អតីត​អ្នក​ទោស​គុក​ទួលស្លែង​ចំនួន​២​នាក់​បង្ហាញ​ខ្លួន

អតីត​អ្នក​ទោស​នៅ​គុក​ទួលស្លែង​ឬ​មន្ទីរ​ស-២១​ចំនួន​២​នាក់​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ក្រោយ​ពី​បាន​រស់នៅ​លាក់​ប្រវត្តិ​ជូរ​ចត់​របស់​ខ្លួន​ជិត​៣០​ឆ្នាំ។

0:00 / 0:00

អតីត​អ្នក​ទោស​នៅ​គុក​ទួលស្លែង​នៃ​របប​ខ្មែរ​ក្រហម​ចំនួន​២​នាក់​នៅ​ថ្ងៃ​ពុធ​នេះ​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​និង​ថ្លែង​ទាមទារ​រក​យុត្តិធម៌​បន្ទាប់​ពី​ពួក​គាត់​បាន​រស់​លាក់​ប្រវត្តិ​ដ៏​ជូរ​ចត់​របស់​ខ្លួន​ជិត​៣០​ឆ្នាំ​មក​ហើយ​នោះ ហើយ​ការបង្ហាញ​ខ្លួន​នេះ​ក៏​ស្រប​ពេល​ដែល​ការកាត់​ទោស​អតីត​ប្រធាន​គុក​ទួលស្លែង​ឈ្មោះ កាំង ហ្កិចអ៊ាវ ហៅ ឌុច ត្រូវ​គ្រោង​ធ្វើ​ឡើង​នា​សប្តាហ៍​ក្រោយ​នេះ​ដែរ។

តាម​រយៈ​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី​នៅ​ក្នុង​ទឹក​ដី​ខេត្ត​កំពង់ស្ពឺ អតីត​កុមារ​ដែល​បាន​រួច​ជីវិត​ពី​មន្ទីរ​ឃុំឃាំង​ស-២១ ឈ្មោះ នង ចាន់ផល បច្ចុប្បន្ន​មាន​វ័យ​ប្រហែល​៤០​ឆ្នាំ​ទៅ​ហើយ​នោះ​បាន​ឲ្យ​ដឹង​ថា ក្នុង​របប​ខ្មែរ​ក្រហម​នា​ចុង​ឆ្នាំ​១៩៧៨ គឺ​រូប​គាត់ ម្តាយ​របស់​គាត់ ព្រម​ទាំង​ប្អូនៗ​ត្រូវ​គេ​នាំ​ទៅ​គុក​ទួលស្លែង​នោះ។

លោក នង ចាន់ផល បាន​ឲ្យ​ដឹង​ថា ៖ «ឆ្នាំ​ហ្នឹង​គេ​យក​ឪពុក​ខ្ញុំ​មក​មុន។ យក​ឪពុក​ខ្ញុំ​បាន​៦​ខែ ក្រោយ​មក​បាន​គេ​មាន​លិខិត​មួយ​ទៀត​ហើយ​និង​មាន​ទាហាន​អាវ​ខ្មៅ​ហ្នឹង​ប្រហែល​ជា​៦​នាក់ ហើយ​និង​រថយន្ត​ហ្ស៊ីប​មួយ​យក​ម្ដាយ​ខ្ញុំ​មក​ទៀត»

លោក នង ចាន់ផល បាន​ឲ្យ​ដឹង​ទៀត​ថា រូប​គាត់ ប្អូន​ស្រី​ម្នាក់ និង​ប្អូន​ប្រុស​២​នាក់ បាន​រួច​ពី​ការសម្លាប់​ដោយសារ​តែ​បាន​នាំ​គ្នា​ចូល​ទៅ​ពួន​លាក់​ខ្លួន​ក្នុង​គំនរ​ខោ​អាវ​អ្នក​ទោស។

