សេដ្ឋី​ស្រុក​ស្រែ​នៅ​តំបន់​ភ្នំ​ក្រវាញ

កសិករ ទេព ប៊ុន​សុង នៅ​ឯ​ទី​ជន​បទ​ដាច់​ស្រយាល​មួយ ក្នុង​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ បាន​តស៊ូ​កសាង​ជីវភាព​ជា​អ្នក​ចម្ការ រហូត​បាន​ក្លាយ​ទៅ​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្តុក​ស្ដម្ភ​ម្នាក់ ដែល​អ្នក​ភូមិ​ហៅ​គាត់​ថា​សេដ្ឋី​ស្រុក​ស្រែ។
ដោយ មណ្ឌល កែវ
2010-08-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កសិករ ទេព ប៊ុន​សុង ម្ចាស់​ចម្ការ​ក្រូច​នៅ​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់
កសិករ ទេព ប៊ុន​សុង ម្ចាស់​ចម្ការ​ក្រូច​នៅ​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់
RFA/Mundol Keo

ជោគ​ជ័យ​នឹង​ចម្ការ​ក្រូច

ក្នុង​សំលៀក​បំពាក់​ដែល​ជា​អ្នក​ចម្ការ ទេព ប៊ុន​សុង បុរស​វ័យ​៤៨​ឆ្នាំ មាន​រូប​រាង​ស្ដើង​ល្មម សម្បុរ​ខ្មៅ សក់​រួញ​អង្គាដី ដែល​គេ​គ្រាន់​តែ​ឃើញ​គាត់​ជា​លើក​ដំបូង ក៏​គេ​អាច​ស្មាន​បាន​ដែរ​ថា បុរស​រូប​នេះ​មាន​ឈាម​ជ័រ​ជា​ខ្មែរ​សុទ្ធ​សាធ ពុំ​មាន​ជាប់​ខ្សែ​ស្រឡាយ​ចិន​នោះ​ទេ។ ជា​ទូទៅ នៅ​ស្រុក​ខ្មែរ​គេ​តែង​គិត​ថា ខ្មែរ​សុទ្ធ​មិន​ចេះ​រក​ស៊ី​មាន​បាន ដូច​កូន​ចៅ​ចិន​នោះ​ឡើយ។

ឈាន​ពី​បាត​ដៃ​ទទេ កសិករ​រូប​នេះ​បាន​មក​ដល់​តំបន់​ភូមិ​អូរ​កណ្ដោល ឃុំ​សំរោង ស្រុក​ភ្នំ​ក្រវាញ ខេត្ត​ពោធិ៍សាត់​តែ​ម្នាក់​ឯង នា​ឆ្នាំ​២០០៣ ក្នុង​នាម​ជា​អ្នក​កាប់​ឈើ​ប្រណិត​លក់​ឲ្យ​ឈ្មួញ។ តែ​ដោយ​មាន​ឈាម​ជ័រ​ជា​កូន​អ្នក​ស្រែ​ចម្ការ ពេល​ឃើញ​ដី​ព្រៃ​ធំ​ទូលាយ​តែ​ពុំ​ឃើញ​មាន​ការ​ដាំ​ដុះ​អ្វី​សោះ​ក្នុង​តំបន់​នេះ ទេព ប៊ុន​សុង ក៏​ចាប់​ផ្ដើម​សុំ​ដី​ព្រៃ​សឹករិចរិល​ពី​អាជ្ញាធរ​ភូមិ ឃុំ បាន​ចំនួន​២​ហិកតារ ត្រួស​ត្រាយ​បង្កើត​ជា​ចម្ការ​ដាំ​ក្រូច។ ហើយ​ជា​បន្ត​បន្ទាប់ គាត់​បាន​សន្សំ​ប្រាក់​ពី​ការ​ចិញ្ចឹម​គោ​មេ និង​ប្រាក់​ដែល​ប្រពន្ធ​គាត់​សន្សំ​បាន​ពី​ការ​លក់​សាច់​ជ្រូក​នៅ​ផ្សារ​បាត់ដំបង យក​ទៅ​ទិញ​ដី​បន្ថែម​ពី​អ្នក​ភូមិ​បន្តិច​ម្តងៗ។ បច្ចុប្បន្ន ទេព ប៊ុន​សុង មាន​ចម្ការ​ក្រូច​ចំនួន​១៥​ហិកតារ ក្នុង​នោះ មាន​ចម្ការ​ដែល​ផ្ដល់​ផល​ជា​ស្រេច​ចំនួន​៥​ហិកតារ និង​១០​ហិកតារ​ទៀត​មិន​ទាន់​ផ្ដល់​ផល​នៅ​ឡើយ ពោល​គឺ​មិន​ទាន់​មាន​ផ្លែ។

