អ្នក​រួច​ជីវិត​ពី​គុក​ទួលស្លែង​ទី​៣​ចូល​បំភ្លឺ​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម

អ្នក​រួច​ជីវិត​ពី​គុក​ទួលស្លែង​ទី​៣ លោក ប៊ូ ម៉េង អាយុ​៦៨​ឆ្នាំ ដែល​បាន​ចូល​មក​បំភ្លឺ​នៅ​ក្នុង​សវនាការ​អង្គ​សេចក្ដី​ជា​សាធារណៈ​លើ​ករណី​របស់​អតីត​មេ​គុក​ទួលស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច នៅ​ថ្ងៃ​ពុធ​ទី​១ ខែ​កក្កដា​នេះ បាន​រំឭក​អំពី​អតីតភាព​របស់​លោក​ជា​អ្នក​ទោស ហើយ​លោក​បាន​យំ​សោក​ដោយ​ការរំជួល​ចិត្ត។
ដោយ អ៊ួន ឈិន
2009-07-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​កាសែត​ថត​រូប​លោក ប៊ូ ម៉េង អតីត​អ្នក​ទោស​គុក​ទួល​ស្លែង ពី​វីដេអូ​នៅ​សាលាក្ដី​ខ្មែរ​ក្រហម នា​ថ្ងៃ​ទី​១ កក្កដា ២០០៩។
អ្នក​កាសែត​ថត​រូប​លោក ប៊ូ ម៉េង អតីត​អ្នក​ទោស​គុក​ទួល​ស្លែង ពី​វីដេអូ​នៅ​សាលាក្ដី​ខ្មែរ​ក្រហម នា​ថ្ងៃ​ទី​១ កក្កដា ២០០៩។
AFP Photo

លោក ប៊ូ ម៉េង បាន​ឲ្យ​ដឹង​ថា ៖ «ពេល​វ៉ៃ​ម្ដងៗ​គេ​សួរ​ខ្ញុំ សួរ "អ្ហែង​ចូល​សេអ៊ីអា​ថ្ងៃ​ណា ខែ​ណា ឆ្នាំ​ណា? អ្នក​ណា​នាំ​ចូល ឈ្មោះ​អី?" ខ្ញុំ​មិន​ដឹង ខ្ញុំ​ឆ្លើយ​ថា​មិន​ដឹង គេ​ចេះ​តែ​វ៉ៃ វ៉ៃ​ទាល់តែ​បែក​អស់​ហើយ ខ្នង​ដំបៅ វ៉ៃ​លើ​ដំបៅ​ហ្នឹង​ទៀត»

ការយំ​សោក​និង​ការរំជួល​ចិត្ត​បាន​រំខាន​ដល់​ការផ្ដល់​សក្ខីកម្ម​របស់​លោក ប៊ូ ម៉េង។ ឃើញ​ដូច្នេះ​ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលាដំបូង គឺ​លោក​ចៅក្រម និល ណុន បាន​រំឭក​លោក ប៊ូ ម៉េង ឲ្យ​ពង្រឹង​អារម្មណ៍​ដើម្បី​បន្ត​ការបំភ្លឺ​តទៅ​ទៀត។

លោក និល ណុន បាន​បញ្ជាក់​ថា ៖ «ប្រសិន​បើ​អ៊ំ​បណ្ដែត​បណ្ដោយ​ឲ្យ​អារម្មណ៍ មនោសញ្ចេតនា​របស់​អ៊ំ​នៅតែ​អណ្ដែត​អណ្ដូង​ជ្រៅ​ពេក រន្ធត់​ចិត្ត​ពេក​នោះ អ៊ំ​បាត់បង់​នូវ​ឱកាស​ក្នុង​ការនិយាយ នៅ​ក្នុង​ការរៀបរាប់​នូវ​ទុក្ខ​សោក​វេទនា​ដែល​អ៊ំ​បាន​ជួប​ប្រទះ​កន្លង​មក​ជូន​ដល់​អង្គ​ជំនុំ​ជម្រះ ក៏​ដូច​ជា​សាធារណជន​ហើយ»

ដោយ​លោក ប៊ូ ម៉េង មាន​បញ្ហា​ត្រចៀក​ដែល​បង្ក​ឡើង​ដោយ​ការធ្វើ​ទារុណកម្ម លោក​អាច​ស្ដាប់​បាន​ដោយ​ការប្រើ​ឧបករណ៍​ជំនួយ ហើយ​ជា​រឿយៗ​លោក​មិន​បាន​ផ្ដល់​នូវ​ចម្លើយ​តប​ទៅ​នឹង​សំណួរ​ដែល​លោក​ចៅក្រម និល ណុន បាន​សួរ​ទៅ​រូប​គាត់​នោះ​ទេ។

