អាជ្ញាធរខណ្ឌសែនសុខរងការចោទថារើសអើងក្នុងការឃាត់រថយន្តតាក់ស៊ី
2013.02.16
ក្នុងប្រតិបត្តិការចាប់រថយន្តនោះ ក្រុមអ្នករត់តាក់ស៊ីបានចោទថា អាជ្ញាធរខណ្ឌឃាត់រថយន្តមិនឲ្យចរាចរនៅលើផ្លូវសហព័ន្ធរុស្សី នោះ មានការរើសអើង និងពុករលួយ។
រថយន្តកូរ៉េ ចំណុះ ១២កៅអី រត់តាក់ស៊ីជាង ១០គ្រឿង នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៣ ត្រូវអាជ្ញាធរខណ្ឌសែនសុខ ចាប់ឲ្យឈប់បើកបរ ខណៈរថយន្តខ្លះចតនៅមហាវិថីសហព័ន្ធរុស្សី ខ្លះបើកបរយឺតៗដើម្បីហៅម៉ូយនៅក្បែរគល់ស្ពានអាកាស ៧មករា។
លោក សែម សឿន អ្នករត់តាក់ស៊ី ពីភ្នំពេញទៅខេត្តកំពង់ស្ពឺ ថ្លែងថា អាជ្ញាធរខណ្ឌសែនសុខ ចាប់រថយន្តដែលគាត់កំពុងតែបើកបរហៅម៉ូយ លើមហាវិថីសហព័ន្ធរុស្សី។ គាត់មិនដឹងអាជ្ញាធរខណ្ឌនោះចាប់ឃាត់ឡានគាត់មិនឲ្យបើកបរតទៅទៀតមានកំហុសអីទេ៖ «បើករិកៗតាមផ្លូវពេទ្យលោកសង្ឃហ្នឹង ហើយគេកៀងចាប់យកមកដាក់ខណ្ឌ ហើយថាទុកប្រហែលជា ៣ខែ បានមកដោះស្រាយ»។
លោក ប៉ាត់ ប្រុស អ្នករត់តាក់ស៊ីដែរ ថ្លែងថា រថយន្តគាត់មានឆៀកត្រឹមត្រូវ មានលេខសម្គាល់រថយន្ត និងមានលិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្ម។ គាត់មិនបានចតរថយន្តលើផ្លូវសហព័ន្ធរុស្សី ទេ តែអាជ្ញាធរចាប់ឡានគាត់ដែលកំពុងបើកតិចៗ រង់ចាំភ្ញៀវឡើងជិះឡានគាត់៖ «ចាប់នោះវាអយុត្តិធម៌ត្រង់ឡានអ្នកស្គាល់អីចឹងទៅ លែងវិញ។ អ្នកណាស្គាល់ គេឲ្យលុយឲ្យកាក់ អីចឹងទៅលែងទៅ ហើយអ្នកណាដែលអត់មានខ្សែអីទៅ គេយកមកទុកចោលអីចឹងទៅ»។
លោក ជា ចាន់ថន អ្នកបើកតាក់ស៊ីភ្នំពេញ-ស្រែអំបិល ថ្លែងថា សកម្មភាពចាប់ឡានតាក់ស៊ី នោះ គឺអ្នកចាប់រើសអើង បើអ្នកបើកតាក់ស៊ី ស្គាល់គ្នាជាមួយសមត្ថកិច្ចនៅទីនោះ គេអត់ចាប់ឡានទេ គ្រាន់តែឲ្យលុយតិចតួច គេឲ្យបើកចេញទៅហើយ។ ចំណែករថយន្តគាត់ គេចាប់ហើយមិនដោះស្រាយភ្លាមទេ ដោយត្រូវឲ្យរង់ចាំ ៣ខែទៀត។ ការរង់ចាំ ៣ខែ ទើបដោះស្រាយនោះ ធ្វើឲ្យពួកគាត់បាត់ចំណូលប្រចាំថ្ងៃ និងគ្មានប្រាក់បង់ការឲ្យធនាគារ ដែលខ្ចីគេមកទិញឡាននេះរកស៊ី៖ «បាតុកម្មអីបានកើត បើមិនអីចឹងទេ ធ្វើម៉េចចេញ គេទុក ៣ខែមិនងាប់អស់ហើយ។កញ្ចក់អីស្អី មានគ្រប់គ្រាន់ទាំងអស់ ពែរមីអីមានទាំងអស់ហ្នឹង ហើយអត់មាននិយាយផាកពិន័យទេ គេដេញយើងទៅផ្ទះតែម្តង ឲ្យទុកឡាននៅហ្នឹង ចាំថ្ងៃណាគេត្រូវការ គេកោះអញ្ជើញហៅយើងមកវិញ ហើយបើផ្ទះនៅស្រែអំបិល កំពង់សោម មកភ្នំពេញ ងាយណា»។
លោក ស៊ិន សឿង អ្នកបើកតាក់ស៊ី ពីភ្នំពេញទៅខេត្តតាកែវ និងខេត្តកំពត ថ្លែងថា ការចាប់ឃាត់រថយន្តទុកក្នុងបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌសែនសុខ យូរថ្ងៃខែមិនដោះស្រាយ អាចមានការធ្វើបាតុកម្មដោយក្រុមអ្នករត់តាក់ស៊ី នៅពេលខាងមុខ ព្រោះអ្នករកស៊ីចង់បានប្រាក់ដោះស្រាយជីវភាពប្រចាំថ្ងៃ៖ «ហើយដល់អីចឹង គេចាប់ទៅ ខ្ញុំមិនដឹងធ្វើម៉េចទេ ហើយគេអត់ផាកអីទេ ខ្ញុំសុំអង្វរគេយ៉ាងម៉េចក៏គេអត់ព្រមដែរ»។
ពាក់ព័ន្ធបញ្ហានេះ មេបញ្ជាការអាវុធហត្ថខណ្ឌសែនសុខ លោក គិត សុផល ថ្លែងថា អាជ្ញាធរខណ្ឌជាអ្នកឃាត់រថយន្តតាក់ស៊ីទាំងនោះយកមកទុកនៅកន្លែងអាវុធហត្ថនេះ។ លោកថា កន្លងមកក្រុមអ្នករត់តាក់ស៊ីនេះ បានបង្កឲ្យខូចសណ្ដាប់ធ្នាប់ចាប់ពីស្ពានអាកាស ៧មករា ទៅដល់ទឹកថ្លា។ ការចត និងបើកតិចៗដើម្បីហៅម៉ូយឲ្យជិះឡានតាក់ស៊ីនោះ ធ្វើឲ្យចរាចរណ៍តាមដងមហាវិថីសហព័ន្ធរុស្ស៊ី កាន់តែចង្អៀត៖ «មានការណែនាំគាត់ច្រើនលើកច្រើនសារពាក់ព័ន្ធនឹងរឿងផ្លូវសហព័ន្ធហ្នឹង ណែនាំមិនឲ្យគាត់ដាក់ គាត់ចរាចរបាន ក៏ប៉ុន្តែគាត់អត់អាចឈប់យកមនុស្សតាមផ្លូវនេះបានទេ»។
ជារឿយៗអាជ្ញាធរក្រុងបានណែនាំរថយន្តតាក់ស៊ី មកពីតាមបណ្ដាខេត្តនានាឲ្យចូលចតក្នុងចំណតនៅតាមផ្សារនានា មានផ្សារដើមគរ ផ្សារថ្មី ជាដើម ចៀសវាងការចតគ្មានសណ្ដាប់ធ្នាប់តាមដងផ្លូវ ហើយរដ្ឋក៏បាត់ចំណូលដែរ។ ចំណែកក្រុមតាក់ស៊ី តាមដងផ្លូវសហព័ន្ធរុស្សី បានអះអាងថា ពួកគាត់មិនចូលចតបេនក្នុងផ្សារព្រោះត្រូវរង់ចាំតាមលេខរៀងចាប់ពី ៣ ទៅ ៤ថ្ងៃ ទម្រាំបានសិទ្ធិចូលចត។ ម្យ៉ាងទៀត មិនទាន់ដល់លេខរៀងចតផង គាត់ត្រូវបង់លុយឲ្យខាងចំណតផ្សាររាល់ថ្ងៃច្រើនម៉ឺនរៀលទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។