មូលហេតុ​សហព័ន្ធ​ខ្មែរ​ក្រោម​ព្យាយាម​ចូល​ក្នុង​ក្រុមប្រឹក្សា​នៃ​អ.ស.ប.

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ព្យាយាម​បញ្ចុះ​បញ្ចូល​ប្រទេស​មួយ​ចំនួន និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​ឲ្យ​ជួយ​ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​ចូល​ជា​សមាជិក​ក្នុង​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គមកិច្ច​នៃ​អង្គការ​សហប្រជាជាតិ (អ.ស.ប.) ប៉ុន្តែ​មិន​បាន​សម្រេច​ដូច​បំណង​ឡើយ។
ដោយ ហាស់ សាន
2012-07-30
Share

ការ​ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បរាជ័យ​នេះ គឺ​ដោយ​សារ​ប្រទេស​ជា​សមាជិក​ក្រុមប្រឹក្សា​នេះ ភាគ​ច្រើន​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៣ ដកក្កដា ឆ្នាំ​២០១២ គាំទ្រ​ជំហរ​រដ្ឋាភិបាល​សង្គម​និយម​វៀតណាម ដែល​ជំទាស់​នឹង​បេក្ខភាព​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សុំ​ចូល​ជា​សមាជិក​ក្រុមប្រឹក្សា​ជា​គណៈកម្មការ​មួយ ក្នុង​ចំណោម​គណៈកម្មការ​ទាំង ៦ របស់​អ.ស.ប.។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ទទួល​ការ​គាំទ្រ​ពី​ប្រទេស​ចំនួន ១៤ ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គមកិច្ច​អ.ស.ប. ហើយ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ រួម​នឹង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្រចាំ​តំបន់​ចំនួន ១២ ដែល​ស្នើ​សុំ​ចូល​ជា​សមាជិក​ពិគ្រោះ​ផ្ដល់​យោបល់​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​នៅ​បុរី​ញីវយ៉ក សំរាប់​ឆ្នាំ​២០១២។ សាធារណរដ្ឋ​សង្គម​និយម​វៀតណាម បាន​ទទួល​ការ​គាំទ្រ​ពី​ប្រទេស​ចំនួន ២៧ រី​ឯ​ប្រទេស​ចំនួន ១០ បាន​បោះ​ឆ្នោត​អនុប្បវាទ។

ឯកអគ្គរដ្ឋទូត​វៀតណាម ប្រចាំ​អ.ស.ប. លោក ឡេ ហ៊យទ្រុង (Le Hoai Trung) បាន​ហៅ​ការ​ព្យាយាម​រក​សេរីភាព និង​យុត្តិធម៌​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​សំរាប់​ជនជាតិ​ខ្មែរ​ថា មក​ពី​មាន​គំនិត​នយោបាយ ដែល​ជា​ការ​រំលោភ​ធ្ងន់ធ្ងរ​ដល់​តម្លៃ​ឯកភាព​ជាតិ​ដ៏​ជា​ទី​សក្ការៈ។

តំណាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​អៀរឡង់ (Ireland) បាន​ថ្លែង​ថា ជា​ការ​មិន​សមរម្យ​ទាល់​តែ​សោះ ដែល​ជំទាស់​មិន​ផ្ដល់​ការ​ទទួល​ស្គាល់​ដល់​អង្គការ​មួយ ដោយសារ​អង្គការ​នេះ​សំដែង​ទស្សនៈ​ផ្ទុយ​ពី​ជំហរ​រដ្ឋាភិបាល ដែល​មាន​វត្តមាន​ក្នុង​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គមកិច្ច​នោះ។

ប្រធាន​អង្គការ​ឈ្មោះ គណៈកម្មាធិការ​វៀតណាម​ផ្នែក​សិទ្ធិ​មនុស្ស (Vietnam Committee on Human Rights=VCHR) លោក វ៉ វ៉ាន់ អាយ (Vo Van Ai) បាន​ថ្លែង​គាំទ្រ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ថា ជា​ការ​អាម៉ាស់​បំផុត​ដែល​រដ្ឋ​ជា​សមាជិក​អ.ស.ប. បន្ទន់​តាម​សម្ពាធ​វៀតណាម ហើយ​ក្លាយ​ជា​អ្នក​ចូល​ដៃ​រារាំង​សំឡេង​ស្រប​ច្បាប់​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស។

ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​កិច្ច​សហ​ប្រជាជាតិ ជា​សាខា​ដ៏​សំខាន់​មួយ​នៃ​អង្គការ​សហប្រជាជាតិ ជា​គណៈកម្មការ​មួយ​ក្នុង​ចំណោម​គណៈកម្មការ​ទាំង ៦ នៃ​អង្គការ​ពិភពលោក​នោះ។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ព្យាយាម​ចូល​ជា​សមាជិក​ពិគ្រោះ​ផ្ដល់​យោបល់​ក្នុង​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គមកិច្ច​នោះ មក​ពី​ក្រុមប្រឹក្សា​នេះ​ទទួល​បន្ទុក​ចាត់ចែង​បែងចែក សម្រួល និង​ផ្ដល់​ជំនួយ​ដល់​សកម្មភាព​ផ្នែក​សេដ្ឋកិច្ច សង្គមកិច្ច មនុស្សធម៌ និង​វប្បធម៌​ក្នុង​សកលលោក ក្នុង​នាម​អង្គការ​សហប្រជាជាតិ។ ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គមកិច្ច បង្កើត​ចេញ​ពី​ធម្មនុញ្ញ​សហប្រជាជាតិ នៅ​ឆ្នាំ​១៩៤៥ ធ្វើ​វិសោធនកម្ម​ម្ដង​នៅ​ឆ្នាំ​១៩៦៥ ម្ដង​ទៀត​នៅ​ឆ្នាំ​១៩៧៤ មាន​ប្រទេស​សមាជិក​ពី ១៨ ដល់ ៥៤ នា​ពេល​បច្ចុប្បន្ន។

សមាជិកភាព​ក្នុង​ក្រុមប្រឹក្សា​នេះ បែងចែក​តិច ឬ​ច្រើន​ទៅ​តាម​តំបន់​ក្នុង​ពិភពលោក រួម​ទាំង​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​សហប្រជាជាតិ​ផង ពោល​គឺ​អាសនៈ​ចំនួន ១៤ ផ្ដល់​ឲ្យ​ទ្វីប​អាហ្វ្រិក ១១ ឲ្យ​ទ្វីប​អាស៊ី ៦ ឲ្យ​ទ្វីប​អឺរ៉ុប​ប៉ែក​ខាង​កើត ១០ ឲ្យ​ទ្វីប​អាមេរិកឡាទីន ឬ​អាមេរិក​ខាង​ត្បូង និង ១៣ ឲ្យ​អឺរ៉ុប​ខាង​លិច ព្រម​ទាំង​តំបន់​ផ្សេងៗ​ទៀត។

ក្រៅ​ពី​មាន​រដ្ឋ​ជា​សមាជិក មាត្រា ៧១ នៃ​ធម្មនុញ្ញ​សហប្រជាជាតិ បើក​ឱកាស​ដល់​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច និង​សង្គមកិច្ច អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល ពោល​គឺ​អង្គការ​ក្រៅ​រដ្ឋាភិបាល ចូល​រួម​ពិគ្រោះ​ផ្ដល់​យោបល់​ចំនួន ២.៥០០​អង្គការ ក្នុង​នាម​ជា​សមាជិក​មាន​សិទ្ធិ​ពិគ្រោះ​ផ្ដល់​យោបល់។សមាសភាព​សមាជិក​មាន​បី​សណ្ឋាន ឬ​ឋានៈ។ ឋានៈ​ពិគ្រោះ​ផ្ដល់​យោបល់​ទូទៅ ឋានៈ​ពិគ្រោះ​ផ្ដល់​យោបល់​ពិសេស និង​មាន​ឈ្មោះ​ចុះ​ក្នុង​បញ្ជី​មាន​អត្ថប្រយោជន៍ (roster)។ អង្គការ​ណា​ពុំ​បាន​ទទួល​ឋានៈ​ណា​មួយ​តាម​ការ​ស្នើ​សុំ អាច​មាន​ឈ្មោះ​ក្នុង​បញ្ជី​រាយ​នាម នៃ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គមកិច្ច ជា​អង្គការ​សម្រាប់​ផ្ដល់​យោបល់​ម្ដងម្កាល។

