កិច្ចប្រជុំនេះ គេធ្វើឡើងក្នុងរយៈពេល ៣ឆ្នាំម្តង ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសជប៉ុន ជាមួយនឹងបណ្តាប្រទេសនៅតំបន់ទន្លេមេគង្គ មានដូចជា កម្ពុជា វៀតណាម ឡាវ ថៃ និងភូមា ឬមីយ៉ាន់ម៉ា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងនាយករដ្ឋមន្រ្តីប្រទេសជប៉ុន គឺលោក យូស៊ីហ៊ីកូ នូដា (Yoshihiko Noda) នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខារវាងរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង ជាមួយឯកអគ្គរាជទូតជប៉ុន នៅកម្ពុជា លោក ម៉ាសាហ្វូមី គូរូគី (Masafumi Kuroki) លើកិច្ចព្រមព្រៀងជំនួយរបស់ជប៉ុន ចំពោះកម្ពុជា ចំនួនជាង ១៨លានដុល្លារអាមេរិក ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័នផ្លូវថ្នល់ក្រោយពីទឹកជំនន់កម្ពុជា នៅឆ្នាំ២០១១ កន្លងទៅនេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងជួបចរចាទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក យូស៊ីហ៊ីកូ នូដា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១២ នៅមុនការចុះហត្ថលេខានោះ។
មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលដែលទៅចូលរួមក្នុងកិច្ចប្រជុំនោះដែរ មានដូចជា រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក ម៉ុក ម៉ារ៉េត រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ច័ន្ទ សារុន រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ និងរដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត សរុបជាង ១០នាក់។
រដ្ឋមន្រ្តីអមប្រតិភូនាយករដ្ឋមន្រ្តី លោក ស៊្រី ថាមរុង្គ បានមានប្រសាសន៍ប្រាប់អ្នកកាសែតនៅឯអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ថា ជំនួយរបស់ជប៉ុននោះ គឺជាជំនួយដ៏ចាំបាច់សម្រាប់ការកសាងឡើងវិញលើហេដ្ឋារចនាសម័ន្ធដែលបានខូចខាតកន្លងមក៖ «ជាជំនួយឥតសំណងហ្នឹង មានតំលៃប្រហែលជាង ១៨លាន (ដុល្លារអាមេរិក) ខ្ញុំមិនចាំតួលេខច្បាស់លាស់ ។ បន្ទាប់មកនៅពេលល្ងាចសម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Mitshu Oil Exploration ក្រុមហ៊ុនរុករកប្រេង ហើយក្រុមហ៊ុននេះកំពុងតែធ្វើប្រតិបត្តិការជាមួយនឹងដៃគូ Chevron របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់»។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច បានមានប្រសាសន៍ថា ប្រទេសជប៉ុន កំពុងតែផ្តោតការយកចិត្តទុកដាក់លើបញ្ហានៅតំបន់ទន្លេមេគង្គ នៅគ្រាដែលប្រទេសចិន និងឡាវ សាងសង់ទំនប់វារីអគ្គសនីបំផ្លាញបរិស្ថាន៖ «ជប៉ុនក៏ចង់បង្ហាញថា ទន្លេមេគង្គគឺជាអំណោយរបស់ធម្មជាតិ ហេតុអី្វបានជាមនុស្សបំផ្លាញ? អ្នកណាបំផ្លាញ? យើងដឹងហើយថា មនុស្សត្រូវការថាមពលបង្កើតទំនប់វារីអគ្គសនី តាំងពីចិន ឡាវ ភូមា និងឈានដល់កម្ពុជាទៀត»។
នៅឆ្នាំ២០០៩ កន្លងទៅនេះ ប្រទេសជប៉ុន បានប្រកាសសេចក្តីថ្លែងការណ៍មួយដែលដាក់ផែនការសកម្មភាពចំនួន ៦៣ចំណុច ប៉ុន្តែផែនការនេះចប់នៅឆ្នាំ២០១២ ដូច្នេះហើយកិច្ចប្រជុំកំពូលលើកទី៤ មេគង្គ-ជប៉ុន នៅពេលនេះ គឺជាការបន្តផែនការថ្មីផ្តោតលើ ៣ចំណុចដូចតទៅ៖ ទី១ ការជំរុញការតភ្ជាប់តំបន់មេគង្គ ទី២ ការអភិវឌ្ឍរួមគ្នា និងទី៣ ការធានាសន្តិសុខ មនុស្សជាតិ និងចេរភាពបរិស្ថាន។
កន្លងមកនេះ ប្រទេសកម្ពុជា បានទទួលជំនួយពីប្រទេសជប៉ុនយ៉ាងច្រើនពីកិច្ចសហប្រតិបត្តិការរវាងប្រទេសនៅតំបន់មេគង្គ និងប្រទេសជប៉ុននោះ។
ជំនួយទាំងនោះមានដូចជា ការស្តារផ្លូវជាតិលេខ៥ ការស្តារផ្លូវជាតិលេខ១ គំរោងសាងសង់ស្ពានអ្នកលឿង ការអភិវឌ្ឍកំពង់ផែខេត្តព្រះសីហនុ គំរោងទឹកស្អាតនៅខេត្តសៀមរាប និងគំរោងធារាសាស្ត្រខាងលិចបឹងទន្លេសាប និងគំរោងអភិវឌ្ឍន៍មួយចំនួនទៀត៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