ចំណែក​ឯ នង ចាន់នី ដែល​រួច​ពី​ការស្លាប់​ជាមួយ​គ្នា​ដែរ​នោះ​បាន​រំឭក​ថា ៖ «ថ្ងៃ​បែក​ហ្នឹង​ឃើញ​លោក​តា កែវ ចិន្ដា​ហ្នឹង មក​យក​ខ្ញុំ​ចេញ​ពី​គុក ហើយ​គាត់​ឲ្យ​ទៅ​នៅ​ផ្ទះ​គាត់​សិន ដល់​ពេល​គេ​បើក​កុមារ​កំព្រា​កុមារ​អី​អ៊ីចឹង​ទៅ គាត់​យក​ខ្ញុំ​ទៅ​ដាក់​នៅ​កុមារ​កំព្រា​កូលាប​ទី​២»

លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​រួច​ជីវិត​ពី​ទួលស្លែង​មាន​ចំនួន​ច្រើន ហើយ​អ្នក​ទាំង​នោះ​មជ្ឈមណ្ឌល​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​បន្ត។

លោក ឆាំង យុ បាន​មាន​ប្រសាសន៍​ថា ៖ «ចំនួន​ហ្នឹង​តាំង​ពី​ដើម​មក​យើង​មិន​ដែល​ជឿ​ថា​៧​នាក់​ទេ ហើយ​យើង​បាន​រក​ឃើញ​ច្រើន​ជាង​៧ ហើយ​យើង​បាន​ដឹង​ថា​មាន​មនុស្ស​ជាង​១០០​នាក់​បាន​ដោះលែង ហើយ​ថ្មីៗ​នេះ​តាមរយៈ​ខ្សែ​ភាពយន្ត​វៀតណាម យើង​ឃើញ​ថា​មាន​ក្មេង​បួន​ប្រាំ​នាក់​ទៀត​ដែល​រស់រាន​មាន​ជីវិត អ៊ីចឹង​ចំនួន​នេះ​វា​មិន​មែន​៧​តាំង​ពី​ដើម​មក ប៉ុន្តែ​ចាំបាច់​គឺ​យើង​ត្រូវការ​ចំណាយ​ពេល​ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់»

លោក ឆាំង យុ ថ្លែង​បន្ត​ថា ពួក​គាត់​ទាំង​នេះ​គឺ​ជា​សាក្សី​នៃ​ប្រវត្តិសាស្រ្ត​រស់​មួយ​ដ៏​សំខាន់ ៖ «សំខាន់​ណាស់ ត្រង់​ថា​តើ​គាត់​ជា​បំណែក​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​មួយ ព្រោះ​គាត់​បាន​នៅ​កន្លែង​ហ្នឹង គាត់​បាន​ដឹង បាន​ឮ បាន​ឃើញ ទោះ​បី​មិន​បាន​ដឹង​ទាំង​ស្រុង ប៉ុន្តែ​ចំណែក​មួយ​ដែល​យើង​មិន​បាន​ដឹង ជា​បំណែក​ប្រវត្តិសាស្ត្រ​មួយ​ដែល​យើង​បាន​បាត់បង់ ឥឡូវ​បាន​ត្រឡប់​មក​វិញ​ហើយ»

ក្នុង​របប​ខ្មែរ​ក្រហម​នៅ​គុក​ទួលស្លែង​មាន​អ្នក​ទោស​ប្រមាណ​១​ម៉ឺន​៦​ពាន់​នាក់​ត្រូវ​បាន​ចាប់​យក​ទៅ​ឃុំឃាំង ធ្វើ​ទារុណកម្ម សួរ​ចម្លើយ និង​សម្លាប់​ចោល ក្រោម​ស្នាដៃ​របស់ ឌុច។

បច្ចុប្បន្ន ឌុច និង​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​៤​នាក់​ទៀត​កំពុង​រង់ចាំ​ការវិនិច្ឆ័យ​ទោស​ចំពោះ​អំពើ​ឧក្រិដ្ឋ​របស់​ខ្លួន​នា​សម័យ​ខ្មែរ​ក្រហម​នោះ៕