អ្នក​លក់​កាត​ទូរស័ព្ទ​អឹមហ្វូន​បារម្ភ​ពី​​ការ​ខាត​បង់​ប្រាក់

ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរស័ព្ទ អឹមហ្វូន (Mfone) បាន​ប្រកាស​ផ្ទេរ​អតិថិជន​របស់​ខ្លួន​ទៅ​ឲ្យ​ក្រុមហ៊ុន ម៉ូប៊ីថែល (Mobitel) តាំង​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៣ មក ដោយសារ​បញ្ហា​ហិរញ្ញវត្ថុ។

0:00 / 0:00

អតិថិជន​របស់​ក្រុមហ៊ុន អឹមហ្វូន កំពុង​ព្រួយ​បារម្ភ​ថា កាត​ទូរស័ព្ទ​បញ្ចូល​ទឹក​ប្រាក់​ដែល​គេ​បាន​ទិញ​ពី​ក្រុមហ៊ុន អឹមហ្វូន យក​ទៅ​​លក់​ចែក​ចាយ​បន្ត​​កន្លង​មក​នោះ តើ​ក្រុមហ៊ុន​ថ្មី​នឹង​ទទួល​ស្គាល់​​ឲ្យ​បន្ត​ប្រើប្រាស់​ទៅ​ទៀត​ ឬ​ទុក​ជា​អាសាបង់?

អ្នក​កាន់​ស៊ីមកាត អឹមហ្វូន អាច​ប្ដូរ​ទៅ​ប្រើប្រាស់​ស៊ីមកាត ស៊ែលកាត (Cellcard) វិញ នៅ​គ្រប់​សាខា​ស៊ែលកាត​ទូទាំង​ប្រទេស។ នេះ​ជា​ការ​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន​ស៊ែលកាត និង អឹមហ្វូន ក្នុង​ខែ​មករា នេះ។ ប៉ុន្តែ​ក្រុមហ៊ុន​ទាំង​ពីរ​មិន​បាន​បញ្ជាក់​ថា តើ​កាត​បញ្ចូល​ទឹក​ប្រាក់ អឹមហ្វូន ដែល​ទិញ​រួច​នោះ នឹង​យក​ទៅ​ណា​នោះ​ទេ។ ចំណែក​ឯ​អ្នក​ដែល​កាន់​កាត​បញ្ចូល​ទឹក​ប្រាក់ អឹមហ្វូន ក្នុង​ដៃ​ប្រឈម​នឹង​ការ​ខាត​បង់​ដោយ​មិន​ទាន់​មាន​អ្នក​ទទួល​ខុស​ត្រូវ។

តំណាង​ចែកចាយ​ក្រុមហ៊ុន អឹមហ្វូន ប្រចាំ​សាខា​អ្នក​លឿង ខេត្ត​ព្រៃវែង លោក ជីវ តុង នៅ​ថ្ងៃ​ទី​២៨ មករា មាន​ប្រសាសន៍​ថា អាជីវករ​ជា​ច្រើន​មក​តវ៉ា​នៅ​ផ្ទះ​របស់​លោក ព្រោះ​ជា​កន្លែង​បោះ​ដុំ ដើម្បី​ឲ្យ​ជួយ​រក​វិធី​ដោះស្រាយ​រឿង​កាត​បញ្ចូល​ទឹក​ប្រាក់​ទូរស័ព្ទ អឹមហ្វូន នេះ។ លោក​បន្ត​ថា អ្នក​ខ្លះ​សល់​កាត ២ ទៅ ៣០០​ដុល្លារ និង​អ្នក​ទទួល​ចែកចាយ​បន្ត​ខ្លះ​សល់​កាត​រហូត​ដល់​រាប់​ពាន់​ដុល្លារ។

លោក ជីវ តុង បញ្ជាក់​ថា បើ​សិន​ជា​គ្មាន​ដំណោះស្រាយ​ទេ ក្រុម​អាជីវករ​លក់​កាត​ទូរស័ព្ទ​នឹង​ខាត​បង់​លុយ​កាក់​យ៉ាង​ច្រើន ថែម​ទាំង​ធ្លាក់​ខ្លួន​ជំពាក់​បំណុល​គេ​ទៀត​ផង៖ «ចុះ​បើ​ស្រុក​ខ្មែរ​យើង​មាន​ក្រុមហ៊ុន​ទូរស័ព្ទ​មក​ហើយ​លក់​ក្រដាស ប្រមូល​លុយ​រាប់​រយ​លាន​ដុល្លារ ហើយ​ប្រកាស​ថា ក្ស័យ​ធន ហើយ​រត់​ទៅ​រស់​នៅ​ស្រុក​គេ​បាត់​ម៉េច​ទៅ? ព្រោះ​ខ្ញុំ​បង់​ពន្ធ​ត្រឹមត្រូវ ធ្វើ​អាជីវកម្ម​មិន​មាន​ការ​លួច​លាក់​ឯ​ណា ខ្ញុំ​ជាប់​លុយ​សរុប​ជាង ២​ពាន់​ដុល្លារ»

លោក ជីវ តុង បន្ត​ថា អាជីវករ​ស្នើ​ឲ្យ​ស្ថាប័ន​ជំនាញ​ពិនិត្យ និង​ចាត់​វិធានការ​ណា​មួយ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ធានា​អត្ថប្រយោជន៍​ជូន​អ្នក​ដែល​កាន់​កាត​បញ្ចូល​ទឹក​ប្រាក់​ទាំង​អស់។

អាជីវករ​ម្នាក់​ទៀត​ដែល​ទទួល​លក់​កាត​ទូរស័ព្ទ អឹមហ៊្វូន នៅ​ផ្សារ​កំពង់ត្របែក ខេត្ត​ព្រៃវែង លោក អ៊ឹម ហួ ថ្លែង​ថា ខ្លួន​នៅ​សល់​កាត​បញ្ចូល​ទឹក​ប្រាក់​ជាង ៤០០​ដុល្លារ ដែល​រក​កន្លែង​ដូរ​វិញ​មិន​បាន។លោក​បន្ត​ថា ការ​លក់​កាត​ទូរស័ព្ទ​នេះ ចំណេញ​ប្រាក់​មិន​ច្រើន​ទេ លក់ ៣ ទៅ ៤​ឆ្នាំ ចំណេញ​សឹង​មិន​ដល់ ៤០០​ដុល្លារ​ផង។

លោក អ៊ឹម ហួ បញ្ជាក់​ថា ក្រុម​អាជីវករ​ជា​ច្រើន​កំពុង​ជជែក​គ្នា​ពី​បញ្ហា​នេះ៖ «ចេះ​ព្រួយ​បារម្ភ​ហើយ ដល់​បាត់​បី​បួន​រយ​ហ្នឹង​ពិបាក​រក​វិញ។ សួរ​គេ​ថា​ឲ្យ​ដោះស្រាយ​ខ្លួន​ឯង ឲ្យ​ក្រុមហ៊ុន​ទុក​សុពលភាព​ឲ្យ​លក់​បាន​វិញ​ហ្នឹង​ធ្វើ​យ៉ាង​ម៉េច បើ​លក់​ឲ្យ ១២ អ៊ីចឹង គឺ​ឲ្យ​ដូរ​កាត ១២ បាន​វិញ អ៊ីចឹង​ល្អ​ហើយ»

ការ​ប្រកាស​ក្ស័យ​ទុន​របស់​ក្រុមហ៊ុន អឹមហ្វូន នេះ បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​តំណាង​ចែកចាយ​ជាង ១.៦០០​ដេប៉ូ ចែក​ចាយ​នៅ​ទូទាំង​ប្រទេស។ ក្រុម​អាជីវករ​ទាំង​នោះ​ប្រឈម​នឹង​ការ​បាត់បង់​ប្រាក់​រាប់​រយ​ពាន់​ដុល្លារ ក្នុង ១​ដេប៉ូ ដោយ​មិន​រាប់​បញ្ចូល​អ្នក​លក់​រាយ​នៅ​តាម​ផ្ទះ តាម​ផ្សារ តាម​ដង​ផ្លូវ និង​តាម​ចំណត​រថយន្ត​នោះ​ឡើយ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​នាយក​ក្រុមហ៊ុន អឹមហ្វូន ដើម្បី​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃ​ទី​២៨ មករា ឆ្នាំ​២០១២។

ទោះ​យ៉ាង​ណា​ក្តី បុគ្គលិក​ក្រុមហ៊ុន អឹមហ្វូន ខេត្ត​ព្រៃវែង លោក លីណា បំភ្លឺ​ថា ក្រុមហ៊ុន អឹមហ្វូន សព្វថ្ងៃ​មិន​ទាន់​បិទ​ទ្វារ​ទាំង​ស្រុង​ទេ ហើយ​កំពុង​តែ​ដំណើរ​ការ​ដោះស្រាយ​បញ្ហា​ទាំង​អស់​នោះ។លោក​បន្ត​ថា លោក​បាន​ឃើញ​លិខិត​មួយ​ចេញ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មករា ដើម្បី​ដោះ​ស្រាយ ប៉ុន្តែ​មិន​ទាន់​ប្រថាប់​ឡើយ ហើយ​ក៏​មិន​ទាន់​អត្ថាធិប្បាយ​បាន​ដែរ។

លោក លីណា៖ «ខ្ញុំ​ជា​បុគ្គលិក​មួយ​ដែរ​ទេ ដោយ​រង់ចាំ​ការ​ប្រថាប់ត្រា​ស៊ីញ៉េ​ចេញ​ហ្នឹង លិខិត​ហ្នឹង​អត់​ទាន់​មាន​ផ្លូវ​ការ យើង​មិន​អាច​ផ្សព្វផ្សាយ​បាន​ទេ»

ទាក់ទង​នឹង​បញ្ហា​នេះ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម លោក ម៉ៅ ថូរ៉ា ពន្យល់​ថា រឿង​រ៉ាវ​រវាង​ក្រុមហ៊ុន អឹមហ្វូន និង​តំណាង​ចែកចាយ​របស់​ខ្លួន ចាំបាច់​ត្រូវ​មាន​ដំណោះស្រាយ​ពី​ស្ថាប័ន​តុលាការ។ លោក​បញ្ជាក់​ថា មាន​តែ​តុលាការ​ទេ​ដែល​អាច​បញ្ជាក់​ភាព​ក្ស័យ​ទុន​របស់​អង្គភាព​អាជីវកម្ម​បាន។

ទោះ​យ៉ាង​ណា​ក្តី កម្ពុជា​មិន​ទាន់​មាន​តុលាការ​ពាណិជ្ជកម្ម​ដែល​អាច​កាត់​ក្តី​រឿង​នេះ​ឲ្យ​បាន​ឆាប់​នោះ​ទេ ហើយ​នីតិវិធី​ប្រកាស​ក្ស័យ​ទុន​នេះ ក៏​មិន​ទាន់​បាន​ប្រកាស​ទូលំទូលាយ​ឲ្យ​មហាជន​បាន​ដឹង​ដែរ។

ប្រធាន​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក​មេធាវី សុក សំអឿន ពន្យល់​ថា ពលរដ្ឋ​ដែល​កាន់​កាត​ទូរស័ព្ទ អឹមហ្វូន អាច​ប្ដឹង​ទៅ​តុលាការ​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ បើ​មិន​ដូច​នេះ​ទេ ពួក​គាត់​នឹង​បាត់បង់​ប្រាក់​ទាំង​នោះ​ជា​មិន​ខាន។

លោក​បន្ត​ថា ជា​ការ​ប្រសើរ​បើ​សិន​ជា​ក្រុមហ៊ុន​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ចប់​សព្វគ្រប់​មុន​នឹង​មាន​បណ្ដឹង​ពី​អ្នក​មាន​កាត​ទាំង​នោះ៖ «ពួក​គាត់​មាន អឹមហ្វូន ហ្នឹង មាន​បញ្ហា​មួយ​ទៀត តើ​វា​យ៉ាង​ម៉េច? គាត់​អាច​អ្នក​ទាំង​អស់​គ្នា​ហ្នឹង​ប្ដឹង​ទៅ​តុលាការ​ទៅ ផុត ១​ឆ្នាំ គឺ​ចោល​ហើយ»

កិច្ច​ព្រមព្រៀង​ចុះ​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៣ រវាង​ក្រុមហ៊ុន អឹមហ្វូន និង​ក្រុមហ៊ុន ម៉ូប៊ីថែល បាន​ចែង​ថា ក្រុមហ៊ុន ម៉ូប៊ីថែល នឹង​ផ្ដល់​សេវាកម្ម​ទូរស័ព្ទ​ចល័ត​ភ្លាម​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ដល់​អតិថិជន អឹមហ្វូន សម្រាប់​រយៈពេល ៦០ ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៣។

ក្រុមហ៊ុន​ទាំង​ពីរ​នឹង​ធ្វើ​ការ​ជាមួយ​គ្នា ដើម្បី​ផ្លាស់ប្ដូរ​អតិថិជន​ពី​បណ្ដាញ​ទូរស័ព្ទ​ក្រុមហ៊ុន អឹមហ្វូន ទៅ​បណ្ដាញ​ទូរស័ព្ទ​របស់​ក្រុមហ៊ុន ម៉ូប៊ីថែល។ ការ​ផ្ទេរ​អតិថិជន​នេះ​បង្ក​ឲ្យ​ជួប​បញ្ហា​ដល់​អតិថិ​ជន​រាប់​លាន​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ តាម​ការ​ជូន​ដំណឹង​របស់​ក្រុមហ៊ុន ម៉ូប៊ីថែល ឲ្យ​ដឹង​ថា ស៊ីម​កាត អឹមហ្វូន ទាំង​អស់​នឹង​លែង​ដំណើរ​ការ​ចាប់​ពី​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ខាង​មុខ។

កាល​ពី​នៅ​ដំណើរ​ការ អ្នក​ខ្លះ​ទិញ​លេខ​ពិសេស ឬ​លេខ​ទូរស័ព្ទ​ហ៊ុងស៊ុយ ពី​ក្រុមហ៊ុន​នេះ ក្នុង​តម្លៃ​រាប់​រយ​ដុល្លារ​រហូត​រាប់​ពាន់​ដុល្លារ​ក៏​មាន ឥឡូវ​នេះ​ពួក​គេ​ខាត​ប្រាក់​ទាំង​នោះ​ដោយ​មិន​មាន​នរណា​សង​ទេ។

ក្រុម​អ្នក​តាម​ដាន​ស្ថានការណ៍​សង្គម​យល់​ឃើញ​ថា បញ្ហា​នេះ​មាន​ដំណោះស្រាយ​ចំនួន ២​សំខាន់ ទី​១ រាជរដ្ឋាភិបាល​ត្រូវ​ចាត់​វិធានការ​យ៉ាង​ណា​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ទូទាត់​សង​ទៅ​អ្នក​កាន់​កាត អឹមហ្វូន ទាំង​អស់​ដែល​មាន​សុពលភាព ដើម្បី​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ។ ចំណុច​ទី​២ ក្រុម​ប្រជាពលរដ្ឋ អាជីវករ គួរ​តែ​រក​អាជ្ញាធរ​ឲ្យ​ជួយ​ដោះស្រាយ បើ​ចាំបាច់​ត្រូវ​ដាក់​បណ្ដឹង​ឡើង​ទៅ​តុលាការ​ដើម្បី​ទាមទារ​ប្រាក់​នោះ​មក​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។