ប្រលោមលោក​ស្តីពី​រឿងក្តី​ប្រាសាទ​ព្រះវិហារ​នឹង​ចេញ​ផ្សាយ​ក្នុង​ពេល​ឆាប់ៗ​នេះ

សៀវភៅ​ប្រលោមលោក​ក្រោម​ចំណងជើង​ថា "បេះដូង​ភ្នំ​ដងរែក" ដែល​សរសេរ​ផ្អែក​តាម​ប្រវត្តិ​នៃ​ព្រឹត្តិការណ៍​ដំណើរ​រឿងក្តី​ប្រាសាទ​ព្រះវិហារ​រវាង​ខ្មែរ​និង​ថៃ នៅ​ឯ​តុលាការ​ក្រុង​ឡាអេ​ក្នុង​ឆ្នាំ​១៩៦២ កំពុងតែ​ត្រូវ​បាន​បោះពុម្ព​និង​ចេញ​ផ្សាយ​នា​ពេល​ឆាប់ៗ​នេះ ។
ដោយ កេសរណ្ណីយ្យា
2008.07.11
Share on WhatsApp
Share on WhatsApp
ព្រះវិហារ គម្រប​សៀវភៅ​ប្រលោមលោក​បែប​ប្រវត្តិសាស្ត្រ​រឿង​"បេះដូង​ភ្នំ​ដងរែក"​ដែល​និពន្ធ​ដោយ​លោក តាំង រតនា ។
Photo: RFA

យុវជន តាំង រតនា អាយុ​២៦​ឆ្នាំ​ដែល​ជា​ម្ចាស់​ស្នាដៃ​បាន​ឲ្យ​ដឹង​អំពី​គោលបំណង​សំខាន់ ក្នុង​ការព្យាយាម​តាក់តែង​និពន្ធ​រឿង​នេះ​ឡើង ៖ «ខ្ញុំ​បាន​ស្រាវជ្រាវ​ឯកសារ​ពាក់ព័ន្ធ​ទៅ​នឹង​រឿងក្ដី​ប្រាសាទ​ព្រះវិហារ​ហ្នឹង គឺ​នៅ​ក្នុង​ឆ្នាំ​២០០១ ខ្ញុំ​ស្រាវជ្រាវ ហើយ​ខ្ញុំ​សិក្សា​មួយ​ឆ្នាំ ។ ដូច្នេះ​ខ្ញុំ​ចាប់ផ្ដើម​សរសេរ​រឿង​ហ្នឹង​នៅ​ឆ្នាំ​២០០២ ហើយ​ខ្ញុំ​បាន​បញ្ចប់​រឿង​ហ្នឹង​ក្នុង​ខែ​មិថុនា ឆ្នាំ​២០០៤ ។ ចំណុច​សំខាន់​គឺ​ខ្ញុំ​ចង់​បង្ហាញ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យើង បងប្អូន​ជន​រួម​ជាតិ ជាពិសេស​ក្មេង​ជំនាន់​ក្រោយ សិស្សានុសិស្ស​និង​ជា​និស្សិត ឲ្យ​បាន​យល់ ឲ្យ​បាន​ដឹង​ខ្លះៗ​អំពី​ដំណើរ​រឿងក្ដី​នេះ​វា​ដូម្ដេច​រហូត​បាន​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ឈ្នះ ក្រោម​ព្រះរាជ​កិច្ច​ដឹកនាំ​របស់​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ គឺ​សម្ដេច​តា នរោត្ដម សីហនុ នៃ​យើង​នេះ ។ ហើយ​ខ្ញុំ​លើកឡើង​អំពី​ប្រវត្តិ​ហ្នឹង​គឺ​អត់​មាន​កាន់​និន្នាការ​ណា​មួយ ឆ្លុះ​បញ្ចាំង​អំពី​ជម្លោះ​រវាង​ជាតិ​សាសន៍​អី​ទេ ។ ដូច្នេះ​ខ្ញុំ​បាន​ច្បិច​យក​បញ្ហា​ប្រវត្តិសាស្ត្រ​ពិតៗ​នៅ​ក្នុង​ចំណុច​មួយចំនួន ដូច​ជា​ករណី​នៅ​ក្នុង​ដំណើរការ​ក្ដី ការតវ៉ា​គ្នា​ទៅ​តាម​ច្បាប់​លក្ខណៈ​អន្តរជាតិ​នេះ ដើម្បី​មក​ធ្វើ​ជា​ប្រលោមលោក​បែប​ប្រវត្តិសាស្ត្រ»

