អ្នកតំណាងរាស្ត្រមកពីគណបក្សសមរង្ស៊ី ហើយក៏ជាអតីតប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ អង្កេត បោសសំអាត និងមុខងារសាធារណៈនៃរដ្ឋសភា លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា ចំនួនថវិកាជាតិនៅមានកម្រិតទាបនៅឡើយបើប្រៀបធៀបទៅនឹងប្រទេសជិតខាង។
ទោះយ៉ាងណា លោក យឹម សុវណ្ណ បានថ្លែងថា រដ្ឋាភិបាលនៅមានលទ្ធភាពក្នុងការប្រមូលថវិកាបានច្រើនថែមទៀតតាមរយៈការប្រមូលពន្ធ ប្រសិនបើចំណុចអសកម្មមួយចំនួនត្រូវបានលុបបំបាត់ ព្រោះការកំណត់ពន្ធចំពោះប្រជាពលរដ្ឋកម្ពុជាខ្ពស់ជាងពន្ធចំពោះប្រជាពលរដ្ឋនៃប្រទេសជិតខាង។
លោក យឹម សុវណ្ណ ថ្លែងយ៉ាងដូច្នេះ ៖ «បើសិនជាយើងលុបបំបាត់ចោលនូវអំពើពុករលួយ យើងរៀបចំធ្វើច្បាប់ប្រឆាំងអំពើពុករលួយឲ្យបានឆាប់ ហើយយើងអនុវត្តច្បាប់ហ្នឹងឲ្យមានប្រសិទ្ធភាព ខ្ញុំជឿជាក់ថា រដ្ឋាភិបាលយើងអាចបង្កើនចំណូលថវិកាជាតិបន្ថែមទៀត»។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ បានមានប្រសាសន៍ថា ការប្រើប្រាស់នូវថវិកាជាតិមិនទាន់ឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងនៅថ្នាក់មូលដ្ឋានទេ ៖ «អ្វីដែលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានខ្លាំង គឺផ្នែកកង្វះខាតនៃសេវាកម្មទី១។ ទី២ គឺកង្វះខាតផ្នែកការពារសិទ្ធិនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនិងភាពច្បាស់លាស់របស់អាជ្ញាធរ ប៉ុន្តែអ្វីដែលប្រជាពលរដ្ឋមើលឃើញ ជួនកាលមិនមែនជា..... អ្វីដែលគាត់មើលឃើញគឺថ្នល់ថ្មី សាលាថ្មីជាដើម។ មានប្រជាពលរដ្ឋខ្លះគាត់ដឹងថា ថ្នល់ហ្នឹងគឺមិនមែនអ្វីដែលគាត់ចង់បានទាំងស្រុងទេ វាគ្រាន់តែថាបើសិនជាការបំបាត់អំពើពុករលួយខាងផ្នែកសេវាកម្មដែលឧទាហរណ៍សុខភាពនិងអប់រំជាដើម ហ្នឹងកូនគាត់បានថ្នល់ផង បានថវិកាសម្រាប់សុខភាពផង បានការផ្ដល់អប់រំល្អសម្រាប់កូនគាត់ផង»។
ពាក់ព័ន្ធនឹងការអនុម័តថវិកាជាតិ លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា ការអនុម័តមិនត្រូវបានបើកទូលាយ ហើយពេលវេលាទៀតសោតនៅមិនទាន់សមល្មមដែរ ៖ «ខ្ញុំមិនគាំទ្រឲ្យមានការប្រញាប់ប្រញាល់អនុម័តពេកទេ ខ្ញុំចង់ឲ្យមានការជជែកឲ្យបានល្អិតល្អន់ជាងនេះទៅទៀត។ បើនៅប្រទេសគេជឿនលឿន គេមានការជជែកគ្នាមួយអាទិត្យ ពីរអាទិត្យ មានប្រទេសខ្លះដល់ ៣អាទិត្យ ដើម្បីគេពិនិត្យមើលថា កន្លែងណាដែលត្រូវចាយ កន្លែងណាដែលមិនត្រូវ ហើយកន្លែងណា ដែលចាយទៅមានប្រសិទ្ធភាព កន្លែងណាដែលអាចយកទៅបំពេញសេចក្ដីត្រូវការប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន»។
