ប្រធានគណៈកម្មការរៀបចំពិធីបុណ្យជាតិ អន្តរជាតិ លោក មិន ឃិន បានមានប្រសាសន៍ថាការបួងសួងនេះគឺសូមឲ្យសុខសន្តិភាព ដោយចង់ឲ្យទាហានថៃដកកងទ័ពចេញពីទឹកដីខ្មែរនៃតំបន់ប្រាសាទព្រះវិហារដោយគ្មានសង្គ្រាមពីព្រោះទឹកដីប្រាសាទព្រះវិហារគឺជារបស់ខ្មែរ ។
លោក មិន ឃិន បានឲ្យដឹងថា ៖ «ប្រាសាទព្រះវិហារគឺជាទឹកដីកម្ពុជាទទួលបានជ័យជម្នះ តាំងពីឆ្នាំ១៩៦២ ដែលកាលណោះការទាមទាររបស់អតីតព្រះមហាវីរក្សត្រ ព្រះបាទ នរោត្ដម សីហនុ ដែលមានសាលក្រមទីក្រុងឡាអេបានសម្រេចរួចហើយថាជារបស់កម្ពុជា» ។
មានប្រជាពលរដ្ឋខ្មែរជាច្រើនបានសម្ដែងការក្ដុកក្ដួលដោយខ្លាចបាត់បង់ទឹកដីខ្មែរនិងប្រាសាទព្រះវិហារ ហើយពួកគេថ្កោលទោសកងទាហានថៃដែលបានចូលលុកលុយទីវត្តខ្មែរ កែវសិក្ខាគិរីស្វារៈនោះ ថាជាអំពើឈ្លានពានខុសច្បាប់ ៖ «ភ័យខ្លាចគេយកបានទឹកដី ប្រាសាទព្រះវិហារនេះ» ។
ប៉ុន្តែទោះយ៉ាងណាមេបញ្ជាការកងទាហានថៃដែលកំពុងតែបោះជំរំក្នុងទឹកដីខ្មែរនៅឡើយ មិនមានប្រតិកម្មនិងមិនបានអធិប្បាយឆ្លើយតបបញ្ហាដែលថា កងទ័ពរបស់ខ្លួននឹងដកចេញពីទឹកដីខ្មែរតំបន់ប្រាសាទព្រះវិហារនៅពេលណានៅឡើយទេ ។
តាមមេបញ្ជាការយោធាខ្មែរដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា រហូតដល់ថ្ងៃទី៣១ ខែកក្កដានេះ វត្តមានកងទាហានឈុតខ្មៅថៃនៅតែចូលមកកាន់វត្តខ្មែរ ពី ១៥ ទៅ ២០នាក់ ក្នុងមួយថ្ងៃៗ ហើយនៅឯខ្សែត្រៀមទី១ជាបន្ទាត់ព្រំដែនកម្ពុជាថៃ ទាហានប៉ារ៉ានៅតែចូលមកតាមរូបភាពជញ្ជូនស្បៀងនិងទឹកមកឲ្យកងទ័ព ខណៈពេលដែលកងទ័ពកម្ពុជាថៃកំពុងប្រឈមមុខដាក់គ្នាដ៏តឹងតែងនៅតំបន់ប្រាសាទព្រះវិហារ នៅឯច្រកជាំសាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យឯណោះវិញ មានសេចក្ដីរាយការណ៍ថាកងទាហានឈុតខ្មៅនិងប៉ារ៉ារបស់ថៃ ដោយមានរថក្រោះនិងកាំភ្លើងធំគាំទ្រផងបានបញ្ជូនមកដាក់តាមព្រំដែនក្រោមរូបភាពធ្វើសមយុទ្ធយោធា ។
អនុប្រធានក្រុមទំនាក់ទំនងព្រំដែនកម្ពុជាថៃច្រកជាំសាង៉ាំ លោកវរសេនីយ៍ទោ ទូច រ៉ា បានមានប្រសាសន៍ថាកងពលលេខ៦ ប្រចាំខេត្តអ៊ូប៊ុនរបស់ថៃ បានចាប់ផ្ដើមធ្វើសមយុទ្ធយោធារយៈពេលមួយខែចាប់ពីថ្ងៃទី៣០ ខែកក្កដា រហូតដល់ថ្ងៃទី៣០ ខែសីហា ។
លោកវរសេនីយ៍ទោ ទូច រ៉ា បានមានប្រសាសន៍ថា ៖ «ធ្វើទល់មុខនឹងច្រកជាំសាង៉ាំរបស់យើង... ។ សមយុទ្ធនេះគឺវាមានរថក្រោះនិងមានកាំភ្លើងធំរបស់វាដែរ ក៏ប៉ុន្តែអត់មានបាញ់» ។
កាលពីថ្ងៃទី៣០ ខែកក្កដា មេបញ្ជាការកងទ័ពជើងគោកនិងជាមន្រ្តីទំនាក់ទំនងព្រំដែនថៃកម្ពុជា លោកឧត្ដមសេនីយ៍ តូឌុក សិគ្រឿយ៉ៃ បានចូលមកពិនិត្យកងទ័ពថៃនៅក្នុងបរិវេណវត្តខ្មែរជិតប្រាសាទព្រះវិហារ តែមិនបាននិយាយអំពីការកំណត់ពេលវេលានៃការដកកងទ័ពចេញពីទឹកដីខ្មែរទេ ៕
