សត្វ​ត្រយង​ជិត​ផុត​ពូជ​ផ្ដល់​ចំណូល​ដល់​អ្នក​ភូមិ​ត្មាត​ប៉ឺយ នៅ​ខេត្ត​ព្រះវិហារ

ជា​ទូទៅ​គេ​កម្រ​ឃើញ​មាន​ប្រជាពលរដ្ឋ​ណា អាច​ទាញ​យក​ផល​ប្រយោជន៍​ពី​ធនធាន​ធម្មជាតិ​របស់​រដ្ឋ មក​បម្រើ​ផលប្រយោជន៍​ជា​ឯកជន សម្រាប់​ភូមិ ឬ​ក្រុម​ណា​មួយ​ណាស់។

0:00 / 0:00

ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្មាត​ប៉ឺយ ខេត្ត​ព្រះវិហារ មិន​ត្រឹម​តែ​អាច​រស់​នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​ចិរភាព​តែ​ប៉ុណ្ណោះ​ទេ តែ​ពួកគាត់​ថែម​ទាំង​បាន​បង្កើត​សហគមន៍​មួយ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​លើ​ពិភព​លោក​មក​ទស្សនា​ព្រៃឈើ និង​សត្វ​ព្រៃ ក្នុង​មូលដ្ឋាន​គាត់ ​រក​បាន​ប្រាក់​ចំណូល​យ៉ាង​ច្រើន​មក​អភិវឌ្ឍន៍​ភូមិ​របស់​គាត់​ទៀត​ផង។

ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្មាត​ប៉ឺយ ឃុំ​ព្រីងធំ ស្រុក​គូលែន ខេត្ត​ព្រះវិហារ ប្រហែល ២០០ គ្រួសារ​អះអាង​ថា ពួកគាត់​រក​ប្រាក់​ចំណូល​បាន​ជាង​មួយ​ម៉ឺន​ដុល្លារ ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ ដែល​ប្រាក់​ចំណូល​នេះ​បាន​មក​ដោយសារ ភ្ញៀវ​ទេសចរណ៍​បរទេស ចូល​មក​ភូមិ គាត់​ដើម្បី​មើល​សត្វ​ត្រយង ដែល​ជា​សត្វ​ជិត​ផុត​ពូជ​នៅ​លើ​លោក​ តែ​សត្វ​ដ៏​កម្រ​នេះ នៅ​មាន​សេសសល់​ក្នុង​ព្រៃ​ក្បែរ​​ភូមិ​គាត់។

សំឡេង​សត្វ​ត្រយង​តែង​តែ​យំ​ក្បែរ​ភូមិ​គាត់​រាល់​ព្រឹក​ល្ងាច ដែល​អ្នក​ភូមិ​នៅ​ទី​នេះ​ពោល​ថា មាន​ខ្មែរ​ភាគ​ច្រើន មិន​ដែល​ឃើញ​មិន​ដែល​ឮ​សំនៀង​សត្វ​នេះ​ដូច​ម្ដេច​ផង គឺ​បាន​ដឹង​អំពី​សត្វ​ត្រយង​តាម​រយ:​បទ​ចម្រៀង ឬ​ឮ​គេ​ថា​តៗ គ្នា​តែ​ប៉ុណ្ណោះ។

អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា ដើម្បី​គ្រប់គ្រង​និង​ចាត់​ចែង​ប្រាក់​ចំណូល​នេះ​ឲ្យ​បាន​ត្រឹមត្រូវ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឲ្យ​មក​ទស្សនា​សត្វ​ត្រយង​នៅ​ភូមិ​គាត់ ពួកគាត់​បាន​បង្កើត​សហគមន៍​មួយ​ឈ្មោះ ថា «សហគមន៍​ការពារ​ធម្មជាតិ​ត្មាត​ប៉ឺយ ធឿន​ក្រសាំង» ដែល​ឈ្មោះ​នេះ មាន​ភាសា​ជនជាតិ​កួយ​ លាយ គឺ ត្មាត​ប៉ឺយ មាន​ន័យ​ថា ត្មាត​លេង​ទឹក ហើយ​ពាក្យ​ថា ធឿន​ក្រសាំង ប្រែ​ថា សម្បូរ​ទៅ​ដោយ​ដើម​ក្រសាំង ផ្ទុយ​ទៅវិញ ​តំបន់​នេះ​គេ​មិន​ឃើញ​មាន​សត្វ​ត្មាត និង​សម្បូរ​ដើម​ក្រសាំង​ដូច​ឈ្មោះ​សហគមន៍​នោះ​ទេ ព្រោះ​ជិត​ដាច់​ពូជ​អស់​ហើយ។

