លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍នៅក្នុងពិធីបើកសម្ពោធការដ្ឋានសាងសង់ស្ពានអ្នកលឿងថា ស្ពាននេះក្រៅពីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋបានឆាប់រហ័ស បម្រើដល់សេវាដឹកជញ្ជូនគ្រប់ប្រភេទនោះ ស្ពាននេះនឹងធ្វើឲ្យតំបន់សេដ្ឋកិច្ចពិសេស ភាគខាងកើតប្រទេសកម្ពុជា ជាប់នឹងព្រំប្រទល់ប្រទេសវៀតណាម កាន់តែមានសក្ដានុពលសេដ្ឋកិច្ចរីកចម្រើនឡើងថែមទៀត។
ស្ពានអ្នកលឿងបានផ្ដល់នូវសារៈសំខាន់បីទិស ទីមួយបម្រើផ្ទៃក្នុងខ្លួនឯង ជាការធ្វើសមាហរណកម្មក្នុងក្របខ័ណ្ឌតំបន់ និងអនុតំបន់ និងការផ្សារភ្ជាប់រវាងកម្ពុជា និងប្រទេសជប៉ុន។
ស្ពានអ្នកលឿង ជាស្ពានមួយតភ្ជាប់ស្រុកពីរ ស្ថិតនៅត្រើយម្ខាងម្នាក់ នៃទន្លេមេគង្គក្រោម នៃស្រុកលើកដែក ខេត្តកណ្ដាល និងស្រុកពាមរ ខេត្តព្រៃវែង។ ស្ពាននេះមានប្រវែងបណ្ដោយ ២២១៥ម៉ែត្រ ទទឹង ១៣ម៉ែត្រកន្លះ ជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន មានទឹកប្រាក់ប្រមាណជាង ៩៥លានដុល្លារសហរដ្ឋអាមេរិក។
លោក ហ៊ុន សែន ថ្លែងបញ្ជាក់យ៉ាងដូច្នេះ ៖ «ទន្ទឹមនឹងការកសាងស្ពាននេះ យើងត្រូវកសាងផ្លូវផ្នែកខាងលើនេះចំនួន ៨៩០ម៉ែត្រ ហើយផ្នែកខាងព្រៃវែងគឺមានចំនួន ២២១០ម៉ែត្រ នៅខាងនោះទៀត ដូច្នេះត្រូវធ្វើឲ្យគម្រោងនេះទាំងមូលមានជាង ៥គីឡូម៉ែត្រ»។
លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងដែរថា ការសាងស្ពាន់នេះ កម្ពុជាក៏ត្រូវចំណាយពេលសិក្សាលើបញ្ហាដោះមីន លើផ្ទៃដីប្រមាណជាង ៣សែនម៉ែត្រការ៉េផងដែរ ៖ «ប្រទេសកម្ពុជាវានៅអាអាណោចអាធ័មស្ថិតនៅត្រង់ហ្នឹង កន្លែងណាក៏ដោយ ធ្វើអីក៏ដោយត្រូវតែដោះមីនសិន អ៊ីចឹងយើងត្រូវចំណាយលើផ្នែកនេះ ដើម្បីដោះមីន ផ្លូវជាតិលេខមួយនេះ បើនិយាយពីរឿងទាក់ទិននឹងស្ពាននេះ យើងគួរនិយាយផងដែរ ផ្លូវចាប់ពីភ្នំពេញមកដល់អ្នកលឿងនេះ មានប្រមាណ ៥៦គីឡូម៉ែត្រ ជប៉ុនធ្វើទាំងអស់»។
អ្នកតំណាងរាស្ត្របក្សប្រឆាំងសមរង្ស៊ី និងជាអ្នកនាំពាក្យលោក យឹម សុវណ្ណ មានប្រសាសន៍ស្វាគមន៍ចំពោះប្រទេសជប៉ុន ដែលបានផ្ដល់នូវជំនួយដើម្បីសាងសង់ស្ពាន់ឆ្លងកាត់ទន្លេដ៏មានសារៈសំខាន់ និងជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋទូទៅ។
