ប្រជាពលរដ្ឋនៅឃុំក្រង់តេះ ស្រុកពេជ្រាដា គឺលោក ប៉ិស ណាន់ បានជម្រាបកាលពីថ្ងៃទី១២ កក្កដា ថា តែងតែមានរថយន្តដឹកឈើខុសច្បាប់ពីទីព្រៃជ្រៅហើយឆ្លងកាត់ភូមិលោករស់នៅ ហើយថាលោកស្គាល់ឈ្មោះនិងតួនាទីរបស់ជនជួញដូរនោះយ៉ាងច្បាស់ តែលោកមិនហ៊ាននិយាយដោយខ្លាចអំពីសុវត្ថិភាពផ្ទាល់ខ្លួន។
លោក ប៉ិស ណាន់ បានឲ្យដឹងថា ៖ «ឃើញ គេកាត់ភូមិ មួយគ្រឿងពីរគ្រឿង។ បើអាខ្លះគេមានលុយអ៊ីចឹងគេដឹកល្ងាចអ៊ីចឹង»។
លោក កាស់ គូ នៅឃុំក្រង់តេះដែរ បានជម្រាបថា អ្នកដឹកឈើនោះភាគច្រើនជាសមត្ថកិច្ចកងប្រដាប់អាវុធ ដែលលោកថា គេជួលមនុស្សមកពីទីផ្សេងឲ្យកាប់ឈើដើម្បីយកទៅកែច្នៃធ្វើជាតុក្កតា ជាជ្រុញឈើក្រឡឹងជាដើម ហើយលោកថា ការកាប់នោះអាចប៉ះលើព្រៃត្រណមហើយបានជាធាតុអាកាស រួមទាំងមនុស្សសត្វមានភាពប្រែប្រួល។
លោក កាស់ គូ បានបញ្ជាក់ថា ៖ «ពេលភ្លៀងម្ដងៗមានរន្ទះខ្លះខ្លាំងតែម្ដង មានរាំងស្ងួត ខ្យល់ម្ដងៗ ខ្យល់ខ្លាំងឡើងចង់ប៉ើងផ្ទះ ប៉ើងសម្បែងយើង ដូចថាអស់ព្រៃឈើ។ ដូចឆ្នាំមុនៗមិនដែលឃើញដូចឆ្នាំហ្នឹងទេ ឆ្នាំហ្នឹងគោក្របីក៏ឈឺច្រើន ងាប់ច្រើន ជ្រូក មាន់ ទាអី ក៏មានងាប់ច្រើន។ ខ្ញុំព្រួយបារម្ភថា អស់ធនធានធម្មជាតិព្រៃឈើ វាកើតជាអ៊ីចឹងៗ»។
លោក គ្រីស វន តំណាងសហគមន៍បានឲ្យដឹងថា លោកធ្លាប់សាកល្បងឃាត់រថយន្ដដឹកឈើខុសច្បាប់នោះម្តងរួចមកហើយ តែក៏ត្រូវទទួលការគំរាមមកវិញថា លោកគ្មានសិទ្ធិឃាត់រថយន្តក្រុមសមត្ថកិច្ចដើម្បីឆែកឆេរឡើយ ដោយលោកមិនទាន់មានលិខិតទទួលស្គាល់ពីជំនាញផងនោះ ដោយការមិនអាចធើ្វអ្វីគេបានបែបនេះ លោកថាព្រៃតំណមត្រូវបាត់បង់ជាបន្តបន្ទាប់ ហើយអ្នកស្រុកក៏ទទួលរងគ្រោះជាបន្តបន្ទាប់ផងដែរ។
លោក គ្រីស វន បានមានប្រសាសន៍ថា ៖ «បើសិនជាកាប់អាកន្លែងព្រៃខ្មោច មានប្រជាជនឈឺ គ្រុន ដល់ស្លាប់បងប្អូននៅក្នុងភូមិហ្នឹង ព្រោះអីខាងយើងហ្នឹងកាន់ប្រពៃណីសាសនាសែននោះណា៎»។
នាយខណ្ឌរដ្ឋបាលព្រៃឈើ គឺលោក សុង ឃាង បានជម្រាបថា ពុំទាន់បានទទួលរបាយការណ៍នោះនៅឡើយទេ ប៉ុន្តែលោកបានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទាំងនោះមានក្តីក្លាហានក្នុងការសហការផ្តល់ព័ត៌មានដោយជំនាញនឹងជួយការពារសុវត្ថិភាព។
លោក សុង ឃាង បានថ្លែងថា ៖ «ឲ្យគាត់ជម្រាបមកខាងខ្ញុំមក ខ្ញុំនឹងអន្តរាគមន៍ណា៎ ខាងហ្នុងមានសហគមន៍មានអី ឲ្យគាត់រាយការណ៍មក ខ្ញុំនឹងជួយអន្តរាគមន៍ជាបន្ទាន់»។
ប្រជាពលរដ្ឋនៅឃុំក្បែរខាងក៏អះអាងដែរថា សុទ្ធតែធ្លាប់ឃើញរថយន្តកងប្រដាប់អាវុធដឹកជញ្ជូនឈើនៅទីនោះដោយមិនថាយប់ឬថ្ងៃឡើយ ហើយពួកគេចង់ឲ្យមានការបង្ក្រាប៕