ក៏ប៉ុន្តែ លោក​ស្រី សួន ឡា អាយុ​៣៨​ឆ្នាំ សមាជិក​សហគមន៍​នេះ​មាន​ប្រសាសន៍​ថា នៅ​មាន​សត្វ​ត្រយង​ខ្លះ​សេសសល់​នៅឡើយ ដូចជា​ត្រយង​ចង្កំ​ពណ៌ស និង​សត្វ​ត្រយង​យក្ស មាន​យំ​នៅ​ក្បែរ​ភូមិ រាល់​ថ្ងៃ​នៅ​ឡើយ។

លោក អៀ សុខា នាយក​ដែល​ជម្រក​សត្វព្រៃ​គូលែន​ព្រហ្ម​ទេព​មាន​ប្រសាសន៍​ថា ដំណឹង​ថា​មាន​សត្វ​ត្រយង​នៅ​សេសសល់​ក្បែរ​ភូមិ​ត្មាត​ប៉ឺយ​បាន​លេចឮ​ដល់​ទេសចរ​បរទេស ហើយ​ពូក​គេ​ក៏​នាំ​គ្នា​មក​មើល​ដែល​មាន​ចំនួន​ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ ១០០ នាក់ ភាគច្រើន​ជា​ភ្ញៀវ​អឺរ៉ុប និង​អាមេរិក។ លោក​ថា ដោយ​សារ​តែ​ភូមិ​ត្មាត​ប៉ឺយ​ជា​ដំបន់​ដាច់​ស្រយាល ភ្ញៀវ​ទេសចរ​ពិបាក​ធ្វើ​ដំណើរ​ទៅ​មក​សហគមន៍​ក៏​សម្រេច​សង់​ផ្ទះ​សំណាក់​មួយ​នៅ​ក្នុង​ព្រៃ​សម្រាប់​ទទួល​ភ្ញៀវ​ទេសចរ​ស្នាក់​នៅ។ ផ្ទះ​សំណាក់​នោះ​សង់​ឡើង​ដោយ​ប្រយ័ត្នប្រយែង​ខ្លាច​ប៉ះពាល់​បរិស្ថាន គឺ​សង់​ពី​ឈើ​ប្រក់​ស្បូវ​មាន ៨ បន្ទាប់ មិន​ប្រើ​ម៉ាស៊ីន​ត្រជាក់ ប្រើ​កង្ហារ ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ។

វិទ្យុ​អាស៊ី​សេរី​សង្កេត​ឃើញ​ថា ផ្ទះ​សំណាក់​នេះ​សង់​ក្នុង​ព្រៃ មិន​មាន​របង​ការពារ​សុវត្ថិភាព មាន​តែ​របង​ឈើ​ព្រៃ​បែប​ធម្មជាតិ តែ​លោក អៀ សុខា បញ្ជាក់​ថា ផ្ទះ​សំណាក់​បែប​ធម្មជាតិ​ដូច្នេះ ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ណាស់ ជាពិសេស​ចំពោះ​អ្នក​ទេសចរ​បែប​ផ្សងព្រេង។

អ្នក​ភូមិ​ឲ្យដឹង​ថា ភ្ញៀវ​ត្រូវ​ចំណាយ ១៥ ដុល្លារ សម្រាប់​ថ្លៃ​បន្ទប់​មួយ​យប់ ១៥ ដុល្លារ​ទៀត​ថ្លៃ​ម្ហូប​មួយថ្ងៃ ចំណាយ ៥ ដុល្លារ​សម្រាប់​អ្នក​នាំ​ផ្លូវ​ទៅ​មើល​សត្វ ហើយ​បើ​ភ្ញៀវ​ទេសចរ​ឃើញ​សត្វ​ត្រយង​ត្រូវ​បង់​ប្រាក់​បន្ថែម ៣០ ដុល្លារ​ក្នុង​ម្នាក់​បន្ថែម​ជា​ប្រាក់​វិភាគទាន​សម្រាប់​អភិវឌ្ឍន៍​ភូមិ។

