ហ៊ុន ​សែន​​៖​ ដី​៤,៦​គីឡូម៉ែត្រ​ការ៉េ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​គឺ​ជា​ដី​ខ្មែរ

នាយក​រដ្ឋ​មន្រ្តី​ខ្មែរ លោក ហ៊ុន សែន បាន​អះអាង​ដោយ​ចំហ​ថា​ដី​ទំហំ​៤,៦​គីឡូម៉ែត្រ​ការ៉េ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​គឺ​ជា​ដី​របស់​ខ្មែរ​យ៉ាង​ពិត​ប្រាកដ ពុំ​មាន​នរណា​អាច​កាឡៃ​ឬ​កែប្រែ​បាន​ឡើយ។
ដោយ មណ្ឌលកែវ
2009-09-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទាហាន​ខ្មែរ​ដើរ​កាត់​ទី​កន្លែង​ដែល​ផ្សារ​ឆេះ​នៅ​មុខ​ប្រាសាទ​ព្រះវិហារ​ក្នុង​ខែត្រ​ព្រះវិហារ កាលពី​ថ្ងៃ​៤ មេសា ២០០៩។
ទាហាន​ខ្មែរ​ដើរ​កាត់​ទី​កន្លែង​ដែល​ផ្សារ​ឆេះ​នៅ​មុខ​ប្រាសាទ​ព្រះវិហារ​ក្នុង​ខែត្រ​ព្រះវិហារ កាលពី​ថ្ងៃ​៤ មេសា ២០០៩។
AFP Photo

លោក ហ៊ុន សែន បាន​អះអាង​យ៉ាង​ដូច្នេះ ក្នុង​ពិធី​បើក​សម្ពោធ​ឲ្យ​ប្រើប្រាស់ជា​ផ្លូវ​ការ​ទី​ស្នាក់ការ​ក្រសួង​ទេសចរណ៍ ដែល​មាន​ទីតាំង​ក្នុង​ខណ្ឌ​៧មករា រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី ២៨ កញ្ញា។

ថ្លែង​ក្នុង​ឱកាស​នេះ​ដែរ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ក៏​បាន​ព្រមាន​ក្រុម​បាតុករ​អាវ​លឿង​ថៃ ដែល​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ទាមទារ​យក​ដី​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​នោះ​ថា ៖ «ដោយសារ​អា​បី​នាក់​បួន​នាក់​ហ្នឹង​ហើយ បាន​ជា​កងទ័ព​សៀម​ឈ្លាន​ពាន​ចូល​មក​វត្ត​កែវសិខាគិរីស្វរៈ។ ចូល​មក ៣​នាក់ លោក​សង្ឃ​ម្នាក់ យាយ​ជី​ម្នាក់ អាចារ្យ​ម្នាក់។ ដល់​យើង​ចាប់​ធ្វើ​កំណត់​ហេតុ ឥឡូវ​យក​ហេតុផល​បញ្ជូន​ទ័ព​ចូល​បណ្ដោយ។ អ៊ីចឹង​ទេ​មិន​បាច់​ចាប់​ទេ កុំ​ឆ្ងល់ ដី​ខ្មែរ​ទេ​តើ! មក​ដោយ​ល្បិច​កល ហើយ​មក​នេះ​មិន​មែន​ត្រឹម​ទាមទារ​ដី​ទំនាស់ ៤,៦​(គីឡូម៉ែត្រ​ការ៉េ)​ទេ គឺ​យក​ប្រាសាទ ហើយ​រឿង​អី​បាន​មាន​អាហ្នឹង? ដោយសារ​នាយក​រដ្ឋ​មន្រ្តី​និយាយ​អ៊ីចឹង ព្រោះ​នាយក​រដ្ឋ​មន្រ្តី គំនិត​ដើម​របស់​គាត់ តាំង​ពី​គាត់​នៅ​ធ្វើ​មេ​បក្ស​ប្រឆាំង។ ឥឡូវ​លោក​ឯង​ត​គ្នា ត​នៅ​ហួរហ៊ិន  ក៏​ត ត​នៅ​វេទិកា​ណា​ក៏ត»

