ថ្ងៃ៤រោច ខែពិសាខ រៀងរាល់ឆ្នាំនៅកម្ពុជាដែលឆ្នាំនេះធ្លាក់ចំថ្ងៃសុក្រ ទី២៣ ឧសភា មានបុណ្យប្រពៃណីមួយពីបរមបុរាណមក ដែលរៀបចំធ្វើឡើងដោយព្រះមហាក្សត្រជាការប្រកាសឲ្យប្រជាកសិករដឹងថា ចប់ខែក្តៅចូលខែវស្សាដល់ពេលចាប់ផ្តើមដាំស្រូវធ្វើស្រែសម្រាប់ឆ្នាំថ្មីទៀតហើយ ។
បុណ្យនេះមានឈ្មោះថា ព្រះរាជពិធីច្រត់ព្រះនង្គ័លដែលជាពិធីមួយរបស់ព្រាហ្មណ៍នៅជម្ពូទ្វីព ឬប្រទេសឥណ្ឌា ហើយសព្វថ្ងៃនេះនៅឥណ្ឌានៅរដ្ឋខ្លះ ដូចជារដ្ឋអូរិស្សា ឬមហារ៉ាស្រ្តាក៏នៅមានប្រារព្ធធ្វើនៅឡើយ គេហៅថាបុណ្យព្រះធរណី ។
លោក ព្រាប ចាន់ម៉ារ៉ា នៃវិទ្យាស្ថានសិល្បៈនិងវប្បធម៌រៃយំ មានប្រសាសន៍ថាច្រត់នង្គ័លជាទំនៀមដែលមានចែងជាហូរហែក្នុងព្រហ្មញ្ញសាសនាផង ពុទ្ធសាសនាផង ៖ «ច្រត់ព្រះនង្គ័លហ្នឹង ដូចជាទំនៀមខាងព្រាហ្មណ៍ ព្រោះយើងមើលនៅក្នុងរឿងរ៉ាវច្រើនណាស់ទាក់ទងនឹងច្រត់ព្រះនង្គ័លហ្នឹង ច្រើនតែនៅក្នុងទំនៀមព្រាហ្មណ៍ ។ ឧទាហរណ៍ដូចជា រាមកេរត្រង់វគ្គមួយ ស្ទើរតែដើមរឿងដែរ គឺគេទៅច្រត់ព្រះនង្គ័លរកនាងសេដា ដែលគេផ្ញើនឹងព្រះធរណីនៅក្នុងដី ។ ដល់ពេលគេទៅរកវិញ មហា... លោកទៅភ្ជួរ ធ្វើពិធីច្រត់ព្រះនង្គ័លហ្នឹង តាមទំនៀមព្រាហ្មណ៍ធ្វើអ៊ីចឹង ។ ហើយមកដល់រឿងរ៉ាវពុទ្ធសាសនា ក៏មាននិយាយរឿងច្រត់ព្រះនង្គ័ល ឧទាហរណ៍ កន្លែងមួយនោះ ពេលដែលព្រះពុទ្ធអង្គប្រសូតមក មានពិធីច្រត់នង្គ័លមួយ គេយកព្រះអង្គទៅចូលរួមដែរ ហើយពេលនោះ ព្រះអង្គចេះពិចារណារឿងគោអី ដែលហត់នឿយក្នុងការភ្ជួរស្រែហ្នឹង ។ ហើយសរុបទៅទំនៀមអស់ហ្នឹងគឺមកពីឥណ្ឌា» ។
ដោយការកត់ត្រារបស់ខ្មែរសម័យមុន ភាគច្រើនបន្សល់ទុកក្នុងសភាពជារូបចម្លាក់ឆ្លាក់លើជញ្ជាំងថ្មនៃប្រាសាទបូរាណ យើងតែងចង់ដឹងថា តើមានដំណែលអ្វីពីរឿងពិធីច្រត់ព្រះនង្គ័លលើជញ្ជាំងរោងទងនៅបាយ័ន ឬអង្គរវត្តដែរឬទេ ?
