សង្គម​ស៊ីវិល​តវ៉ា​ជំទាស់​ទៅ​នឹង​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​សមាគម

តំណាង​សហគមន៍ ​ប្រជាពលរដ្ឋ និង​សកម្មជន​សិទ្ធិ​មនុស្ស​មក​ពី ២៤​ខេត្ត ក្រុង និង​រាជធានី ទូទាំង​ប្រទេស​កម្ពុជា បាន​ជំទាស់​ទៅ​នឹង​ខ្លឹមសារ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។

0:00 / 0:00

មនុស្ស​ប្រមាណ ២០០​នាក់ ជា​តំណាង​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល បាន​ជួប​ជុំ​គ្នា​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១១ នៅ​មុខ​វិមាន​រដ្ឋ​សភា លើក​បដា​អម​ដោយ​ញត្តិ​មាន​ផ្ដិត​ស្នាម​មេដៃ​ជាង ១​ម៉ឺន​នាក់ ប្រឆាំង​នឹង​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។

លោក ហេង សំអូន ជា​អគ្គលេខាធិការ​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​បាន​ចូល​រួម​លើក​បដា​តវ៉ា​នៅ​​ពី​មុខ​រដ្ឋ​សភា។ លោក​បាន​ឲ្យ​ដឹង​ថា មូលហេតុ​តំណាង​សហគមន៍ និង​សកម្មជន​សិទ្ធិ​មនុស្ស​ជួប​ជុំ​គ្នា​លើក​បដា​ពេល​នេះ គឺ​មិន​ចង់​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ច្បាប់​គ្រប់គ្រង​សមាគម និង​អង្គការ​ចេញ​ជា​រូបរាង​នោះ​ទេ។

លោក ហេង សំអូន ឲ្យ​ដឹង​បន្ថែម​ដូច្នេះ៖ «ញត្តិ​នេះ​គឺ​មាន​មេដៃ​ជាង ១​ម៉ឺន​នាក់ ហើយ​យើង​ដាក់​នៅ​លើ​ក្រមា​នេះ ដោយសារ​តែ​ក្រុម​សហគមន៍​យើង យើង​បាន​អនុម័ត​គ្នា​យក​ក្រមា​ពណ៌​ខៀវ​នេះ​តំណាង​ឲ្យ​អ្នក​ការពារ​សិទ្ធិ​មនុស្ស។ ថ្ងៃ​នេះ​យើង​មាន​ក្រមា​ប្រមាណ ២៣០​ម៉ែត្រ ត​ភ្ជាប់​គ្នា​គ្រប់ ២៤​ខេត្ត ក្រុង និង​រាជធានី។ យើង​ស្នើ​ទៅ​រាជរដ្ឋាភិបាល​សូម​ឲ្យ​បញ្ឈប់​ការ​ប៉ុនប៉ង​ចេញ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ច្បាប់​ស្ដីពី​សហជីព ច្បាប់​ស្ដីពី​សហករណ៍​កសិកម្ម ដែល​ច្បាប់​នេះ គឺ​យើង​មើល​ពង្រាង​ទៅ​វា​រឹតត្បិត​សេរីភាព​ប្រជាពលរដ្ឋ»

ចំណែក​ព្រះភិក្ខុ លួន សាវ៉ាត ដែល​បាន​និមន្ត​មក​ដល់​មុខ​វិមាន​រដ្ឋ​សភា ព្រះអង្គ​ក៏​បាន​បង្ហាញ​ព្រះទ័យ​មិន​ចង់​ឲ្យ​សេចក្ដី​​​​ព្រាង​ច្បាប់​​​​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចេញ​ជា​រូបរាង​ដែរ ព្រោះ​ព្រះអង្គ​យល់​ថា ច្បាប់​នេះ​បង្កើត​ឡើង​ដើម្បី​ត្រួតត្រា​សកម្មភាព​សង្គម​ស៊ីវិល​ជា​ជាង​លើក​ស្ទួយ​សកម្មភាព​របស់​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ទៅ​វិញ។

