លោកនាយករដ្ឋមន្ត្រី បានសម្រក់ទឹកភ្នែកសម្ដែងការសោកស្ដាយចំពោះឧបទ្ទវហេតុដែលបណ្ដាលឲ្យប្រជាពលរដ្ឋរាប់រយនាក់បានស្លាប់ និងរងរបួសនៅកន្លែងសោកនាដកម្មស្ពានកោះពេជ្រ។
នៅពេលជាមួយគ្នានោះដែរ មន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងរដ្ឋាភិបាល ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា តំណាងថ្នាក់ដឹកនាំក្នុងមន្ទីរ ក្រសួង តំណាងខណ្ឌទាំង៨ ក្នុងរាជធានីភ្នំពេញ ក្រុមកាកបាទក្រហម ក្រុមកាយឬទ្ធិ ក៏បានទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធជនរងគ្រោះដែលបានស្លាប់ សូមឲ្យបានទៅដល់សុគតិភព។
លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ជាអនុប្រធានគណៈកម្មការដោះស្រាយឧបទ្ទវហេតុលើស្ពានកោះពេជ្រ និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងអំពើភេរវកម្ម បានមានប្រសាសន៍ប្រាប់អ្នកកាសែតក្នុងឱកាសនោះថា ហេតុការណ៍នេះជាការដាស់ស្មារតីដល់ប្រជាពលរដ្ឋឲ្យជួយគិតគូរដល់ស្ថានភាពការកកស្ទះ ដែលប្រឈមនឹងគ្រោះថ្នាក់ ហើយរដ្ឋាភិបាលក៏ចាត់ទុកជាការដាស់ស្មារតីមួយដែរដល់ការរៀបចំកម្មវិធីផ្សេងៗ ដោយលោកចាត់ទុកថា ការងារធំបំផុតគឺការងារអប់រំស្មារតី។
លោក ឱម យ៉ិនទៀង មានប្រសាសន៍បន្ថែមថា ៖ «ប៉ុន្តែធំបំផុតជាទិវាកាន់ទុក្ខជាតិធំមួយ នាយករដ្ឋមន្ត្រីក៏បានចូលរួមផ្ទាល់ ក៏ជាសញ្ញាមួយយើងសោកស្ដាយ ហើយយើងនឹងគិតថា យើងនឹងរួមគ្នាទូទាំងប្រទេសទប់ស្កាត់កុំឲ្យសោកនាដកម្មរបៀបនេះកើតមាននៅថ្ងៃមុខជាលើកទីពីរទៀត»។
តែលោកមិនទាន់អាចប្រាកដបានថា ទិវាកាន់ទុក្ខនេះ នឹងកើតមាននៅឆ្នាំក្រោយៗទៀត ឬយ៉ាងណានោះទេ។
ទាក់ទិននឹងសំណួរសួរថា តើស្ពានកោះពេជ្រក្រោយកើតមានសោកនាដកម្ម តើស្ពានកោះពេជ្រនៅតែបន្តបើកឲ្យដំណើរការទៀត ឬក៏យ៉ាងណានោះ?
លោក ឱម យ៉ិនទៀង បញ្ជាក់យ៉ាងដូច្នេះ ៖ «យើងគិតថា ការប្រើប្រាស់នៅតែមានបន្ត ប៉ុន្តែប្រជាពលរដ្ឋយើង សមត្ថកិច្ចយើង ព្រឹត្តិការណ៍នេះនឹងដាស់តឿនគេ ព្រោះកន្លែងនេះ មើលកាំជ្រួចក៏ស្រួលមើល មនុស្សមកដល់កន្លែងនេះហើយអត់ចង់ទៅមុខទៀតទេ ហើយស្ពានតូចប៉ុណ្ណឹង មនុស្សជិតមួយម៉ឺននាក់ឈរមើលវាហួសហេតុ»។
តំណាងរាស្ត្រគណបក្សប្រឆាំង សម រង្ស៊ី ជាច្រើនរូប ក៏បានចូលរួមក្នុងពិធីកាន់ទុក្ខនោះដែរ។
តំណាងរាស្រ្ត និងជាអ្នកនាំពាក្យគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ មានប្រសាសន៍ប្រាប់អ្នកកាសែតនៅក្រោយពេលគោរពវិញ្ញាណក្ខន្ធរួចថា លោកមានការសោកស្ដាយចំពោះការខ្វះខាតខាងសេវាសង្គ្រោះបន្ទាន់មិនបានទាន់ពេលវេលា ដែលរដ្ឋាភិបាលគួរតែរៀនសូត្រពីបទពិសោធន៍ដ៏ជូរចត់មួយនេះ ហើយរដ្ឋាភិបាលគួរតែបង្កើតគណៈកម្មការឯករាជ្យមួយស៊ើបអង្កេតរកកំហុសឆ្គងរបស់អ្នកទទួលខុសត្រូវ ដើម្បីរកយុត្តិធម៌ជូនដល់ជនរងគ្រោះ។
លោក យឹម សុវណ្ណ មានប្រសាសន៍ថា ៖ «មនុស្សស្លាប់រហូតជាង ៤០០នាក់ ជិត ៥០០នាក់ មិនអាចគ្មានអ្នកទទួលខុសត្រូវបានទេ ហើយអ្នកទទួលខុសត្រូវនោះ គឺជាអ្នករៀបចំបុណ្យជាតិ និងអ្នករៀបចំសង់ស្ពាននោះតែម្ដង។ យើងស្នើសុំឲ្យព្យួរការងារ តួនាទីមន្ត្រីពាក់ព័ន្ធទាំងអស់នោះសិន រង់ចាំគណៈកម្មការឯករាជ្យបង្កើតឡើងស៊ើបអង្កេតឲ្យបានត្រឹមត្រូវ»។
លោក ឱម យ៉ិនទៀង មានប្រសាសន៍ថា ការស៊ើបអង្កេតលើករណីខាងលើនេះបានបញ្ចប់ហើយ លទ្ធផលបណ្ដោះអាសន្នពុំឃើញមានសញ្ញាណនៃអំពើភេរវកម្មអ្វីទេ ក្រៅពីហេតុផលថា មានមនុស្សច្រើនលើសចំណុះនៅលើស្ពាននោះ បណ្ដាលឲ្យថប់ខ្យល់ដួលលើគ្នា។ លោកបន្តថា លទ្ធផលជាផ្លូវការ រដ្ឋាភិបាលនឹងប្រកាសជាផ្លូវការនៅពេលឆាប់ៗនេះ។
ក្រៅពីមន្ត្រីរដ្ឋាភិបាល ប្រជាពលរដ្ឋ និងគ្រួសារនៃសព ក៏បាននាំយកនូវចំណីអាហារ ផ្លែឈើ ធូប ទៀន ដើម្បីសែនព្រេននៅកន្លែងកើតហេតុ និងនៅតាមផ្ទះ តាមដងផ្លូវនានា ដើម្បីឧទ្ទិសកុសលឲ្យបានដល់អ្នកស្លាប់ និងសូត្រធម៌បួងសួងសូមឲ្យអ្នករស់នៅបានសេចក្ដីសុខ។
គ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ទង់ជាតិត្រូវបានគេបង្ហូតពាក់កណ្ដាលដង ជាការចូលរួមមរណទុក្ខដ៏សែនក្រៀមក្រំនេះ៕
