ការប្រកាសនេះបានធ្វើឡើងនៅក្នុងសន្និសីទអន្តរជាតិលើកដំបូងរយៈពេល ២ថ្ងៃ នៅក្នុងទីក្រុងភ្នំពេញ ក្រោមប្រធានបទ ឱកាសសម្រាប់កម្ពុជា ដែលមានអ្នកចូលរួមចំនួន ៣០០នាក់ មកពីក្រុមហ៊ុនឯកជន អ្នកជំនាញការរ៉ែ តំណាងទូតបរទេស តំណាងរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិនៅកម្ពុជា (UNDP) និងដៃគូអភិវឌ្ឍន៍នានានៅក្នុងប្រទេសកម្ពុជា ដើម្បីពិភាក្សាគ្នាអំពីវិធីសាស្ត្រក្នុងការធ្វើអាជីវកម្មរ៉ែដោយសុវត្ថិភាព និងត្រឹមត្រូវ តាមបទដ្ឋានច្បាប់នានា។
តំណាងរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិនៅកម្ពុជា (UNDP) បានព្រមានថា ការធ្វើអាជីវកម្មរ៉ែនេះ រដ្ឋាភិបាលកម្ពុជាគប្បីការពារមិនឲ្យមានផលប៉ះពាល់ដល់បរិស្ថាន និងការរស់នៅប្រជាពលរដ្ឋ ឲ្យមានតម្លាភាពលើថវិកាចំណូល។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងការបើកសន្និសីទនោះថា ៖ «រាជរដ្ឋាភិបាលជំរុញការវិនិយោគធនធានរ៉ែ ប្រេងកាត និងឧស្ម័ន តាមរយៈការសិក្សាស្រាវជ្រាវ ការវាយតម្លៃលើសក្ដានុពល និងឈានទៅធ្វើអាជីវកម្មរ៉ែ ប្រេងកាត និងឧស្ម័ន ដោយផ្សារភ្ជាប់ទៅនឹងការថែរក្សាបរិស្ថានធម្មជាតិ និងសង្គម។ គ្រប់គ្រង និងប្រើប្រាស់ចំណូល ដែលបានមកពីធនធានរ៉ែទាំងអស់ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីបម្រើគោលដៅសង្គមសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន»។
មន្ត្រីសម្របសម្រួលអង្គការ UNDP ក្នុងប្រទេសកម្ពុជា លោក ដូក្លាស ប្រតឌ័ររិក (Douglas Broderick) ដែលជាអ្នកជួយរៀបចំឲ្យមានសន្និសីទអន្តរជាតិនេះ បានមានប្រសាសន៍ថា ៖ «ព្រឹត្តិការណ៍ថៃ្ងនេះ គឺជាពេលវេលាល្អណាស់សម្រាប់ការបើកឲ្យមានការធ្វើអាជីវកម្មរ៉ែ។ ការសិក្សានានាបានបង្ហាញថា កម្ពុជាមានធនធានរ៉ែសម្រាប់ការអភិវឌ្ឍរីកចម្រើន។ ប៉ុន្តែយើងត្រូវតែអនុវត្តឲ្យមានការឈ្លាសវៃ តាមគោលការណ៍ច្បាប់នានាក្នុងការអភិវឌ្ឍកម្ពុជា ក្នុងវិស័យរ៉ែនេះ។ តាមរយៈសន្និសីទនេះ យើងសង្ឃឹមថា រដ្ឋាភិបាលបានរៀនសូត្របទពិសោធន៍នានាពីអ្នកជំនាញអន្តរជាតិ ដើម្បីធានាថា ប្រាក់ចំណូលគឺជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ពិតប្រាកដ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងសន្និសីទនោះ បានបញ្ជាឲ្យអាជ្ញាធរខេត្តនានាបិទ ឬបញ្ឈប់សកម្មភាពជីករករ៉ែអនាធិបតេយ្យនានានៅក្នុងខេត្តមួយចំនួន នៅពេលដែលរដ្ឋាភិបាលបានបើកឱកាសឲ្យមានការធ្វើអាជីវកម្មរ៉ែ។
កាលពីថ្ងៃអង្គារ ទី២៥ ខែឧសភាកន្លងទៅនេះ អគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែរបស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលកម្ពុជា លោក សុខ ឡេង ឲ្យដឹងថា ប្រភេទរ៉ែមួយចំនួនទៀតដែលអ្នកឯកទេសបានរកឃើញកន្លងមកនេះ គឺមានរ៉ែដែកនៅក្នុងខេត្តព្រះវិហារ ខេត្តកំពង់ធំ និងខេត្តសៀមរាប, រ៉ែស្ពាន់នៅក្នុងខេត្តព្រះវិហារ និងខេត្តសៀមរាប, រ៉ែស្ពាន់ និងរ៉ែមាស មាននៅក្នុងខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ភាគឦសានកម្ពុជា។
វិទ្យុអាស៊ីសេរីមិនទាន់មានការពន្យល់ជាពិស្ដារនៅឡើយទេ ពីមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលកម្ពុជា ជុំវិញកិច្ចសន្យាធ្វើអាជីវកម្មរវាងក្រុមហ៊ុន OZ របស់ប្រទេសអូស្ត្រាលី និងរដ្ឋាភិបាលកម្ពុជា នៅក្នុងការធ្វើអាជីវកម្មរ៉ែមាសនាពេលខាងមុខ។
លោក សុខ ទ្បេង អគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែរបស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលកម្ពុជា បានមានប្រសាសន៍កាលពីពេលថ្មីៗនេះ ថា បើសិនក្រុមហ៊ុនណារកឃើញរ៉ែនៅក្នុងប្រទេសកម្ពុជា ក្រសួងមានគោលការណ៍ផ្ដល់កិច្ចសន្យារយៈពេល ៣៥ឆ្នាំ ហើយអាចពន្យារពេលរយៈពេល ៥ឆ្នាំចំនួន ២ដងទៀត។
រហូតមកដល់ពេលនេះ មានក្រុមហ៊ុនឯកជនចំនួនសរុប ៦០ហើយដែលបានមកសិក្សារាវរករ៉ែក្នុងប្រទេសកម្ពុជា ក្នុងនោះមានក្រុមហ៊ុនមកពីប្រទេសចិន អូស្ត្រាលី និងវៀតណាម៕