ព្រះភិក្ខុ លួន សាវ៉ាត មាន​ថេរដីកា​ដូច្នេះ៖ «យើង​មិន​អាច​ទទួល​យក​បាន ដែល​ចែង​ថា នៅ​តំបន់​ណា​ធ្វើ​សកម្មភាព​តំបន់​នោះ គឺ​យើង​មិន​ទទួល​យក​ទេ ហើយ​ក៏​មិន​មែន​ជា​ច្បាប់​ទេ ហើយ​ខុស​នឹង​ច្បាប់​ធម្មជាតិ​ទៅ​ទៀត។ យើង​ឃើញ​ថា រឹត​បន្តឹង​ទៅ​លើ​សិទ្ធិ​ចូល​រួម សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ការ​រួម​ប្រជុំ ក៏​ច្បាប់​ហ្នឹង​បាន​រឹត​បន្តឹង​ដោយ​ឲ្យ​ចុះ​បញ្ជី​ផ្សេងៗ»

ពិធី​ជួប​ជុំ​របស់​តំណាង​សហគមន៍ និង​សកម្មជន​សិទ្ធិ​មនុស្ស​នេះ មាន​បង្ហាញ​ស្នាម​មេដៃ​តវ៉ា​ចំនួន​ជាង ១៦.០០០​ស្នាម​មេដៃ ដោយ​បិទ​ជាប់​នឹង​ក្រមា​ពណ៌​ខៀវ​ត​ភ្ជាប់​គ្នា មាន​ប្រវែង​ជាង ២០០​ម៉ែត្រ។

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១១ មាន​ការ​ជួប​ពិភាក្សា​មួយ​រវាង​តំណាង​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ដើម្បី​កែ​សម្រួល​ខ្លឹមសារ​មួយ​ចំនួន​ដែល​មាន​ចែង​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។ ប៉ុន្តែ​កិច្ច​ប្រជុំ​នោះ​ត្រូវ​បាន​មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​មិន​បាន​លទ្ធផល​អ្វី​នោះ​ទេ ព្រោះ​មន្ត្រី​ក្រសួង​មហាផ្ទៃ មិន​បាន​ឆ្លើយ​តប​ចំពោះ​ការ​ស្នើ​ពន្យារ​ពេល និង​កែ​សម្រួល​មាត្រា​មួយ​ចំនួន​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​នេះ​ទេ។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា លោក ស ម៉ូរ៉ា ដែល​បាន​នាំ​យក​ញត្តិ​ទៅ​មន្ត្រី​នៅ​ក្នុង​រដ្ឋ​សភា​បាន​ឲ្យ​ដឹង​ថា លោក ផាត់ សុផាន់ណា ជំនួយ​ការ​គណៈកម្មការ​ទី​១​នៃ​រដ្ឋ​សភា បាន​ទទួល​យក​ញត្តិ ប៉ុន្តែ​លោក​មិន​បាន​សន្យា​ថា នឹង​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​ទេ។

ទាក់ទង​បញ្ហា​នេះ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ឲ្យ​ដឹង​នៅ​ក្នុង​វេទិកា​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​លើក​ទី​៤ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ដោយ​បាន​ចាត់​ទុក​សេចក្ដី​ព្រាង​​ច្បាប់​នេះ​ថា បាន​ចូល​រួម​តាក់តែង​ដោយ​មាន​មន្ត្រី​ជំនាញ​ច្បាប់​នៃ​ការិយាល័យ​ឧត្ដម​​​ស្នងការ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា និង​មន្ត្រី​ជំនាញ​ផ្នែក​ច្បាប់​អន្តរជាតិ​ជា​ច្រើន​​​ចូល​រូប​តាក់តែង​ឡើង។

តាម​លោក ស ខេង សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ក្រសួង​មហាផ្ទៃ ដាក់​ឲ្យ​ពិភាក្សា​កាល​​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ គឺ​ជា​សេចក្ដី​ព្រាង​ចុង​ក្រោយ។

សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​អង្គការ ឬ​សមាគម​នេះ បាន​តាក់តែង​ឡើង​កាល​ពី​ឆ្នាំ​១៩៩៥។ ច្បាប់​នេះ​ដំបូង​ឡើយ​មាន ៥៨​មាត្រា និង ១១​ជំពូក ប៉ុន្តែ​ក្រោយ​ឆ្លង​កាត់​កិច្ច​ពិភាក្សា​ចំនួន ៥​ដង​មក ច្បាប់​នេះ​នៅ​សល់​ចំនួន ៣៤​មាត្រា និង ៩​ជំពូក​វិញ៕