មន្ត្រី​សាលាក្រុង​ភ្នំពេញ​ថ្លែង​ការពារ​គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់​បឹងកក់

អភិបាលរង​ក្រុង​ភ្នំពេញ លោក ប៉ា សុជាតិវង្ស បាន​ថ្លែង​ថា នឹង​ព្យាយាម​ដោះស្រាយ​សំណង​ជូន​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​បឹងកក់ តែ​ថា​ការទាមទារ​សំណង​ទៅ​តាម​តម្លៃ​ទីផ្សារ​ ទំនង​ជា​មិន​អាច​ទៅ​រួច​ឡើយ។

0:00 / 0:00

ប្រជាពលរដ្ឋ​មួយ​ចំនួន​ទាមទារ​សំណង​ចំពោះ​លំនៅ​របស់​ពួក​គាត់​ជា​ទឹក​ប្រាក់​ចំនួន ១.៥០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ហើយ​ខ្លះ​ទៀត ទាមទារ​រហូត​ដល់ ២.០០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ដោយ​មិន​ព្រម​ទទួល​យក​ប្រាក់ ៨.០០០​ដុល្លារ ឬ​ផ្ទះ​មួយ​ខ្នង​នៅ​ជាយ​ក្រុង​ភ្នំពេញ​តាម​ការផ្ដល់​ឲ្យ​ដោយ​សាលាក្រុង​នោះ​ឡើយ។

លោក ប៉ា សុជាតិវង្ស បាន​ឲ្យ​ដឹង​ថា ការផ្ដល់​សំណង​នោះ​មិន​មែន​ដូច​ជា​ការ​ទិញដូរ​ឡើយ ហើយ​អាជ្ញាធរ​ក្រុង​មិន​អាច​ផ្ដល់​សំណង​តាមរយៈ​ការវាយ​តម្លៃ​តាម​ទំហំ​ផ្ទះ​បាន​ទេ ដោយ​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ទាំង​អស់​នោះ មក​តាំង​ទីលំនៅ​ដោយ​ខុស​ច្បាប់។

លោក ប៉ា សុជាតិវង្ស បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ប្រជាពលរដ្ឋ​ដែល​មក​តវ៉ា​ភាគ​ច្រើន ជា​អ្នក​រស់នៅ​លើ​គោក ហើយ​ថា អាជ្ញាធរ​ក្រុង​នឹង​បន្ត​ចរចា​បន្ថែម​ទៀត​ដើម្បី​រក​ដំណោះស្រាយ​សមស្រប។

លោក ប៉ា សុជាតិវង្ស មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «បញ្ហា​ការទាមទារ​តម្លៃ ទៅ​តាម​ម៉ែត្រ​ការ៉េ បញ្ហា​នេះ គួរ​យើង​បាន​ពិចារណា។ ចំណុច​ទី​១ នេះ​មិនមែន​ជា​ការលក់​ទិញ​ទេ ព្រោះ​ជា​ដី​រដ្ឋ យើង​មិន​មែន​ថា ទិញ​ពី​ប្រជាជន​តាម​តម្លៃ​ទីផ្សារ អាហ្នឹង​ឯកជន និង​ឯកជន ប៉ុន្តែ ដី​នេះ​ដី​រដ្ឋ យើង​អត់​មាន​អ្វី​ដែល​យើង​ត្រូវ​និយាយ​ពី​បញ្ហា​តម្លៃ​ថ្លៃ​ថ្នូរ​លក់​ទិញ​ជា​ម៉ែត្រ​ការ៉េ​ប៉ុណ្ណេះ​ប៉ុណ្ណោះ​ទេ។ បញ្ហា​ទី​២ សួរ​សិន​ថា អ្នក​ដែល​ចង់​លក់​តាម​ទីផ្សារ យក​អី​លក់? យក​ដី​លក់ ដី​នេះ​ដី​រដ្ឋ ហើយ​មាន​អី​លក់?។ អ៊ីចឹង​ទេ យើង​ត្រូវ​ទទួល​ស្គាល់​ថា យើង​បាន​មក​នៅ​លើ​ដី​រដ្ឋ»

មន្ត្រី​ស៊ើប​អង្កេត​របស់​សមាគម​សិទ្ធិមនុស្ស​អាដហុក លោក ចាន់ សូវ៉េត បាន​ឲ្យ​ដឹង​ថា ការផ្ដល់​សំណង​ដោយ​សាលាក្រុង​នោះ គឺ​វា​តិចតួច​ណាស់ ព្រោះ​ទឹក​ប្រាក់​នោះ មិន​អាច​ជួយ​ឲ្យ​ពួក​គាត់​ស្វែង​រក​ទីស្នាក់​នៅ​សមរម្យ​បាន​ឡើយ សម្រាប់​ស្ថានភាព​តម្លៃ​លំនៅ​ដ្ឋាន​និង​ដីធ្លី នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។