ចំណែក​លោក យូ បូ ស្ថាបនិក​នៃ​សមាគម​អ្នក​និពន្ធ​ខ្មែរ​ដែល​បាន​ដំណើរការ​ជា​ថ្មី​ឡើងវិញ ចាប់ពី​ឆ្នាំ​១៩៩៣​មក​នោះ បាន​បង្ហាញ​អំពី​ការចាប់អារម្មណ៍​និង​វាយតម្លៃ​ចំពោះ​ស្នាដៃ​និពន្ធ​រឿង "បេះដូង​ភ្នំ​ដងរែក" នេះ ថា​ជា​វណ្ណកម្ម​មួយ​ដ៏​កម្រ​ជួប​ប្រទះ​ក្នុង​អំឡុង​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ ។

លោក យូ បូ បាន​មាន​ប្រសាសន៍​ថា ៖ «ក្នុង​ចំណោម​អ្នក​និពន្ធ​ខ្មែរ​ពី​ឆ្នាំ​៧៩​មក​នេះ​គឺ​ជា​ប្រលោមលោក​ធម្មតា មិន​មាន​អត្ថន័យ​ខ្លឹមសារ​ជ្រៅជ្រះ​ដូច​ប្រលោមលោក​នេះ​ទេ ។ ប្រលោមលោក​នេះ​ជា​ប្រលោមលោក​បែប​ប្រវត្តិសាស្ត្រ សាច់​រឿង​គេ​មាន​តម្លៃ​ខ្ពស់​ណាស់​សម្រាប់​ជាតិ​តែម្ដង ។ ហើយ​ខ្ញុំ​កម្រ​ឃើញ​អ្នកនិពន្ធ​ក្មេង​ខ្ចី​ណាស់​ក្នុង​វ័យ​១៩​ឆ្នាំ​ដែល​ខិតខំ​ប្រឹងប្រែង​ស្រាវជ្រាវ ។ ជា​ស្នាដៃ​មួយ​ល្អ​ណាស់»

យុវជន តាំង រតនា ដែល​បច្ចុប្ប​ជា​មន្ត្រី​បម្រើការ​នៅ​អគ្គ​លេខាធិការដ្ឋាន ក្រុមប្រឹក្សា​ធម្មនុញ្ញ បាន​ឲ្យ​ដឹង​ថា​ការបោះពុម្ព​ផ្សាយ​លើក​ទី​មួយ​នេះ​មាន​ចំនួន​១​ពាន់​ច្បាប់ ដែល​ភាគ​ច្រើន​នឹង​យក​ទៅ​តម្កល់ទុក​ជា​ឯកសារ​នៅ​តាម​បណ្ណាល័យ សាលារៀន និង​ស្ថាប័ន​នានា ទូទាំង​ប្រទេស ។

ចំណែក​ថវិកា​ក្នុង​ការបោះពុម្ព​ដែល​មាន​ចំនួន​២ពាន់​ដុល្លារ​គឺ​បាន​មកពី​ជំនួយ​រួម​គ្នា​របស់​មិត្តភ័ក្តិ និង​សប្បុរសជន​មួយចំនួន ដែល​ចង់​ឃើញ​សៀរវភៅ​រឿង "បេះដូង​ភ្នំ​ដងរែក" នេះ បាន​ចេញ​ផ្សាយ​ឆាប់ៗ​ជា​ការអបអរ​សាទរ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្រ្ត ដែល​អង្គការ​យូនេស្កូ​បាន​ទទួល​បញ្ជូល​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​ជា​បេតិកភណ្ឌ​ពិភពលោក​កាលពី​ថ្ងៃ​ច័ន្ទ ទី​៧ កក្កដា​នេះ ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។