បីទាមទារប្រាក់នោះមកវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
