តួនាទី​របស់​រដ្ឋាភិបាល​ក្នុង​ការ​បម្រើ​សេវា​សុខភាព​សាធារណៈ

ប្រជាពលរដ្ឋ​គ្រប់​រួប​មាន​សិទ្ធិ​ទទួល​បាន​សេវា​ព្យាបាល​នៅ​មន្ទីរ​រដ្ឋ​ដូច​គ្នា មិន​ថា​អ្នក​មាន ឬ​អ្នក​ក្រីក្រ​នោះ​ឡើយ ប៉ុន្តែ​បញ្ហា​នេះ​ត្រូវ​បាន​ក្រុម​អ្នក​ឃ្លាំ​មើល​សង្គម​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ក្រីក្រ​មាន​ការ​លំបាក​នៅ​ពេល​ទៅ​រក​សេវា​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ​នោះ។

0:00 / 0:00

ក្រុម​អ្នក​ឃ្លាំ​មើល​សង្គម​បាន​លើក​ឡើង​ថា ការ​ទៅ​រក​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​សាធារណៈ​នោះ ជា​បន្ទុក​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​ក្នុង​កា​កែប្រែ​ឲ្យ​ស្ថាប័ន​សុខាភិបាល​បំរើ​សេវាកម្ម​ល្អ​ជូន​ប្រជាពលរដ្ឋ និង​មិន​ត្រូវ​ឲ្យ​បង់​ថ្លៃ​ព្យាបាល​ជំងឺ​ច្រើន ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ។

អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា វិស័យ​សុខាភិបាល​នៅ​កម្ពុជា មាន​គុណភាព។ មាន​ន័យ​ថា បច្ចុប្បន្ន​នេះ​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​រដ្ឋ​មួយ​ចំនួន​មាន​សមត្ថភាព​ក្នុង​ការ​ព្យាបាល​ជំងឺ ប៉ុន្តែ​ក្រុម​មន្ត្រី​ធំៗ និង​ក្រុម​អ្នក​មាន ចេញ​ទៅ​ព្យាបាល​ជំងឺ​នៅ​បរទេស ដូច្នេះ​ហើយ​បាន​ជា​មន្ត្រី​រដ្ឋាភិបាល​ទាំង​នោះ​មិន​ដឹង​អំពី​សុខទុក្ខ​ស្ថានភាព​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​យ៉ាង​ដូចម្ដេច​នោះ។

លោក​បញ្ជាក់​ថា បញ្ហា​ទាំង​នេះ​ក៏​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​វិស័យ​សុខាភិបាល​មិន​មាន​ការ​កែប្រែ​ដែរ ពី​ព្រោះ​​ថា វិស័យ​សុខាភិបាល​រដ្ឋ​រង​ការ​រិះគន់​ជា​ច្រើន​ពី​សាធារណជន៖ «អ្នក​ធំ អ្នក​មាន​ធ្វើ​ដូច្នេះ​វា​ជា​គំរូ​មិន​ល្អ ហើយ​យើង​ព្រួយ​បារម្ភ​ណាស់ ខ្លាច​ប្រជាពលរដ្ឋ​ខ្មែរ​ក្លាយ​ទៅ​ជា​ទម្លាប់។ យើង​ខាត​បង់​ថវិកា​ច្រើន​ណាស់​មិន​គិត​ថា ថ្លៃ​សេវា​ព្យាបាល​នោះ​ទេ រួម​ទាំង​ថ្លៃ​ធ្វើ​ដំណើរ ដូច្នេះ​ថ្នាក់​ដឹក​នាំ​ធំៗ​គួរ​តែ​ពិចារណា​ឲ្យ​តំលៃ​មក​លើ​សុខាភិបាល​នៅ​ស្រុក​ខ្មែរ បើ​សិន​ជា​មន្ត្រី​ធំៗ​មក​ទទួល​សេវា​ព្យាបាល​នៅ​ស្រុក​ខ្មែរ​យើង​អាច​ជួយ​កែ​ទម្រង់​ប្រព័ន្ធ​សុខាភិបាល និង​អាច​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​យើង​ដែរ»

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ ក្រុម​អ្នក​ឃ្លាំមើល​ស្ថានការណ៍​សង្គម​បាន​សង្កត់​ធ្ងន់​ថា វិស័យ​សុខាភិបាល​នៅ​កម្ពុជា នៅ​មាន​បញ្ហា​ជា​ច្រើន ជា​ពិសេស​ការ​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​កត្តា​ទាំង​នេះ​រដ្ឋាភិបាល​ជា​អ្នក​ទទួល​ខុស​ត្រូវ ធ្វើ​យ៉ាង​ណា​ឲ្យ​គ្រូពេទ្យ​បំរើ​ការងារ​នៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​រដ្ឋ​នោះ ផ្ដល់​សេវា​ឲ្យ​មាន​តម្លាភាព ដោយ​មិន​ប្រកាន់​អ្នក​មាន ឬ​អ្នក​ក្រ ទើប​ធ្វើ​ឲ្យ​សង្គម​មួយ​រស់​នៅ​ដោយ​ពុំ​មាន​ការ​រើស​អើង។