គួរ​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី ១៥ កញ្ញា កន្លង​ទៅ ក្រុម​បាតុករ​អាវ​លឿង​ថៃ គាំទ្រ​នាយក​រដ្ឋ​មន្រ្តី​ថៃ អាភិស៊ិត រាប់​ពាន់​នាក់ បាន​នាំ​គ្នា​ធ្វើ​ដំណើរ​មក​កាន់​ព្រំដែន​ថៃ ក្នុង​ខេត្ត​ស្រះកែវ ដែល​មាន​ព្រំដែន​ជាប់​នឹង​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ ដោយ​ទាមទារ​ឲ្យ​ប្រជាពលរដ្ឋ​និង​កងទ័ព​ខ្មែរ​ចាក​ចេញ​ពី​តំបន់​នេះ ដោយ​អះអាង​ថា ដី​ដែល​មាន​ទំហំ ៤,៦​គីឡូម៉ែត្រ​ការ៉េ​នៃ​តំបន់​នេះ ជា​កម្មសិទ្ធិ​របស់​ខ្លួន។

ជាមួយ​គ្នា​នេះ​ដែរ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ក៏​បាន​ព្រមាន​ចំពោះ​ភាគី​ថៃ អំពី​លទ្ធភាព​នៃ​ការ​ចរចា​នា​ពេល​ខាង​មុខ​នឹង​ទទួល​បរាជ័យ ប្រសិន​បើ​ពួក​គេ​នៅ​តែ​ប្រើប្រាស់​ផែនទី​ដែល​គូស​វាស​ជា​ឯកតោ​ភាគី​ក្នុង​ការ​ចរចា​ទៀត​នោះ។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ដូច្នេះ ៖ «ដី​ខ្មែរ​គឺ​ដី​ខ្មែរ ផែនទី​ដែល​អន្តរជាតិ​ទទួល​ស្គាល់ យើង​មិន​ទទួល​ស្គាល់​ផែនទី​ណា​ដែល​គូរ​ដោយ​ឯកតោ​ភាគី​របស់​ថៃ យក​មក​ចរចា គឺ​ហែក​គ្រវាត់​ចោល​ទាំង​អស់»

នាយក​រដ្ឋ​មន្រ្តី​ស្ដីទី​របស់​ថៃ កាល​ពី​ថ្ងៃ​ទី ២៤ ខែ​កញ្ញា កន្លង​ទៅ បាន​ថ្លែង​ថា ផ្លូវ​ចាស់​ប៉ែក​ខាង​ជើង​ដែល​មាន​ស្រាប់​សម្រាប់​ឡើង​ទៅ​កាន់​ប្រាសាទ​ព្រះវិហារ ជា​ផ្លូវ​រួម​រវាង​កម្ពុជា​និង​ថៃ។

មួយ​ថ្ងៃ​បន្ទាប់​ការ​ថ្លែង​នេះ អ្នក​នាំ​ពាក្យ​និង​ជា​រដ្ឋលេខាធិការ​ទី​ស្ដីការ​គណៈ​រដ្ឋ​មន្រ្តី​ខ្មែរ គឺ​លោក ផៃ ស៊ីផាន បាន​ប្រតិកម្ម​ទៅ​វិញ ដោយ​ចាត់​ទុក​ថា​ការ​ថ្លែង​ដែល​មិន​ផ្អែក​តាម​ប្រវត្តិសាស្រ្ដ និង​មូលដ្ឋាន​ច្បាប់​នៃ​ផែនទី​ដងរែក ដែល​កើត​ចេញ​ពី​អនុសញ្ញា​បារាំង-​សៀម ឆ្នាំ​១៩០៤ សន្ធិសញ្ញា​ឆ្នាំ ១៩០៧ និង​សាលដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ ឆ្នាំ​១៩៦២។

គួរ​បញ្ជាក់​ថា ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កម្ពុជា​និង​ថៃ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ បាន​ចាប់​ផ្ដើម​ឡើង​កាល​ពី​ថ្ងៃ​ទី ១៥ កក្កដា ឆ្នាំ ២០០៨ ក្រោយ​ពី​កម្ពុជា​បាន​ដាក់​ប្រាសាទ​ព្រះវិហារ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​មក​នោះ៕

ព័ត៌មាន (0)
Share

អត្ថបទ​ដែល​ទាក់ទង

គេហទំព័រ​ទាំងមូល