ការថ្លែងដូច្នេះគឺនៅក្នុងពេលដែលលោក សម រង្ស៊ី កំពុងតែបង្ហាញ និងលាតត្រដាងឯកសារភស្តុតាងជាថ្មីទៀតបញ្ជាក់ថា ប្រទេសកម្ពុជាពិតជាត្រូវបានបាត់បង់ទឹកដីរវាង ៣០០ម៉ែត្រទៅជិត ៥០០ម៉ែត្រ នៅក្នុងភូមិកោះក្បានកណ្ដាល ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ក្រោមការបោះបង្គោលតម្រុយព្រំដែនរវាងប្រទេសកម្ពុជានិងវៀតណាម តាមសន្ធិសញ្ញាឆ្នាំ១៩៨៥។
លោក សម រង្ស៊ី បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតតាមរយៈ Video Conference ពីប្រទេសបារាំង នៅក្នុងទីស្នាក់ការធំរបស់គណបក្សសមរង្ស៊ី ក្នុងទីក្រុងភ្នំពេញ ថា ៖ «បន្ទាប់ពីឃើញឯកសារប៉ុណ្ណឹងហើយ ដកពាក្យបណ្តឹងចំពោះកសិករ ២នាក់ គឺអ្នកស្រី មាស ស្រី និងលោក ព្រំ ជា ឲ្យគាត់បានរួចផុតពីការឃុំឃាំង ចាប់ពីថ្ងៃទីនេះទៅ ពីព្រោះអ្នកដែលជាប់គុកសព្វថ្ងៃនេះ ពួកគាត់អត់មានទោសអ្វីទេ។ ប្តឹងគាត់នេះ គឺប្តឹងខុស!»។
ឯកសារថ្មីៗដែលលោក សម រង្ស៊ី បានយកមកបង្ហាញនៅក្នុងសន្និសីទកាសែត នៅថ្ងៃព្រហស្បតិ៍នេះ គឺជាឯកសាររូបថតតាមផ្កាយរណបរបស់ Google Earth បញ្ជាក់ថា តម្រុយបង្គោលព្រំដែនលេខ១៨៤ គឺភាគីវៀតណាមបង្ខិតចូលមកកម្ពុជាចំនួន ៣៦៨ម៉ែត្រ, តម្រុយបង្គោលព្រំដែនលេខ១៨៥ ដែលលោក សម រង្ស៊ី បានដកនោះគឺភាគីវៀតណាម បានបង្ខិតចូលចំនួន ៣១៩ម៉ែត្រ, តម្រុយបង្គោលព្រំដែនលេខ១៨៦ ភាគីវៀតណាមបង្ខិតចូលចំនួន ៤៩៣ម៉ែត្រ និងតម្រុយបង្គោលព្រំដែនលេខ១៨៧ គឺភាគីវៀតណាមបានបង្ខិតចូលកម្ពុជាចំនួន ៤៨៣ម៉ែត្រ។ បង្គោលទាំងនោះ គឺស្ថិតនៅក្នុងឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ជាប់នឹងព្រំដែនកម្ពុជានិងវៀតណាម។
លោក សម រង្ស៊ី បានបញ្ជាក់ថា ឯកសារនេះគឺបានមកពីការសិក្សាស្រាវជ្រាវពីក្រុមអ្នកជំនាញជាន់ខ្ពស់នៃប្រទេសស្វ៊ីស និងប្រទេសអឺរ៉ុប ខាងភូមិសាស្ត្រផែនទីកុំព្យូទ័រ និងប្រវត្តិសាស្ត្រ។ ទាក់ទិននឹងបញ្ហានេះ មន្ត្រីរដ្ឋាភិបាលកម្ពុជាមិនព្រមទទួលស្គាល់ការលាតត្រដាងនេះទេ។
លោក ទិត សុធា ជាទីប្រឹក្សារដ្ឋាភិបាលកម្ពុជា និងជាអ្នកនាំពាក្យអង្គភាពព័ត៌មាន និងក្រុមប្រតិកម្មរហ័សរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី បានមានប្រតិកម្មថា ការដោះលែង ឬមិនដោះលែងប្រជាពលរដ្ឋ២នាក់នោះ គឺជាសមត្ថកិច្ចរបស់តុលាការ។
លោក ទិត សុធា បានថ្លែងដូច្នេះ ៖ «ក្នុងការដាក់ទោសទណ្ឌលើប្រជាពលរដ្ឋ ២រូបនេះ មកពីតុលាការមានភស្តុតាងគ្រប់គ្រាន់ក្នុងការចោទប្រកាន់។ ដូច្នេះហើយគឺជារឿងនីតិវិធីរបស់តុលាការ ដែលរាជរដ្ឋាភិបាលអត់បានជ្រៀតជ្រែកក្នុងការងារនោះទេ។ ខ្ញុំយល់ថា លោក សម រង្ស៊ី មិនអាចដាក់គំនាបមកលើរដ្ឋាភិបាល ព្រោះតែរឿងនេះបានទេ។ មិនអាចយករដ្ឋាភិបាលធ្វើជាចំណាប់ខ្មាំងបាននោះទេ»។
ប្រជាពលរដ្ឋ ២នាក់ គឺលោក ព្រំ ជា និងលោកស្រី មាស ស្រី ដែលលោក សម រង្ស៊ី បានទាមទារឲ្យដោះលែងវិញនោះ បានរងការកាត់ទោសឲ្យជាប់គុកម្នាក់ៗ ១ឆ្នាំ ដោយតុលាការខេត្តស្វាយរៀង កាលពីថ្ងៃទី២៧ ខែមករាកន្លងទៅនេះ ក្រោមបទបំផ្លាញទ្រព្យសម្បត្តិសាធារណៈដោយចេតនា ដោយសារតែបានចូលរួមដកបង្គោលតម្រុយព្រំដែនលេខ១៨៥ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០០៩ ជាមួយនឹងលោក សម រង្ស៊ី នៅក្នុងដីស្រែរបស់ប្រជាពលរដ្ឋទាំងនោះ នៅក្នុងភូមិកោះក្បានកណ្ដាល ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី បានរងការកាត់ទោសកំបាំងមុខ ដោយតុលាការដដែលនោះ ឲ្យជាប់គុក ២ឆ្នាំ ក្រោមបទបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងបទញុះញង់ឲ្យមានការរើសអើងជាតិសាសន៍។
កាលពីថ្ងៃទី២៦ ខែកុម្ភៈ កន្លងទៅនេះ លោក សម រង្ស៊ី បានរងការប្ដឹងបន្ថែមទៀតពីរដ្ឋាភិបាលកម្ពុជា ក្រោមបទក្លែងបន្លំឯកសារសាធារណៈ និងផ្សាយព័ត៌មានមិនពិត៕