លោក និល ណុន សួរ​លោក ប៊ូ ម៉េង អំពី​ជោគវាសនា​នៃ​ប្រពន្ធ​របស់​លោក​ដែល​ជា​អ្នកទោស​នៅ​ក្នុង​គុក​ទួលស្លែង​ដែរ​នោះ តែ​លោក ប៊ូ ម៉េង បាន​បង្វែរ​សំណួរ​របស់​លោក​ចៅក្រម និល ណុន ទៅ​កាន់​អតីត​មេ​គុក​នេះ​ទៅ​វិញ។

លោក ប៊ូ ម៉េង បាន​ឲ្យ​ដឹង​ថា ៖ «សំណួ​របស់​លោក​ប្រធាន​គឺ​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​ឡើង​វិញ។ ចង់​សួរ​ទៅ​លោក កាំង ហ្កេចអ៊ាវ ហៅ ឌុច ហ្នឹង​ផង តើ​គាត់​ឲ្យ​កូន​ចៅ​គាត់​កម្ទេច ពាក្យ​ថា​កម្ទេច​សម្លាប់​ហ្នឹង គឺ​សម្លាប់​នៅ​ក្នុង​មន្ទីរ​ស-២១ ឬ​ក៏​នៅ​ជើងឯក ឬ​ក៏​នៅ​កន្លែង​ណា? ដើម្បី​ខ្ញុំ​យក​ព្រះ​ធរណី​មក​ឧទ្ទិសដ្ឋាន​អុច​រំឭក​គុណ​ធ្វើ​បុណ្យ​បញ្ជូន​ទៅ​គាត់»

ក្នុង​ការរៀបរាប់​អំពី​ដំណើរ​ជីវិត​នៅ​ក្នុង​គុក​ទួលស្លែង លោក ប៊ូ ម៉េង ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា វាសនា​របស់​អ្នក​ទោស​ដែល​ជា​ជន​បរទេស​មិន​ខុស​ពី​អ្នក​ទោស​ខ្មែរ​ឡើយ។

លោក ប៊ូ ម៉េង បញ្ជាក់​ថា ៖ «នៅ​ជ្រុង​ជញ្ជាំង​ម្ខាង​ហ្នឹង ឃើញ​ជន​បរទេស​ខ្ពស់​ភ្នែក​ស ក្នុង​គុក​រួម ជាប់​ជាមួយ​ខ្ញុំ​ហ្នឹង ហុត​ទឹក​បបរ​រាវៗ​ដូច​ខ្ញុំ​អ៊ីចឹង»

ទាក់ទិន​នឹង​ការផ្ដល់​សក្ខីកម្ម​ពី​សំណាក់​សាក្សី​ដែល​ចាប់ផ្ដើម​តាំង​ពី​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​នេះ​មក មន្ត្រី​ទទួល​បន្ទុក​ការងារ​ព័ត៌មាន​នៃ​សាលាក្ដី​ខ្មែរ​ក្រហម លោក ឌឹម សុវណ្ណារុំ បាន​មាន​ប្រសាសន៍​ថា ចំនួន​អ្នក​ចូលរួម​ក្នុង​សវនាការ​មាន​ការកើន​ឡើង​ជា​លំដាប់។

លោក ឌឹម សុវណ្ណារុំ បាន​មាន​ប្រសាសន៍​ថា ៖ «មាន​អ្នក​ចូលរួម​៥០០​នាក់ ហើយ​បើ​យើង​សង្កេត​ឃើញ​តាំងពី​ម្សិលមិញ គឺ​ថា​កន្លែង​អស់​រលីង នៅ​ខាង​ក្នុង​ហៀរ​ដល់​ខាង​ក្រៅ​ទៀត»

យោង​តាម​ការរៀបរាប់​របស់​លោក ប៊ូ ម៉េង ដែល​ជា​ភាគី​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ផង​នោះ បាន​ឲ្យ​ដឹង​ថា ទារុណកម្ម​ដែល​លោក​បាន​ទទួល​នៅ​គុក​ទួលស្លែង ក៏​មិន​សូវ​ជា​ខុស​ពី​ទារុណកម្ម​ដែល​សាក្សី​ទី​១​និង​ទី​២ គឺ​លោក វ៉ាន់ ណាត និង​លោក ជុំ ម៉ី បាន​ទទួល​ប៉ុន្មាន​ដែរ គឺ​លោក​ត្រូវ​បាន​គេ​វាយដំ​និង​ឆក់​ខ្សែ​ភ្លើង​ដូច​គ្នា៕

ព័ត៌មាន (0)
Share
An error occurred while generating this part of the page. (log)
គេហទំព័រ​ទាំងមូល