រដ្ឋាភិបាល​ស្នើ​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​៦១​ដុល្លារ​ក្នុង​១​ខែ

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ស្នើ​ឲ្យ​សហជីព និង​សមាគម​កាត់​ដេរ កំណត់​យក​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី ឆ្នាំ​២០១០​នេះ ពី ៥០​ដុល្លារ ទៅ ៦១​ដុល្លារ​ក្នុង ១​ខែ។
ដោយ យន់ សាមៀន
2010.06.29
រូបរោងចក្រ កម្មករ​កាត់​ដេរ​នៅ​ក្នុង​រោងចក្រ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ។
AFP Photo

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​២៥ ខែ​មិថុនា ថា រាជ​រដ្ឋាភិបាល​គាំទ្រ​ឲ្យ​មាន​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន ៥​ដុល្លារ និង​បញ្ចូល​បន្ថែម​ប្រាក់​ឧបត្ថម្ភ​ជីវភាព​ចំនួន ៦​ដុល្លារ ទៅ​ក្នុង​ប្រាក់​ឈ្នួល​អប្បបរមា ដែល​បច្ចុប្បន្ន​មាន​ចំនួន ៥០​ដុល្លារ សរុប​មក​មាន​ចំនួន ៦១​ដុល្លារ។

រដ្ឋលេខាធិការ​ក្រសួង​ការងារ លោក អ៊ុំ មាន មាន​ប្រសាសន៍​នៅ​ថ្ងៃ​អង្គារ ទី​២៩ ខែ​មិថុនា​នេះ ថា ក្រុមប្រឹក្សា​ការងារ​នឹង​ប្រជុំ​នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា ដើម្បី​ពិភាក្សា​អំពី​ប្រាក់​ឈ្នួល​អប្បបរមា​នេះ ហើយ​បើ​ក្រុមប្រឹក្សា​នេះ​សម្រេច​លើ​សេចក្ដី​ស្នើ​របស់​រដ្ឋាភិបាល ប្រាក់​ឈ្នួល​នឹង​ក្លាយ​ជា​ផ្លូវការ។

អគ្គលេខាធិការ​សមាគម​កាត់​ដេរ​កម្ពុជា លោក ខេន លូ នៅ​ថ្ងៃ​អង្ការ​នេះ​ទទួល​យក​ការ​ស្នើ​របស់​រដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ​លោក​សង្ឃឹម​ថា កម្មករ​កម្ពុជា​នឹង​ខិត​ខំ​ធ្វើ​ការងារ​រោងចក្រ​ចំពោះ​ការ​ដំឡើង​ប្រាក់​ឈ្នួល​នេះ។

ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា លោក ជា មុនី មាន​ប្រសាសន៍​នៅ​ថ្ងៃ​អង្គារ​នេះ​ដែរ​ថា សហជីព​របស់​លោក​នៅ​មិន​ទាន់​ទទួល​យក​ការ​ស្នើ​របស់​រដ្ឋាភិបាល​នៅ​ឡើយ​ទេ ពីព្រោះ​ទឹក​ប្រាក់​នៅ​មាន​ចំនួន​ទាប។ គម្រោង​ធ្វើ​កូដកម្ម​របស់​សហជីព​នឹង​បន្ត​ដដែល ប្រសិន​បើ​គ្មាន​លិខិត​ឆ្លើយ​តប​ណា​មួយ​ពី​រដ្ឋាភិបាល​ឲ្យ​លំអិត​ពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​នេះ​ទេ។ លោក​ទាមទារ​ដំឡើង​ប្រាក់​បន្ថែម​យ៉ាង​ហោច​ណាស់​ចំនួន ២​ដុល្លារ​ទៀត ដើម្បី​ឲ្យ​ជីវភាព​កម្មករ​ប្រសើរ​បន្តិច។

ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​សេចក្ដី​ស្នើ​របស់​រដ្ឋាភិបាល ដោយ​មិន​បាន​ផ្ដល់​ឱកាស​ពិភាក្សា​រវាង​សហជីព និង​សមាគម​កាត់​ដេរ​នៅ​កម្ពុជា។ ការ​រអាក់រអួល​នៃ​ការ​ពិភាក្សា​រវាង​សមាគម​កាត់​ដេរ និង​សហជីព ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​ការ​ទាមទារ​បាន​តម្លៃ​ខ្ពស់។ សហជីព​កម្មករ​ទាមទារ​ឲ្យ​មាន​ប្រាក់​ឈ្នួល ៩៣​ដុល្លារ​ក្នុង ១​ខែ។ តាម​ការ​សិក្សា​អំពី​ជីវភាព​របស់​កម្មករ កម្មករ​ត្រូវការ​ប្រាក់​ឈ្នួល​យ៉ាង​ហោច​ណាស់​ក៏​ពី ៧២​ដុល្លារ ទៅ ៧៥​ដុល្លារ​ក្នុង ១​ខែ ដើម្បី​រស់​សមរម្យ​ដែរ។

លោក អ៊ុំ មាន ជំទាស់​នឹង​របាយការណ៍​នេះ ពីព្រោះ​ប្រសិន​បើ​ប្រាក់​ឈ្នួល​ច្រើន​ពេក រោងចក្រ​នឹង​បិទ​ទ្វារ​នៅ​កម្ពុជា ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​ទើប​បាន​ងើប​ឡើង​វិញ​បន្តិច។ លោក​ថា ប្រសិន​បើ​រោងចក្រ​បិទ​ទ្វារ​នៅ​កម្ពុជា កម្មករ​នឹង​ប្រឈម​មុខ​នឹង​ការ​បាត់បង់​ប្រាក់​ចំណូល​ទាំង​ស្រុង​តែម្ដង។

ក្រុមប្រឹក្សា​ការងារ​ជា​ស្ថាប័ន​បី​ភាគី រួម​មាន​តំណាង​មក​ពី​ក្រសួង​ការងារ សហជីព និង​សមាគម​កាត់​ដេរ​កម្ពុជា។ កាល​ពី​ឆ្នាំ​២០០៦ ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​កាត់​ដេរ ត្រូវ​បាន​ដំឡើង​ពី ៤៥​ដុល្លារ ទៅ ៥០​ដុល្លារ ហើយ​នៅ​ឆ្នាំ​២០០៨ រដ្ឋាភិបាល​បាន​បន្ថែម​ប្រាក់​ឧបត្ថម្ភ​ចំនួន ៦​ដុល្លារ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។