ប្រជាពលរដ្ឋនៅខេត្តព្រៃវែង លោក កាង បានសំដែងនូវចម្ងល់អំពីការប្រើប្រាស់នូវថវិកាជាតិ ហើយលោកក៏សូមឲ្យមានតម្លាភាពផងដែរ៖ «ខ្ញុំឆ្ងល់អ៊ីចេះទេថា ថវិកាយើងតម្រូវទៅស្ថាប័នខាងក្រោមៗហ្នឹង វាមិនដឹងថាតើរដ្ឋហ្នឹងបែងចែកប៉ុន្មានទៅតាមខេត្តនោះ ដើម្បីឲ្យកសាងអីខ្លះៗ ប៉ុន្តែបើតាមប្រសិទ្ធភាពទៅវិញ ការងារធ្វើកន្លងមកដើម្បីនឹងជាតម្រូវការរបស់ប្រជាពលរដ្ឋយើង ដូចថាវាតិច មិនតាមតម្រូវការរបស់ប្រជាពលរដ្ឋ ភាគច្រើនដូចគិតគូរតែទៅលើគណបក្សទេ គ្មានគិតគូរពីរឿងកសាងជាតិ។ ឧទាហរណ៍ថា ប្រជាជនយើងសំខាន់ត្រូវការថ្នាំ មន្ទីរពេទ្យ បើមន្ទីរពេទ្យ បើមន្ទីរពេទ្យមានតែផ្ទះពេទ្យ ថ្នាំគ្មាន ហើយពេទ្យប្រាក់ខែតិចតួចមិនធ្វើមិនអី ប្រជាជនរត់ទៅពេទ្យឈ្នួល»។
ជុំវិញការប្រើប្រាស់ថវិកាជាតិ លោក យឹម សុវណ្ណ បានមានប្រសាសន៍អំពីកង្វះព័ត៌មានសម្រាប់ប្រជាពលរដ្ឋ ៖ «សព្វថ្ងៃនេះ គឺថាការឹតត្បិតផ្នែកព័ត៌មាន គឺធ្វើឲ្យប្រជាពលរដ្ឋលំបាកទទួលបានព័ត៌មាន។ ខ្ញុំបានទៅប្រទេសហ្វ៊ីលីពិន ហើយខ្ញុំទៅធ្វើកម្មសិក្សាមួយនៅសាលាក្រុងម៉ានីល គឺថារាល់ចំណូលចំណាយរបស់រដ្ឋ គេតែងតែឲ្យប្រជាពលរដ្ឋដឹងជាប្រចាំ ជារៀងរាល់ខែ ជារៀងរាល់ឆ្នាំ គេរកបានពីណា ហើយគេចាយទៅលើអ្វី គេប្រាប់ឲ្យប្រជាពលរដ្ឋគេដឹង»។
លោក អ៊ូ វីរៈ បានថ្លែងបញ្ជាក់ពីមូលហេតុនៃគម្លាតរវាងអ្នកមាននិងអ្នកក្រ ៖ «យើងឃើញថា មនុស្សប្រហែលជា ៧០% ២ភាគ៣នៃមនុស្សដែលយើងឃើញ ក្នុង៣នាក់ដែលយើងឃើញហ្នឹង ២នាក់ហើយដែលចាត់ទុកថាក្របំផុតនៅក្នុងពិភពលោកនេះ ដូច្នេះសង្គមយើងគឺមានគម្លាតខ្ពស់ពេក អ៊ីចឹងឆ្លុះបញ្ចាំងថា យើងគឺអ្នកក្រខ្ពស់ពេក ហើយអ្នកកណ្ដាលសឹងតែអត់មាន ហើយអ្នកមានកំពូល។ ហើយអ្នកមានកំពូលនេះក៏ដោយសារការប្រកួតប្រជែងមិនស្មើភាព និងមានខ្នងមានអី»។
ទាក់ទងនឹងផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល ក៏ដូចជាការកាត់បន្ថយនូវគម្លាតរវាងអ្នកមាននិងអ្នកក្រ លោក យឹម សុវណ្ណ បានអះអាងថា លោកសង្កេតឃើញមានការអភិវឌ្ឍតិចតួច ៖ «យើងពិនិត្យមើលនៅជនបទ យើងឃើញថាមានគម្លាតឆ្ងាយ ហើយអ្នកដែលបានផលប្រយោជន៍មានតិច មានមួយក្ដាប់តូចទេ បានច្រើនលើសលុបទៅឧកញ៉ា មន្រ្តីខិលខូច មន្រ្តីពុករលួយ កើនមែន រីកចម្រើនមែន ទ្រព្យសម្បត្តិគាត់ ពីមួយឆ្នាំទៅមួយឆ្នាំ កើនលើសលុប ក្លាយទៅជាមហាសេដ្ឋី មានអ្នកខ្លះមានលុយរាប់រយលានដុល្លារដាក់ក្នុងធនាគារ ប៉ុន្តែប្រជាពលរដ្ឋភាគច្រើននៅមូលដ្ឋានមកដល់ពេលនេះគ្នារកមួយថ្ងៃបង្រ្គប់ញ៉ាំបានតែមួយថ្ងៃប៉ុណ្ណោះ»។
