ការតវ៉ា​ជុំវិញ​បញ្ហា​បូម​ខ្សាច់​លុប​ផ្ទៃ​សមុទ្ទ​នៅ​កំពត​មិន​ទាន់​មាន​ដំណោះស្រាយ

អាជ្ញាធរ​ស្រុក​កំពត​និង​ប្រជាពលរដ្ឋ​នេសាទ​ប្រមាណ​២០០​នាក់ នា​ព្រឹក​ថ្ងៃ​ទី​៣០ សីហា បាន​ជួប​ប្រជុំ​គ្នា​នៅ​ឯ​ភូមិ​រលួស ឃុំ​បឹងទូក ស្រុក​កំពត ខេត្ត​កំពត តែ​ការជួប​ប្រជុំ​គ្នា​នោះ​មិន​អាច​ស្វែងរក​ដំណោះស្រាយ​ណា​មួយ​ឡើយ ជុំវិញ​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​អ្នក​នេសាទ​ចំពោះ​ការបូម​ខ្សាច់​លុប​ផ្ទៃ​សមុទ្ទ​ទំហំ​១ពាន់​ហិកតារ ដោយ​ក្រុមហ៊ុន​កំពតផត​នោះ​បាន​ឡើយ។

0:00 / 0:00

តំណាង​ប្រជាពលរដ្ឋ​នៅ​ឃុំ​រលួស អ្នកស្រី ឌួង ឃាង បាន​ឲ្យ​ដឹង​ថា​ប្រជាពលរដ្ឋ​អ្នក​នេសាទ​មក​ពី​ឃុំ​បឹងទូក ឃុំ​ត្រើយកោះ និង​ឃុំ​ព្រែកត្នោត នៅតែ​រក្សា​ជំហរ​ប្រឆាំង​នឹង​ការបូម​ខ្សាច់​លុប​ផ្ទៃ​សមុទ្ទ ដែល​ពួក​គាត់​បាន​អះអាង​ថា​នឹង​បំផ្លាញ​ធនធាន​ធម្មជាតិ មាន​សារាយ​សមុទ្ទ ព្រៃ​កោងកាង និង​ស្មៅ​សមុទ្ទ ហើយ​ក៏​នឹង​ប៉ះពាល់​ដល់​ការប្រកប​របរ​នេសាទ​របស់​ពួក​គាត់​ថែម​ទៀត​ផង។

អ្នកស្រី ឌួង ឃាង បាន​ឲ្យ​ដឹង​ថា ៖ «ខ្ញុំ​កំពុងតែ​ធ្វើការ​ជាមួយ​ប្រជាពលរដ្ឋ ធ្វើ​ស្នាម​មេ​ដៃ សួរ​មតិ​គាត់​ពី​បញ្ហា​បូម​ខ្សាច់​ហ្នឹង​ដែរ។ សួរ​មតិ​ប្រជាជន​ហ្នឹង ប្រជាជន​ដាច់ខាត​មិន​ទទួល​ស្គាល់ មិន​ព្រម​ឲ្យ​បូម​ជា​ដាច់ខាត។ ប្រជាជន​មិន​ចង់​ធ្វើ​ខ្ញុំ​គេ មិន​ចង់​ធ្វើ​ក្នុង​រោងចក្រ ចង់​រកស៊ី​ដោយ​ខ្លួនឯង​នៅ​ក្នុង​សមុទ្ទ ។ប្រជាពលរដ្ឋ​អំពាវនាវ​សុំ​ឲ្យ​លោក​ឧកញ៉ា​ទុក​កន្លែង​សមុទ្ទ​នេះ​ឲ្យ​ប្រជាជន​រកស៊ី​ទាំងអស់​រហូត​ត​កូន​ត​ចៅ អត់​មាន​ឲ្យ​ចាក់​ដី​ទេ»

មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​កំពត អ្នកស្រី ទ្រី ឈួន ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ជំនួប​រវាង​អាជ្ញាធរ​ស្រុក​កំពត​ដឹកនាំ​ដោយ​អភិបាល​ស្រុក លោក ឃុយ សៀន និង​ប្រជាពលរដ្ឋ​អ្នក​នេសាទ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​អ្នក​នេសាទ​មិន​បាន​ទទួល​យក​ការលើក​ឡើង​ពី​ក្រុម​ហ៊ុន ដូច​ជា​ការផ្ដល់​ការងារ​ធ្វើ ទឹក​ស្អាត អគ្គិសនី ការដាំ​ព្រៃ​កោងកាង​បន្ថែម និង​ការផ្ដល់​ឥណទាន​ដោយ​មិន​យក​ការប្រាក់​នោះ​ឡើយ។

អ្នកស្រី ទ្រី ឈួន បាន​មាន​ប្រសាសន៍​ថា ៖ «ពួក​គាត់​មិន​ចង់​ធ្វើ​ជា​កម្មករ​គេ។ គាត់​ចង់​មាន​សេរីភាព​ក្នុង​ការប្រកប​មុខរបរ​ជា​ធម្មតា ព្រោះ​គាត់​មើលឃើញ​ថា​នៅ​សង្គម​កម្ពុជា​យើង​សព្វថ្ងៃ​នេះ ប្រាក់​បៀវត្សរ៍​របស់​កម្មករ​មាន​កម្រិត​ទាប​ណាស់ គាត់​មិន​អាច​រស់​បាន។ ហើយ​សំខាន់​ជាង​ហ្នឹង​ទៀត មាន​ក្រុមហ៊ុន​ខ្លះ ដូច​ថា​គាត់​ធ្វើ​ជា​កម្មករ​ទៅ បើក​លុយ​បើក​កាក់​អត់​ទាន់​ពេល​ទៀត មួយ​ខែ​ពី​សែ​ទៅ​ហា​ហុក​សិប​ដុល្លារ​ហ្នឹង បី​ខែ​អី​បាន​បើក​លុយ​ឲ្យ​ពួក​គាត់​ម្ដង។ អ៊ីចឹង​គាត់​មើលឃើញ​ពី​ផល​លំបាក​ហ្នឹង សម្រាប់​អនាគត​គាត់​នៅតែ​ចង់​មាន​មុខរបរ​នេសាទ​ដដែល»

មិន​អាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​អភិបាល​ស្រុក​កំពត លោក ឃុយ សៀន បាន​ទេ។ ចំណែក​ឯ​ប្រធាន​ក្រុមហ៊ុន​កំពតផត លោក​ឧកញ៉ា វិញ ហួរ កំពុង​ស្ថិត​នៅ​ឯ​ក្រៅ​ប្រទេស។

តែ​ទោះ​ជា​យ៉ាង​ណា លោកស្រី ទ្រី ឈួន បាន​ឲ្យ​ដឹង​ថា លោក ឃុយ សៀន អភិបាល​ស្រុក​កំពត នឹង​ធ្វើ​របាយការណ៍​ពី​ជំនួប​ជាមួយ​នឹង​ពលរដ្ឋ​អ្នក​នេសាទ ហើយ​ប្រជុំ​ជាមួយ​នឹង​ក្រុមហ៊ុន​កំពតផត និង​អាជ្ញាធរ​ខេត្ត​កំពត​នៅ​សប្ដាហ៍​ក្រោយ។

គួរ​ជម្រាប​ថា​ប្រជាពលរដ្ឋ​អ្នក​នេសាទ​បាន​ធ្វើការ​តវ៉ា​ចាប់តាំង​ពី​ថ្ងៃ​ទី​២៣ សីហា ប្រឆាំង​នឹង​សកម្មភាព​បូម​ខ្សាច់​លុប​ផ្ទៃ​សមុទ្ទ​ទំហំ​១​ពាន់​ហិកតារ នៅ​ក្នុង​ភូមិ​រលួស ឃុំ​បឹងទូក របស់​ក្រុមហ៊ុន​កំពតផត និង​គម្រោង​បូម​ខ្សាច់​លុប​ផ្ទៃ​សមុទ្ទ​ចំនួន​២០០​ហិកតារ នៅ​ភូមិ​កែបថ្មី និង​ភូមិ​ទទឹងថ្ងៃ ឃុំ​បឹងទូក របស់​ក្រុមហ៊ុន កែវ ជា Property and Development៕