ទេព ប៊ុនសុង បាន​ឲ្យ​ដឹង​ថា ជា​រៀង​រាល់​ឆ្នាំ គាត់​អាច​រក​ចំណូល​បាន​ពី​ការ​លក់​ផ្លែ​ក្រូច​បាន​ប្រមាណ​ពី​២​ម៉ឺន​ទៅ​៣​ម៉ឺន​ដុល្លារ​អាមេរិក អា​ស្រ័យ​តាម​តម្លៃ​ទីផ្សារ និង​ផល​ជា​ផ្លែ​ដែល​ដើម​ក្រូច​ហុច​ឲ្យ។ ជា​មួយ​ទឹក​មុខ​ស្រស់​ស្រាយ ម្ចាស់​ចម្ការ​រូប​នេះ​រំពឹង​ថា ប្រហែល​មិន​ដល់​២​ឆ្នាំ​ទៀត​ទេ ចំណូល​គាត់ នឹង​កើន​ឡើង​១​ជា​៣​នៅ​ពេល​ដែល​ដើម​ក្រូច​១០​ហិកតារ​ក្រោយ​នេះ​ផ្ដល់​ផល ពោល​គឺ ក្រូច​ចាប់​ផ្ដើម​មាន​ផ្លែ​នោះ ៖ «មាន​លុយ​តិច​តួច ខ្ញុំ​សន្សំ​ទិញ​ដី​គេ​ឲ្យ​តែ​មាន​គេ​លក់​ដី​ថោកៗ ខ្ញុំ​ខំ​រក​លុយ​ទិញ​ទាល់​តែ​បាន។ ប្រពន្ធ​ខ្ញុំ​សន្សំ​លុយ​លក់​សាច់​ជ្រូក​នៅ​បាត់ដំបង ខ្ញុំ​ទិញ​លក់​គោ និង​ចិញ្ចឹម​មេ​គោ​សន្សំ​ទិញ​តែ​ដី រហូត​បាន​ដី​១៥​ហិកតារ​ហើយ​បច្ចុប្បន្ន»