លោក ប៊ុណ្ណាត ជាប្រជាពលរដ្ឋនៅខេត្តកំពង់ធំ បានថ្លែងអំណរគុណចំពោះប្រទេសម្ចាស់ជំនួយដែលបានផ្ដល់ជំនួយដល់ប្រទេសកម្ពុជាដើម្បីធ្វើការអភិវឌ្ឍទៅតាមប្រទេសជិតខាង ហើយជាមួយគ្នានេះដែរ លោកក៏បានថ្លែងសរសើរចំពោះការដែលរដ្ឋាភិបាលទាក់ទាញជំនួយបរទេសបានច្រើន។
តែទន្ទឹមនឹងនេះ លោកបានថ្លែងរិះគន់ថា មានអំពើពុករលួយដែលបណ្ដាលឲ្យថវិកាមិនត្រូវបានប្រើប្រាស់ចំទិសដៅនិងដោយរលូនដើម្បីធ្វើឲ្យសង្គមជាតិឲ្យមានការអភិវឌ្ឍន៍ជឿនលឿនដូចបណ្ដាប្រទេសដទៃ។
លោក ប៊ុណ្ណាត ថ្លែងយ៉ាងដូច្នេះ ៖ «យើងចង់ជម្រាបសួរថា រដ្ឋសភាមិនអាចអនុម័តច្បាប់អំពើពុករលួយហ្នឹងចេញនៅក្នុងរយៈពេលខ្លីខាងមុខហ្នឹងបាន ឬមួយយ៉ាងណា? ដើម្បីឲ្យថវិកាជាតិយើងដើរផ្លូវត្រង់ល្អ សម្រាប់អភិវឌ្ឍប្រទេសជាតិយើង»។
ទាក់ទិននឹងច្បាប់ប្រឆាំងអំពើពុករលួយ លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា អ្វីៗអាស្រ័យលើឆន្ទៈរបស់រដ្ឋាភិបាលក្នុងការបង្កើតច្បាប់នេះ ៖ «ច្បាប់ប្រឆាំងអំពើពុករលួយសំខាន់ណាស់ សម្រាប់ទប់ស្កាត់កុំឲ្យលុយហូរចូលទៅក្នុងហោប៉ៅមន្រ្តីពុករលួយ ហើយនិងឈ្មួញខិលខូច អាហ្នឹងនិយាយពាក្យសាមញ្ញ។ តាមខ្ញុំដឹងគឺតំណាងរាស្រ្ដមួយចំនួនបានខិតខំប្រឹងប្រែងជំរុញសេចក្ដីព្រាងច្បាប់ ជាពិសេស គឺតំណាងរាស្រ្ដមកពីគណបក្សជំទាស់ គណបក្សសមរង្ស៊ីបានជំរុញឲ្យរដ្ឋាភិបាល ធ្វើសេចក្ដីព្រាងច្បាប់នេះឲ្យលឿន ហើយសេចក្ដីព្រាងច្បាប់នេះ មកទល់ពេលនេះ ១៣ឆ្នាំហើយ នៅតែស្ថិតនៅលើតុរបស់រដ្ឋាភិបាល របស់គណបក្សកាន់អំណាច គណបក្សប្រជាជនហ្នឹងដដែល»។
សូមរំឭកជូនថា ថ្មីៗនេះ រដ្ឋសភាបានអនុម័តតាមសំណើរបស់រដ្ឋាភិបាលនូវថវិកាជាតិសម្រាប់ការចំណាយក្នុងឆ្នាំ២០០៩ ដែលមានចំនួនជាទឹកប្រាក់ជិតពីរពាន់លានដុល្លារសហរដ្ឋអាមេរិក។
បើប្រៀបធៀបទៅនឹងថវិកាជាតិសម្រាប់ឆ្នាំ២០០៨កន្លងទៅ ឃើញថា មានការកើនឡើងរហូតដល់ទៅ ២៩%។
ជាមួយគ្នានេះដែរ កម្ពុជាទទួលបាននូវប្រាក់ជំនួយបរទេសចំនួន ៩៥១,៥លានដុល្លារសហរដ្ឋអាមេរិកសម្រាប់ឆ្នាំ២០០៩ ដែលចំនួននេះ បានធ្វើឲ្យសាធារណជននិងមន្ត្រីសង្គមស៊ីវិលផ្ដោតការយកចិត្តទុកដាក់៕
