ទស្សនៈ​ជុំវិញ​ទិវា​ជ័យ​ជំនះ​លើ​របប​ខ្មែរ​ក្រហម ថ្ងៃ​៧ មករា

សម្រាប់​ខួប​លើក​ទី​៣០ នៃ​ថ្ងៃ ៧ មករា ដែល​ជា​ថ្ងៃ​ដួល​រលំ​របប​វាលពិឃាត​ខ្មែរ​ក្រហម គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រារព្ធ​ពិធី​យ៉ាង​គគ្រឹក​គគ្រេង​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ក្នុង​ទីក្រុង​ភ្នំពេញ ដោយ​មាន​មនុស្ស​ចូល​រួម​យ៉ាង​ហោច​ណាស់ ៥​ម៉ឺន​នាក់។

0:00 / 0:00

ទិវា​ថ្ងៃ​៧ មករា នេះ គឺ​ត្រូវ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​បន្ត​កាន់​អំណាច​រហូត​មក​ទល់​សព្វ​ថ្ងៃ បាន​ឲ្យ​តម្លៃ​យ៉ាង​សំខាន់​ទាំង​ក្នុង​ន័យ​ប្រវត្តិសាស្ត្រ​និង​នយោបាយ បើ​ទោះ​បី​ជា​ថ្ងៃ ៧ មករា នេះ ត្រូវ​មជ្ឈដ្ឋាន​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​និង​ជន​បរទេស​ខ្លះ ដែល​ប្រឆាំង​នឹង​របប​កុម្មុយនីស្ត​ចាត់​ទុក​ថា​ជា​ថ្ងៃ​ដែល​វៀតណាម ចូល​កាន់​កាប់​ទឹក​ដី​ប្រទេស​កម្ពុជា​ក៏ដោយ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ប្រជាជន​កម្ពុជា​ជា​ច្រើន​ដែល​បាន​រួច​ផុត​ពី​ការ​ស្លាប់​ពី​របប​ខ្មែរ​ក្រហម បាន​បញ្ចេញ​ទស្សនៈ​នៅ​ថ្ងៃ​ខួប​លើក​ទី​៣០ ថា បើ​គ្មាន​ថ្ងៃ ៧ មករា ទេ ពួក​គាត់​ប្រហែល​ជា​គ្មាន​ជីវិត​រស់​រហូត​មក​ដល់​ថ្ងៃ​នេះ​ឡើយ។

ស្រ្តី​វ័យ ៨៧​ឆ្នាំ​ម្នាក់ រស់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ឈ្មោះ ប៊ូ សុទ្ធ មាន​ប្រសាសន៍​ថា បើ​គ្មាន​ថ្ងៃ ៧ មករា ទេ កូន​គាត់​២​នាក់​និង​រូប​គាត់​គ្មាន​ជីវិត​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ទេ ព្រោះ​កូន​គាត់ ៥​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ប៉ុល​ពត​សម្លាប់​ដោយ​គ្មាន​ទោស​កំហុស ៖ «យល់​ថា​ជា​ថ្ងៃ​ជាតិ ដែល​ធ្លាប់​រំដោះ​ខ្ញុំ​បាន​រស់រាន​មាន​ជីវិត ខ្ញុំ​មាន​សេចក្ដី​រំភើប»

បុរស​ម្នាក់​ទៀត​កំពុង​លក់​គុយទាវ​ញាប់​ដៃ​បាន​ពោល​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា បើ​គ្មាន​ថ្ងៃ ៧ មករា គាត់​ក៏​មិន​បាន​មក​លក់​គុយទាវ​នៅ​ទី​នេះ​រហូត​មក​ដល់​ពេល​នេះ​ដែរ៖ «បាន​គុណ​បុណ្យ ៧ មករា ហ្នឹង​ហើយ បានៗ​មក​លក់ កុំ​អី​មាន​ពេល​ឯណា​មក​លក់​គុយទាវ​នៅ​ហ្នឹង»

កញ្ញា ពុទ្ធាវី ជា​និស្សិត​ឆ្នាំ​ទី​២ នៃ​សកល​វិទ្យាល័យ​បៀលប្រាយ​បាន​ប្រាប់​ថា ថ្វីត្បិត​នាង​មិន​បាន​ឆ្លង​កាត់​របប​ប៉ុល​ពត ប៉ុន្តែ​នាង​សប្បាយ​ចិត្ត​ដែល​ពលរដ្ឋ​ខ្មែរ រួមទាំង​ឪពុក​ម្តាយ​នាង​ផង បាន​រួច​ផុត​ពី​ការ​សម្លាប់​រង្គាល​ពី​របប​ប៉ុល​ពត។

ពាក្យ​ស្លោក​ជា​ច្រើន​ស្តី​អំពី​ថ្ងៃ ៧ មករា ត្រូវ​បាន​បង្កើត​ឡើង និង​ដាក់​តាំង​ជា​បដា​ធំៗ​នៅ​តាម​ដង​ផ្លូវ​មួយ​ចំនួន​នៅ​ក្នុង​ក្រុង​ភ្នំពេញ ដែល​ក្នុង​នោះ​ក៏​មាន​សរសេរ​ថា ថ្ងៃ ៧ មករា គឺ​ជា​ថ្ងៃ​កំណើត​ទី​២ របស់​យើង។

ក៏ប៉ុន្តែ​សម្រាប់​នាយក​កម្មវិធី​ប្រឆាំង​អំពើ​ពុក​រលួយ​គឺ​លោក សេក បរិសុទ្ធ ដែល​រួច​ផុត​ពី​ការ​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម​ដែរ​នោះ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖ «ខ្ញុំ​មិន​គិត​ថា​ថ្ងៃ​កំណើត​ទី​២ ទី​៣ ទី​៤ អី​ទេ ប៉ុន្តែ​សម្រាប់​ខ្ញុំ ខ្ញុំ​គិត​ថា​ជា​ថ្ងៃ​មួយ​ដែល​សំខាន់​ណាស់​សម្រាប់​ជីវិត​របស់​យើង ពីព្រោះ​ថា​វា​ជា​ការ​ពិត បើ​សិន​ជា​មិន​មាន​ថ្ងៃ​ហ្នុង ខ្លួន​ខ្ញុំ​ក៏​ប្រហែល​ជា​អាច​ថា​មិន​រស់​ក៏​ថា​បាន»

ចាប់​តាំង​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ការ​ប្រារព្ធ​ទិវា ៧ មករា នេះ ប្រធាន​គណបក្ស​ប្រឆាំង​មួយ​ចំនួន​បាន​រិៈគន់​ថា ៧ មករា គឺ​ជា​ថ្ងៃ​ដែល​វៀតណាម ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា។ ក្រៅ​ពី​ពាក្យ​រិៈគន់​ទាំង​នេះ ប្រ​ធាន​គណបក្ស​សិទ្ធិ​មនុស្ស​លោក កឹម សុខា បាន​បញ្ជាក់​ទៀត​ថា ចាប់​តាំង​ពី ៧ មករា មក​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ទាន់​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​នៅ​ឡើយ​ទេ។

លោក កឹម សុខា មាន​ប្រសាសន៍​ដូច្នេះ ៖ «បញ្ហា​របស់​ខ្មែរ​សព្វថ្ងៃ​នេះ សត្រូវ​របស់​ខ្មែរ ដែល​ជា​ឧបសគ្គ​របស់​ប្រទេស​ជាតិ ៣ ដែល​ធ្វើ​ឲ្យ​មាន​កើត​ព្រឹត្តិការណ៍​គ្រប់​ហ្នឹង មិន​មែន​តែ ២៣ តុលា, ៧ មករា, ១៨ មិនា ទេ។ ស្អី​ទាំង​អស់ ព្រឹត្តិការណ៍​ខ្មែរ​ទាំង​អស់ ប្រវត្តិសាស្រ្ដ​ទាំង​អស់​នេះ គឺ​ដោយសារ​មូលហេតុ​៣ ។ ទី​១ គឺ​ដោយសារ​បរទេស​ឈ្លាន​ពាន​ខ្មែរ មូលហេតុ​ទី​២ ដោយសារ​អ្នក​ដឹកនាំ​ពុក​រលួយ មូលហេតុ​ទី​៣ ដោយសារ​អ្នក​ដឹកនាំ​ប្រទេស​ផ្ដាច់ការ។ កាលណា ៣​ហ្នឹង​នៅ​តែ​មាន អំពើ​ហិង្សា​នៅ​តែ​មាន ការ​ឈ្លាន​ពាន​បរទេស​នៅ​តែ​មាន អំពើ​ពុក​រលួយ​នៅ​តែ​មាន បញ្ហា​ទុក្ខ​វេទនា​របស់​ខ្មែរ​គឺ​នៅ​អត់​ចប់​ទេ។ អ៊ីចឹង​ថ្ងៃ​នេះ​គឺ​អត់​ទាន់​ជោគជ័យ​ទេ នៅ​តែ​មិន​ទាន់​ចប់​នៅ​ឡើយ​បញ្ហា»

ចំណែក​ឯ​ប្រធាន​គណបក្ស​អំណាច​ប្រជារាស្រ្ត លោក កាន់ វីរៈ ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែរ​ថា ៧ មករា មិន​មែន​ជា​ថ្ងៃ​ប្រវត្តិសាស្រ្ត នៃ​ប្រជារាស្រ្ត​ខ្មែរ​ទូទាំង​ប្រទេស​នោះ​ទេ។

