ខួប​២០​ឆ្នាំ​នៃ​ការ​យាង​និវត្តន៍​របស់​ព្រះ​មហា​វីរក្សត្រសម្ដេច​ព្រះ នរោត្តម សីហនុ

ពលរដ្ឋ​កម្ពុជា សម្ដែង​ទឹកចិត្ត​រីករាយ​ក្នុង​ពិធី​អបអរសាទរ​ខួប ២០ ឆ្នាំ​នៃ​ការ​យាង​ចូល​មាតុភូមិ​របស់​ព្រះ​មហា​វីរក្សត្រ ព្រះករុណា សម្ដេច​ព្រះ នរោត្តម សីហនុ។

0:00 / 0:00

មន្ត្រី​រាជការ​អ្នក​នយោបាយ និង​ប្រជា​ពលរដ្ឋ ក៏​បាន​សម្ដែង​ចេញ​នូវ​ស្វាមីភក្ដិ​ចំពោះ​ព្រះអង្គ ព្រម​ទាំង​ចង់​ឃើញ​ទ្រង់​គង់​នៅ​ជា​ម្លប់​ក្នុង​មាតុ​ប្រទេស​បាន​យូរ​អង្វែង។

សេចក្ដីប្រាថ្នា​នេះ ដោយសារ​តែ​ពួក​គាត់​យល់​ឃើញ​ថា វត្តមាន​របស់​ព្រះអង្គ ដែល​គេ​ប្រសិទ្ធិនាម​ថា ជា​ព្រះបិតា​ឯករាជ្យ​ជាតិ និង​ឯកភាព​ជាតិ នៅ​ប្រទេស​កម្ពុជា​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ ឲ្យ​ខ្មែរ​មាន​ឯកភាព​ជាតិ និង​សន្តិភាព។

អតីត​ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះអង្គ​មាន​បន្ទូល​ថា ព្រះអង្គ​នឹង​មិន​យាង​ត្រលប់​ទៅ​កាន់​ប្រទេស​ចិន​វិញ​ជា​រៀង​រហូត គឺ​ព្រះអង្គ​គង់​នៅ​ប្រទេស​កម្ពុជា ជាមួយ​ប្រជា​រាស្ត្រ​របស់​ព្រះអង្គ។

ព្រះរាជ​បន្ទូល​របស់​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ ដូច្នេះ នៅ​ក្នុង​ពិធី​អបអរសាទរ​ទិវា​ខួប ២០ ឆ្នាំ​នៃ​ការ​យាង​ត្រលប់​របស់​ព្រះអង្គ​ពី​បរទេស មក​កាន់​មាតុ​ប្រទេស​វិញ និង​ក្នុង​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​របស់​ព្រះអង្គ​គម្រប់ ៨៩ យាង​ចូល ៩០ ព្រះវស្សា​នៅ​ថ្ងៃ​ទី ៣១ តុលា ឆ្នាំ ២០១១។

ព្រះ​មហា​វីរក្សត្រ​ព្រះ​ករុណា នរោត្តម សីហនុ មាន​បន្ទូល​ថា កម្ពុជា​មាន​សាមគ្គីភាព​គ្រប់​ស្ថាប័ន រួម​មាន​ស្ថាប័ន​រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័ន​រដ្ឋាភិបាល ស្ថាប័ន​ព្រះ​មហាក្សត្រ និង​ប្រជារាស្ត្រ​ទាំង​អស់ មាន​ឯកភាព​ក្នុង​ធ្លុង​តែ​មួយ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ព្រះអង្គ​អំពាវនាវ​ឲ្យ​កម្ពុជា​រួបរួម​គ្នា​បន្ត​ទៀត ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ជាតិ។

ទោះ​បី​ជា​ព្រះ​មហា​វីរក្សត្រ​កោត​សរសើរ​ថា កម្ពុជា​មាន​សន្តិភាព និង​រួបរួម​គ្នា​ក្ដី ប៉ុន្តែ សារធារណជន​មួយ​ចំនួន បាន​លើក​ឡើង​ថា សន្តិភាព និង​ការ​រួបរួម​គ្នា​នេះ មិន​ទាន់​មាន​ពិត​ប្រាកដ​ទេ ពីព្រោះ​គេ​បាន​លើក​ឧទាហរណ៍ ដូចជា ការ​បោះឆ្នោត​លើក​ទី​១ ឆ្នាំ ១៩៩៣ គណបក្ស​ប្រជាជន​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត ហើយ​រហូត​ដល់​មាន​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​រវាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​មាន​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ជា​នាយក​រដ្ឋមន្ត្រី​ទី​១ និង​គណបក្ស​ប្រជាជន​កម្ពុជា​មាន​លោក ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​ទី​២។

