ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​ថៃ​កាន់តែ​តានតឹង

ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​ថៃ​មក​ទល់​នឹង​ពេល​នេះ​កាន់តែ​តានតឹង​ដោយ​ក្រុម​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល លោក សាម៉ាក់ ស៊ុនថរ៉ៈវេត នៅតែ​បន្ត​កាន់កាប់​វិមាន​រដ្ឋាភិបាល​និង​ស្ពាន​ម៉ាក់ខាវ៉ាន់រ៉ាំងសាន់ នៅ​ទល់​មុខ​អគារ​អង្គការ​សហប្រជាជាតិ កណ្តាល​ទីក្រុង​បាងកក​ត​ទៅ​ទៀត ។

0:00 / 0:00

កាលពី​ម្សិលមិញ​ក្រុម​ប៉ូលិស​ជាង​មួយ​ពាន់​នាក់​បាន​ប្រើ​ដំបង​និង​ខែល​គ្រប់​ដៃ ចែក​ជា​ច្រើន​ក្រុម ព្យាយាម​បំបែក​ក្រុម​អ្នក​តវ៉ា​នៅ​ច្រក​ទ្វារ​ទាំង​៧​នៃ​វិមាន​រដ្ឋាភិបាល ។

ការប៉ះទង្គិច​គ្នា​រវាង​អ្នក​តវ៉ា​នៃ​ក្រុម​សម្ព័ន្ធភាព​ប្រជាជន​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​និង​កម្លាំង​នគរបាល​លើក​នេះ​មាន​ការប្រើ​គ្រាប់បែក​ផ្សែង និង​គ្រាប់​កាំភ្លើង​កៅស៊ូ​ដោយ​កង​កម្លាំង​ប៉ូលិស បណ្តាល​ឲ្យ​មាន​បាតុករ​រង​របួស ។ អំពើ​ហិង្សា​នេះ​បាន​ធ្វើ​ឲ្យ​មាន​ក្រុម​សហជីព​នានា​សម្រេច​ចិត្ត​ចូលរួម​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល លោក សាម៉ាក់ លើក​នេះ​កាន់តែ​ច្រើន ។

សហជីព​កម្មករ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​របស់​ថៃ Thai International Airways បាន​អំពាវនាវ​ឲ្យ​សមាជិក​ដើរ​ចេញ​ពី​ការងារ​ដើម្បី​សម្តែង​សាមគ្គីភាព​ជាមួយ​សម្ព័ន្ធភាព​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ ។ក្រៅពី​នេះ​សហជីព​កម្មករ​រទេះ​ភ្លើង កម្មករ​រោងចក្រ​អគិ្គសនី កម្មករ​រោង​ចក្រ​ទឹកស្អាត ក៏​បាន​ប្រកាស​ចូលរួម​បាតុកម្ម​ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រី សាម៉ាក់ ស៊ុនថរ៉ៈវេត នេះ​ដែរ ។

លោក​នាយក​រដ្ឋមន្រ្តី​ថៃ​ដែល​ក៏​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ផង​នោះ បាន​ប្រកាស​ជំហរ​រឹងត្អឹង​មិន​ព្រម​ចុះចាញ់ ។

លោក​មាន​ប្រសាសន៍​ថា ៖ "..ខ្ញុំ​មិន​ថយ​ជា​ដាច់ខាត ពួក​បរទេស​គេ​កំពុង​ចាំមើល​ថា​តើ​ស្រុក​ថៃ​នឹង​ទៅ​ជា​យ៉ាងណា ? នឹង​ក្រឡាប់​ចក្រ​យ៉ាង​ណា ? ស្អប់ខ្ពើម​គ្នា​យ៉ាងណា ? តែ​ត្រូវ​ធ្វើ​តាម​ច្បាប់ ត្រូវ​យក​ខ្ញុំ​ចេញ​តាម​ច្បាប់... មក​ធ្វើ​របៀប​នេះ​មិន​បាន​ទេ ខ្មាស​គេ​ឯង ​ខ្មាស​ពិភពលោក..." ។

ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ក៏​មាន​ដំណឹង​ថា លោក​នាយក​រដ្ឋមន្ត្រី​ថៃ​បាន​ស្នើ​ឲ្យ​ប្រកាស​ភាព​អាសន្ន ក៏ប៉ុន្តែ​ខាង​លោក​ឧត្តមសេនីយ៍ អានុផុង ផៅជិនដា មេ​បញ្ជការ​ទាហាន​ជើង​គោក​ដែល​មាន​ឥទ្ធិពល​យោធា​ច្រើន​ជាង​គេ​បាន​ថ្លែង​ជំទាស់ ។

បន្ទាប់ពី​ជួប​ជាមួយ​លោក សាម៉ាក់ លោក​ឧត្តមសេនីយ៍ អានុផុង ក៏​បាន​ប្រាប់​អ្នក​កាសែត​ថា លោក​គ្មាន​ផែនការ​ធ្វើ​រដ្ឋប្រហារ​ឡើយ ដោយ​សំអាង​ថា​រដ្ឋប្រហារ​មិនមែន​ជា​ដំណោះស្រាយ​ល្អ​សម្រាប់​ស្ថានការណ៍​បច្ចុប្បន្ន​នេះ​ទេ ។

ប្រភព​ព័ត៌មាន​ពី​បាងកក​ក៏​បាន​ឲ្យ​ដឹង​ផងដែរ​ថា មេ​ដឹកនាំ​គណបក្ស​ដៃគូ​ក្នុង​រដ្ឋាភិបាល​ចម្រុះ ដូច​ជា​លោក បាន់ហាន ស៊ិល្ប៉ៈអាឆា នៃ​គណបក្ស​ឆាតថៃ​ជាដើម​នោះ បាន​ស្នើ​ឲ្យ​លោក សាម៉ាក់ ចុះ​ចេញ​ពី​តំណែង​ដោយ​មិន​ចាំបាច់​រំលាយ​រដ្ឋ​សភា ក៏ប៉ុន្តែ​ក្រោយ​មាន​ការបញ្ចេញ​មតិ​ក្នុង​ទី​ប្រជុំ​សម្ងាត់​កាលពី​ម្សិលមិញ​នោះ​មក គូកន​ក្នុង​រដ្ឋាភិបាល​ក៏​បាន​ប្តេជ្ញា​ថា​នឹង​បន្ត​គាំទ្រ​លោក​ត​ទៅ​ទៀត ។

នៅ​ថ្ងៃ​សៅរ៍​នេះ​ព្រលាន​យន្តហោះ​នៅ​ភាគ​ខាង​ត្បូង​របស់​ប្រទេស​ថៃ មាន​ភូកិត ក្រាប៊ី ហាតយ៉ៃ ជាដើម​នោះ បាន​ត្រូវ​ក្រុម​បាតុករ​បិទ​ទ្វារ រីឯ​ផ្លូវ​រទេះ​ភ្លើង​នៅ​ទូទាំង​ប្រទេស​ក៏​នាំ​គ្នា​បិទ​ជា​បណ្តើរៗ​ហើយ​ដែរ ៕