លោក ចាន់ សូវ៉េត ថ្លែង​ដូច្នេះ​ថា ៖ «បើ​យើង​គិត​អំពី​បញ្ហា​ការទទួល​យក​ថវិកា​ចំនួន ៨​ពាន់​ដុល្លារ យក​មក​ធ្វើការ​ដោះដូរ​ទិញ​លំនៅ​ថ្មី​នោះ ខ្ញុំ​គិត​ថា ប្រហែល​លំបាក​ព្រោះ​ថា​ឥឡូវ​នេះ​ដី​ឡើង​ថ្លៃ​សម្បើម​ណាស់។ ប៉ុន្តែ​យើង​ឃើញ​ថា ការវាយ​តម្លៃ​នោះ​វា​ខុស​គ្នា យើង​ត្រូវ​វាយ​តម្លៃ​ថា តើ​ទី​ទឹក​ហ្នឹង​តម្លៃ​ប៉ុន្មាន? ទី​គោក​តម្លៃ​ប៉ុន្មាន? ហើយ​នៅ​លើ​គោក ផ្ទះ​គេ​ធំៗ​នោះ តម្លៃ​ប៉ុន្មាន?»

លោក ប៉ា សុជាតិវង្ស បាន​មាន​ប្រសាសន៍​ថា សាលាក្រុង​ភ្នំពេញ​ផ្ដល់​ជម្រើស​ចំនួន​បី​សម្រាប់​ជា​សំណង​ដល់​ប្រជាពលរដ្ឋ រួម​មាន​ការសង់​លំនៅ​នៅ​តំបន់​បឹងកក់​នោះ ការផ្ដល់​សំណង​ជា​ទឹក​ប្រាក់​ចំនួន ៨.០០០​ដុល្លារ​និង​ពីរ​លាន​រៀល ក្នុង​មួយ​គ្រួសារ និង​ការទទួល​យក​លំនៅ​មួយ​ខ្នង​មួយ​គ្រួសារ ដែល​ស្ថិត​នៅឯ​បុរី​សន្តិភាព ក្នុង​ភូមិ​ត្រពាំងត្រយឹង ខណ្ឌ​ដង្កោ ជាយ​ក្រុង​ភ្នំពេញ។

លោក ប៉ា សុជាតិវង្ស មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ​ថា ៖ «ជា​គោលការណ៍ ក៏​មាន​បញ្ជាក់​យ៉ាង​ច្បាស់​នៅ​ក្នុង​កិច្ចសន្យា​ជួល​ទីតាំង​នេះ គឺ​សាលាក្រុង​មាន​ភារៈ ក្នុង​ការសង់​ផ្ទះ​នៅ​នឹង​កន្លែង ផ្ដល់​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ គ្រប់​គ្រួសារ​ទី​នោះ​រស់​នៅ ដូច​យើង​បាន​ធ្វើ​នៅ​បុរី​កីឡា​ដូចគ្នា​អ៊ីចឹង​ដែរ។ ប៉ុន្តែ​ក្នុង​ពេល​ដែល​យើង​ចរចា​សម្របសម្រួល​ផ្លាស់ប្ដូរ​យោបល់ ជាមួយ​នឹង​សហគមន៍​បង​ប្អូន​នៅ​តំបន់​បឹងកក់ ក៏​បាន​លេច​ចេញ​នូវ​ជម្រើស​២​ទៀត។ អ្នក​ខ្លះ​ថា មិន​អាច​រង់ចាំ​បាន​ទេ សុំ​ថវិកា​មួយ​ចំនួន​តាម​ជាក់​ស្ដែង ដើម្បី​ទៅ​រក​ដំណោះស្រាយ​ជម្រក​ដោយ​ខ្លួន​ឯង។ មាន​បង​ប្អូន​គ្រួសារ​ខ្លះ​ទៀត​ថា មិន​អាច​រង់ចាំ​ទេ ចង់​ឲ្យ​ក្រុមហ៊ុន​រក​ផ្ទះ​កន្លែង​ណា​ដែល​សមស្រប ដែល​យល់​ថា​អាច​រស់នៅ​បាន គឺ​សុខ​ចិត្ត​ទៅ»

គួរ​បញ្ជាក់​ថា បើ​តាម​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១ ប្រជាពលរដ្ឋ​ដែល​មក​តាំង​ទី​លំនៅ​លើ​ដី លើស​ពី​៥​ឆ្នាំ ឡើង​ទៅ គឺ​អាច​ក្លាយ​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ដី​នោះ​បាន។