ដោយ​ឡែក​ពី​ថ្លែង​មិន​ទទួល​ស្គាល់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រោះ​ជា​អង្គការ​នៅ​ក្រៅ​ស្រុក លោក ថាច់ ង៉ុកថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ក្នុង​ពិភពលោក មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​សង្គម​និយម​វៀតណាម យក​មូលហេតុ​ថា ខ្មែរ​ក្រោម​ហៅ​ជនជាតិ​វៀតណាម​ថា "យួន" ដែល​ជា​ភាសា​សំដៅ​ប្រមាថ​មើល​ងាយ​ជាតិ​សាសន៍​របស់​គេ។

លោក ថាច់ ង៉ុកថាច់៖ «...ពាក្យ​ថា យួន ជា​ពាក្យ​ពី​ជី​ដូន​ជី​តា​មក​ម្ល៉េះ ហើយ​ជន​ជាតិ​ដទៃ​នៅ​ប្រទេស​វៀតណាម ដូច​ជា​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា ក៏​គេ​ហៅ​ថា យួន ដែរ»

រី​ឯ​ជនជាតិ​ចាម ដែល​មាន​ឫស​គល់​ពី​អតីត​អាណាចក្រ​ចម្ប៉ា ក៏​ហៅ​ជនជាតិ​វៀតណាម​សព្វ​ថ្ងៃ​ថា យួន ដូច្នោះ​ដែរ ហើយ​យោង​តាម​ឯកសារ​ស្រាវជ្រាវ ការ​ហៅ​នោះ​ក៏​មិន​សំដៅ​និយាយ​បញ្ឆិតបញ្ឆៀង​ក្នុង​ន័យ​ប្រមាថ​មើល​ងាយ​អ្វី​ឡើយ។

តាម​ពង្សាវតារ​សង្ខេប​នៃ​ទឹកដី​អតីត​ខេត្ត​ក្នុង​អាណាចក្រ​ចិន​ភាគ​ខាង​ត្បូង និង​អតីត​អាណាចក្រ​ចម្ប៉ា តាម​ដង​សមុទ្រ​ចិន​ខាង​ត្បូង ចុះ​ផ្សាយ​ក្នុងwikipedia អង់គ្លេស មុន​នឹង​បាន​ក្លាយ​ជា​ឈ្មោះ​ប្រទេស​វៀតណាម ដែនដី​របស់​ចិន​នោះ ដាក់​ឈ្មោះ​ថា ណាមវៀត មក​ទល់​ឆ្នាំ​១១១ មុន​គ.ស.។ ចាប់​ពី​សតវត្ស​ទី​៨ មក​ទល់​សតវត្ស​ទី​១៩ ទឹក​ដី​នោះ​ដូរ​ឈ្មោះ ១១​ដង គឺ​ពី "អណ្ណាម" ទៅ "ត្រាន់ណាម" រួច​ទៅ "អណ្ណាម" វិញ រួច "ទិញហាយគាន់" រួច "ដាយកូវៀត" រួច "ដាយវៀត" រួច "ដាយងូ" រួច "ជាវជី" រួច "ដាយវៀត" រួច "វៀតណាម" រួច "ដាយណាម"។ បារាំង​ដាក់​តំបន់​តុងកឹង អណ្ណាម និង​កូសាំងស៊ីន ក្រោម​អាណានិគម​ខ្លួន ហៅ​ថា ឥណ្ឌូចិន​បារាំងសែស ពី​ឆ្នាំ​១៨៨៧ ដល់​ឆ្នាំ​១៩៤៥។

