គ្រួសារ​លោក នួន ជា៖ ស្ថានភាព​ជំងឺ​លោក នួន ជា មាន​សភាព​ធ្ងន់ធ្ងរ

ក្រុម​គ្រួសារ​ជន​ជាប់​ចោទ លោក នួន ជា អតីត​ប្រធាន​រដ្ឋសភា​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ បាន​អះអាង​ថា ស្ថានភាព​ជំងឺ​របស់​លោក​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ដែល​ពិបាក​នឹង​ស្ដារ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​វិញ​បាន​នោះ​ឡើយ។
ដោយ ម៉ម មុនីរតន៍
2013.01.30
នួន ជា ៣០៥ ជន​ជាប់​ចោទ នួន ជា នៅ​ក្នុង​សវនាការ​បឋម​សំណុំ​រឿង ០០២ កាល​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១១។
Photo courtesy of ECCC

ក៏ប៉ុន្តែ អ្នក​នាំ​ពាក្យ​សាលា​ក្ដី​ខ្មែរ​ក្រហម និយាយ​ថា ស្ថានភាព​ជំងឺ​របស់​លោក នួន ជា បាន​ធូរ​ស្រាល​ឡើង​វិញ ហើយ​លោក នួន ជា នឹង​អាច​ចូល​រួម​នៅ​ក្នុង​អង្គ​ជំនុំ​ជម្រះ​ឡើង​វិញ​នៅ​ថ្ងៃ​ទី៣១ មករា។

ក្រុម​គ្រួសារ​របស់​លោក នួន ជា បង​ធំ​ទី​ពីរ​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ អះអាង​នៅ​ថ្ងៃ​ពុធ ទី​៣០ មករា ថា លោក នួន ជា ទំនង​ជា​នឹង​មិន​អាច​បន្ត​មាន​ជីវិត​រស់​នៅ​បាន​យូរ​ទៀត​នោះ​ឡើយ ដោយ​សារ​ស្ថានភាព​ជំងឺ​របស់​គាត់​នៅ​ពេល​នេះ​មាន​អាការ​ធ្ងន់ធ្ងរ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត នៅ​ឡើយ​នោះ។

លោក វិចទ័រ កូប៉េ (Victor Kope) សហ​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក នួន ជា ខាង​ភាគី​អន្តរជាតិ ថ្លែង​នៅ​ក្នុង​អង្គ​សវនាការ​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​រសៀល​ថ្ងៃ​ទី៣០ មករា ដោយ​ស្រង់​សម្ដី​ក្រុម​គ្រួសារ​របស់​លោក នួន ជា និយាយ​ថា លោក នួន ជា ទំនង​ជា​នឹង​ត្រូវ​ស្លាប់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ដោយ​សារ​ស្ថានភាព​ជំងឺ​មាន​អាការ​ធ្ងន់ធ្ងរ។ ថ្លែង​ឲ្យ​ដឹង​តាម​រយៈ​អ្នក​បកប្រែ​នៅ​ក្នុង​អង្គ​ជំនុំ​ជម្រះ​សាលា​ក្ដី​ខ្មែរ​ក្រហម លោក កូប៉េ អះអាង​ថា គេ​ពិត​ជា​មាន​ការ​ខក​ចិត្ត និង​សោកស្ដាយ​ចំពោះ​របាយការណ៍​វាយ​តម្លៃ​ស្ថានភាព​ជំងឺ​របស់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ដែល​រក​ឃើញ​ថា ស្ថានភាព​ជំងឺ​កូន​ក្ដី​របស់​ខ្លួន​នៅ​ពេល​នេះ​មាន​ភាព​ប្រសើរ​នោះ។

លោក វិចទ័រ កូប៉េ៖ «យើង​បាន​ជម្រាប​ទៅ​អង្គ​ជំនុំ​ជម្រះ​ថា សុខភាព​របស់​គាត់​បាន​ប្រសើរ គឺ​យើង​ធ្វើ​ការ​ជម្រាប​ហ្នឹង ដោយ​សារ​តែ​យើង​ផ្អែក​ទៅ​លើ​របាយការណ៍​របស់​មន្ទីរ​ពេទ្យ ដែល​យើង​បាន​ទទួល គឺ​របាយការណ៍​ដែល​ទទួល​ពី​ព្រឹក​ម្សិលមិញ​នេះ។ ដូច្នេះ​ហើយ គឺ​ថា​ព័ត៌មាន​នៅ​ក្នុង​របាយការណ៍​ហ្នឹង គឺ​វា​មិន​បាន​ឆ្លុះ​បញ្ចាំង​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​កូន​ក្ដី​របស់​ខ្ញុំ​នៅ​ពេល​រសៀល​នោះ​ឡើយ។ ដោយ​ក្រុម​គ្រួសារ​លោក នួន ជា គាត់​ដូច​ជា​ជឿជាក់​ថា លោក នួន ជា ជិត​នឹង​ស្លាប់​ទៅ​ហើយ»

ក៏ប៉ុន្តែ បុគ្គលិក​ពេទ្យ​ប្រចាំ​ការ​នៅ​អគារ​ពិនិត្យ​ជំងឺ​ទូទៅ "គ" របស់​មន្ទីរពេទ្យ​ខ្មែរ-សូវៀត និយាយ​នៅ​ថ្ងៃ​ទី៣០ មករា ថា ស្ថានភាព​ជំងឺ​របស់​លោក នួន ជា នៅ​ពេល​នេះ​មាន​ភាព​ប្រសើរ​ជាង​មុន និង​ពុំ​មាន​អ្វី​ប្រែប្រួល​ធ្ងន់ធ្ងរ​នោះ​ទេ។ ដូច​នេះ​ដែរ ប្រធាន​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា លោក និល ណុន ថ្លែង​ថា ផ្អែក​តាម​របាយការណ៍​របស់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត បញ្ជាក់​ថា សុខភាព​របស់​លោក នួន ជា បាន​ប្រសើរ​ឡើង​វិញ​ហើយ។

លោក និល ណុន៖ «ខាង​អើ​វេជ្ជបណ្ឌិត​ទទួល​ថែទាំ​ព្យាបាល​លោក នួន ជា នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត បាន​ពិនិត្យ​ឃើញ​ថា សភាព​ទូទៅ​ល្អ ហើយ​ក្អក​ម្ដងម្កាល កម្ដៅ ៣៧​ដឺក្រេ ដង្ហើម​ពុំ​មាន​អ្វី​ប្រែប្រួល​ទេ កម្លាំង​កំហែង​ប្រសើរ​ជាង​មុន ប៉ុន្តែ​ពុំ​មាន​ទាន់​អាច​មាន​លទ្ធភាព​ក្រោក​អង្គុយ​ដោយ​លទ្ធភាព​ដោយ​ខ្លួន​ឯង​បាន​នៅ​ឡើយ»

លោក នេត្រ ភក្ដ្រា អ្នក​នាំ​ពាក្យ​សាលា​ក្ដី​ខ្មែរ​ក្រហម ថ្លែង​ថា របាយការណ៍​ចុង​ក្រោយ​របស់​ក្រុម​គ្រូពេទ្យ​ដែល​លោក​បាន​ទទួល​នៅ​ថ្ងៃ​ទី៣០ មករា ឲ្យ​ដឹង​ថា ស្ថានភាព​ជំងឺ​របស់​អតីត​បង​ធំ​ទី​ពីរ​របស់​របប​ខ្មែរ​ក្រហម បាន​វិល​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ​ហើយ​នៅ​ពេល​នេះ ហើយ​លោក នួន ជា ក៏​នឹង​ត្រូវ​បង្ហាញ​វត្តមាន​របស់​ខ្លួន​ឡើង​វិញ បន្ទាប់​ពី​ខកខាន​អស់​រយៈពេល ១៨​ថ្ងៃ​កន្លង​ទៅ​នេះ នៅ​ក្នុង​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដើម្បី​ទទួល​ការ​ព្យាបាល​នោះ។

លោក នេត្រ ភក្ដ្រា៖ «ខាង​ក្រុម​គ្រូពេទ្យ​បាន​ផ្ដល់​នូវ​របាយការណ៍​ជា​បន្តបន្ទាប់​ក្រោយ​អំពី​ការ​លើក​ឡើង​របស់​ក្រុម​មេធាវី​របស់​លោក នួន ជា។ អ៊ីចឹង គឺ​អ្វី​ដែល​ខ្ញុំ​ទទួល​បាន​ព័ត៌មាន​ពី​ចៅក្រម ដែល​គាត់​ជា​អ្នក​គ្រប់គ្រង​ទៅ​លើ​កិច្ចការ​ហ្នឹង ហើយ​និង​ក្រុម​គ្រូពេទ្យ​ដែល​បាន​ផ្ដល់​របាយការណ៍ គឺ​ថា​លោក នួន ជា មាន​ស្ថានភាព​សុខភាព​ល្អ​ឡើង​វិញ ហើយ​គាត់​នឹង​វិល​ត្រឡប់​មក​មន្ទីរ​ឃុំឃាំង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​រសៀល​ថ្ងៃ​ទី៣១ ខែ​មករា ឆ្នាំ​២០១៣»

អតីត​ប្រធាន​រដ្ឋសភា​ក្នុង​របប​ខ្មែរ​ក្រហម លោក នួន ជា ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​កាល​ពី​ថ្ងៃ​ទី១៣ មករា នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។ ការ​បញ្ជូន​អតីត​បង​ធំ​ទី​ពីរ​របស់​របប​ខ្មែរ​ក្រហម​មក​ព្យាបាល​នេះ ធ្វើ​ឡើង​ភ្លាមៗ​ក្រោយ​ពេល​ដែល​លោក នួន ជា បាន​ដួល​នៅ​ក្នុង​បន្ទប់​ឃុំឃាំង​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម។ ស្ថានភាព​ជំងឺ​របស់​លោក នួន ជា ត្រូវ​ក្រុម​គ្រូពេទ្យ​រក​ឃើញ​ថា លោក​មាន​ជំងឺ​រលាក​ទង​សួត​ធ្ងន់ធ្ងរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។