លោក ដួង តារា អ្នក​នាំ​ភ្ញៀវ​ទេសចរ​ឲ្យ​ដឹង ភ្ញៀវ​ភាគច្រើន​សម្រាក​រយៈ​ពេល​បី​យប់ ពួក​គេ​ទាំងអស់​ចង់​មើល​សត្វ​ត្រយង​ពេល​ថ្ងៃ​ ហើយ​ពេល​យប់​ខែភ្លឺ​ពួក​គេ​ចូលចិត្ត​ដើរ​កម្សាន្ត​ព្រៃ​មើល​សត្វ​រាត្រីចរ​ថែម​ទៀត។

ផ្ទះ​សំណាក់​​នេះ​បាន​ផ្ដល់​ការងារ​ឲ្យ​កូន​ចៅ​អ្នក​ភូមិ​​ដែល​មាន​ជនជាតិ​ភាគតិច​ផង ​មាន​ការងារ​ធ្វើ​បាន​ប្រាក់​ចំណូល​បន្ថែម​ពី​ការងារ​ធ្វើ​ស្រែ​ចម្ការ ដូច​ជា​ការងារ​អនាម័យ បោកអ៊ុត​ជា​ដើម។

កញ្ញា សែង ជ្រាំង អ្នក​សម្អាត​បន្ទប់ ​មានប្រសាសន៍​បែប​រំភើប​ថា ការងារ​នេះ​បាន​ធ្វើ​ឲ្យ​នាង​បាន​ប្រាក់​ចំណូល​បន្ថែម និង​នាំ​ឲ្យ​នាង​បាន​ស្គាល់​ជនបរទេស​ស្បែក​សរ ដែល​នាង​មិន​នឹក​ស្មាន​ថា ក្នុង​មួយ​ជីវិត​នាង បាន​ឃើញ​ផ្ទាល់​ភ្នែក​ក្នុង​នាម​ជា​នារី​រស់​នៅ​ព្រៃ​ភ្នំ​ដាច់​ស្រយាល​ដូច្នេះ។ នាង​ពោល​បែប​អឹមអៀម​ថា នាង​សោក​ស្ដាយ​ដោយ​សារ​មិនបាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ភ្ញៀវ​បាន​ល្អ​ព្រោះតែ​ភាសា​ខុសគ្នា។

ក្រុម​មន្ត្រី​អភិរក្ស​សត្វ​ព្រៃ​ខេត្ត​ព្រះ​វិហារ ឲ្យ​ដឹង​ថា ត្រយង គឺ​ជា​សត្វ​ស្លាប​ដ៏​កម្រ ដែល​ស្ទើរ​ផុត​ពូជ​ពី​ពិភព​លោក​នេះ។ កាល​ពី​ឆ្នាំ ២០០០ គេ​ឃើញ​មាន​សត្វ​ត្រយង​តែ​ពីរ​ក្បាល​ទេ នៅ​តំបន់​ធម្មជាតិ​ក្បែរ​ភូមិ​តា​ប៉ឺយ​នេះ តែ​សព្វ​ថ្ងៃ​សត្វ​ត្រយង​បាន​កើន​ឡើង​ចំនួន ៤៨ ក្បាល។ ការ​កើន​ឡើង​នេះ គឺ​ដោយសារ​អ្នក​ភូមិ​នៅ​ទី​នេះ​ការពារ និង​អភិរក្ស ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ ឲ្យ​មក​មើល​សត្វ​ត្រយង។ ស្រប​ពេល​នេះ​ដែរ មន្ត្រី​អភិរក្ស​សត្វព្រៃ​ខេត្ត​ព្រះ​វិហារ ​ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​ដែល​មក​មើល​សត្វ​ត្រយង​នេះ​មានតែ​បរទេស​មិន​មាន​ជនជាតិ​ខ្មែរ​សោះ ហើយ​បាន​អំពាវនាវ​ឲ្យ​អ្នកទេសចរ​ខ្មែរ​មក​មើល​សត្វ​ត្រយង​នេះ​ផង ហើយ​អ្នក​ភូមិ​មិន​យក​ថ្លៃ​ដូច​អ្នក​ទេសចរ​បរទេស​ទេ៕