មនុស្សចាស់ៗជាង១០០នាក់ បាននាំគ្នាប្រារព្ធទិវាមនុស្សចាស់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០១០ នៅទីស្នាក់ការសមាគមសាមគ្គីធម៌ជួយជនចាស់ជរាមួយ ដែលមានមូលដ្ឋានស្ថិតនៅភូមិគោកក្ដួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។
លោក ពៅ ប៊ុនឈី ប្រធានសមាគមសាមគ្គីធម៌ជួយជនចាស់ជរាបានឲ្យដឹងថា ការប្រារព្ធទិវាមនុស្សចាស់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១០ គឺជាកិច្ចរំលឹកដល់គុណ និងឧទ្ទិសកុសលដល់អតីតមនុស្សចាស់ ដែលគេចាត់ទុកថា ជាមាតា បិតាទី២ នៃពិភពលោក ៖ «អង្គការសហប្រជាជាតិបង្កើតទិវានេះ ដើម្បីរំលឹកគុណដល់អតីតវរ:ជន និងមនុស្សចាស់ទាំងអស់ក្នុងពិភពលោក ដែលបន្ទាប់ពីស្លាប់ទៅ គេបានបន្សល់ទុកនូវស្នាដៃជាប្រវត្តិសាស្ត្រឲ្យមនុស្សជំនាន់ក្រោយសិក្សានៅប្រតិបត្តិ»។
នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១០ នេះ គឺខួបលើកទី១១ នៃទិវាចាស់ជរាអន្តរជាតិ ជាមួយគ្នានេះនៅតាមខេត្តក្រុងខ្លះ ក៏កំពុងរៀបចំប្រារព្ធទិវាចាស់អន្តរជាតិនេះដែរ ដើម្បីរំលឹកគុណដល់មនុស្សចាស់។
មនុស្សចាស់ៗ ជាង១០០នាក់ មកពីឃុំចំនួនបី គឺឃុំតាពូង ឃុំតាម៉ឺន ឃុំគោកឃ្មុំ ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង ដែលជនចាស់ជរាទីទាល់ក្រខ្លះគ្មានកូនចៅមើលថែទាំ បាននាំគ្នាអំពាវនាវសុំឲ្យសប្បុរសជនក្នុងស្រុក និងក្រៅស្រុក ជួយឧបត្ថម្ភដល់សមាគមសាមគ្គីធម៌ជួយជនចាស់ជរានេះ។
លោកយាយ សេង ទូច អាយុ៦៤ឆ្នាំ បានរៀបរាប់ថា ប្រទេសកម្ពុជាក្រីក្រ មានមនុស្សចាស់ជរាច្រើន ដូច្នេះលោកយាយបានលើកឡើងអំពីការលំបាករបស់ខ្លួនថា ៖ «ខ្ញុំកូន តែមានមួយ កូនស្រី ហើយពិការជើងទៀត មេមាយប្តីស្លាប់ បានចៅពីរ សូមឲ្យអ្នកខាងក្រៅ និងឧបត្ថម្ភដល់សមាគមផង»។
លោក ពៅ ប៊ុនឈី ប្រធានសមាគមសាមគ្គីធម៌ជួយជនចាស់ជរាបានឲ្យដឹងថា សកម្មភាពសមាគមសាមគ្គីធម៌ជួយជនចាស់ជរា អាចមានលទ្ធភាពជួយដល់ចាស់ជរាក្នុងភូមិនានា បានតិចតូចបំផុត តាមតែជំនួយរបស់សប្បុរសជនក្នុងស្រុក និងក្រៅស្រុក ៖ «ខ្ញុំបាទទាំងអស់គ្នាក៏សុំអំពាវនាវរកជំនួយឧបត្ថម្ភបន្ថែម ពីអង្គការមនុស្សធម៌នានា ទាំងក្នុង និងក្រៅប្រទេស ជាពិសេសអង្គការចាស់ជរាពិភពលោក មេត្តាជួយឧបត្ថម្ភដល់មនុស្សវ័យចាស់ ជាអតីតកម្មករ កសិករខ្មែរទូទាំងប្រទេស តាមលទ្ធភាព និងតាមផ្លូវមនុស្សធម៌»។
លោក ពៅ ភិរម្យ អភិបាលរងស្រុកថ្មគោលបានមានប្រសាសន៍ថា ប្រទេសកម្ពុជានៅមិនទាន់មានគោលការណ៍បង្កើតមជ្ឈមណ្ឌលសម្រាប់មនុស្សចាស់ទេ ប៉ុន្តែរដ្ឋាភិបាលខ្មែរមានគោលការណ៍បំផុសគំនិត សេចក្ដីស្រលាញ់ សេចក្ដីគោរពអាណិតដល់មនុស្សចាស់។
សមាគមសាមគ្គីធម៌ជួយជនចាស់ជរា ដែលមានមូលដ្ឋានក្នុងស្រុកថ្មគោល ខេត្តបាត់ដំបងបានចាប់បដិសន្ធិឡើង កាលពីឆ្នាំ២០០០ ហើយផ្ដើមធ្វើសកម្មភាពជាបន្តបន្ទាប់ ក្នុងការជួយដល់មនុស្សចាស់ៗជរា ដែលរស់នៅក្នុងមូលដ្ឋាន ដោយទទួលបានជំនួយសប្បុរសធម៌យ៉ាងតិចតូចពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស៕