លោក កែម ឡី បាន​អះអាង​ថា រដ្ឋាភិបាល ឬ​ក្រសួង​សុខាភិបាល គួរ​តែ​ទទួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​ការ​ព្យាបាល​ជំងឺ​របស់​ក្រុម​គ្រូពេទ្យ។ នៅ​ត្រង់​ចំណុច​នេះ​មាន​ន័យ​ថា បើ​សិន​ជា​គ្រូពេទ្យ​ធ្វេសប្រហែស​ក្នុង​ការ​ព្យាបាល​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ស្លាប់ រដ្ឋាភិបាល​គួរ​តែ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​លើ​ករណី​នោះ​ឲ្យ​បាន​ឯករាជ្យ៖ «អ្នក​ដែល​ធ្វើ​អធិការកិច្ច​ទៅ​លើ​រឿង​ហ្នឹង ភាគ​ច្រើន​ចេញ​មក​ពី​ក្រសួង​ដដែល​ហ្នឹង ហើយ​ភាគ​ច្រើន​ពួកគេ​ហ្នឹង​ជួយ​បិទ​បាំង​គ្នា ត្រូវរ៉ូវ​គ្នា ជួយ​សម្រួល​គ្នា»

ក្រសួង​សុខាភិបាល​ជា​ស្ថាប័ន​មួយ​ដែល​រដ្ឋាភិបាល​បាន​ផ្ដល់​ថវិកា​ជាតិ​សម្រាប់​ទ្រទ្រង់​ស្ថាប័ន​នេះ​ច្រើន​ជាង​គេ គិត​ពី​ឆ្នាំ​២០០៨ មក រួម​ទាំង​ស្ថាប័ន​បី​ផ្សេង​ទៀត ក្នុង​ចំណោម​ស្ថាប័ន​រដ្ឋ​ទាំង​អស់ ដើម្បី​ពង្រឹង​គុណភាព និង​ផ្ដល់​សេវា​ល្អ​ជូន​ប្រជាពលរដ្ឋ។

កាល​ពី​ឆ្នាំ​២០០៨ រដ្ឋាភិបាល​បាន​ផ្ដល់​ថវិកា​ជាតិ​ដល់​ក្រសួង​សុខាភិបាល​ជាង ១១២​លាន​៦​សែន​ដុល្លារ​អាមេរិក។ ឆ្នាំ​២០០៩ រដ្ឋាភិបាល​បាន​បង្កើន​ដល់​ជាង ១៣៧​លាន​៣​សែន​ដុល្លារ និង​នៅ​ក្នុង​ឆ្នាំ​២០១០ ថវិកា​ជាតិ​ដែល​រដ្ឋាភិបាល​ផ្ដល់​ជូន​ក្រសួង​សុខាភិបាល គឺ​មាន​ជាង ១៦១​លាន​២​សែន​ដុល្លារ​អាមេរិក។

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​បាន​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​វិស័យ​សុខាភិបាល ដោយ​រដ្ឋាភិបាល​បាន​ធ្វើ​មណ្ឌល​សុខភាព​នៅ​គ្រប់​ទីកន្លែង​នៅ​ក្នុង​ប្រទេស ពិសេស​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​ឲ្យ​ក្រុម​គ្រូពេទ្យ​ទាំង​អស់​ត្រូវ​សង្គ្រោះ​ជីវិត​មនុស្ស​ជា​ការ​សំខាន់ មិន​ត្រូវ​ទារ​លុយ​ពី​អ្នក​ជំងឺ​មុន​ធ្វើ​ការ​ព្យាបាល​នោះ​ឡើយ។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ឡោ វណ្ណថារី ដែល​លោក​បាន​ចុះ​ធ្វើ​ការ​ផ្ទាល់​ទាក់ទង​នឹង​វិស័យ​សុខាភិបាល​នៅ​កម្ពុជា កន្លង​មក។ លោក​បាន​ទទួល​ស្គាល់​ថា រដ្ឋាភិបាល​ពិត​ជា​បាន​បង្កើន​ការ​ទទួល​ខុស​ត្រូវ​លើ​វិស័យ​សុខាភិបាល​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​មែន។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោក​បាន​បញ្ជាក់​ថា នៅ​តាម​មណ្ឌល​សុខភាព​មួយ​ចំនួន​មាន​តែ​មណ្ឌល​ថ្មី តែ​ខ្វះ​គ្រូពេទ្យ​ក៏​មាន។