លោក ថាច់ ង៉ុកថាច់ បញ្ជាក់​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​តែ​មាន​សង្ឃឹម ព្រោះ​ប្រទេស​ដែល​គាំទ្រ​សហព័ន្ធ​ខ្មែរ​ក្រោម​ជា​ប្រទេស​មហា​អំណាច ហើយ​ជា​ប្រទេស​សេរី ប្រកាន់​លទ្ធិប្រជាធិបតេយ្យ៖ «មហា​អំណាច​មាន​ស.រ.អា បារាំង និង អង់គ្លេស គេ​គាំទ្រ​សហព័ន្ធ។ រី​ឯ​ប្រទេស​កុម្មុយនិស្ត មាន រុស្ស៊ី ជាដើម គេ​គាំទ្រ​វៀតណាម ហើយ​នៅ​ថ្ងៃ​ចុង​ក្រោយ ចិន​គេ​ដូរ​គំនិត​ពី​គាំទ្រ​សហព័ន្ធ ទៅ​គាំទ្រ យួន វិញ។ មិន​មាន​អី​ចម្លែក​ទេ កុម្មុយនិស្ត គេ​គាំទ្រ​កុម្មុយនិស្ត​គ្នា​គេ​អ៊ីចឹង​ឯង»

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​បំណង​ចង់​បាន​សិទ្ធិ​ចូល​ពិគ្រោះ​ផ្តល់​យោបល់​នៅ​ក្នុង​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គមកិច្ច អ.ស.ប. ព្រោះ​ថា មាន​ប្រទេស​ជា​ច្រើន​ជា​សមាជិក​អ.ស.ប. រួម​នឹង​ក្រុមប្រឹក្សា​នេះ​ផ្ទាល់​ផង ផ្ដល់​ជំនួយ​ទាក់ទង​នឹង​វិស័យ​សេដ្ឋកិច្ច សង្គមកិច្ច មនុស្សធម៌ និង​វប្បធម៌​ដល់​ប្រទេស​វៀតណាម ប៉ុន្តែ​ខ្មែរ​ក្រោម​មិន​បាន​ទទួល​ផល​ដូច​ជនជាតិ​វៀតណាម។ ម្យ៉ាង​ទៀត​ខ្មែរ​ក្រោម​ដែល​ជា​ជន​ជាតិ​ដើម​លើ​ដែន​ដីសណ្ដ​កូសាំងស៊ីន ពុំ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ដូច​ជា​ជន​ជាតិ​វៀតណាម​នោះ​ឡើយ។ មួយ​វិញ​ទៀត ខ្មែរ​ក្រោម​បាន​ព្យាយាម​ទាមទារ​សិទ្ធិ​សេរីភាព​ក្នុង​នាម​ជា​ម្ចាស់​ទឹក​ដី យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ដូច​ជនជាតិ​វៀតណាម​ដែរ។

ប្រជាពលរដ្ឋ​ខ្មែរ​មួយ​រូប​មាន​ដើម​កំណើត​នៅ​ដែន​ដី​កម្ពុជា​ក្រោម ហើយ​បាន​ទៅ​រស់​នៅ​ស.រ.អា. បន្ទាប់​ពី​ចូល​បំរើ​កងទ័ព​វៀតណាម ចូល​វាយ​លុក​រំដោះ​កម្ពុជា​ពី​ក្រុម ប៉ុល ពត នៅ​ឆ្នាំ​១៩៧៩ គឺ​លោក នីវ ឡាំ អធិប្បាយ​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា រដ្ឋ​អំណាច​វៀតណាម មាន​គោលការណ៍​សំរាប់​ខ្មែរ​ក្រោម​ដែល​ពុំ​ឲ្យ​ឱកាស​ដូច​ជនជាតិ​វៀតណាម​ទេ ជា​ពិសេស​ក្នុង​វិស័យ​សិក្សា​អប់រំ។

