អ្នកភូមិខ្លះបានប្រាប់វិទ្យុអាស៊ីសេរីថា ភូមិដំណាក់ធំ២គឺជាទីប្រជុំជនមួយដែលមានប្រជាពលរដ្ឋជាង៣០០គ្រួសាររស់នៅ ប៉ុន្តែមានស្ថានភាពដូចជាតំបន់ជនបទដាច់ស្រយាល។
ពួកគេបានសម្ដែងនូវក្តីអស់សង្ឃឹមថា មិនដឹងដល់ថ្ងៃណាទើបភូមិដំណាក់ធំ២មានភ័ព្វសំណាងមានផ្លូវថ្នល់ល្អនិងមានភ្លើងអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ដូចជាភូមិនានាឯទៀតក្នុងក្រុងភ្នំពេញនោះទេ ៖ «ខ្ញុំមិននិយាយដល់ផ្លូវធំទេ បញ្ហាហ្នឹងខ្ញុំនិយាយពីផ្លូវតូច ពីផ្លូវ៤៩សេសេចុះមក ពីផ្លូវវ៉េងស្រេងចុះមកនេះ។ គឺផ្លូវខ្ញុំហ្នឹងមានភាពលំបាក ឡានដឹកដីម៉្ងៃៗមិនដឹងរបស់ក្រុមហ៊ុនណាទេ ដឹកមកខូងរូង ភ្លៀងមករអិលដួលផងអីផង។ ជាពិសេសគឺថាផ្លូវ ផ្លូវចូលមកពីផ្លូវវ៉េងស្រេងហ្នឹងពិបាកណាស់រាល់ថ្ងៃហ្នឹងធ្វើដំណើរ ពេលភ្លៀងពេលអីហ្នឹងវាគ្រលុកខ្លាំង។ គ្មានសង្កាត់ណា ភូមិណា ចុះមកជួយថា ឥឡូវបដិភាគ៥០បូក៥០អី ចាក់បេតុងឲ្យអី គឺគ្មាន។ និយាយរួមឥឡូវចៅសង្កាត់ខ្ញុំហ្នឹងមិនដឹងមុខដូចម៉េចទៀត មិនស្គាល់មុខចៅសង្កាត់ហ្នឹងទៀត។ ប្រហែលជាអស់លោកហ្នឹងមិនស្គាល់ផ្លូវមកស្រុកខ្ញុំដូចម៉េចផង ខ្ញុំបឹងក្រពើ... អស់លោកហ្នឹងគាត់មិនដែលមកទេ...»។
អ្នកភូមិខ្លះទៀតបានឲ្យដឹងថា កង្វល់សម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងភូមិនេះមានច្រើនប្រការ ប៉ុន្តែរឿងផ្លូវគឺជាបញ្ហាចម្បង។ ក្រុមប្រជាពលរដ្ឋបានអះអាងទៀតថា អាជ្ញាធរសង្កាត់ប្រកាន់និន្នាការនយោបាយទើបមិនព្រមធ្វើផ្លូវ ព្រោះប្រជាពលរដ្ឋភាគច្រើនក្នុងភូមិនេះបានគាំទ្រគណបក្សប្រឆាំងក្នុងការបោះឆ្នោតទាំងពីរលើកនាពេលកន្លងទៅនេះ។
ទាក់ទងនឹងការចោទប្រកាន់នេះ ចៅសង្កាត់ស្ទឹងមានជ័យ លោក សេង សាញ់ បានបដិសេធដោយលោកបញ្ជាក់ថា អាជ្ញាធរសង្កាត់មានការងារជាច្រើនដែលត្រូវធ្វើ ពុំមានការរើសអើងនិន្នាការនយោបាយអ្វីឡើយ។
លោក សេង សាញ់ បានបញ្ជាក់ថា ៖ «គម្រោងមាន ក៏ប៉ុន្តែគ្រាន់ថា យើងសម្រេចអាយើងកំពុងតែធ្វើខ្សែមុនៗវាអត់ទាន់ចប់»៕