ប៉ុន្តែអ្នកតំណាងរាស្ត្ររូបនេះបានកត់សំគាល់ឃើញថា ការដោះស្រាយផ្ដល់សំណងលើផលប៉ះពាល់ ដល់ប្រជាពលរដ្ឋរស់នៅក្បែរតំបន់សាងសង់នោះ នៅមានកម្រិតនៅឡើយ ដែលធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនមានការមិនសប្បាយចិត្ត ៖ «ដូច្នេះអ្វីដែលរដ្ឋាភិបាលត្រូវគិតបន្ថែមនឹងគឺគោរពសិទ្ធិមនុស្សឲ្យបានត្រឹមត្រូវ សិទ្ធិប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវ ធ្វើម៉េចបើសិនជាប៉ះពាល់ដល់ដីផ្ទះសម្បែងប្រជាពលរដ្ឋត្រូវផ្ដល់សំណងឲ្យបានសមរម្យ យុត្តិធម៌ ធ្វើម៉េចឲ្យគាត់បានបំពេញជីវភាពរបស់ពួកគាត់ផងដែរ»។
ពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច លោកថ្លែងថា កាលណាមានការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធក្នុងសង្គម បញ្ហាទំនាក់ទំនងសេដ្ឋកិច្ចពិតជាមានការរីកចម្រើនខ្លះ។ ប៉ុន្តែការប្រកួតប្រជែងជាមួយប្រទេសជិតខាង កម្ពុជានៅចាញ់ប្រៀបគេនៅឡើយ ៖ «បណ្ដាប្រទេសជិតខាងយើង គេមានហេដ្ឋារចនាសម្ព័ន្ធល្អជាងយើង ហើយគេមានការផលិតថ្លៃដើម និងផលិតផលសេវាផ្សេងៗ ទាបជាងប្រទេសយើង»។
ប្រជាពលរដ្ឋរស់នៅស្រុកពាមរ ខេត្តព្រៃវែង បានមានប្រសាសន៍ថា ការសាងសង់ស្ពាននេះ ជាទូទៅប្រជាពលរដ្ឋមានការសប្បាយចិត្ត ប៉ុន្តែនៅមានបញ្ហាមួយចំនួនទៀត ប្រជាពលរដ្ឋមិនសប្បាយចិត្តឡើយ ដូចជាបញ្ហាដោះស្រាយនូវផលប៉ះពាល់លើដីធ្លី ផ្ទះសម្បែងជាដើម ៖ «បើសិនណាការរកស៊ីជារឿងធម្មតាប្រហែលគ្នា បើនិយាយពីរឿងឈឺថ្កាត់វាម្យ៉ាងៗម្នាក់»។
នាយកប្រតិបត្តិអង្គការអភិរក្ស និងអភិវឌ្ឍ លោក កៃ លក្ខណ ដែលធ្វើការឃ្លាំមើលការដោះស្រាយពីផលប៉ះពាល់បានឲ្យដឹងថា ប្រជាពលរដ្ឋជាច្រើនគ្រួសារមកដល់ពេលនេះបានទទួលយកគោលការណ៍ដោះស្រាយពីអាជ្ញាធរទាំងមិនពេញចិត្ត ដោយសារពុំមានជម្រើសណាផ្សេង ហើយនៅមានប្រជាពលរដ្ឋតិចតួចប៉ុណ្ណោះនៅមិនទាន់សុខចិត្តទទួលយកសំណង និងកំពុងបន្តធ្វើការតវ៉ានៅឡើយ ៖ «ទីមួយនឹងគឺថាតម្លៃអត្រាទីផ្សារសងរបស់រដ្ឋដែលគាត់ថាសមរម្យ យុត្តិធម៌ និងវាមិនសមរម្យយុត្តិធម៌សម្រាប់ប្រជាជន»។
អភិបាលខេត្តព្រៃវែង លោក អុង សាមី មានប្រសាសន៍ថា ការដោះស្រាយផលប៉ះពាល់បានបញ្ចប់ទៅហើយ ពុំមានអ្វីជាការរាំងស្ទះដល់ការសាងសង់ស្ពាននោះឡើយ ៖ «បីគ្រួសារហ្នឹងយើងព្យាយាមជួបគាត់ តែគាត់ចំណាកស្រុកអី គាត់រកស៊ី...»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ប្រទេសជប៉ុនបានផ្ដល់ជំនួយជាច្រើនមកដល់កម្ពុជា ហើយរាល់ជំនួយទាំងនោះ សុទ្ធតែចំគោលដៅអភិវឌ្ឍន៍នៅកម្ពុជា។
មកដល់ឆ្នាំ២០១១ នេះ កម្ពុជាបានទទួលជំនួយឥតសំណងពីប្រទេសជប៉ុន មានចំនួនប្រមាណ ១៩០០លានដុល្លារ។ ហើយជាទៀងទាត់ ជប៉ុនបានផ្ដល់ប្រាក់ជំនួយប្រមាណ ១៣០លានដុល្លារក្នុងមួយឆ្នាំ បើទោះបីស្ថិតក្នុងពេលជួបវិបត្តិសេដ្ឋកិច្ចពិភពលោកក៏ដោយ៕