បញ្ហា​នេះ​លោក​វេជ្ជបណ្ឌិត ឡោ វណ្ណថារី បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​ពេល​ក្រុម​គ្រូពេទ្យ​ចេញ​ពី​សាលា​នោះ ភាគ​ច្រើន​ពួក​គាត់​មិន​ចង់​ទៅ​ធ្វើ​ការ​ប្រចាំ​ការ​នៅ​ទី​ជនបទ​នោះ​ទេ ពួក​គាត់​បាន​ផ្លាស់​មក​ធ្វើ​ការ​នៅ​ទីប្រជុំជន​វិញ៖ «គេ​មិន​ជឿ​ទេ ពីព្រោះ​ថា មណ្ឌល​សុខភាព​នីមួយៗ​គេ​មាន​អង្គការ​លេខ គេ​មាន​បុគ្គលិក ប៉ុន្តែ​គេ​មាន​តែ​ឈ្មោះ​អ៊ីចឹង តែ​ជាក់ស្ដែង​ពេល​ប្រជាពលរដ្ឋ​ទៅ​រក​សេវា​ព្យាបាល​ជាក់​ស្ដែង​គ្មាន​បុគ្គលិក»។

ភ្ជាប់​ទៅ​នឹង​បញ្ហា​ដែល​ថា គ្រូពេទ្យ​រដ្ឋ​មួយ​ចំនួន​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​ជំងឺ ឬ​ប្រើ​ពាក្យ​សម្ដី​មិន​ល្អ​ទៅ​កាន់​អ្នក​ជំងឺ​នោះ លោក​វេជ្ជបណ្ឌិត ឡោ វណ្ណថារី បញ្ជាក់​ថា វា​មាន​កត្តា​មួយ​ចំនួន​ដែល​ជា​ហេតុ​នាំ​​ឲ្យ​មាន​បញ្ហា​នេះ​កើត​ឡើង​ចំពោះ​លោកគ្រូ និង​អ្នក​គ្រូពេទ្យ ដូចជា​ប្រាក់​ខែ​របស់​គ្រូពេទ្យ​តិច គ្រូពេទ្យ​ខ្លះ​រវល់​បើក​គ្លីនិក​ឯកជន​ផ្សេង​ទៀត​ដើម្បី​រក​ប្រាក់​កម្រៃ​ក្រៅ។

ក្រៅ​ពី​នេះ កត្តា​ដំឡើង​ឋានន្តរសក្ដិ​ចំពោះ​បុគ្គលិក​ធ្វើ​ការ​ល្អ រដ្ឋាភិបាល​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ ​ដំឡើង​ថានៈ​ឲ្យ​សម​នឹង​កិច្ច​ប្រឹង​ប្រែង​របស់​បុគ្គលិក​នោះ​ទេ ចំណែក​បុគ្គលិក​ខ្ជិល​ច្រអូស​ ឬ​ធ្វើ​ខុស​​មិន​​ត្រូវ​បាន​ទទួល​ពិន័យ​ជា​ដើម។

លោក​វេជ្ជបណ្ឌិត ឡោ វណ្ណថារី៖ «អ្នក​ធ្វើ​ការ​នៅ​មណ្ឌល​សុខភាព នៅ​មន្ទីរពេទ្យ​សាធារណៈ​នោះ អ្នក​ខ្លះ​គាត់​មិន​រស់​បាន​ដោយ​កន្លែង​នោះ​ទេ គាត់​រស់​បាន​ដោយ​គ្លីនិក​របស់​ពួក​គាត់ ដូច្នេះ​ឥរិយាបថ​របស់​គាត់​នៅ​កន្លែង​ពីរ​នេះ​ផ្សេង​គ្នា។ នៅ​គ្លីនិក​របស់​គាត់​ឥរិយាបថ​គាត់​ល្អ រី​ឯ​នៅ​មន្ទីរពេទ្យ​សាធារណៈ​ឥរិយាបថ​គាត់​មិន​ល្អ​ទេ ដូច្នេះ​ឥរិយាបថ​របស់​គាត់​អាស្រ័យ​ដោយ​ទីតាំង»

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត ហេង តៃគ្រី បាន​ទទួល​ស្គាល់​ថា ពេល​ខ្លះ​ក្រុម​គ្រូពេទ្យ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​ជំងឺ​មែន ប៉ុន្តែ​លោក​បញ្ជាក់​ថា មក​ពី​ក្រុម​គ្រូពេទ្យ​ទាំង​នោះ​ធ្វើ​ការ​ច្រើន​ម៉ោង​ពេក ក្នុង​នោះ​មាន​អ្នក​ខ្លះ​ធ្វើ​ការ​ដល់​ទៅ ២៤​ម៉ោង​ក៏​មាន ពីព្រោះ​គាត់​ត្រូវ​វេន​យាម​នៅ​ក្នុង​មន្ទីរពេទ្យ ហើយ​មាន​អ្នក​ជំងឺ​ច្រើន​ជា​ដើម មិន​មែន​មក​ពី​កត្តា​គ្រូពេទ្យ​មាន​ប្រាក់​ខែ​តិច​នោះ​ទេ។