លោក នីវ ឡាំ៖ «កុម្មុយនិស្ត​ហ្នឹង​តាំង​ពី​ដើម​មក គេ​មិន​ថា មិន​ឲ្យ​យើង​រៀន​ទេ គេ​ឲ្យ។ ប៉ុន្តែ​គេ​រក​គ្រប់​មធ្យោបាយ​ឲ្យ​យើង​ហ្នឹង​ឈប់​ឯង។ គេ​ឲ្យ​រៀន​ពី​ថ្នាក់​ទី​៦ ទី​៧ ទី​៨ ទី​៩ ទី​១០ អ៊ីចឹង ប៉ុន្តែ​ចូល​ថ្នាក់​ទី​៦ គេ​រក​មធ្យោបាយ​ហើយ។ ដូចជា​ថ្នាក់​ទី​៦​ហ្នឹង កូន​ខ្មែរ​ហ្នឹង​អាច​ធ្វើ​ជា​គ្រូ​បង្រៀន​បាន។ បើ​កូន​យួន ថា្នក់​ទី​១០ ១១ ១២ ទើប​ធ្វើ​គ្រូ​បង្រៀន​បាន។ កម្រិត​បង្រៀន បើ​កូន​យួន បង្រៀន​ថ្នាក់​ទី​៦ ៧ ៨ ហើយ​កូន​ខ្មែរ​បង្រៀន​ថ្នាក់​មតេយ្យ ថ្នាក់​ទី​៣ ទី​៤ អ៊ីចឹង​ទេ»

បើ​ជា​ទាហាន រដ្ឋ​អំណាច​វៀតណាម​ផ្ដល់​អាទិភាព​ដល់​ខ្មែរ​ក្រោម ហៅ​ថា អ៊ូទៀន ប៉ុន្តែ​ត្រូវ​ទៅ​រៀន​សាលា​នាយ​ទាហាន​ខុស​គ្នា គឺ​ខ្មែរ​ក្រោម​រៀន​នៅ​សាលា​ផ្សេង ជនជាតិ​វៀតណាម​រៀន​នៅ​សាលា​ផ្សេង៖ «...ខ្ញុំ​និយាយ​ពី​ទៅ​ទាហាន។ យើង​តែ​ថ្នាក់​ទី​៩ ទី​១០ ទៅ​ទាហាន ចេញ​មក​ពាក់​សក្ដិ​១ ភាសា​យួន គេ​ហៅ​ថា អ៊ូទៀន (អ៊ូទៀន= អាទិភាព) គេ​ឲ្យ​កូន​ខ្មែរ​បាន​ទៅ​ចូល​រៀន​សាលា​ទាហាន។ បើ​កូន​យួន ថ្នាក់​ទី​១២ បាន​ទៅ​ចូល​សាលា​ទាហាន​បាន ហើយ​ចេញ​មក​ពាក់​សក្ដិ​១ កូន​ខ្មែរ​គេ​ឲ្យ​ទៅ​រៀន​នៅ​សាលា​ឈ្មោះ ដុងដេ។ ដុងដេ​ហ្នឹង​មិន​អាច​ឡើង​ផ្កាយ​បាន​ទេ។ កូន​ខ្មែរ ៩៩% រៀន​នៅ​ដុងដេ​ហ្នឹង​ហើយ។ កូន​យួន រៀន​ថ្នាក់​ទី​១២ ទៅ​រៀន​នៅ​សាលា​ទាហាន​នៅ​ដាឡាក់ ចេញ​មក​ពាក់​សក្ដិ​១​ដូច​គ្នា​ដែរ ប៉ុន្តែ​អាច​ឈាន​ទៅ​ពាក់​ផ្កាយ​បាន។ កូន​ខ្មែរ​បាន​ត្រឹម​សក្ដិ​៥ អស់​ហើយ»

លោក​ថា បើ​ខ្មែរ​ក្រោម​ចង់​បន្ត​ការ​សិក្សា​វែង​ឆ្ងាយ កូន​អ្នក​ក្រ​ត្រូវ​ស្វែង​ឡើង​មក​រៀន​នៅ​ប្រទេស​កម្ពុជា រី​ឯ​កូន​អ្នក​ធូរធារ​អាច​បន្ត​រៀន​នៅ​មហាវិទ្យាល័យ​នៅ​ក្រុង​ព្រៃនគរ​បាន​ដោយ​របៀប​ខ្លួន​ទី​ពឹង​ខ្លួន ពោល​គឺ​គ្មាន​កម្មវិធី​ឧបត្ថម្ភ​ពី​រដ្ឋ ងាយ​ស្រួល​ដល់​និស្សិត​ខ្មែរ​អាច​ទទួល​បាន​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល