ប៉េអឹម​សក្ដិ​៤​កន្លះ​ម្នាក់​ស្លាប់​នៅ​ក្នុង​ការ​តាម​ចាប់​ចោរ​ប្លន់​នៅ​ភ្នំពេញ

មនុស្ស​២​នាក់​បាន​ស្លាប់ ក្នុង​នោះ​មាន​ម្នាក់​ជា​សក្តិ​៤​កន្លះ​នៃ​កង​រាជ​អាវុធហត្ថ​ផង នៅ​ក្នុង​សកម្មភាព​តាម​ចាប់​ជន​សង្ស័យ​ចោរ​ប្លន់​នៅ​កណ្តាល​រាជ​ធានី​ភ្នំពេញ​កាល​ពី​យប់​មិញ។

0:00 / 0:00

ក្រុម​ចោរ​បាន​បាញ់​សម្លាប់​មន្ត្រី​កង​រាជ​អាវុធហត្ថ​ម្នាក់ នៅ​ក្នុង​សកម្មភាព​ប្លន់​ប្រដាប់​អាវុធ​មួយ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ កាល​ពី​វេលា​ម៉ោង​ប្រមាណ ៧​និង​១០​នាទី​យប់​មិញ។

ស្នងការ​ប៉ូលិស​រាជ​ធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ ទូច ណារ៉ុថ បាន​មាន​ប្រសាសន៍​ថា នេះ​គឺ​ជា​ការ​ប្លន់​ប្រដាប់​អាវុធ​លើក​ទី​មួយ​ហើយ​នៅ​ក្នុង​សប្តាហ៍​នេះ ក្រោយ​ការ​ស្ងប់​មួយ​រយៈ​នា​ពេល​កិច្ច​ពង្រីក​ការពារ​សន្តិសុខ​ក្នុង​រយៈពេល​បុណ្យ​អុំទូក​បណ្តែត​ប្រទីប​កន្លង​មក​នេះ។

ប្រភព​ពី​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា វរសេនីយ៍ទោ​កង​រាជ​អាវុធ​ហត្ថ លោក ងួន ប៊ុនហេង អាយុ ២៧​ឆ្នាំ នាយ​រង​ការិយាល័យ ១​បេ នៃ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ត្រូវ​ចោរ​បាញ់​ស្លាប់​នៅ​ពេល​បាន​ដេញ​តាម​ពួក​ចោរ​ប្លន់​ដែល​មាន​គ្នា​២​នាក់ ក្រោយ​សកម្មភាព​ប្លន់​មួយ​ដែល​ពួក​ចោរ​បាន​ធ្វើ​ទៅ​លើ​ភរិយា​របស់​លោក​នៅ​ខណ្ឌ​ចម្ការមន។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា នាយ​កង​រាជ​អាវុធហត្ថ​នោះ នៅ​ពេល​ទើប​មក​ដល់​ផ្ទះ​កាល​ពី​ល្ងាច​មិញ ក៏​ប្រទះ​ឃើញ​ចោរ​២​នាក់​បាន​ប្លន់​ប្រពន្ធ​នៅ​នឹង​ផ្ទះ ហើយ​បាន​ឡើង​ជិះ​ម៉ូតូ​រត់​ភ្លាម បន្ទាប់​ពី​ឃើញ​នាយ​កង​រាជ​អាវុធហត្ថ​ជា​ប្តី​នោះ​បាន​មក​ដល់។

លោក​វរសេនីយ៍ទោ​ប៉េអឹម​ក៏​បាន​បើក​ឡាន​ដេញ​តាម​ជន​សង្ស័យ​ទាំង​២ ហើយ​បុក​ពី​ក្រោយ។ ជន​សង្ស័យ​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​ដែល​បាន​រង​របួស​ដោយ​ការ​ដួល បាន​ដក​កាំភ្លើង​បាញ់​ចំនួន​៣​គ្រាប់​ចំ​នាយ​ប៉េអឹម​នោះ​ស្លាប់​ទៅ។

ស្នងការ​ប៉ូលិស​រាជ​ធានី​ភ្នំពេញ​លោក​ឧត្តមសេនីយ៍ ទូច ណារ៉ុថ បាន​មាន​ប្រសាសន៍​បញ្ជាក់​អំពី​ហេតុការណ៍​នោះ​សា​ឡើង​វិញ​ដោយ​បញ្ជាក់​ថា ជន​សង្ស័យ​ម្នាក់​ទៀត​ត្រូវ​សមត្ថកិច្ច​ចាប់​បាន​ហើយ ៖ «យើង​ចាប់​បាន​ហើយ។ យើង​កំពុង​តែ​ធ្វើការ​សាកសួរ ក៏​ប៉ុន្តែ​ជន​ល្មើស​ហ្នឹង​រង​របួស ហើយ​យើង​កំពុង​ព្យាបាល​ឲ្យ​មាន​ស្ថានភាព​ល្អ​ឡើង​វិញ​ដើម្បី​យក​ចម្លើយ​របស់​វា​ហ្នឹង។ ខ្ញុំ​ជឿ​ថា ជន​ល្មើស​វា​ឆ្លៀត​ឱកាស​ក្នុង​ពេល​ដែល​សមត្ថកិច្ច​មមាញឹក​ក្នុង​ការ​ការពារ​បុណ្យ​អុំទូក​ប៉ុន្មាន​ថ្ងៃ​នេះ។ ក្នុង​ប៉ុន្មាន​ថ្ងៃ​នៃ​បុណ្យ​អុំទូក​នេះ យើង​ឃើញ​ថា យើង​ការពារ​សុវត្ថិភាព​បាន​ល្អ​ណាស់​ជូន​ប្រជាពលរដ្ឋ​ដែល​ចូលរួម​ក្នុង​ពិធី​បុណ្យ​អុំទូក​បី​ថ្ងៃ​នេះ ហើយ​បើ​សរុប​ទាំង​បុណ្យ​ឯករាជ្យ គឺ ៥​-៦​ថ្ងៃ។ វា​អាច​យល់​ឃើញ​ថា ប្រហែល​ជា​ប៉ូលិស​យើង​មាន​ការ​នឿយ​ហត់​ខ្លាំង​ក្នុង​កិច្ច​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ​នេះ បាន​ជា​វា​ឆ្លៀត​ធ្វើ​សកម្មភាព ក៏​ប៉ុន្តែ​ក្នុង​តួនាទី​យើង​ជា​សមត្ថកិច្ច យើង​មិន​ព្រងើយ​កន្តើយ​ចោល​ទេ ទោះ​បី​ជា​មាន​ការ​នឿយ​ហត់​យ៉ាង​ណា​ក៏​ដោយ ក៏​យើង​នៅ​តែ​ខិតខំ​ធ្វើ​ម៉េច​ព្យាយាម ការពារ​សុវត្ថិភាព​ជូន​ប្រជា​ពលរដ្ឋ ក៏​ប៉ុន្តែ​ចៃដន្យ​រឿង​វា​បាន​កើត​ឡើង​អ៊ីចឹង ហើយ​យើង​បាន​ឃាត់​ខ្លួន​វា​មួយ ខ្ញុំ​ជឿ​ថា យើង​នឹង​អាច​បាន​ព័ត៌មាន​មួយ​ចំនួន​ពី​ជន​ល្មើស​ដែល​យើង​ចាប់​បាន​ដើម្បី​យើង​ស្រាវជ្រាវ​រក​បណ្ដាញ​វា​ត​ទៅ​ទៀត​ដើម្បី​បង្ក្រាប​កុំ​ឲ្យ​មាន​សកម្មភាព​បែប​នេះ​ត​ទៅ​ទៀត»

អាជ្ញាធរ​នៅ​មិន​ទាន់​បាន​បញ្ជាក់​អត្តសញ្ញាណ​ជន​សង្ស័យ​ដែល​គេ​ចាប់​ខ្លួន​នៅ​ពេល​នោះ​នៅ​ឡើយ​ទេ៕