លោក​វេជ្ជបណ្ឌិត ហេង តៃគ្រី៖ «គ្រូពេទ្យ​គាត់​មាន​ប្រាក់​ហិរញ្ញប្បទាន​ជួយ​ហ្នឹង​មួយ​ខែ​បាន ៥​ម៉ឺន ១០​ម៉ឺន​បន្ថែម គាត់​អាច​រស់​បាន​ហើយ។ ផ្គាប់​ចិត្ត​មនុស្ស​មិន​ត្រូវ​ទេ ចង់​នៅ​អាមេរិក នៅ​សិង្ហបុរី ក៏​អ៊ីចឹង​ដែរ»

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម លោកបណ្ឌិត កែម ឡី បាន​ពន្យល់​ថា បើ​សិន​ជា​រដ្ឋាភិបាល​ចង់​កែ​ទម្រង់​វិស័យ​សុខាភិបាល​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​នោះ រដ្ឋាភិបាល​គួរ​តែ​ឲ្យ​មន្ទីរ​ពេទ្យ​សាធារណៈ​ទាំង​អស់​យក​គំរូ​តាម​មន្ទីរពេទ្យ​គន្ធបុប្ផា៖ «មិន​ចាំបាច់​ទៅ​រៀន​ពី​ណា​ទេ គឺ​រៀន​ពី​មន្ទីរពេទ្យ​គន្ធបុប្ផា​ហ្នឹង​វា​ល្អ​ណាស់​ទៅ​ហើយ រៀន​ទាំង​វិន័យ ទាំង​ប្រាក់​ខែ ទាំង​ថ្នាំពេទ្យ»

បន្ថែម​ពី​លើ​នេះ​ទៀត ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​គួរ​តែ​បង្កើន​ការ​ទទួល​ខុស​ត្រូវ​បន្ថែម​ទៀត​លើ​វិស័យ​សុខាភិបាល ត្រូវ​លុប​បំបាត់​នូវ​អំពើ​ពុករលួយ​នៅ​ក្នុង​វិស័យ​សុខាភិបាល និង​មិន​ត្រូវ​បែង​ចែក​អ្នក​ជំងឺ​អ្នក​ក្រ ឬ​អ្នក​មាន​ទេ។ ពួក​គេ​គួរ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់ និង​ទទួល​បាន​សេវា​ព្យាបាល​ជំងឺ​ដូច​គ្នា ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ។

ក្រុម​អ្នក​ធ្វើ​ការ​ទាក់ទង​នឹង​វិស័យ​សុខាភិបាល បាន​ពន្យល់​ថា ក្រុម​គ្រូពេទ្យ​ភាគ​ច្រើន​ដែល​ធ្វើការ​នៅ​តាម​មន្ទីរពេទ្យ​សាធារណៈ​នោះ ពិសេស​អ្នក​ដែល​មាន​តួនាទី​ធំ​នៅ​ក្នុង​មន្ទីរពេទ្យ ពួកគេ​ទៅ​បើក​គ្លីនិក​ឯកជន​ផ្ទាល់​ខ្លួន ដើម្បី​កៀរគរ​ប្រជាពលរដ្ឋ​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​របស់​ខ្លួន។ បញ្ហា​នេះ​ជា​ការ​បាត់​បង់​នូវ​ការ​ទទួល​ខុស​ត្រូវ​នៅ​តាម​មន្ទីរពេទ្យ​សាធារណៈ ដែល​ជា​ទី​កន្លែង​ដែល​ខ្លួន​កំពុង​មាន​ភារកិច្ច ឬ​ជា​ការ​រួម​ចំណែក​ក្នុង​ការ​ទទួល​ខុស​ត្រូវ​ផ្ដល់​សេវា​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ទូទៅ​នោះ។

បញ្ហា​ទាំង​នេះ​អ្នក​វិភាគ​បាន​ថ្លែង​ថា រដ្ឋាភិបាល​គួរ​តែ​យក​ចិត្ត​ទុក​ដាក់ និង​តាម​ដាន​អំពី​បញ្ហា​ទាំង​នេះ ដើម្បី​ធ្វើ​ឲ្យ​មន្ទីរ​ពេទ្យ ឬ​មណ្ឌល​សុខភាព​រដ្ឋ ជា​ទី​កន្លែង​ផ្ដល់​ទំនុក​ចិត្ត​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ទទួល​បាន​សេវា​ព្យាបាល​ជំងឺ​ល្អ មាន​សុវត្ថិភាព និង​កាត់​បន្ថយ​ការ​ចំណាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។