តុលាការ​ខេត្ត​រតនគិរី​បញ្ចប់​ការ​ស៊ើប​សួរ​​ជន​សង្ស័យ​រឿង​ឃាតកម្ម​អ្នក​កាសែត​វរជន​ខ្មែរ

អស់​រយៈពេល​ជាង​ពីរ​ខែ​កន្លង​ទៅ​នេះ ករណី​ឃាតកម្ម​លើ​អ្នក​សារព័ត៌មាន​វរជន​ខ្មែរ ស្ថិត​នៅ​ក្នុង​ភាព​អាថ៌កំបាំង​នៅ​ឡើយ បើ​ទោះ​បី​ជន​សង្ស័យ​ជា​ឃាតក​ពីរ​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់ និង​ត្រូវ​ចាប់​ឃុំ​ខ្លួន​ជា​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​យ៉ាង​ណា​ក្តី។

0:00 / 0:00

ក្រុម​គ្រួសារ​ជន​រងគ្រោះ ទទូច​សុំ​ឲ្យ​តុលាការ​ស្វែង​រក​ឃាតក​ពិត​ប្រាកដ​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

ចៅក្រម​ស៊ើប​សួរ​នៃ​តុលាការ​ខេត្ត​រតនគិរី លោក ឡុច ឡៅ បាន​ចេញ​លិខិត​ជូន​ដំណឹង​ស្ដីពី​ការ​បញ្ចប់​ការ​ស៊ើប​សួរ​ទៅ​លើ​ជន​សង្ស័យ​ពាក់ព័ន្ធ​ក្នុង​រឿង​ឃាតកម្ម​ទៅ​លើ​អ្នក​សារព័ត៌មាន​វរជន​ខ្មែរ​ហើយ។

មេធាវី​តំណាង​ដើម​បណ្ដឹង លោក ហុក ផល្លា មាន​ប្រសាសន៍​បញ្ជាក់​ថា នេះ​គឺ​ជា​ព័ត៌មាន​សំខាន់ និង​ជា​ការ​ស៊ើប​អង្កេត​បាន​លឿន​មួយ ដែល​ក្រុម​គ្រួសារ​ជន​រងគ្រោះ និង​មជ្ឈដ្ឋាន​សាធារណៈ​មួយ​ចំនួន ទទូច​សុំ​ឲ្យ​មន្ត្រី​ស្ថាប័ន​តុលាការ​បំពេញ​ភារកិច្ច​ស្វែង​រក​ឃាតក​សម្លាប់​អ្នក​សារព័ត៌មាន។ លោក​បន្ត​ថា មាន​សាក្សី​បំភ្លឺ​ជាច្រើន ឲ្យ​ដឹង​ថា រឿង​ឃាតកម្ម​នេះ​អាច​មាន​ពាក់ព័ន្ធ​មនុស្ស​មួយ​ចំនួន​ទៀត ហេតុ​នេះ​លោក​ត្រៀម​នឹង​ធ្វើ​ការ​តវ៉ា​តាម​ផ្លូវ​ច្បាប់ ប្រសិន​ការ​ស៊ើប​អង្កេត​មិន​បាន​ត្រឹមត្រូវ៖ «ខាង​តុលាការ គេ​ផ្តល់​ដំណឹង​ឲ្យ​ហើយ មាន​ន័យ​ថា ចំណាត់​ការ​វា​លឿនៗ​ខុស​សាមញ្ញ អាហ្នឹង​មាន​ន័យ​ថា លឿន​ណាស់។ ឯកសារ​អង្កេត​ដែល​គាត់​សួរ​សាក្សី​បន្ថែម ខ្ញុំ​នឹង​ទំនាក់​ទំនង​ទៅ​ខាង​តុលាការ​ឲ្យ​គាត់​កូពី (Copy = ថត​ចម្លង) បន្ថែម​ទៀត»

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ពុធ ទី២១ ខែ​វិច្ឆិកា ឆ្នាំ​២០១២ មិន​អាច​ទាក់​ទង​ចៅក្រម​ស៊ើប​សួរ​លោក ឡុច ឡៅ សុំ​អធិប្បាយ​ពី​បញ្ហា​នេះ​បាន​ទេ។