អភិបាលរង​ក្រុង​ភ្នំពេញ លោក ប៉ា សុជាតិវង្ស បាន​មាន​ប្រសាសន៍​ថា ការមិន​បណ្ដេញ​ប្រជាពលរដ្ឋ​តាំង​ពី​ពួកគាត់​មក​តាំង​លំនៅ​ដំបូង ក៏​ព្រោះ​តែ​អាជ្ញាធរ​មាន​ការអនុគ្រោះ​ដល់​ពលរដ្ឋ​ទាំង​នោះ ឬ​មិន​មាន​លទ្ធភាព​ក្នុង​ការដោះស្រាយ​ចំពោះ​ការតាំង​ទី​លំនៅ​អនាធិបតេយ្យ​នោះ។

លោក ប៉ា សុជាតិវង្ស ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ការដោះស្រាយ​សំណង​ជូន​ប្រជាពលរដ្ឋ​ទាំង​អស់​នោះ គឺ​មាន​ពីរ​ដំណាក់កាល ដំណាក់​កាល​ទី​មួយ ត្រូវ​ដោះស្រាយ​ចំពោះ​ប្រជាពលរដ្ឋ​ចំនួន ១១៧២​គ្រួសារ​ដែល​រស់នៅ​លើ​ទឹក​នៃ​តំបន់​បឹងកក់ ហើយ​ដំណាក់កាល​ទី​ពីរ គឺ​សិក្សា​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​គោក ពោល​គឺ​ជុំវិញ​បឹងកក់​នោះ។

លោក​បាន​បន្ត​ថា រហូត​មក​ទល់​នឹង​ពេល​នេះ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ទាំង​១១៧២​គ្រួសារ ដែល​រស់​នៅ​លើ​ទឹក មាន​ប្រជាពលរដ្ឋ​ចំនួន ៤៣៤​គ្រួសារ​ហើយ ដែល​ព្រម​ទទួល​យក​សំណង​ដោយ​ក្នុង​នោះ មាន ៣៤​គ្រួសារ​ព្រម​ទទួល​យក​ប្រាក់ ១០២​គ្រួសារ ព្រម​ទទួល​យក​សំណង​ជា​ផ្ទះ ដែល​ស្ថិត​នៅ​ជាយ​ក្រុង​ភ្នំពេញ ហើយ​អ្នក​នៅ​សល់ អាច​រង់ចាំ​មើល​ការ​ផ្ដល់​សំណង​ជា​ផ្ទះ​នៅ​បឹងកក់​នោះ។

លោក ប៉ា សុជាតិវង្ស បាន​ឲ្យ​ដឹង​ថា ភាគី​ក្រុមហ៊ុន​មិន​មាន​កាតព្វកិច្ច​ក្នុង​ការផ្ដល់​សំណង​ឡើយ តែ​ក្រុមហ៊ុន​ត្រូវ​ផ្ដល់​ប្រាក់​សំណង​ទៅ​តាម​ការសម្រេច​របស់​សាលាក្រុង ហើយ​ទឹក​ប្រាក់​ចំនួន ៧៩​លាន​ដុល្លារ​ដែល​ក្រុមហ៊ុន​ជួល​បឹងកក់​នោះ គឺ​សម្រាប់​ដោះស្រាយ​សំណង​ជូន​ប្រជាពលរដ្ឋ។

លោក ប៉ា សុជាតិវង្ស ថ្លែង​ដូច្នេះ​ថា ៖ «ភារៈ​ដែល​សំខាន់ គឺ​សាលាក្រុង ក្នុង​នាម​នីតិ​បុគ្គល​តំណាង​រដ្ឋ​នេះ គឺ​ជា​អ្នក​ដែល​ដោះស្រាយ​គោល​នយោបាយ​នេះ។ មាន​បង​ប្អូន​ខ្លះ​ថា ទៅ​សុំ​ជួប​ក្រុមហ៊ុន ក្រុមហ៊ុន​មិន​ឲ្យ​ជួប មាន​តែ​សាលាក្រុង​ចេញ​មុខ។ ត្រឹមត្រូវ​ហើយ ក្រុមហ៊ុន​មិន​មាន​ភារៈ​ក្នុង​ការ​ដោះស្រាយ​គោល​នយោបាយ​ប្រជាពលរដ្ឋ​ទេ តែ​គាត់​មាន​ភារៈ​ក្នុង​ការចេញ​ថិវកា​ទៅ​តាម​ការសម្រេច​របស់​សាលាក្រុង»

លោក ប៉ា សុជាតិវង្ស បាន​បញ្ជាក់​ថា ការបូម​ខ្សាច់​លុប​បឹង គឺ​ដើម្បី​សង់​ផ្ទះ ដើម្បី​ផ្ដល់​ជា​សំណង​ឲ្យ​ប្រជាពលរដ្ឋ ហើយ​ថា ការបូម​ខ្សាច់​នោះ គឺ​មិន​ឲ្យ​ទឹក​ឡើង​លើស​ពី​៨ ម៉ែត្រ​ឡើយ ហើយ​ថា សព្វ​ថ្ងៃ ខណៈពេល​ដែល​ក្រុមហ៊ុន​កំពុង​បូម​ខ្សាច់​នោះ ទឹក​បឹង​នៅ​មាន​កម្ពស់​ខ្ពស់​បំផុត ៧,៧​ម៉ែត្រ ៖ «យើង​ចង់​សង់​ផ្ទះ​ជូន ក្រុមហ៊ុន​គឺ​ត្រូវ​តែ​សង់​ដើម្បី​នឹង​ដោះស្រាយ​បង​ប្អូន ប៉ុន្តែ​វា​អត់​មាន​ដី​សង់។ ដី​ដែល​មាន​នៅ​ព័ទ្ធ​ជុំវិញ​បឹង​នេះ ជា​ស្ថានភាព​ដី​ដែល​ទាប ហើយ​បង​ប្អូន​កំពុងតែ​រស់​នៅ បើ​អ៊ីចឹង​ទេ តម្រូវ​ឲ្យ​សាលាក្រុង​ត្រូវ​តែ​ផ្ដួចផ្ដើម​គំនិត​សុំ​គោលការណ៍​រាជ​រដ្ឋាភិបាល​ថា ត្រូវតែ​បូម​ដី​ចូល ហើយ​បាន​មាន​ដី​សម្រាប់​សង់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ»

ប្រជាពលរដ្ឋ​រស់នៅ​តំបន់​បឹងកក់ បាន​ប្រមូលផ្ដុំ​គ្នា​ជា​បន្តបន្ទាប់​នៅ​មុខ​សាលាក្រុង​ភ្នំពេញ​និង​នៅ​មុខ​គេហដ្ឋាន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នា​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ដោយ​ជំទាស់​ទៅ​នឹង​ការផ្ដល់​សំណង​ដោយ​សាលាក្រុង​ភ្នំពេញ។

គួរ​ជម្រាប​ថា រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ស៊ូកាគូ ធ្វើ​អភិវឌ្ឍន៍​បឹងកក់​សម្រាប់​រយៈ​ពេល ៩៩​ឆ្នាំ លើ​ផ្ទៃ​ដី​ចំនួន​ជិត ១៣៣​ហិកតារ ក្នុង​ទឹក​ប្រាក់​ប្រមាណ ៧៩​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដែល​ការអនុញ្ញាត​នេះ ត្រូវ​បាន​ក្រុម​សិទ្ធិមនុស្ស​រិះគន់​ថា បាន​រំលោភ​លើ​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១ ដែល​ថា ការប្រគល់​បឹង​ដែល​ជា​កម្មសិទ្ធិ​រដ្ឋ ទៅ​ឲ្យ​ឯកជន​គឺ​មិន​ត្រូវ​ហួស​ពី​១៥​ឆ្នាំ​ឡើយ។ ក្រុម​សិទ្ធិមនុស្ស​បាន​ឲ្យ​ដឹង​ថា ការអភិវឌ្ឍ​នេះ នឹង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​បរិស្ថាន​និង​ប្រជាពលរដ្ឋ​ប្រមាណ ៤០០០​គ្រួសារ​ដែល​រស់​នៅ​ក្នុង​តំបន់​បឹងកក់​នោះ។

អភិបាលរង​ក្រុង​ភ្នំពេញ លោក ប៉ា សុជាតិវង្ស បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​រដ្ឋាភិបាល​យល់ព្រម​ជួល​បឹង​រហូត​ដល់​ទៅ​ដល់ ៩៩​ឆ្នាំ ក៏​ដោយសារ​តែ​ការបោះ​ទុន​ដើម្បី​អភិវឌ្ឍន៍​នោះ មាន​ទំហំ​ធំ។ លោក​បាន​បន្ត​ថា ផ្ទៃ​បឹង​១០​ហិកតារ នឹង​ត្រូវ​រក្សា​ទុក ហើយ​តំបន់​បឹងកក់​នោះ នឹង​ត្រូវ​អភិវឌ្ឍ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម តំបន់​ទេសចរណ៍ និង​លំនៅដ្ឋាន​ជា​ដើម៕