ប៉ុន្តែ រដ្ឋាភិបាល​ចម្រុះ​ត្រូវ​បាន​បាក់​បែក​ក្នុង​រដ្ឋប្រហារ​បង្ហូរ​ឈាម​មួយ កាល​ពី​ថ្ងៃ​ទី ៥-៦ ខែ​កក្កដា ឆ្នាំ ១៩៩៧ ដោយ​លោក ហ៊ុន សែន បាន​ទម្លាក់​អំណាច​របស់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែល​កាល​នោះ លោក​ជា​នាយក​រដ្ឋមន្ត្រី​ទី​១។ លោក ហ៊ុន សែន បាន​ចោទ​ប្រកាន់​សម្ដេច​ក្រុមព្រះ​ថា ជា​អ្នក​បង្ក​ឲ្យ​មាន​ការ​បង្ហូរ​ឈាម ថ្ងៃ​ទី ៥-៦ កក្កដា ឆ្នាំ ១៩៩៧។

រដ្ឋប្រហារ​បង្ហូរ​ឈាម​នេះ ធ្វើ​ឡើង​ក្រោយ​ពី​មាន​ព្រឹត្តិការណ៍​បោក​គ្រាប់​បែក​ទៅ​លើ​ក្រុម​បាតុករ​គាំទ្រ​គណបក្ស​ប្រឆាំង កាល​ពី​ខែ​មីនា ឆ្នាំ ១៩៩៧ ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ១៦ នាក់​ស្លាប់ និង​រង​របួស​ចំនួន ១៤០ នាក់​ផ្សេង​ទៀត។

អ្នក​រត់​ម៉ូតូ​ឌុប​មួយ​រូប​មក​ពី​ខែត្រ​ព្រៃវែង។ លោក ហែម ហន់ បាន​រៀបរាប់​ថា លោក​បាន​កត់​សម្គាល់​ ឃើញ​ថា អ្នក​នយោបាយ​មក​ពី​គណបក្ស​ផ្សេង​គ្នា តែងតែ​ឈ្លោះ​គ្នា​ផ្នែក​នយោបាយ និង​ប្រកាន់​បក្ស​ពួក​ផ្សេងៗ គ្នា ដូចជា ករណី​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​មិន​អាច​ចូល​ក្នុង​ស្រុក​វិញ​បាន​ជា​ដើម។

លោក​អះអាង​ទៀត​ថា កម្ពុជា​ឯកភាព​គ្នា​តែ​មួយ​នោះ លុះត្រាតែ​អ្នក​នយោបាយ​ទាំង​អស់​មិន​ប្រកាន់​បក្ស​ពួក ហើយ​រួម​គ្នា​កសាង​ជាតិ​តែ​មួយ។

និស្សិត​មួយ​រួបរួម​នៅ​សាកល​វិទ្យាល័យ ន័រតុន (Norton) កញ្ញា យឹម លក្ខណា មាន​ប្រសាសន៍​ថា ព្រះ​វត្តមាន​របស់​ព្រះអង្គ​មាន​សារៈសំខាន់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប ទោះ​បី​ជា​ព្រះអង្គ​បាន​យាង​ចូល​និវត្ត​ហើយ​ក្ដី ពីព្រោះ​ថា ព្រះអង្គ​ជា​ព្រះរាជ​បិតា​ជាតិ ធ្វើ​ឲ្យ​កម្ពុជា​ទទួល​បាន​ឯករាជ្យ និង​សន្តិភាព។

ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ និង​សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះអង្គ​បាន​យាង​ចូល​និវត្តន៍​មក​កាន់​មាតុ​ប្រទេស​វិញ កាល​ពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ឆ្នំា ១៩៩១ តាម​ការ​ស្នើសុំ​របស់​រដ្ឋាភិបាល អតីត​រដ្ឋកម្ពុជា ក្រោយ​ពី​ព្រះអង្គ​ទាំង​ពីរ​បាន​គង់​នៅ​ឯ​បរទេស អស់ រយៈ​ពេល​ជាង ២០ ឆ្នាំ។

ឧត្ដមសេនីយ៍ទោ ផល សាមន ជា​នាយក​នាយកដ្ឋាន​កាក​សំណល់​សង្គ្រាម គ្រឿង​ផ្ទុះ និង​ព័ត៌មាន​នៃ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កង​កម្លាំង​រក្សា​សន្តិភាព​បោស​សំអាត​មីន និង​កាក​សំណល់​សង្គ្រាម លោក​បាន​លើក​ឡើង​ថា ប្រទេស​កម្ពុជា​មាន​សន្តិភាព ដោយសារ​តែ​គោល​នយោបាយ​របស់​រដ្ឋាភិបាល។

នៅ​ក្នុង​ពិធី​អបអរសាទរ​ខួប ២០ ឆ្នាំ នៃ​ការ​យាង​ចូល​មាតុភូមិ​របស់​ព្រះអង្គ​នេះ​ដែរ ក្រសួង​ព្រះបរមរាជវាំង អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សា​ធម្មនុញ្ញ ទីស្ដីការគណៈរដ្ឋមន្ត្រី គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត គ្រប់​ក្រសួង រដ្ឋលេខាធិការដ្ឋាន​គ្រប់​ខែត្រ រាជធានី កាកបាទ​ក្រហម​កម្ពុជា អាជ្ញាធរ​អប្សរា មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​រៀបចំ​ពិព័រណ៍​រូបភាព​ស្ដី​ពី​ព្រះរាជ​សកម្មភាព​របស់​ព្រះករុណា ព្រះ​មហា​វីរក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ គិតពីឆ្នាំ១៩៩១មក នៅ​ទីលាន​វាល​ព្រះ​មេរុ។

រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី អ្នកស្រី អ៊ឹង កន្ថាផាវី មាន​ប្រសាសន៍​ថា គោល​នយោបាយ​ឈ្នះ​ឈ្នះ​របស់​ រដ្ឋាភិបាល​ទទួល​បាន​សុខ​សន្តិភាព​នៅ​កម្ពុជា ហើយ​អ្នកស្រី​រំពឹង​ថា សុខ​សន្តិភាព​នេះ នឹង​មាន​យូរ​អង្វែង​សម្រាប់​សង្គម​កម្ពុជា។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រឆាំង លោក យឹម សុវណ្ណ បាន​គាំទ្រ​ចំពោះ​ការ​សម្រេច​ព្រះទ័យ​របស់​ព្រះអង្គ​គង់​នៅ​កម្ពុជា​នេះ នៅ​ខណៈ​ប្រទេស​កម្ពុជា​នៅ​មាន​បញ្ហា​បោះ​បង្គោល​ព្រំដែន​ប៉ែក​ខាង​លិច និង​ខាង​កើត និង​បញ្ហា​ជម្លោះ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ដោយសារ​ការ​រំលោភ​យក​ពី​អ្នក​មាន​អំណាច​នោះ។

លោក អ៊ូ វីរៈ ជា​នាយក​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក​មាន​ប្រសាសន៍​ថា ការ​គង់​នៅ​របស់​ព្រះអង្គ​នេះ ជា​សារ​មួយ​សម្រាប់​ឲ្យ​អ្នក​នយោបាយ​បង្រួបបង្រួម​គ្នា។ លោក​បញ្ជាក់​ថា សន្តិភាព​នៅ​កម្ពុជា​បច្ចុប្បន្ន គឺ​ជា​សន្តិភាព​បណ្ដោះអាសន្ន​ទេ។

ក្រុម​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា បាន​ពន្យល់​ថា សន្តិភាព​នឹង​កើត​មាន​ពិត​ប្រាកដ និង​យូរ​អង្វែង​នៅ​កម្ពុជា​នោះ លុះត្រាតែ​អ្នក​នយោបាយ​បញ្ឈប់​ការ​រើសអើង​គ្នា បង្រួបបង្រួម​គ្នា ដើម្បី​កសាង​ជាតិ លុប​បំបាត់​នូវ​អំពើ​យុត្តិធម៌​នៅ​ក្នុង​សង្គម និង​ប្រព័ន្ធ​តុលាការ ត្រូវ​ឯករាជ្យ​ជា​ដើម៕