យ៉ាង​នេះ​ក្តី យោង​លិខិត​ជូន​ដំណឹង​របស់​លោក ជម្រាប​មក​មេធាវី​តំណាង​ដើម​បណ្ដឹង ចុះ​ថ្ងៃ​ទី២០ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​នៅ​ថ្ងៃ​ពុធ ទី២១ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ឲ្យ​ដឹង​ថា សំណុំ​រឿង​ទាក់​ទិន​នឹង​ឈ្មោះ អ៊ាន ប៊ុនហេង ហៅ អេង ជា​មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​រតនគិរី និង​ភរិយា ឈ្មោះ ស៊ឹម ស្រីវី ដែល​ជាប់​ចោទ​ពី​បទ​ធ្វើ​អំពើ​មនុស្ស​ឃាត​គិត​ទុក​ជា​មុន ចៅក្រម​ស៊ើប​សួរ​បាន​សម្រេច​បញ្ចប់​ការ​ស៊ើប​សួរ និង​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​ស្ថាប័ន​អយ្យកា​តុលាការ​ខេត្ត​ពិនិត្យ​សម្រេច​នៅ​រយៈពេល​ពីរ​ថ្ងៃ​ក្រោយ​នេះ។

អ្នក​យក​ព័ត៌មាន​កាសែត​វរជន​ខ្មែរ លោក ហង្ស សិរីឧត្តម ត្រូវ​បាន​ឃាតក​សម្លាប់​កាល​ពី​ថ្ងៃ​ទី៩ ខែ​កញ្ញា ឆ្នាំ​២០១២។ សាកសព​ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​រក​ឃើញ​ក្រោយ​ពេល​ពីរ​ថ្ងៃ បន្ទាប់​ពី​លោក​ត្រូវ​គេ​សម្លាប់​ញាត់​ចូល​ទៅ​ក្នុង​ឃ្លុប​ក្រោយ​រថយន្ត​របស់​លោក ហើយ​ត្រូវ​គេ​យក​ទៅ​ចោល​នៅ​ក្នុង​ចម្ការ​ស្វាយចន្ទី​មួយ​នៅ​ក្នុង​ភូមិ​ធួយអំពិល ឃុំ​ចាអ៊ុង ស្រុក​អូរជុំ ចម្ងាយ​ប្រមាណ ៣​គីឡូម៉ែត្រ​ពី​ក្រុង​បានលុង ខេត្ត​រតនគិរី។

មន្ត្រី​ផ្នែក​អង្កេត​ជាន់​ខ្ពស់​សមាគម​អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​បញ្ជាក់​ថា ប៉ូលិស​អ្នក​ស៊ើប​អង្កេត​រឿង​ក្តី​នេះ បាន​រក​ឃើញ​ទីតាំង​សាក្សី និង​វត្ថុ​តាង​មួយ​ចំនួន​ដែល​គេ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ឃាតកម្ម​នេះ៖ «យើង​ឃើញ​ថា អ្វី​ដែល​សំខាន់​ក្នុង​តួ​អង្គ​ដែល​យើង​ចាប់​អារម្មណ៍​ជាង​គេ គឺ​កូន​លោក​មេ​បញ្ជាការ​ប៉េអិម​ខេត្ត លោក​មេ​បញ្ជាការ​ប៉េអិម​ស្រុក​វ៉ឺនសៃ ហើយ​និង សឿន ផែនដី ដែល​តុលាការ​បាន​កោះ​ហៅ​មក​សាក​សួរ​រួច​ហើយ»

ចៅក្រម​ស៊ើប​សួរ​លោក ឡុច ឡៅ កាល​ពី​ខែ​តុលា កន្លង​ទៅ បាន​កោះ​ហៅ​មនុស្ស ១២​នាក់​ចូល​មក​បំភ្លឺ​នៅ​តុលាការ រួម​មាន បី​នាក់​ជា​ក្រុម​គ្រួសារ​ជន​រងគ្រោះ គឺ​អ្នកស្រី កែវ សុវណ្ណ ជា​ម្តាយ​បង្កើត អ្នកស្រី អឺម ចន្ធី ជា​ភរិយា និង​កញ្ញា សាន ម៉ារ៉ាឌី ជា​កូន​ស្រី​សព​លោក ហង្ស សិរីឧត្តម។ ចំណែក​មនុស្ស​ចំនួន ៩​នាក់​ទៀត មាន​ឈ្មោះ សាត សឿន ហៅ សឿន ផែនដី ឈ្មោះ លិប កេត មេ​បញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​ស្រុក​វ៉ឺនសៃ ឈ្មោះ ថង ចាន់ណា មន្ត្រី​ប៉ូលិស​ស្រុក​វ៉ឺនសៃ ឈ្មោះ គឹង សៀនឡៃ មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត និង​ឈ្មោះ សន គឹមសែន រស់ សំបូរ តឹង ឌឹកប៊ី តឹង យ៉ាងញ៉ឹង ឡេ ហុងស៊ឺង ជា​ប្រជាពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។