ឯកអគ្គរដ្ឋទូតនៃប្រទេសមហាអំណាចទាំង៥ ដែលត្រូវបានកោះមកជួបប្រជុំនោះមានដូចជា តំណាងទូតចក្រភពអង់គ្លេស បារាំង រុស្ស៊ី ចិន និងភារធារី នៃស្ថានទូតសហរដ្ឋអាមេរិក។
ក្នុងជំនួបនេះ លោក ហោ ណាំហុង បានប្រគល់ឯកសារជាផ្លូវការជូនឯកអគ្គរដ្ឋទូត នៃប្រទេសមហាអំណាចទាំង៥ ដើម្បីសុំឲ្យប្រទេសទាំងនោះ បញ្ជាក់ជាផ្លូវការនូវជំហរ ស្ដីពីការមិនរីកសាយអាវុធនុយក្លេអ៊ែរ (Nuclear) នៅតំបន់អាស៊ាន ដែលមានរដ្ឋជាសមាជិកចំនួន១០។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាននៅឆ្នាំ២០១២ នេះ ចង់ឃើញប្រទេសមហាអំណាចទាំង៥ នោះចុះហត្ថលេខាលើឯកសារជាផ្លូវការ ឲ្យបានឆាប់តាមតែអាចធ្វើទៅបាននៅឆ្នាំនេះ។ ប្រទេសមហាអំណាចទាំង ៥ នោះ គឺជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យនៃក្រសួងការបរទេសកម្ពុជា លោក កុយ គួង មានប្រសាសន៍ ប្រាប់អ្នកកាសែតនៅក្រោយពីជំនួបនោះថា ឯកសារជាផ្លូវការនោះ គឺមានសំណួរសំខាន់ចំនួន ៣។
លោក កុយ គួង៖ «យើងសុំឲ្យមានការឆ្លើយបំភ្លឺឲ្យបានឆាប់ ដើម្បីអាចចុះហត្ថលេខាលើពិធីសារ នៃសន្ធិសញ្ញាស្ដីពីតំបន់គ្មានអាវុធនុយក្លេអ៊ែរ នៅតំបន់អាស៊ីអាគ្នេយ៍នេះឲ្យបានឆាប់ ដើម្បីអាចចុះហត្ថលេខាពិធីសារនេះនៅក្នុងឆ្នាំ២០១២ ក្នុងខណៈដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។ ពីព្រោះការចុះហត្ថលេខាលើពិធីសារនៃសន្ធិសញ្ញានេះ គឺរួមចំណែកដល់ការពង្រឹងតំបន់អាស៊ីអាគ្នេយ៍យើងនេះ ឲ្យជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ។ ហើយទី២ ជាការពង្រឹងដល់សន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរផងដែរ»។
ឯកអគ្គរដ្ឋទូតនៃប្រទេសមហាអំណាចទាំង៥ នោះមិនបានសន្យាអ្វីភ្លាមៗ ទេ ប៉ុន្តែគេ និងបញ្ជូនឯកសារនេះ ទៅមេដឹកនាំរបស់គេរៀងៗខ្លួន ដើម្បីសម្រេច។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា បើសិនណាប្រទេសមហាអំណាចទាំង៥ ឯកភាពចុះហត្ថលេខាលើឯកសារជាផ្លូវការរបស់អាស៊ាននោះ អាស៊ាន និងមានសំឡេងខ្លាំងមួយ ដើម្បីសុំឲ្យប្រទេសកូរ៉េខាងជើង បោះបង់ចោលកម្មវិធីផលិតអាវុធនុយក្លេអ៊ែរ។
បណ្ឌិត ឡៅ ម៉ុងហៃ៖ «ថាតើដឹកសព្វាវុធឆ្លងកាត់ តើត្រូវការអនុញ្ញាត ឬក៏ត្រូវការរវាងតំបន់អាស៊ានទាំងមូលបាទ»។
កាលពីឆ្នាំ១៩៩៥ កន្លងទៅ អាស៊ានបានចុះហត្ថលេខាលើសន្ធិសញ្ញាមិនរីកសាយ អាវុធនុយក្លេអ៊ែររួចហើយ។ សន្ធិសញ្ញានេះបានចូលជាធរមានកាលពីឆ្នាំ១៩៩៧។
តំណាងប្រទេសមហាអំណាចទាំង៥ ធ្លាប់បានឯកភាពជាគោលការណ៍លើពិធីសាររបស់អាស៊ាន ដែលហាមមិនឲ្យរីកសាយអាវុធនុយក្លេអ៊ែរ។
ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន កម្ពុជាចង់ឲ្យមានការបញ្ជាក់ និងចុះហត្ថលេខាលើឯកសារជាផ្លូវការ ពីប្រទេសមហាអំណាចទាំង៥ ចំពោះអ្វីដែលបានឯកភាព ជាគោលការណ៍កន្លងមករួចហើយនោះ។
ប្រទេសកូរ៉េខាងជើង ដែលកំពុងតែមានមហិច្ឆតាផលិតអាវុធនុយក្លេអ៊ែរនោះ បានរងការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច និងទណ្ឌកម្មផ្សេងៗ ទៀតពីសហភាពអឺរ៉ុប អង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក ឲ្យបោះបង់ចោលកម្មវិធីផលិតអាវុធនុយក្លេអ៊ែរ។
ដោយឡែកក្រសួងការបរទេសនៃប្រទេសភូមា ឬមីយ៉ានម៉ា ដែលជារដ្ឋជាសមាជិកអាស៊ាន បានបដិសេធនៅឆ្នាំ២០១០ កន្លងទៅនេះ ចំពោះសេចក្ដីរាយការណ៍របស់ទូរទស្សន៍អារ៉ាប់ ឈ្មោះ អាល់ហ្សាហ្ស៊ីរ៉ា (Aljazeera) ដែលបានផ្សាយចោទប្រកាន់ថា ប្រទេសភូមា ឬមីយ៉ានម៉ា សហការជាមួយប្រទេសកូរ៉េខាងជើង ដើម្បីព្យាយាមអនុវត្តន៍កម្មវិធីផលិតអាវុធនុយក្លេអ៊ែរនេះ៕