ដើរ​ពិនិត្យ​ដើម​ក្រូច​បណ្ដើរ បុរស​ម្ចាស់​ចម្ការ​ក្រូច​រូប​នេះ​រៀប​រាប់​ពី​ជីវិត​ពិត​របស់​គាត់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​បណ្ដើរ​ថា គាត់​កើត​ក្នុង​ត្រកូល​កសិករ​ក្រីក្រ​មួយ នៅ​ឯ​ឃុំ​សឹង ស្រុក​សំរោង ខេត្ត​តាកែវ។ គាត់​បាន​បញ្ចប់​ការ​សិក្សា​ត្រឹម​ថ្នាក់​មធ្យមសិក្សា​កម្រិត​២ នៅ​វិទ្យាល័យ​សំរោង ខេត្ត​តាកែវ។ ដោយ​ជីវភាព​គ្រួសារ​មាន​ការ​ខ្វះ​ខាត មិន​អាច​បន្ត​ការ​សិក្សា​ទៀត​បាន គាត់​ក៏​បាន​ចូល​ធ្វើ​ជា​ប៉ូលិស​នៅ​ឯ​ស្រុក​កំណើត​នៅ​ឆ្នាំ​១៩៨៧។ តែ​បន្ទាប់​ពី​ទទួល​បរាជ័យ​ក្នុង​ការ​ងារ​ជា​មន្ត្រី​ប៉ូលិស ដោយ​សារ​គ្មាន​ខ្សែ​ស្រឡាយ និង​ខ្នង​បង្អែក​ជួយ​យឹតយោង​បុណ្យ​ស័ក្ដិ​ក៏​ពុំ​បាន​ឡើង ប្រាក់​ខែ​ក៏​មិន​គ្រប់​រស់ គាត់​ក៏​បោះ​បង់​ចោល​ការ​ងារ​ជា​ប៉ូលិស​នៅ​ឆ្នាំ​១៩៨៩ រួច​ក៏​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ជា​កម្មករ​ចល័ត​ស្ទើរ​គ្រប់​ទិសទី ជា​ពិសេស​គឺ​ធ្វើ​ជា​កម្មករ​ថែ​ចម្ការ​ក្រូច​ឲ្យ​គេ នៅ​ឯ​ខេត្ត​បាត់ដំបង រហូត​បាន​ជួប​ជា​មួយ​ភរិយា​គាត់​នា​ឆ្នាំ​១៩៩០ ដោយ​ចាប់​ផ្ដើម​ជីវិត​ថ្មី​ជា​អ្នក​លក់​សាច់​ជ្រូក​នៅ​ផ្សារ​បាត់ដំបង ៖ «ពី​មុន​ខ្ញុំ​ធ្លាប់​ស្រមៃ​ថា​ក្នុង​ជាតិ​នេះ បើ​ខ្ញុំ​មាន​ចម្ការ​ក្រូច​មួយ​ធំ​ដូច​ម្ចាស់​ចម្ការ​ដែល​ខ្ញុំ​ធ្លាប់​ទៅ​ស៊ី​ឈ្នួល​ថែ​ចម្ការ​ឲ្យ​គាត់​នោះ មិន​ដឹង​ជា​សប្បាយ​ចិត្ត​យ៉ាង​ណា​ទេ។ តែ​ឥឡូវ​សុបិន​របស់​ខ្ញុំ​បាន​ក្លាយ​ជា​ការ​ពិត​ហើយ»

បច្ចុប្បន្ន​កសិករ ទេព ប៊ុន​សុង មាន​ដី​ស្រែ​ជាង​៣០​ហិកតារ គោ​២៥​ក្បាល និង​ជ្រូក​៥០​ក្បាល​ទៀត​ផង។ គាត់​ថា​ទាំង​នេះ​គឺ​ជា​ផល​ដែល​កើត​ចេញ​ពី​គំនិត​ប្រាជ្ញា និង​ការ​តស៊ូ​អំណត់ ព្យាយាម ជា​មួយ​មុខ​របរ​ជា​អ្នក​ចម្ការ​ជិត​១០​ឆ្នាំ​កន្លង​ទៅ​របស់​គាត់​ទាំង​អស់។ បាន​ជាប់​ងារ​ជា «សេដ្ឋី​ស្រុក​ស្រែ» ដែល​ងារ​នេះ​គឺ​ជា​ការ​ផ្ដល់​ដោយ​អ្នក​ស្រុក​ភ្នំ​ក្រវាញ។

ទេព ប៊ុនសុង មាន​ភរិយា​ឈ្មោះ សៀវ សឿន អាយុ​៤៥​ឆ្នាំ និង​កូន​ចំនួន​៣​នាក់ កូន​ស្រី​ច្បង​អាយុ​២០​ឆ្នាំ និង​កូន​ប្រុស​បន្ទាប់​អាយុ​១៨​ឆ្នាំ ឯ​កូន​ស្រី​ពៅ​អាយុ​១៣ ជា​សិស្ស​នៃ​វិទ្យាល័យ​ស្រុក​ភ្នំ​ក្រវាញ។ ជា​មួយ​មុខ​របរ​នេះ គាត់​អាច​ជួយ​ផ្ដល់​ការ​ងារ​ឲ្យ​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ​បាន​ជាង​២០​នាក់ ឲ្យ​មាន​ជីវភាព​សម​រម្យ​ផង​ដែរ។