ជុំវិញ​ភាព​ខ្វែង​គំនិត​គ្នា​អំពី​ថ្ងៃ ៧ មករា នេះ អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់​មាន​ប្រសាសន៍​ការពារ​យ៉ាង​ដូច្នេះ​ថា ៖ «សូម្បី​តែ​សម្ដេច​ព្រះ នរោត្ដម សីហនុ ដែល​ពេល​នោះ​ព្រះអង្គ​គង់​ជា​ប្រធាន​រដ្ឋាភិបាល​ចម្រុះ​ត្រី​ភាគី ព្រះអង្គ​បាន​មាន​ព្រះរាជ​បន្ទូល​ជាមួយ​ខ្ញុំ​ថា បើ​កុំ​មាន​កង​ទ័ព​ឯកឧត្ដម ហ៊ុន សែន កុំ​មាន​កងទ័ព​វៀតណាម ចូល​មក​ជួយ​ទេ ខ្លួន​ខ្ញុំ​និង​គ្រួសារ​ខ្ញុំ​ក៏​នឹង​ស្លាប់​ដែរ»

ទាក់​ទិន​វត្ត​មាន​កងទ័ព​វៀតណាម​នៅ​ប្រទេស​កម្ពុជា ចាប់​ពីថ្ងៃ ៧ មករា លោក​នាយក​រដ្ឋមន្រ្តី​ខ្មែរ ហ៊ុន សែន មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា ៖ «កាល​ដែល​យើង​បាន​វាយ​រំលំ​របប​ប៉ុល​ពត នៅ​ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ នៅ​ពេល​ដែល​រំដោះ​ប្រទេស​ហើយ បើ​សិន​ជា​វៀតណាម ដក​កងទ័ព​ត្រឡប់​ទៅ​វិញ គ្រាន់​តែ​ផ្ដួល​រំលំ​ប៉ុល​ពត នៅ​ទីក្រុង​ភ្នំពេញ ប្រហែល​ជា​មក​ដល់​ពេល​នេះ​យើង​គ្មាន​ទិដ្ឋភាព​បែប​នេះ​ដូច​សព្វថ្ងៃ​នេះ​ទេ ព្រោះ​ថា​ការ​ប៉ុនប៉ង​វិល​ត្រឡប់​មក​វិញ​នៃ​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល​ពត ដោយ​មាន​អានុភាព​ប្រទេស​កិរិយា​ខាង​ក្រៅ​គាំទ្រ។ ដូច្នេះ​យើង​មាន​សំណូមពរ​ស្នើ​សុំ​បន្ត​វត្តមាន​កងទ័ព​វៀតណាម នៅ​កម្ពុជា ដើម្បី​ធ្វើ​កិច្ចការ​រួម​ជាមួយ​កងទ័ព​របស់​យើង​ដែល​បាន​កសាង រីក​ធំធាត់​ជា​បណ្ដើរៗ ទប់​ស្កាត់​ការ​វិល​ត្រឡប់​នៃ​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល​ពត»

អ្នក​វិភាគ​ឯករាជ្យ​អ្នកស្រី ជា វណ្ណាត មាន​ប្រសាសន៍​ថា បើ​គ្មាន​ថ្ងៃ ៧ មករា ទេ ក៏​គ្មាន​គណបក្ស​ប្រជាជន​កម្ពុជា​កាន់​អំណាច​រហូត​មក​ដល់​ថ្ងៃ​នេះ​ដែរ ៖ «ធម្មតា​វា​ជា​ព្រឹត្តិការណ៍​មួយ​សំខាន់​សម្រាប់​គណបក្ស​ប្រជាជន​ហើយ ដែល​ថា​បាន​ឡើង​កាន់​អំណាច​រហូត​មក​ដល់​សព្វថ្ងៃ​នេះ​ក៏​ដោយសារ​មាន​ព្រឹត្តិការណ៍​ថ្ងៃ ៧ មករា អ៊ីចឹង​ដែរ»

អ្នកស្រី ជា វណ្ណាត ក៏​បាន​បន្ថែម​ទៀត​ថា រហូត​មក​មាន​មតិ​ពីរ​បញ្ច្រាស​គ្នា ដោយ​មតិ​មួយ​យល់​ថា ថ្ងៃ ៧ មករា គឺ​ជា​ថ្ងៃ​ផ្តល់​កំណើត​ថ្មី​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ចំណែក​ឯ​មតិ​មួយ​ទៀត​ថា​ជា​ថ្ងៃ​ដែល​បរទេស​មក​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ​នោះ។ អ្នកស្រី​យល់​ថា​ជា​រឿង​នយោបាយ គឺ​ជា​ការ​អះអាង​ដើម្បី​កៀរគរ​ការ​គាំទ្រ​ពី​មហាជន​សម្រាប់​ផលប្រយោជន៍​រៀងៗ​ខ្លួន​តែ​ប៉ុណ្ណោះ៕