លោក ព្រាប ចាន់ម៉ារ៉ា ដែលសិក្សាចប់ពីមហាវិទ្យាល័យបូរាណវិទ្យានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មានប្រសាសន៍ប្រាប់ដូច្នេះ ៖ «ចម្លាក់នៅអង្គរដែលច្រត់ព្រះនង្គ័លតែម្ដងដូចមិនដែលបានឃើញ ឬក៏កំបាំងពីភ្នែកខ្ញុំយ៉ាងម៉េចមិនដឹង ប៉ុន្តែតាមដែលដឹង គឺមិនដែលឃើញរូបច្រត់ព្រះនង្គ័លហ្នឹងឲ្យច្បាស់ក្រឡែតមិនដែលឃើញ គ្រាន់តែមានទេពមួយអង្គនោះ ដែលសព្វថ្ងៃយើងយកជាទេពសំខាន់នៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លហ្នឹង ឈ្មោះ ពលរាម ហើយពលរាមហ្នឹងកាន់នង្គ័ល ។ ហើយសព្វថ្ងៃនៅក្នុងព្រះរាជពិធីហ្នឹង យើងដាក់តួអង្គមួយទេពមួយនោះសំខាន់ជាងគេ ហៅឈ្មោះថា ព្រះពលទេព ។ ទៅឃើញហើយរូបហ្នឹង គេធ្វើជាព្រះបដិមាកាន់នង្គ័ល អានេះសេសសល់តាំងពីមុនសម័យអង្គរទៅទៀត រូបនោះគេយកមកពីភ្នំដារ នៅសតវត្សរ៍ទី ៧ អី» ។
នៅក្នុងកំណត់ហេតុរបស់គាត់មន្ត្រីទូតចិន ជីវតាក្វាន់ ដែលបានមកបំពេញបេសកកម្មនៅកម្ពុជានាចុងសតវត្សរ៍ទី១៣ ពីឆ្នាំ ១២៩៦ ដល់ ១២៩៧ ថ្វីបើគាត់បានកត់ត្រាពីពិធីបុណ្យនានារបស់ខ្មែរសម័យនោះជាច្រើន តាំងពីបុណ្យចូលឆ្នាំដល់បុណ្យដុតភ្នំស្រូវ តែពុំបាននិយាយពីពិធីបុណ្យច្រត់នង្គ័លផងទេ គ្រាន់តែបានសង្កេតថាក្នុងមួយឆ្នាំ ខ្មែរអាចសាបព្រោះនិងច្រូតស្រូវបានពី៣ទៅ៤លើក ។
ដោយសារមានចម្បាំងរាំងជល់ត្រូវផ្លាស់ប្តូររាជធានីច្រើនលើកច្រើនសា សម័យក្រោយអង្គរពុំមានបន្សល់កំណត់កត់ត្រាអ្វីពីពិធីទ្វាទសមាសមួយនេះឲ្យបានដឹងផងទេ ។
កម្ពុជាសម័យសង្គមរាស្ត្រនិយមក៏តែងតែមានការប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លនេះជាប្រចាំដែរ។ វចនានុក្រមសម័យសង្គមសរសេរថា ច្រត់នង្គ័ល ឬតាមរាជស័ព្ទហៅថា ច្រត់ព្រះនង្គ័ល ជាឈ្មោះមង្គលពិសេសមួយរាប់បញ្ចូលក្នុងមង្គលទ្វាទសមាស ដើម្បីចម្រើនការសាបព្រោះបណ្តុះដាំក្នុងរដូវភ្លៀងរបស់ប្រជាជន ហើយក្នុងគម្ពីរបាលីហៅថា វប្បមង្គល ។
កាលពីឆ្នាំ១៩៦៨ សម្តេច នរោត្តម សីហនុ ប្រមុខរដ្ឋខ្មែរនៃព្រះរាជាណាចក្រកម្ពុជាទី១ ទ្រង់បានច្រត់ព្រះនង្គ័លដោយផ្ទាល់ព្រះហស្តព្រះអង្គ ក្នុងព្រះរាជពិធីដែលប្រារព្ធធ្វើចុងក្រោយនៅឯខេត្តស្វាយរៀង ។
ប្រាកដណាស់មកដល់សម័យសាធារណរដ្ឋខ្មែរ សម័យកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម និងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជាពុំមានធ្វើពិធីនេះទេ ។
ក្រោយមានរដ្ឋធម្មនុញ្ញថ្មីឆ្នាំ១៩៩៣ ស្ថាបនាព្រះរាជាណាចក្រខ្មែរឡើងវិញ ហើយស្ថាបនាសម្តេច នរោត្តម សីហនុ ជាព្រះមហាក្សត្រម្តងទៀត ព្រះបាទ នរោត្តម សីហនុ ទ្រង់ក៏បានស្តារព្រះរាជពិធីច្រត់ព្រះនង្គ័លនេះឲ្យរស់ជាថ្មីនៅឆ្នាំ១៩៩៤ តែព្រះអង្គពុំបានដឹកនាំការច្រត់ព្រះនង្គ័លដោយផ្ទាល់ព្រះហស្តទៀតទេ គឺទ្រង់បានតែងតាំងស្តេចមាឃ ឲ្យតំណាងព្រះអង្គវិញ ។
លោក អ៊ឹម បូរិន្ទ មន្ត្រីស្រាវជ្រាវខាងហោរាសាស្ត្រ និងប្រពៃណី ទំនៀមទម្លាប់ខ្មែរ បញ្ជាក់ថាស្តេចមាឃ គឺព្រះមហាក្សត្រលោកតែងតាំង ៖ «នេះតាមព្រះករុណាលោកសព្វព្រះទ័យ ថាអ្នកណាអាចធ្វើជាស្ដេចមាឃហ្នឹង...» ។
ក្នុងពិធីនេះស្តេចមាឃដែលមានមេហួរែកអម្រែកមាសប្រាក់ដាក់ពូជស្រូវដើរព្រោះស្រូវតាមពីក្រោយ ច្រត់ព្រះនង្គ័ល៣ជុំស្រែសិប្បនិមិ្មតនៅវាលព្រះមេរុខាងជើងព្រះបរមរាជវាំង ។ រួចហើយទើបមានពិធីសំខាន់ដែលកសិករខ្មែររង់ចាំលទ្ធផលយ៉ាងយកចិត្តទុកដាក់បំផុត ព្រោះជាទំនាយអនាគតនៃភោគផលកសិកម្មប្រចាំឆ្នាំ គឺការយាងអញ្ជើញគោឧសភរាជ ឲ្យទៅសោយចំណី៧មុខនិងទាយថា ធ្វើស្រែចម្ការនឹងបានផលយ៉ាងណាខ្លះ ដែលលោក អ៊ឹម បូរិន្ទ ពីព្រះបរមរាជវាំងរៀបរាប់ប្រាប់ដូច្នេះ ៖ «ទី១មានស្មៅ ទី២ សណ្ដែក ទី៣ មានពោត ទី៤ មានទឹក ទី៥ មានស្រា ទី៦ មានល្ង ស្រូវ ។ អាហារទាំងអស់ហ្នឹង គោសោយអីរបស់ដំបូងលើកលែងតែស្រាមួយទេ ហើយនិងស្មៅ ។ បើផឹកស្រាស្រុកទេសវាអត់ស្រួល ស្មៅមានជំងឺតម្កាត់សត្វពាហនៈ» ។
ការទស្សន៍ទាយនេះពិតឬមិនពិត ឆុតឬមិនឆុតយ៉ាងណានោះ មិនជាបញ្ហាធំដុំទេ ។ អ្វីដែលសំខាន់គឺនិមិត្តរូបនៃពិធីនេះ។
ព្រះតេជព្រះគុណ ទួន សុផល នៃវត្តស្វាយពពែ ក្រុងភ្នំពេញ មានដីកាអំពីអត្ថន័យនៃពិធីបុណ្យប្រពៃណីដែលមានអាយុកាលយូរអង្វែងមួយនេះដូច្នេះ ៖ «អត្ថន័យដែលធ្វើនេះ គ្រាន់តែជានិមិត្តរូប ព្រះរាជាលោកយកព្រះទ័យទុកដាក់ចំពោះប្រជារាស្រ្តលោក លោកធ្វើពិធីច្រត់ព្រះនង្គ័លហ្នឹង គឺការបួងសួងសុំទឹកភ្លៀង សុំសុខសន្តិភាព សុំកុំឲ្យមានរោគាព្យាធិ ជាការទឹកចិត្តផ្សព្វផ្សាយព្រហ្មវិហារធម៌ ទសពិធរាជធម៌ ទៅលើប្រជារាស្រ្តព្រះអង្គ ជានិមិត្តរូបតែប៉ុណ្ណឹងទេ គ្រាន់ថារោគាព្យាធិវាទៅតាមអាកាសធាតុ ទៅតាមរោគអីផ្សេងៗ តំបន់នីមួយៗ គ្រាន់តែថា ព្រះទ័យព្រះអង្គចង់ឲ្យសុខសន្តិភាព ចង់ឲ្យកូនចៅព្រះអង្គទូទាំងប្រទេសបានផលស្រូវ បានបន្លែផ្លែឈើគ្រប់គ្នាទាំងអស់ នេះជាទឹកចិត្តរបស់ព្រះរាជាទេ» ៕