បទពិសោធន៍​បាន​មក​ពី​ការ​អនុវត្ត​ជាក់​ស្ដែង

ម្ចាស់​ចម្ការ​ក្រូច វ័យ​៤៨​ឆ្នាំ លោក ទេព ប៊ុន​សុង ញញឹម​ថ្លែង​បន្ត​ថា ក្រៅ​ពី​ការ​លក់​ផ្លែ​ក្រូច គាត់​ក៏​ជា​អ្នក​បណ្ដុះ​កូន​ក្រូច​លក់​បន្ត​ទៅ​ឲ្យ​អតិថិជន ដែល​មាន​ចម្ការ​យក​ទៅ​ដាំ​បន្ត ដែល​ជា​មួយ​ការ​លក់​កូន​ក្រូច​បណ្ដុះ ឬ​ហៅ​ថា កូន​ក្រូច​ក្រែប​នេះ គាត់​អាច​រក​ចំណូល​បាន​ប្រមាណ​ពី​១​ម៉ឺន ទៅ​១​ម៉ឺន​៥​ពាន់​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ថែម​ទៀត។ ដូច្នេះ សរុប​មក​ជា​រៀង​រាល់​ឆ្នាំ កសិករ ទេព ប៊ុន​សុង អាច​រក​ចំណូល​បាន​ប្រមាណ​ពី ៣​ម៉ឺន​៥​ពាន់ ទៅ​៤​ម៉ឺន​៥​ពាន់​ដុល្លារ ដោយ​សារ​មុខ​របរ​ធ្វើ​ចម្ការ​ក្រូច​នេះ ៖ «ខ្ញុំ​បាន​ឈាន​ដល់​ដំណាក់​កាល​នេះ ខ្ញុំ​ខ្លួន​ឯង​សឹង​តែ​ស្មាន​មិន​ដល់។ គ្រាន់​តែ​ថា ពេល​ខ្ញុំ​បាន​រាវ​រក​ឃើញ​បច្ចេកទេស​ដាំ​ក្រូច​នេះ គ្រប់​សព្វ​ហើយៗ ពិសោធន៍​ទៅ​បាន​សម្រេច​ដូច​ប្រា​ថ្នា​នោះ ខ្ញុំ​បាន​ត្រេក​អរ​រហូត​បាន​ស្រែក​ភ្លាត់​មាត់​ថា តែ​ប៉ុណ្ណេះ​ខ្ញុំ​នឹង​ក្លាយ​ជា​សេដ្ឋ​ម្នាក់​នៅ​ស្រុក​ស្រែ​ហើយ»

កសិករ ទេព ប៊ុន​សុង សារ​ភាព​ថា ការ​ពិត​គាត់​មិន​ដែល​បាន​សិក្សា​ពី​បច្ចេកទេស​កសិកម្ម​អ្វី​នោះ​ទេ ជោគ​ជ័យ​ក្នុង​ជីវិត​ជា​អ្នក​ចម្ការ​របស់​គាត់ គឺ​បាន​មក​ពី​ការ​តស៊ូ​ព្យាយាម​អំណត់ និង​ដក​ពិសោធន៍​ពី​ការ​ងារ​ជាក់​ស្ដែង​ប៉ុណ្ណោះ ៖ «ខ្ញុំ​ចេះ​ដោយ​បទ​ពិសោធន៍​ផ្ទាល់​ក្នុង​ការ​ងារ​តែ​ម្តង។ មួយ​ទៀត​គឺ​ខ្ញុំ​មើល​តាម​សៀវ​ភៅ​កសិកម្ម ហើយ​យក​មក​កែ​ឆ្នៃ​តាម​ដី​ជាក់​ស្ដែង»

ជា​មួយ​ជោគជ័យ​ក្នុង​មុខ​របរ​ធ្វើ​ចម្ការ​ក្រូច កសិករ ទេព ប៊ុន​សុង ក៏​មាន​បំណង​ចង់​ចង​ក្រង​ជា​សៀវភៅ​ស្ដីពី​ការ​ដាំ និង​ការ​ជ្រើស​រើស​ដី​សម្រាប់​ដំណាំ​ក្រូច ដើម្បី​ទុក​ជា​ចំណង​ដៃ​ជូន​កសិករ​ខ្មែរ​ទូទៅ​បាន​អាន និង​យក​ទៅ​អនុវត្តន៍​ផង​ដែរ។ កសិករ​រូប​នេះ​នៅ​មាន​ក្ដី​ស្រមៃ​មួយ​ទៀត គឺ​គាត់​ចង់​ក្លាយ​ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​គោ​ដែល​ធំ​ជាង​គេ​ក្នុង​ខេត្ត​ពោធិ៍សាត់៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល